
កងទ័ពថៃបានបដិសេធលើលិខិតជំទាស់របស់កម្ពុជា ដែលតវ៉ាលើករណីកងទ័ពថៃបានដឹកនាំក្រុមអ្នកអង្កេតការណ៍បរទេស និងមន្ត្រីអនុវត្តច្បាប់ទៅទស្សនកិច្ចត្រួតពិនិត្យ នៅអគារកាស៊ីណូអូរស្មាច់ ដោយគ្មានការអនុញ្ញាតពីភាគីកម្ពុជា។ កងទ័ពថៃបានលើកឡើងថា កម្ពុជាគួរតែផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសនូវជម្លោះដែលមិនចាំបាច់នៅក្នុងតំបន់មានជម្លោះ។
កងទ័ពជើងគោកថៃ បានអះអាងថា តំបន់ដែលកម្ពុជាដាក់លិខិតតវ៉ានោះគឺស្ថិតនៅក្រោមការគ្រប់គ្រង និងដាក់ពង្រាយកម្លាំងរបស់កងទ័ពថៃ ក្រោយការផ្អាកការប្រយុទ្ធគ្នាតាមព្រំដែនកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដោយស្របទៅតាមសេចក្តីថ្លែងការណ៍រួម នៅក្នុងសម័យប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងថៃ និងកម្ពុជា។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វីនថៃ ស៊ូវារី (Winthai Suvari) កាលពីល្ងាចថ្ងៃទី៤ ខែកុម្ភៈ។
កងទ័ពថៃអះអាងថា ការគ្រប់គ្រង និងប្រតិបត្តិការរបស់ថៃ នៅក្នុងតំបន់អូរស្មាច់ មិនបានរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិណាមួយឡើយ ព្រោះក្នុងសេចក្ដីថ្លែងការណ៍រួម នៅត្រង់ចំណុចទី២ បានចែងថា ភាគីទាំងពីរយល់ព្រមរក្សាការដាក់ពង្រាយកងទ័ពនៅលើទីតាំងឈរជើងបច្ចុប្បន្ន ដោយគ្មានការចល័តទ័ពបន្ថែម ឬដើរល្បាតចូលក្នុងទីតាំងរបស់ភាគីម្ខាងទៀតនោះឡើយ។
ទាក់ទងនឹងការរកឃើញទីតាំងប្រតិបត្តិការឆបោកវិញ យោធាថៃបានអះអាងថា ករណីនេះបានកើតឡើង បន្ទាប់ពីទាហានថៃបានចូលគ្រប់គ្រងអាគារកាស៊ីណូអូរស្មាច់ ដោយយោធាថៃចោទថា ជាទីតាំងឈរជើងរបស់កងទ័ពខ្មែរ និងបានបើកការត្រួតពិនិត្យ នៅក្នុងទីតាំងនោះ ហើយយោធាថៃ ក៏បានរកឃើញភស្តុតាងទាក់ទងនឹងសកម្មភាពឆបោកឆ្លងដែននេះតែម្ដង។
យោធាថៃបានអះអាងទៀតថា អាជ្ញាធរជំនាញរបស់ពួកគេ បានស៊ើបអង្កេតករណីនេះ គឺស្របទៅតាមចំណុចទី១០ នៃសេចក្ដីថ្លែងការណ៍រួម ដែលចែងថា ភាគីទាំងពីរយល់ព្រមអនុវត្តកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកឆ្លងដែនតាមប្រព័ន្ធអ៊ីនធឺណិត និងការជួញដូរមនុស្ស។
ទាក់ទងនឹងការលើកឡើងរបស់កម្ពុជា ចំពោះប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំប្រទេសថៃ ទៅទស្សនកិច្ចត្រួតពិនិត្យនៅអាគារកាស៊ីណូអូស្មាច់នោះ យោធាថៃបានអះអាងថា គណៈប្រតិភូបរទេសទាំងនេះ គ្រាន់តែបានធ្វើដំណើរទៅកាន់តំបន់ព្រំដែន ដើម្បីតាមដានស្ថានការណ៍តាមបណ្ដោយព្រំដែន ទៅតាមនីតិវិធី ដោយពួកគេមិនបានចូលទៅក្នុងតំបន់ណាមួយ ដែលគ្រប់គ្រងដោយទាហានថៃ រួមទាំងតំបន់អូរស្មាច់ នោះឡើយ។
ការថ្លែងរបស់មន្ត្រីយោធាថៃរូបនេះធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៣ ខែកុម្ភៈ បានចេញលិខិតតវ៉ា ប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំង ដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយកងទ័ពថៃ នៅសណ្ឋាគារពីរកន្លែង នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកការធ្វើទស្សនកិច្ចពិនិត្យទីតាំងនេះ ជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជា។
អគារក្នុងតំបន់កាស៊ីណូអូរស្មាច់ ដែលយោធាថៃចុះទៅត្រួតពិនិត្យនោះ គឺជាកម្មសិទ្ធរបស់ លោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ដែលស្និទ្ធនឹងលោក ហ៊ុន សែន។ អាជ្ញាធរថៃរកឃើញថា អគារទាំងនេះ គឺជារោងចក្រឧស្សាហកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំ ដែលមានការរៀបចំជាប្រព័ន្ធ និងគម្រោងផែនការច្បាស់លាស់ ដើម្បីប្រតិបត្តិការបោកប្រាស់ជនរងគ្រោះនៅជុំវិញពិភពលោក។
យោធាថៃ បានអះអាងថា កន្លងមកអាជ្ញាធរថៃ ធ្លាប់បានជូនដំណឹងទៅកាន់ភាគីកម្ពុជា ដើម្បីរួមគ្នាពង្រីកការស៊ើបអង្កេត និងបង្ក្រាបបណ្ដាញឧក្រិដ្ឋជនឆបោកនេះដែរ ក៏ប៉ុន្តែភាគីកម្ពុជានៅតែព្រងើយកន្តើយ ឬនិងមិនបានឆ្លើយតបទៅនឹងសំណើនេះឡើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋលេខាធិការប្រចាំក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៥ ខែកុម្ភៈ។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា យោធាថៃ បានអនុវត្តតួនាទីលើសពីសេចក្ដីថ្លែងការណ៍រួម ដែលតម្រូវឱ្យភាគីទាំងសងខាង ឈរជើងនៅលើទីតាំងបច្ចុប្បន្ន ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយ។
លោក ម៉ែន ណាត៖ «នៅពេលកម្ពុជា និងថៃកំពុងមានជម្លោះជាមួយគ្នា ជាពិសេសថៃកំពុងឈ្លានពានកម្ពុជាហ្នឹង ក្នុងផ្លូវទូត គឺគេត្រូវជូនដំណឹងឱ្យគ្នាដឹងមុន រួចគេធ្វើការរួមគ្នា។ ដល់តែពេលថៃគាត់ធ្វើជាឯកតោភាគីហើយ គាត់ចាំបកស្រាយយកហេតុយកផលសមរម្យ។ អ៊ីចឹងបើនិយាយពីការទូត ធ្វើឱ្យលំអៀងផ្នែកការទូត»។
ទោះជាយ៉ាងណា លោក ម៉ែន ណាត យល់ថា បើជ្រុលជាមានការស៊ើបអង្កេតទៅហើយនោះ កម្ពុជាគួរតែចូលរួមសហការជាមួយថៃ ដោយបញ្ជូនខ្លួនលោក លី យ៉ុងផាត់ ដែលជាម្ចាស់អគារឱ្យមកទទួលខុសត្រូវ ដើម្បីកុំឱ្យភាគីថៃ បន្តយកករណីបង្ក្រាបឧក្រិដ្ឋកម្មឆបោកឆ្លងដែននេះ ធ្វើជាលេសមកវាយប្រហារកម្ពុជាបន្តទៀត។
ពាក់ព័ន្ធនឹងភាពតានតឹងនៅតំបន់ព្រំដែននេះដែរ កងទ័ពភូមិភាគ២ របស់ថៃ បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃនេះ ដោយអះអាងថា កាលពីម៉ោង ១០ព្រឹក មានករណីផ្លោងគ្រាប់បែកដៃទំហំ ៤០មីលីម៉ែត្រមួយគ្រាប់ ដែលគេចោទថា បាញ់ចេញពីមូលដ្ឋានរបស់កងទ័ពខ្មែរ ចូលទៅក្បែរមូលដ្ឋានប្រតិបត្តិការរបស់យោធាថៃ នៅតំបន់ចុងបូក ជាប់នឹងខេត្តស៊ីសាកេតរបស់ថៃ។ ភាគីថៃអះអាងថា បន្ទាប់ពីហេតុការណ៍នេះ មេបញ្ជាការរបស់កម្ពុជា បានបញ្ជាក់មកកាន់ភាគីថៃ ថាកើតឡើងដោយសារឧបទ្ទវហេតុ និងបានធ្វើការសម្របសម្រួលគ្នា។
ទោះជាយ៉ាងណា ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយបដិសេធថា គ្មានករណីនេះ កើតឡើងនោះឡើយ។
ចំណែកនៅតាមតំបន់ព្រំដែនមួយចំនួន ដូចជានៅខេត្តព្រះវិហារ បន្ទាយមានជ័យ និងឧត្តរមានជ័យ វិញ ទាហានភាគីទាំង២ បានបន្តដើរល្បាតដោយប្រុងប្រយ័ត្នរៀងៗខ្លួន និងមិនសូវមានការប៉ះទង្គិចពាក្យសម្ដីគ្នាទៀតនោះឡើយ៕










