

រដ្ឋាភិបាលក្រុងភ្នំពេញចេញលិខិតតវ៉ាប្រឆាំងនឹងបណ្ដឹងរបស់មន្ត្រីជាន់ខ្ពស់ថៃដែលបានប្ដឹងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅតុលាការថៃដោយចោទថា គឺអ្នកជាបង្កសង្គ្រាមនៅតាមព្រំដែនបណ្ដាលឱ្យមានមនុស្សស្លាប់ និងបង្កការខូចខាតទ្រព្យសម្បត្តិពលរដ្ឋថៃតាមព្រំដែន។ មន្ត្រីបក្សប្រឆាំងយល់ថា ការណ៍ដែលភាគីថៃអាចឈ្លានពានកម្ពុជាផង និងថែមទៀតប្ដឹងកម្ពុជាទៀតនោះ គឺដោយសារតែរដ្ឋាភិបាលត្រកូល ហ៊ុន គិតគួរតែការពង្រឹងអំណាចផ្ដាច់ការគ្មានសមត្ថភាពការពារទឹកដី និងប្ដឹងភាគីថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ទោះបីជារដ្ឋាភិបាលកម្ពុជា បញ្ចេញប្រតិកម្មខ្លាំងៗនឹងមន្ត្រីជាន់ខ្ពស់ថៃម្នាក់ដែលបានប្ដឹងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៅកាន់តុលាការថៃថា ជាអ្នកបង្កសង្គ្រាមនៅតាមព្រំដែននោះក្តី ក៏រដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញជំហរប្ដឹងភាគីថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចំពោះសង្គ្រាមវាយប្រហារឈ្លានពានរបស់ថៃ និងអំពើឃោរឃៅយោធាថៃដែលប្រព្រឹត្តលើពលរដ្ឋខ្មែរក្នុងអំឡុងសង្គ្រាមនៅតាមព្រំដែននោះទេ។
សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៩ ខែមករា បានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះបណ្ដឹងរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខថៃ ដែលបានប្ដឹងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៅតុលាការថៃ ដោយចោទប្រកាន់ថា គឺជាអ្នកបង្កឱ្យមានសង្គ្រាមនៅតែព្រំដែនកម្ពុជា-ថៃ។ រដ្ឋាភិបាលកម្ពុជាអះអាងថា បណ្ដឹងរបស់មន្ត្រីជាន់ខ្ពស់ថៃដែលប្ដឹងមេដឹកនាំក្រុងភ្នំពេញនេះកំពុងធ្វើឱ្យរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំនៃប្រទេសពីរក្នុងការកសាងទំនុកចិត្ត និងផ្ទុយពីស្មារតីរួមក្នុងការអនុវត្តបទឈប់បាញ់។
អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃលោក ឆាតឆៃ បាងឈូដ (Chatchai Bangchawad) កាលពីថ្ងៃទី២៧ ខែមករា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក និងព្រះរាជអាជ្ញាបានដាក់ពាក្យបណ្ដឹងប្រឆាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅតុលាការក្នុងខេត្តសុរិន្ទ ដែលលោកចោទថា ជាអ្នកបង្កឱ្យមានសង្គ្រាមប្រយុទ្ធគ្នាដែលបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងខូចខាតទ្រព្យពលរដ្ឋថៃនៅតាមព្រំដែន។ មន្ត្រីជាន់ខ្ពស់ថៃរូបនេះអះអាងថា ដំណើរការផ្លូវច្បាប់ប្រឆាំងនឹងមេដឹកនាំកម្ពុជានឹងបន្តដំណើរការទៅមុខដោយសារជាការសម្រេចចេញពីស្ដីទីគណៈរដ្ឋមន្ត្រី ចំណែកដំណើរការផ្លូវច្បាប់នេះគឺមានគោលបំណងទាមទារឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទទួលខុសត្រូវតាមផ្លូវច្បាប់ទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ។ លោក ឆាតឆៃ បាងឈូដ បញ្ជាក់ថា នៅពេលដំណើរក្ដីក្ដាំត្រូវបញ្ចប់ ប្រសិនបើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មានទ្រព្យសម្បត្តិនៅប្រទេសថៃ អាជ្ញាធរនឹងរឹបអូសដើម្បីលក់ផ្ដល់សំណងដល់ពលរដ្ឋរងគ្រោះ។ ក្រៅពីនេះ អាជ្ញាធរថៃក៏នឹងសហការជាមួយប៉ូលិសអន្តរជាតិ ដើម្បីចេញដីកាតាមចាប់ខ្លួនលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ផងដែរ។
មន្ត្រីជាន់ខ្ពស់ថៃរូបនេះព្រមានថា ប្រសិនបើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហ៊ានឈានជើងជាន់ទឹកដីថៃ នោះអាជ្ញាធរនឹងចាប់ខ្លួនឪកូនទាំងពីរនាក់ភ្លាមៗដោយមិនស្ទាក់ស្ទើរឡើយ។
ក្រសួងការបរទេសកម្ពុជាចាត់ទុកចំណាត់ការផ្លូវច្បាប់របស់មន្ត្រីកំពូលថៃប្រឆាំងក្រុមមេដឹកនាំកំពូលកម្ពុជានេះថា ផ្ទុយពីស្មារតីនៃធម្មនុញ្ញអាស៊ាន និងគោលការណ៍មិត្តភាពប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នាកន្លងមក។
ទាក់ទងនឹងរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ថ្លែងថា វាជារឿងគួរឱ្យអស់សំណើចដែលភាគីថៃបានឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាចំនួនជាង ៤០ទីតាំង ហើយថែមទាំងប្ដឹងឱ្យកម្ពុជាទទួលខុសត្រូវលើការខាតបង់ទ្រព្យសម្បត្តិពលរដ្ឋខ្លួន។ ទោះជាយ៉ាងណា លោកថា ការប្ដឹងរបស់ភាគីថៃប្រឆាំងនឹងរដ្ឋាភិបាលត្រកូល ហ៊ុន នេះគឺថៃកំពុងមានប្រៀបលើកម្ពុជាមួយកម្រិតទៀតក្នុងការបង្កើន និងពង្រីកកម្លាំងយោធាកាន់តែរឹងមាំឈរលើទឹកដីកម្ពុជាដែលថៃវាយប្រហារឈ្លានពានបាន។
លោក អ៊ុំ សំអាន៖ ៖«វាគួរតែថៃប្ដឹងកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក៏ប៉ុន្តែបែរជាប្ដឹងទៅតុលាការថៃខ្លួនឯងទៅវិញព្រោះបើប្ដឹងទៅ (ICC) ធ្វើម៉េចរកឃើញកំហុសកម្ពុជា ព្រោះកម្ពុជាមិនបានឈ្លានពានថៃ។ អ៊ីចឹងបានថៃប្ដឹងទៅកាន់តុលាការថៃខ្លួនឯង ដូច្នេះនៅពេលប្ដឹងអ៊ីចឹងហើយនឹងចេញចាប់ខ្លួនលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដូច្នេះជម្លោះព្រំដែនកម្ពុជាថៃនឹងអូសបន្លាយបន្តទៀត។ តាមកម្ពុជាត្រូវប្ដឹងថៃ ទីមួយគេឈ្លានពានយើង ទីពីរថៃយកដីយើង ៤១ ទីតាំងទោះបីបទឈប់បាញ់ថៃនៅរាយបន្លាលួសយកដីខ្មែរស្រេចចិត្តរហូតធ្វើឱ្យថៃប្ដឹងកម្ពុជាមុន។ វាគួរឱ្យអស់សំណើចព្រោះវាជាកម្សោយនៃការដឹកនាំរបស់ត្រកូល ហ៊ុន រក្សាតែអំណាចអត់រក្សាទឹកដី អត់ការពារទឹកដី»។
សង្គ្រាមវាយប្រហារឈ្លានពានកម្ពុជាដោយកម្លាំងយោធាថៃលើកទី២ កាលពីខែធ្នូ ឆ្នាំ២០២៥ យោធាថៃមិនត្រឹមតែដាក់គោលដៅកម្ទេចទីតាំងយោធា និងសម្លាប់កងទ័ពខ្មែរនោះទេ យោធាថៃបានប្រើប្រាស់គ្រឿងសព្វាវុធមួយចំនួនដែលច្បាប់អន្តរជាតិហាមឃាត់ដូចជា ការបាញ់ផ្សៃពុល និងទម្លាក់គ្រាប់បែកចង្កោម នៅតាមទីតាំងផ្ទះសម្បែងពលរដ្ឋ ប្រាង្គប្រាសាទបុរាណខ្មែរ វត្តអារាម សាលារៀន និងបណ្ដាលឱ្យស្លាប់ជនស៊ីវិលយ៉ាងហោច ៣០នាក់ និងរបួសជិត ១០០នាក់។ ក្រៅពីនេះ យោធាថៃក៏បានប្រព្រឹត្តអំពើឃោរឃៅលើពលរដ្ឋខ្មែរនៅតាមព្រំដែនមួយចំនួនដោយចាប់ចងវាយដំធ្វើទារុណកម្មផងដែរ។ មកដល់ពេលនេះ មន្ត្រីបក្សប្រឆាំងរកឃើញថា ទឹកដីកម្ពុជាចំនួនជាង ៤០ទីតាំងត្រូវយោធាថៃកាន់កាប់ និងឈរជើងយ៉ាងរឹងមាំបន្ទាប់ពីឈ្លានពានបានពីកម្ពុជា។ ជាមួយគ្នានេះ ជនភៀសប្រមាណជាង ៤០ម៉ឺនក៏នៅតែមិនអាចវិលត្រឡប់ចូលផ្ទះសម្បែង និងចូលកាន់កាប់ដីធ្លីពួកគាត់វិញបាននៅឡើយ។
ទោះជាយ៉ាងណា ការបាត់បង់ទឹកដីខ្មែរ រូបភាពខ្លោចផ្សារ ការព្រាត់ប្រាសសាច់ញាតិ និងការបាត់បង់ជីវិតកងទ័ព និងប្រជាជនខ្មែរដោយសារតែសង្គ្រាមវាយប្រហារឈ្លានពានរបស់ថៃនេះរដ្ឋាភិបាលត្រកូល ហ៊ុន មិនបានរៀបចំពាក្យបណ្ដឹងឱ្យភាគីថៃទទួលខុសត្រូវតាមយន្តការអន្តរជាតិជាពិសេសតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ។ ក្រុមមន្ត្រីបក្សប្រឆាំងជឿជាក់ថា ការព្រងើយកន្តើយរបស់រដ្ឋាភិបាលត្រកូល ហ៊ុន មិនប្ដឹងភាគីថៃទាមទារទឹកដីតាមយន្តការអន្តរជាតិនោះ ទីតាំងទឹកដីកម្ពុជាដែលយោធាថៃកំពុងឈរជើងនឹងត្រូវបានបាត់បង់ជារៀងរហូតដែលបន្សល់ការឈឺចាប់សម្រាប់ប្រជាជនខ្មែរ ហើយរដ្ឋាភិបាលក្រុមគ្រួសារ លោក ហ៊ុន សែន នឹងជាប់ឈ្មោះ ជនជាតិក្បត់ជាតិតជំនាន់៕








