នយោបាយ​បើកចំហ​ឱ្យ​ចិន​វិនិយោគ​នៅ​កម្ពុជា អាច​បង្ក​បញ្ហា​រំលោភសិទ្ធិ​មនុស្ស និង​ឧក្រិដ្ឋកម្ម​កាន់តែ​ច្រើន

0
1
លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត (ឆ្វេង) ជួប​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង (Xi Jinping) ​នៅ​រដ្ឋធានី​ប៉េកាំង កាល​ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត (ឆ្វេង) ជួប​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង (Xi Jinping) ​នៅ​រដ្ឋធានី​ប៉េកាំង កាល​ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

យុវជន​ការពារ​បរិស្ថាន និង​អ្នកឃ្លាំមើល​ព្រួយបារម្ភ​ថា នយោបាយ​បើកចំហ​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​នៅ​កម្ពុជា​ដោយ​មិន​ត្រួតពិនិត្យ​តាមច្បាប់​ត្រឹមត្រូវ​អាច​បង្ក​ជា​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​សម្រួល​ឱ្យ​ឧក្រិដ្ឋជន​ចូល​មក​រកស៊ី​ខុសច្បាប់​នៅ​កម្ពុជា​កាន់តែ​ច្រើន។ ក្ដី​កង្វល់​នេះ​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចិន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ក្នុង​ពេល​បញ្ហា​សង្គម​បង្កឡើង​ដោយ​ជន​ជាតិចិន​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ។

អ្នក​តាមដាន​បញ្ហា​សង្គម​លើកឡើង​ថា កង្វះ​ការ​ត្រួតពិនិត្យ អំពើពុករលួយ​ចាក់ស្រេះ​ក្នុង​ស្ថាប័នរដ្ឋ និង​ការអនុវត្ត​ច្បាប់​ទន់ខ្សោយ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​មួយចំនួន​ចូល​មក​បោះទុន​រកស៊ី​នៅ​កម្ពុជា​បែប​កេងប្រវ័ញ្ច បង្ក​ការឈឺចាប់​ដល់​ពលរដ្ឋ និង​បង្កើត​មុខរបរ​បែប​ឧក្រិដ្ឋកម្ម​ជាដើម។

អ្នកការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស លោក ម៉ា ចិត្រា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ​ថា ក្រុមហ៊ុន​យក្ស​ចិន​មួយចំនួន​ដែល​ចូល​វិនិយោគ​នៅ​កម្ពុជា​គឺ​មិនបាន​ខ្វល់ខ្វាយ​ពី​ការគោរព​សិទ្ធិមនុស្ស និង​គិតគូរ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ឡើយ។ លើស​ពី​នេះ​ទៀត ពលរដ្ឋ​ដែល​រងគ្រោះ​តាមរយៈ​ការបាត់បង់​ដីធ្លី​ផ្ទះសម្បែង​ស្រែចម្ការ​ដោយសារតែ​ក្រុមហ៊ុន​ចិន​រំលោភ​យក​ដូចជា​នៅ​តាម​ខេត្តព្រះវិហារ កណ្ដាល និង​ខេត្តកោះកុង​ជាដើម​បែរជា​រង​ការ​គំរាម​ពី​អាជ្ញាធរ នៅ​ពេល​ដែល​ពួកគាត់​ប្រើ​សិទ្ធិ​ស្របច្បាប់​តវ៉ា។

លោក ម៉ា ចិត្រា បន្ថែម​ទៀត​ថា រដ្ឋាភិបាល​គួរតែ​មាន​យន្តការ​ច្បាស់លាស់ ដើម្បី​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ប្រភព​ក្រុមហ៊ុន​ធំៗ​របស់​ចិន​ជាមុន​សិន មុននឹង​អនុញ្ញាត​ឱ្យ​បោះទុន​រកស៊ី​នៅ​កម្ពុជា។ លោក​ថា បើ​រដ្ឋាភិបាល​បន្ត​បើកចំហ​ទទួល​អ្នកជំនួញ​ចិន​ចូល​កម្ពុជា​កាន់តែ​ច្រើន ប៉ុន្តែ​អំពើពុករលួយ​ចាក់ស្រេះ ហើយ​ប្រព័ន្ធ​ច្បាប់​នៅតែ​ទន់ខ្សោយ នោះ​អាច​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន ឬ​អ្នកជំនួញ​ទុច្ចរិត​ចិន​ចូល​មក​រកស៊ី​បែប​ឧក្រិដ្ឋកម្ម​ដោយ​មិន​ខ្វល់​ពី​ការគោរព​ច្បាប់ និង​សិទ្ធិមនុស្ស​ឡើយ។

លោក ម៉ា ចិត្រា៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ​ណាស់​ពាក់ព័ន្ធ​នឹង​ការ​បើកចំហ។ ហេតុ​អី​ខ្ញុំ​មានការ​ព្រួយបារម្ភ​? ដោយសារតែ​កន្លងមក​មានបទពិសោធន៍​រួចហើយ​ដូចជា ចេន ហ្ស៊ី មេ​ឧក្រិដ្ឋជន​ប៉ុនណា​ណី​គាត់​អាច​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​រាប់​ឆ្នាំ ហើយ​ទើប​ចាត់វិធានការ​។ ការ​វិនិយោគ​ប្រទេស​ណា​ក៏ដោយ​ឱ្យ​តែ​អ្នក​វិនិយោគិន​ល្អៗ​យើង​មានការ​គាំទ្រ មានការ​អភិវឌ្ឍ​ស្រុកទេស ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ក្នុងនាម​ជា​រដ្ឋាភិបាល​យើង​សម្លឹង​ឃើញ​តែ​លុយ​ពេក​ក៏​វា​គ្រោះថ្នាក់​សម្រាប់​សង្គម ចង់​សំដៅ​ថា មុននឹង​យើង​ទទួល​ការ​វិនិយោគ​យើង​ត្រូវ​គិតគូរ ពិនិត្យ​ល្អិតល្អន់​ថា តើ​ក្រុមហ៊ុន​វា​យ៉ាងម៉េច បុគ្គល​មាន​ប្រវត្តិ​យ៉ាងម៉េច យើង​ត្រូវ​សិក្សា​ត្រង់​ហ្នឹង​ដែរ»។

ក្ដី​កង្វល់​នេះ​ធ្វើឡើង​បន្ទាប់ពី​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក ស៊ុន ចាន់ថុល បាន​ប្រាប់​ឱ្យ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក វ៉ាង វិនពីន (Weng Wenbin) ជំរុញ​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​។ លោក ស៊ុន ចាន់ថុល ថ្លែង​បែបនេះ​នៅក្នុង​កិច្ច​កិច្ច​សន្ទនា​លើក​ទី​១ រវាង​រដ្ឋ និង​វិស័យ​ឯកជន​កម្ពុជា​-​ចិន ដែល​មាន​តំណាង​ក្រុមហ៊ុន​ចិន​ចំនួន ៨០​នៅ​កម្ពុជា​ចូលរួម​កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ​។ លោក ស៊ុន ចាន់ថុល បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពិនិត្យ​បញ្ហា​វិនិយោគ ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កសាង​ទំនុកចិត្ត​ដល់​វិនិយោគិន​ចិន​នៅ​កម្ពុជា។

កាលពី​ឆ្នាំ​២០២៥ ទំហំ​នៃ​វិនិយោគ​បរទេស​សរុប​នៅ​កម្ពុជា​មាន​ជាង ១០​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ក្រុមហ៊ុន​ចិន​បាន​មក​បោះទុន​រកស៊ី​ធំ​ជាងគេ​ដែល​ស្មើ​ជាង​ពាក់កណ្ដាល ឬ​ស្មើនឹង​ទំហំ​ទឹកប្រាក់​ជាង ៥​ពាន់​លាន​ដុល្លារ​នៃ​ការ​វិនិយោគ​របស់​បរទេស​សរុប​នៅ​កម្ពុជា។

ថ្វី​ត្បិត​ក្រុមហ៊ុន​ចិន​បាន​បោះទុន​នៅ​កម្ពុជា​ច្រើន​ជាងគេ និង​តែងតែ​ទទួល​បាន​កិច្ច​គាំពារ​ពី​រដ្ឋាភិបាល​ក៏​មាន​អ្នកជំនួញ​ចិន​ខ្លះ​ជារឿយៗ​បាន​ចេញមុខ​ប្ដឹងតវ៉ា​ចំពោះ​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​ផង​ដែរ។ លើស​ពី​នេះ​ទៀត កន្លងមក​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ក៏​រង​ការ​ចោទប្រកាន់​ថា ទទួល​លុយ​រាប់​សែន​ដុល្លារ​ពី​អ្នកជំនួញ​ចិន​ជា​ថ្នូរ​ឱ្យ​សាច់ញាតិ​បក្ខពួក​របស់​ខ្លួន​រត់​ការ​ឱ្យ​ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​អាច​ដំណើរការ​ដោយ​ស្របច្បាប់​នៅ​កម្ពុជា។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ជា ធីរិទ្ធ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើង​ថា ជំនួប​រវាង​លោក ស៊ុន ចាន់ថុល និង​លោក វ៉ាង វិនពីន គឺជា​យុទ្ធសាស្ត្រ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ទីផ្សារ​ដោយ​បើកចំហ ប៉ុន្តែ​លោក​ថា កម្ពុជា​គួរតែ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការគ្រប់គ្រង​លំហូរ​វិនិយោគទុន​បរទេស​ឱ្យ​មាន​តុល្យភាព។

លោក សេង វណ្ណលី វាយ​តម្លៃ​ថា ទោះបីជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​ក្រុមហ៊ុន​ចិន​ខ្លះ​ក៏បាន​បង្ក​បញ្ហា​ដូចជា ជម្លោះដីធ្លី ការរំលោភ​សិទ្ធិមនុស្ស លក្ខខណ្ឌ​ការងារ និង​បញ្ហា​ឧក្រិដ្ឋកម្ម​ជាដើម​។ លោក​យល់ថា បញ្ហា​ទាំងនេះ​កើត​ចេញ​ពី​ឥរិយាបថ​នៃ​ក្រុមហ៊ុន​រដ្ឋអំណាច​ចិន​ដែល​គិតគូរ​តែ​ផលប្រយោជន៍​គួបផ្សំ​នឹង​អំពើពុករលួយ និង​ការអនុវត្ត​ច្បាប់​ធូររលុង​ក្នុង​ស្ថាប័នរដ្ឋ។

លោក សេង វណ្ណលី៖ «ចំពោះ​ហានិភ័យ​រយៈពេល​វែង​ការ​ពឹង​ផ្អែកលើ​ប្រភព​ទុន​ប្រទេស​តែមួយ​អាច​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ប្រសិនជា​មានការ​ប្រែប្រួល​ផ្នែក​នយោបាយ ឬ​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចិន​ខ្លួនឯង។ ក្នុង​ជួរ​នយោបាយ​កម្ពុជា​អាច​រង​សម្ពាធ​ពី​អន្តរជាតិ​ជុំវិញ​អំណាច​ក្នុង​តំបន់​ដែល​ទាមទារ​ឱ្យ​កម្ពុជា​ត្រូវ​អនុវត្ត​គោលនយោបាយ​ការបរទេស និង​សេដ្ឋកិច្ច​បែប​ពហុភាគី​ដោយ​ព្យាយាម​ទាក់ទាញ​វិនិយោគិន​ពី​បណ្ដា​ប្រទេស​ផ្សេងទៀត ដើម្បី​កាត់បន្ថយ​ហានិភ័យ និង​ធានា​បាន​នូវ​ឯករាជ្យ​ភាព​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព»។

ទន្ទឹម​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ជួយ​សម្រួល​ឱ្យ​អ្នកជំនួញ​ចិន​ចូល​រកស៊ី​នៅ​កម្ពុជា​កាន់តែ​ច្រើន កន្លងមក​ក៏​មាន​ក្រុមហ៊ុន​ចិន​ខ្លះ​នាំ​បណ្ដាញ​ឧក្រិដ្ឋជន​មក​រក​ស៊ី​លើ​ជំនួញ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស លាងលុយកខ្វក់ និង​អភិវឌ្ឍ​បែប​រំលោភ​សិទ្ធិមនុស្ស​ប្លន់​ដីធ្លី​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែរ​។ ជាក់ស្ដែង ក្រុមហ៊ុន​ព្រីនស៍ គ្រុប (Prince Group) របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី បាន​ប្រើប្រាស់​កម្ពុជា​ធ្វើជា​មូលដ្ឋាន​ជាច្រើន​ឆ្នាំ ដើម្បី​ចាប់​ជម្រិត និង​បង្ខាំង​ជនបរទេស​រាប់​សិប​នាក់​នៅ​ជុំវិញ​ពិភពលោក ដើម្បី​បង្ខំ​ឱ្យធ្វើ​ការ​ឆបោក​តាម​អនឡាញ។ ក្រៅ​ពី​នេះ ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដែល​បាន​សាងសង់​ប្រលាន​យន្តហោះ​នៅ​ខេត្តកោះកុង​ត្រូវ​បាន​អាមេរិក​ដាក់ទណ្ឌកម្ម​ដោយសារតែ​ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ដោយ​បង្ខំ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ។

ក្រុម​អ្នកឃ្លាំមើល​រិះគន់​ថា ការណ៍​ដែល​ក្រុមហ៊ុន និង​អ្នកជំនួញ​ចិន​មួយចំនួន​អាច​ចូល​មក​កម្ពុជា​រកស៊ី​បែប​ឧក្រិដ្ឋកម្ម និង​មិន​ខ្វល់​ពី​ការរំលោភ​សិទ្ធិមនុស្ស​គឺ​ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​មាន​ជំហរ​នយោបាយ​ផ្អៀង​ទៅ​រក​ប្រទេស​ចិន​ខ្លាំង។ ពួកគេ​ថា ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​អភិវឌ្ឍ​ប្រកបដោយ​អភិបាលកិច្ច​ល្អ និង​កាត់បន្ថយ​ការ​ពឹង​ផ្អែកលើ​ប្រទេស​ចិន​តែមួយ លុះត្រាតែ​រដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ស៊ីជម្រៅ​ទើប​ក្រុមហ៊ុន​ធំៗ​របស់​ប្រទេស​លោក​សេរី​ហ៊ាន​ចូល​វិនិយោគ​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ