

អ្នកតាមដានភូមិសាស្ត្រនយោបាយអះអាងថៃកំពុងប្រើប្រាស់បញ្ហាមីនធ្វើជាលេសជាថ្មីទៀតដើម្បីពន្យារពេលនៃការចរចាព្រំដែនជាមួយកម្ពុជាដើម្បីបន្តដាក់យោធានៅលើទឹកដីកម្ពុជានៅតំបន់ដែលថៃបានបំពានយក។ ការកត់សម្គាល់នេះ គឺបន្ទាប់ពីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃ នៅថ្ងៃទី៩ ខែកុម្ភៈ បានបញ្ជាក់ថា ភាគីកម្ពុជាត្រូវតែបោសសម្អាតគ្រាប់មីន និងបន្ធូរបន្ថយភាពតានតឹងតាមព្រំដែនជាមុនសិន ទើបអាចរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោក(JBC) បាន។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា ថៃធ្វើបែបនេះគឺដើម្បីអាចបន្តដាក់យោធានៅលើទឹកដីកម្ពុជា រឺគ្រប់គ្រងជាក់ស្តែងនៅតំបន់ដែលមានជម្លោះ ដែលថៃបានបំពានចូលមកកាន់កាប់ដោយខុសច្បាប់។ លោកថា ការបោសសម្អាតមីនតម្រូវឲ្យមានការវាស់វែងនៅលើដីធ្លីជាក់ស្តែង ដូច្នេះ ថៃឆ្លៀតឱកាសបង្កប់នូវមហិច្ឆតាកំណត់ព្រំដែនថ្មីតាមផែនទីដែលខ្លួនចង់បានដែលនឹងធ្វើឲ្យកម្ពុជាបាត់បង់ប្រយោជន៍បូរណភាពទឹកដី ប្រសិនបើរដ្ឋាភិបាលមិនមានការប្រុងប្រយ័ត្នខ្ពស់។
លោក សេង វណ្ណលី បន្ថែមទៀតថា កម្ពុជាត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិជាធំ ជាពិសេសគឺត្រូវអនុវត្តសន្ធិសញ្ញាបារាំង-សៀមនិងផែនទីខ្នាត១/២០០,០០០ ដែលជាឯកសារគតិយុត្តិមិនអាចប្រកែកបាន។ បន្ថែមពីនេះកម្ពុជាត្រូវបន្តប្រើប្រាស់ការទូតទាំងទ្វេភាគីនិងត្រីភាគី ជាពិសេសក្នុងក្របខណ្ឌអាស៊ានរឺក៏អង្គការសហប្រជាជាតិដើម្បីបង្ហាញឲ្យពិភពលោកបានឃើញអំពីតថភាពពិតប្រាកដនៃបញ្ហាព្រំដែននិងការរំលោភបំពានពីសំណាក់ភាគីថៃ។ លោកថា ការលើកឡើងរបស់ភាគីថៃនៅពេលនេះហាក់មិនទាន់បង្ហាញពីឆន្ទៈពិតប្រាកដពីការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងយុត្តិធម៌នោះទេ។
លោក សេង វណ្ណលី៖ «ខ្ញុំយល់ឃើញថា កម្ពុជាមិនត្រូវធ្លាក់ក្នុងអន្ទាក់នូវលក្ខខណ្ឌមុនដែលគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ប៉ុន្តែត្រូវជំរុញបន្តឲ្យមានការចរចាដោយតម្លាភាព និងការចូលរួមត្រួតពិនិត្យពីភាគីទីបីបើសិនចាំបាច់ដើម្បីធានាថា រាល់ការដោះមីន រឺការវាស់វែងដីធ្លីនិងនាំទៅរកការដេញ បញ្ចេញនូវទ័ពដែលកាន់កាប់របស់ថៃនៅលើដែនអធិបតេយ្យរបស់កម្ពុជាខុសច្បាប់ និងក៏ដូចជាជំរុញឲ្យមានការគោរពអធិបតេយ្យកម្ពុជាទាំងស្រុងមុនឈានទៅដល់ការដោះមីន រឺក៏ការចរចាណាមួយផ្សេងទៀត»។
ការយល់ឃើញនេះ គឺបន្ទាប់ពីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃលោក វីនថៃ ស៊ូវារី បានបញ្ជាក់ប្រាប់កាសែតថៃ The Nation ថា ភាគីកម្ពុជាត្រូវតែបោសសម្អាតគ្រាប់មីន និងបន្ធូរបន្ថយភាពតានតឹងតាមព្រំដែនជាមុនសិន ទើបអាចរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោក(JBC) បាន។ អ្នកនាំពាក្យរូបនេះ អះអាងថា កម្ពុជាតែងតែប្រើព័ត៌មានដោយចោទប្រកាន់ថា ភាគីថៃបានរឹបអូសយកទឹកដីកម្ពុជាតាមរយៈការដាក់កុងទីន័របិទផ្លូវ និងរារាំងប្រជាជនកម្ពុជាមិនឲ្យទៅផ្ទះសម្បែងវិញ។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី១០ ខែកុម្ភៈ ថា លោកសង្ឃឹមថា ថៃនឹងត្រឡប់មកបន្តការងារបោះបង្គោលព្រំដែនតាមរយៈយន្តការ JBC ក្រោយបញ្ចប់ការបោះឆ្នោតរួចរាល់។ លោកបញ្ជាក់ថា កម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។
លោក ហ៊ុន ម៉ាណែត៖ «ការប្រើប្រាស់យន្តការព្រំដែន JBC ដើម្បីយើងធ្វើការវាស់វែងទៅមុខ ពិតណាស់មិនទាន់កើតនៅឡើយ ដោយសារតែប្រទេសថៃមានការបោះឆ្នោត ប៉ុន្តែទៅមុខទៀតយើងសង្ឃឹមថាយន្តការនេះគឺជាអ្វីដែលនឹងត្រូវប្រើដើម្បីធានានូវសន្តិភាពរវាងប្រទេសទាំងពីរឲ្យប្រជាជននៅព្រំដែននៃប្រទេសទាំងពីរកុំឲ្យមានការលំបាកដូចរយៈពេល៦ខែកន្លងមកនេះហើយយើងរកវិធីដោះស្រាយដើម្បីបញ្ចប់ជម្លោះដើម្បីកុំឲ្យទុកជាមរតកឲ្យកូនចៅរបស់យើងជំនាន់ក្រោយ»។
កាលពីថ្ងៃទី៥ មករា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានផ្ញើកំណត់ទូតទៅកាន់ភាគីថៃ ដើម្បីស្នើសុំឲ្យមានការរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC )នៃប្រទេសទាំងពីរ នៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ នៃខែមករា ឆ្នាំ២០២៦ ក្រោយយោធាថៃបានកាន់កាប់ទឹកដីកម្ពុជានៅតំបន់មួយចំនួន ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្តិ ភួងកេតកែវ បានចេញមុខបដិសេធភ្លាមៗ ដោយអះអាង ថា មាននីតិវិធីជាច្រើនទៀតដែលថៃមិនទាន់ត្រៀម និងថា រាល់លទ្ធផលនៃការប្រជុំនេះត្រូវតែចងភ្ជាប់នឹងការងាររបស់អនាគតរដ្ឋាភិបាលថៃថ្មី។ ហេតុដូច្នេះហើយ ថៃមិនអាចមានការកំណត់ពេលឲ្យបានជាក់លាក់សម្រាប់ការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃនោះឡើយ។ ប៉ុន្តែនៅពេលនេះ បើទោះជាថៃបានរៀបចំការបោះឆ្នោតរួចរាល់ហើយក្តី ខាងយោធាថៃបែរជាលើកយកបញ្ហាមីនមកធ្វើជាលក្ខខណ្ឌកំណត់សម្រាប់ការចរចា JBC ទៅវិញ៕









