កម្ពុជា​លែង​ជាប់​បំរាម​ទិញ​អាវុធ​ពី​អាមេរិក ប៉ុន្តែ​លក្ខខណ្ឌ​បញ្ជា​ទិញ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តឹងរ៉ឹង

0
45
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ក្រសួងការបរទេស
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ បណ្ដាញសង្គម

សហរដ្ឋអាមេរិក​បាន​ដក​កម្ពុជា​ចេញពី​ក្រុម​ប្រទេស​ដែល​អាមេរិក​ព្រួយបារម្ភ​ផ្នែក​សន្តិសុខ និង​លុបចោល​ទណ្ឌកម្ម ការ «​ហាម​លក់​អាវុធ​» ឱ្យ​កម្ពុជា។ ទោះជា​បែបនេះ​ក្ដី អាមេរិក​នៅតែ​បន្ត​ដាក់​លក្ខខណ្ឌ​ត្រួតពិនិត្យ​តឹងរ៉ឹង និង​ការអនុញ្ញាត​យ៉ាង​រឹតត្បិត​ក្នុង​ការ​នាំចេញ​ទំនិញ​អាវុធ និង​បច្ចេកវិទ្យា​ណាមួយ​ដែល​ត្រូវ​ប្រើប្រាស់​ដោយ​កម្លាំងយោធា ចារកម្ម​យោធា និង​អង្គភាព​យោធា​របស់​កម្ពុជា។ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​យល់ថា ការ​ដាក់​លក្ខខណ្ឌ​បែបនេះ​គឺ​ដោយសារតែ​អាមេរិក​នៅតែ​គ្មាន​ទំនុកចិត្ត​ពេញលេញ​លើ​រដ្ឋាភិបាល​កម្ពុជា។

អាមេរិក​បាន​បើកទ្វារ​លក់​អាវុធ​ឱ្យ​កម្ពុជា​ឡើងវិញ​ក្រោម​លក្ខខណ្ឌ​នៃ​ច្បាប់​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង បន្ទាប់ពី​កម្ពុជា​រង​ការវាយប្រហារ​ឈ្លានពាន​ពី​ថៃ ខណៈ​ការ​ប្រជែង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​នៅតែ​កើន​កម្ដៅ ដោយសារតែ​ប្រទេស​ចិន​កុម្មុយនិស្ត​ព្យាយាម​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​កាន់តែ​ខ្លាំង។

ការិយាល័យ​ឧស្សាហកម្ម និង​សន្តិសុខ (BIS) នៃ​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​៣ ខែ​កុម្ភៈ ប្រកាស​ថា កម្ពុជា​លែង​ត្រូវ​បាន​អាមេរិក​ដាក់បញ្ចូល​ក្នុង​បញ្ជី​នៃ​ក្រុម​ប្រទេស​ដែល​អាមេរិក​ព្រួយបារម្ភ​ផ្នែក​សន្តិសុខ និង​ត្រូវ​បាន​ហាមឃាត់​ការ​លក់​អាវុធ​របស់​សហរដ្ឋអាមេរិក​ឱ្យ​កម្ពុជា​ទៀតហើយ​។ ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បញ្ជាក់​ថា ការផ្លាស់ប្ដូរ​នេះ​ធ្វើឡើង​បន្ទាប់ពី​ច្បាប់​ចុងក្រោយ​របស់​ក្រសួង​ការបរទេស​អាមេរិក​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ដែល​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​នៃ​បទប្បញ្ញត្តិ​ចរាចរណ៍​អាវុធ​អន្តរជាតិ (ITAR) ដើម្បី​កំណត់​ការលើកលែង​ការ​ហាមឃាត់​លក់​អាវុធ​ឱ្យ​កម្ពុជា។

សំណើ​នៃ​ច្បាប់​ដក​កម្ពុជា​ចេញ​ពី​ទណ្ឌកម្ម «​ហាម​លក់​អាវុធ​» អាមេរិក​ឱ្យ​កម្ពុជា​របស់​ក្រសួងការបរទេស​អាមេរិក​កាលពី​ខែធ្នូ ឆ្នាំ​២០២៥ លើកឡើង​ថា ដោយសារតែ​អាមេរិក​មើលឃើញ​ថា កម្ពុជា​ចូលរួម​សហការ​ឡើងវិញ​ជាមួយ​សហរដ្ឋអាមេរិក​លើ​កិច្ចសហប្រតិបត្តិការ​ការពារ​ជាតិ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន។

ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា ទោះបី​កម្ពុជា​ត្រូវ​បាន​ដកចេញ​ពី​ការ​ហាមឃាត់​លក់​អាវុធ​របស់​អាមេរិក ក៏​កម្ពុជា​នៅតែ​ស្ថិត​ក្នុងចំណោម​នៃ​ក្រុម​ប្រទេស​ដែល​ត្រូវ​បាន​អាមេរិក​បន្ត​ដាក់​លក្ខខណ្ឌ​ត្រួតពិនិត្យ​តឹងរ៉ឹង និង​រឹត​បន្តឹង​ការអនុញ្ញាត​ក្នុង​ការ​នាំចេញ​ទំនិញ​អាវុធ និង​បច្ចេកវិទ្យា​ណាមួយ​ដែល​ត្រូវ​ប្រើប្រាស់​ដោយ​កម្លាំងយោធា ចារកម្ម​យោធា និង​អង្គការ​យោធា​របស់​កម្ពុជា​។ នេះ​មានន័យថា ទោះបី​កម្ពុជា​រួច​ផុត​ពី​ទណ្ឌកម្ម ក៏​កម្ពុជា​មិនអាច​បញ្ជា​ទិញ​គ្រឿង​សព្វាវុធ​ទូទៅ​ដែល​បំពាក់​បច្ចេកវិទ្យា​អាមេរិក​ភ្លាមៗ​នោះ​ទេ ក្នុងករណី​កម្ពុជា​មាន​តម្រូវការ​ចាំ​ចាច់។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​កិច្ចការ​នយោបាយ​អន្តរ​ជាតិ​លើកឡើង​ថា ការលុបចោល​របស់​អាមេរិក​លើ​ការ​ហាមឃាត់​លក់​អាវុធ​ឱ្យ​កម្ពុជា គឺជា​សញ្ញា​វិជ្ជមាន​មួយ​នៃ​ការ​វិវត្ត​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​អាមេរិក​ដែល​ព្យាយាម​កាត់បន្ថយ​ភាព​តានតឹង។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ​ថា ការណ៍​ដែល​កម្ពុជា​នៅតែ​ស្ថិត​ក្នុងចំណោម​ប្រទេស​ត្រូវ​បាន​រឹត​បន្តឹង​ការ​នាំចេញ​អាវុធ និង​បច្ចេកវិទ្យា​យោធា​អាមេរិក គឺ​ដោយសារតែ​អាមេរិក​ប្រុងប្រយ័ត្ន​ខ្ពស់ និង​មិន​ទាន់​មាន​ទំនុកចិត្ត​ពេញលេញ​លើ​រដ្ឋាភិបាល​កម្ពុជា​នៅឡើយ​។ លោក​ថា ជំហរ​របស់​អាមេរិក​នា​ពេល​នេះ​គឺជា​ការ​ផ្ដល់​ជម្រើស​ថ្មី ដើម្បី​កុំឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ពឹងផ្អែក​ខ្លាំង​លើ​ប្រភព​អាវុធ និង​ឥទ្ធិពល​ចិន​តែ​ម្ខាង។

លោក សេង វណ្ណលី បន្ថែម​ទៀត​ថា ជំហរ​អាមេរិក​ដែល​ដក​កម្ពុជា​ចេញពី​ទណ្ឌកម្ម និង​ព្រម​លក់​អាវុធ​ឱ្យ​កម្ពុជា​ក្រោម​លក្ខខណ្ឌ​តឹងរ៉ឹង​នេះ ក៏​ជា​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​ឥទ្ធិពល​ចិន។

លោក សេង វណ្ណលី៖ «ការ​បើកទ្វារ​លក់​អាវុធ​ក្រោម​ការ​ត្រួតពិនិត្យ​គឺជា​យុទ្ធសាស្ត្រ​រារាំង ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​យោធា​របស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​ផង និង​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល​ផង។ អាមេរិក​ចង់​បង្ហាញ​ថា ខ្លួន​មាន​ឆន្ទៈ​ធ្វើជា​ដៃគូ​សន្តិសុខ ប៉ុន្តែ​ភាព​មិន​ទុកចិត្ត​នៅតែ​មាន​ដរាបណា​កម្ពុជា​នៅតែ​មាន​ទំនាក់ទំនង​ផ្នែក​យោធា​យ៉ាង​ជិតស្និទ្ធ​ខ្លាំង​ជាមួយ​ចិន ដូច្នេះ​ការ​ដក​កម្ពុជា​ចេញពី​បញ្ជីខ្មៅ​គឺជា​ការប្រើប្រាស់ ការ៉ុត និង​ដំបង នៅ​ក្នុង​ពេល​តែមួយ ពោល​គឺ​ការ​ផ្ដល់​ការ​លើកទឹកចិត្ត​ជា​អាវុធ និង​បច្ចេកវិទ្យា ប៉ុន្តែ​រក្សា​ការ​ត្រួតពិនិត្យ​ចុងក្រោយ​ដែរ ដើម្បី​ធានា​ថា ផលប្រយោជន៍​យុទ្ធសាស្ត្រ​របស់​អាមេរិក​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​មិន​ត្រូវ​បាន​គំរាមកំហែង​ដោយសារតែ​ការ​ស្ដារ​ឡើងវិញ​នូវ​ទំនាក់ទំនង​ផ្នែក​សន្តិសុខ និង​យោធា​របស់​អាមេរិក​ជាមួយ​កម្ពុជា»។

រីឯ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​លោក ខេស៊ី បាណេត (Casey Barnett) ក៏បាន​សរសេរ​លើ​បណ្ដា​ញ​សង្គម​របស់​លោក​ថា ការលុបចោល​របស់​សហរដ្ឋ​អាមេរិក​លើ​ការ​ហាមឃាត់​លក់​អាវុធ​ឱ្យ​កម្ពុជា គឺជា​និមិត្តរូប​ដ៏​សំខាន់​នៃ​ទំនុកចិត្ត​របស់​អាមេរិក​ចំពោះ​កម្ពុជា ដែល​ថា កម្ពុជា​មាន​បញ្ហា​លើ​កិច្ច​សហប្រតិបត្តិការ​យោធា។ លោក​ថា នេះ​ក៏​ជា​ការ​បើកផ្លូវ​ឱ្យ​កម្ពុជា​ទិញ​បច្ចេកវិទ្យា​ទំនើបៗ​របស់​អាមេរិក​ដែរ។ មន្ត្រីជាន់ខ្ពស់​អាមេរិក​រូប​នេះ​បញ្ជាក់​ថា លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី ដើម្បី​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​ផលិត​អាវុធ​អាមេរិក​លក់​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ ដើម្បី​ជួយ​សន្តិសុខ និង​សេដ្ឋកិច្ច​របស់​កម្ពុជា។

ចំណែក អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើង​ថា ការ​ដក​ទណ្ឌកម្ម​រឿង​ហាម​លក់​អាវុធ​ឱ្យ​កម្ពុជា​គឺ​អាមេរិក​ចង់​បង្ហាញ​ថា ខ្លួន​មិន​លម្អៀង​រវាង​កម្ពុជា និង​ប្រទេស​ថៃ​ដែល​បាន​ឈ្លានពាន​កម្ពុជា។ លោក​យល់​ថា សហរដ្ឋអាមេរិក​ទំនង​បារម្ភ​ថា ពួក​បណ្ដាញភេរវកម្ម​អន្តរជាតិ​ប្រើប្រាស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ដែល​ប្រើប្រាស់​សម្ភារៈ​យោធា និង​បច្ចេកវិទ្យា​អាមេរិក​បង្ក​អសន្តិសុខ​ក្នុង​តំបន់ ទើប​មានការ​រឹត​បន្តឹង និង​ដាក់​លក្ខខណ្ឌ​ត្រួតពិនិត្យ​តឹងរ៉ឹង​លើ​ការនាំចេញ​អាវុធ​លក់​ឱ្យ​កម្ពុជា។

លោក គឹម សុខ៖ «សហរដ្ឋអាមេរិក​មិន​ទុកចិត្ត​រដ្ឋាភិបាល​ក្រុម​គ្រួសារ ហ៊ុន ឡើយ​។ អ្វី​ដែល​សហរដ្ឋអាមេរិក​បារម្ភ​បំផុត​នោះ គឺ​ប្រព័ន្ធ​ភេរវកម្ម​ដ៏​គ្រោះថ្នាក់​មួយ ឡូកឡំ​នៅក្នុង​ប្រព័ន្ធ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​អន្តរជាតិ និង​ការ​ឆបោក​តាម​អនឡាញ លាងលុយកខ្វក់​ជាដើម ដែល​ត្រួតត្រា​ដោយ​ក្រុម​គ្រួសារ​ហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន»។

​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែធ្នូ ឆ្នាំ​២០២១ ដោយ​ហាមឃាត់​ការ​លក់​អាវុធ និង​សម្ភារៈ​យោធា​ឱ្យ​កម្ពុជា ដោយសារ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ អំពើពុករលួយ និង​ការ​កើនឡើង​នូវ​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា។ ភ្លាមៗ​ក្រោយ​រង​ទណ្ឌកម្ម​នេះ អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​ផ្គើន​សហរដ្ឋអាមេរិក ដោយ​បញ្ជា​ដល់​អង្គភាព​ប្រដាប់​អាវុធ​ទាំងអស់​ប្រមូល​អាវុធ និង​សម្ភារៈ​យោធា​អាមេរិក​ដែល​មាននៅ​កម្ពុជា​យក​ទៅ​កម្ទេច​ចោល។

ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​មាន​សញ្ញា​វិជ្ជមាន​ខ្លះ​ក្នុង​ការ​ចាប់​ផ្ដើមកសាង​ទំនុកចិត្ត និង​មិត្តភាព​ឡើងវិញ បន្ទាប់ពី​មេដឹកនាំ​កម្ពុជា​ព្យាយាម​រណែបរណប​ជ្រើស​យក​អាមេរិក និង​បែរខ្នង​ដាក់​ចិន​ដែល​ជា​មិត្ត​ដែកថែប ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ