

កាសែតក្នុងស្រុកចាប់ផ្ដើមផ្សាយរឿងថៃគ្រប់គ្រងដីខ្មែរ បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទទួលស្គាល់ថា កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជាជាច្រើនតំបន់។ អ្នកសារព័ត៌មានឯករាជ្យថា សហគមន៍អន្តរជាតិពុំសូវចាប់អារម្មណ៍នឹងកម្ពុជា ដោយសារស្ថាប័នព័ត៌មានក្នុងស្រុកភាគច្រើន ត្រូវប្រើប្រាស់ដោយរដ្ឋាភិបាល ឬ អ្នកមានអំណាច។
អ្នកសារព័ត៌មានឯករាជ្យលោក ភួង វ៉ាន់ថា មើលឃើញថា ជារឿងល្អ ប្រសិនបើ រដ្ឋាភិបាល បើកសេរីភាពឲ្យអ្នកកាសែត ចុះទៅយកព័ត៌មាន នៅតំបន់ដែលរងផលប៉ះពាល់ តំបន់ខូចខាត និងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ។ លោកថា ការងាររបស់អ្នកកាសែតដែលប្រមូលព័ត៌មាននៅទីតាំងព្រឹត្តិការណ៍ គឺជាភស្តុតាង ដែលបញ្ជាក់អំពីការឈ្លានពានរបស់ថៃ និងបន្ថែមលើនេះទៀត អាចឲ្យពលរដ្ឋខ្មែរទូទៅឃើញច្បាស់ ហើយរកលទ្ធភាពជួយសម្រាលបន្ទុករងគ្រោះជាក់ស្ដែង នៃពលរដ្ឋភៀសសឹក ដូចជា ការលំបាកជីវភាព និងការបាត់បង់ផ្ទះសំបែងរបស់ពួកគាត់ជាដើម។

លោក ភួង វ៉ាន់ថា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០៦ ខែមករា ថា ការបើកឲ្យអ្នកកាសែតយកព័ត៌មាន អាចឲ្យមហាជនខ្មែរ និងសហគមន៍អន្តរជាតិ ទទួល បានព័ត៌មានពិត ឲ្យមើលឃើញពីទង្វើអមនុស្សធម៌របស់ថៃប្រព្រឹត្តមកលើប្រទេសកម្ពុជា ជាជាងការឈ្លោះប្រកែកគ្នាលើប្រភពព័ត៌មានមិនផ្លូវការ ឬ ព័ត៌មានយឺតយ៉ាវ ដោយសារ ការខ្វះកិច្ចសហការរបស់អាជ្ញាធរ។
លោក ភួង វ៉ាន់ថា៖ «កត្កាទាំងអស់ហ្នឹង ដែលធ្វើឲ្យអ្នកសារព័ត៌មាន គាត់មានការភ័យខ្លាចក្នុងការរាយការណ៍ ដោយសារតែខ្លាចពេលដល់រាយការណ៍ទៅ អាជ្ញាធរ មានសមត្ថកិច្ចថា មិនពិត ព្រោះយើងឃើញថ្មីៗហ្នឹង ក៏មានការច្រានចោល ហើយក៏មានការចាប់អ្នកកាសែត ដែលទៅរាយការណ៍ផ្ទាល់ពីមូលដ្ឋានហ្នឹង យើងឃើញមានចំនួនកើនឡើងពីរទៅបីករណីដែរ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត ភក្ត្រា និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានទេ នៅថ្ងៃទី៦ ខែមករា។
ទោះជាយ៉ាងណា ក្នុងពេលកន្លងទៅ អង្គការលីកាដូ បានរាយការណ៍ថា លោក ផន សុភាព និងលោក ភាព ភារ៉ា ដែលធ្វើការឱ្យសារព័ត៌មានអនឡាញ TSP 68 TV Online ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីត្រឡប់មកពីបំពេញបេសកកម្មនៅជិតព្រំដែនវិញ ។ អ្នកទាំងពីរត្រូវបានសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ពីបទ«ប្រមូលព័ត៌មានដែលធ្វើឱ្យអន្តរាយការការពារជាតិ»។ អង្គការលីកាដូ (Licadho) ឲ្យដឹងថា បទចោទ នេះ ជាប្រភេទបទចោទពាក់ព័ន្ធនឹងអំពើក្បត់ជាតិមួយ ដែលនាំឱ្យពួកគេអាចប្រឈមនឹងជាប់ទោសពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំជុំវិញការបង្ហោះព័ត៌មានលើបណ្ដាញសង្គមពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី កត់សម្គាល់ថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជារងការឈ្លានពានរបស់កងទ័ពថៃ សហគមន៍អន្តរជាតិហាក់ដូចជាមិនសូវផ្ដល់តម្លៃដល់កម្ពុជាទេ ដោយសារគេមិនសូវទទួលបានព័ត៌មានពិតពីក្នុងស្រុក ។ លោកថា សហគមន៍អន្តរជាតិមិនសូវមានទំនុកចិត្ត ដោយគេមើលឃើញថា ស្ថាប័នព័ត៌មានក្នុងស្រុកភាគច្រើន ត្រូវប្រើប្រាស់ដោយរដ្ឋាភិបាល ឬ អ្នកមានអំណាច។
លោក ណុប វី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០៦ ខែមករាថា ការបើកលំហសេរីភាពព័ត៌មានគឺជារឿងសំខាន់ណាស់ ដោយលោកថា ទាល់តែអ្នកសារព័ត៌មានអាចអនុវត្តតួនាទីដោយគ្មានការភ័យខ្លាច ទើបអាចធានាបាននូវតម្លៃព័ត៌មាន ផលប្រយោជន៍សាធារណៈ និងបុព្វហេតុជាតិ។ លោកថា អ្នកសារព័ត៌មាន គួរតែអាចបំពេញការងាររបស់ខ្លួន ក្នុងការផ្សព្វផ្សាយដោយសេរី និងប្រកបដោយវិជ្ជាជីវៈ នៅពេលប្រទេសជាតិ កំពុងប្រឈមនឹងផលប៉ះពាល់ធំធេងដូចក្នុងករណីសង្គ្រាមឈ្លានពានរបស់ថៃជាដើម។
លោក ណុប វី៖ «ប្រជាជនដែលទឹកដីនិងលំនៅឋានរបស់ពួកគាត់ រួមជាមួយនឹង ទីកន្លែងដែលគាត់ធ្លាប់អាស្រ័យផលហ្នឹង គឺថាត្រូវបានរឹបអូស ត្រូវបានហាមឃាត់មិនឲ្យពួកគាត់ចូលទៅរស់នៅ ចូលទៅអាស្រ័យផលវិញជាដើម គឺជាចំណែកមួយដែលជះឥទ្ធិពលទៅដល់សង្គមធំធេង។ កាលណារឿងដែលមានការជះឥទ្ធិពលធំធេងទៅដល់សង្គមនេះ មែនទែនទៅអ្នកសារព័ត៌មាន អាចមើលឃើញថា វាគឺជា តម្លៃនៃព័ត៌មាន ដែលពួកគាត់ផ្សព្វផ្សាយហើយ ពួកគាត់អត់ចាំបាច់មើលអំពីទំនោរឬក៏មានការព្រួយបារម្ភថា វាអាចប៉ះពាល់ទៅដល់ទៅទំនាក់ទំនង ឬមួយ ក៏ប៉ះពាល់ទៅដល់អ្វីមួយ ដែលពួកគាត់យល់ឃើញថា មានការព្រួយបារម្ភនោះទេ»។
បន្ទាប់ពីសភាពការណ៍ស្ងប់ស្ងាត់បន្តិច ពីការបាញ់ផ្លោងរបស់កងទ័ពថៃចូលទឹកដីកម្ពុជា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ចេញសេចក្ដីថ្លែងការណ៍ ទទួលស្គាល់ពីការបាត់បង់ទឹកដីកម្ពុជា ស្រដៀងគ្នានឹងការផ្សព្វផ្សាយខ្លះរបស់អ្នកកាសែត ដែលរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារដែរ។ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃទី០៣ ខែមករាថា ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និងជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ។
ក្រសួងការបរទេសបន្ថែមថា យោធាថៃវាយសម្រុកចូលទន្ទ្រាន កាន់កាប់ និងឈរ ជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួនបួន រួមមាន ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និង ខេត្តឧត្តរមានជ័យ៕









