

គណបក្សកម្លាំងជាតិ សោកស្តាយដែលអាជ្ញាធរខេត្តកំពង់ចាម រារាំងមិនឱ្យក្រុមការងារគណបក្សធ្វើសកម្មភាពប្រមូលស្នាមមេដៃប្រជាពលរដ្ឋដើម្បីដាក់បណ្តឹងប្រឆាំងអំពើឈ្លានពានរបស់យោធាថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)។ អ្នកឃ្លាំមើលយល់ថា អាជ្ញាធររដ្ឋាភិបាល គួរតែជួយសម្រួលឲ្យគណបក្សប្រឆាំងធ្វើសកម្មភាពការពារផលប្រយោជន៍ជាតិខ្មែរ ដោយមិនគួររារាំងបែបនេះនោះទេ។
ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ បង្ហាញការហួសចិត្ត និងទាមទារឲ្យអាជ្ញាធរខេត្តកំពង់ចាម បញ្ឈប់ជាបន្ទាន់នូវការរារាំងសកម្មភាពប្រមូលស្នាមមេដៃរបស់ពលរដ្ឋដើម្បីប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិករណីថៃឈ្លានពានកម្ពុជា។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៦ កុម្ភៈថា អាជ្ញាធរស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានរារាំងមិនឲ្យក្រុមការងារគណបក្សធ្វើសកម្មភាពប្រមូលស្នាមមេដៃប្រជាពលរដ្ឋដើម្បីប្តឹងយោធាថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)នោះទេ។ លោកយល់ថា អាជ្ញាធររដ្ឋាភិបាល គួរតែជួយសម្រួលឲ្យគណបក្សកម្លាំងជាតិ ប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់ដើម្បីជួយការពារជាតិ និងបណ្តេញសត្រូវឈ្លានពានចេញពីទឹកដីខ្មែរ។
ការលើកឡើងរបស់លោក រ៉ុង ឈុន នេះ គឺបន្ទាប់ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ លោកវីរសេនីយ៍ត្រី សុខ ប៉ោឈីម កាលពីថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ បានកោះហៅអនុប្រធានប្រតិបត្តិគណបក្សកម្លាំងជាតិនៅស្រុកស្រីសន្ធរ ដើម្បីសាកសួរដំណើររឿងប្រមូលស្នាមមេដៃប្រជាពលរដ្ឋ។ បន្ទាប់មក នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈនេះ អភិបាលរងស្រុកស្រីសន្ធរមួយរូប ក៏បានផ្ញើសារជាសំឡេងឲ្យមន្ត្រីថ្នាក់ក្រោមតាមដាននិងរារាំងជាបន្ទាន់នូវសកម្មភាពប្រមូលស្នាមមេដៃរបស់ក្រុមការងារគណបក្សកម្លាំងជាតិ។ អភិបាលរងស្រុករូបនេះ ចោទថា ការប្រមូលស្នាមមេដៃពលរដ្ឋក្នុងបំណងប្តឹងទៅតុលាការអន្តរជាតិដើម្បីទាមទារទឹកដីខ្មែរពីយោធាថៃមកវិញនោះ គឺជាអំពើភូតកុហក។ «»
ទោះជាយ៉ាងណា ដោយមើលឃើញថា រដ្ឋាភិបាលត្រកូល”ហ៊ុន ” មិនបានប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិនោះ កាលពីថ្ងៃទី១៩ មករា គណបក្សកម្លាំងជាតិ បានចេញលិខិតអំពាវនាវថា គណបក្សនឹងដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិករណីថៃឈ្លានពានកម្ពុជា។ គណបក្សកម្លាំងជាតិ បញ្ជាក់ក្នុងលិខិតនោះថា ដើម្បីឲ្យបណ្តឹងនេះមានប្រសិទ្ធភាព និង ទទួលបានការយកចិត្តទុកដាក់ត្រួតពិនិត្យឈានដល់ការស៊ើបអង្កេតនិងវិនិច្ឆ័យពីសំណាក់តុលាការព្រហ្មទណ្ឌអន្តរជាតិនោះ គណបក្សកំពុងរៀបចំសំណុំរឿងឯកសារផ្លូវច្បាប់ ភស្តុតាង ព្រមទាំងការចូលរួមពីសាធារណជនខ្មែរទាំងក្នុងនិងក្រៅប្រទេសដោយគ្មានប្រកាន់និន្នាការនយោបាយ។គណបក្សកម្លាំងជាតិ អំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ធ្វើជាដើមបណ្តឹងក្នុងនាមជាខ្មែររងគ្រោះពីការឈ្លានពាន និងការបង្កវិនាសកម្មរបស់របស់ថៃ ដោយត្រូវចូលរួមផ្ដិតមេដៃគាំទ្រលើពាក្យបណ្តឹងរបស់គណបក្សឲ្យបានច្រើន។
ប្រធានអង្គការសម្ពន្ធខ្មែរ ដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក អ៊ិន ណាត មានប្រសាសន៍ថា ជារឿងអាម៉ាស់និងសោកស្តាយដែលអាជ្ញាធររារាំង គណបក្សកម្លាំងជាតិមិនឲ្យប្រមូលស្នាមមេដៃដើម្បីប្តឹងថៃ ខណៈរដ្ឋាភិបាលរក្សាភាពស្ងៀមស្ងាត់។ លោកចាត់ទុកថា ទង្វើរារាំងរបស់អាជ្ញាធរនេះ គឺកាន់តែធ្វើឲ្យជាតិខ្មែរបែកបាក់ ហើយខូចខាតប្រយោជន៍ជាតិខ្មែរ ព្រមទាំងបំបាក់ស្មារតីអ្នកដែលខំក្រោកឈរតតាំងនឹងសត្រូវឈ្លានពានជាដើម។ «»
ក្រៅពីគណបក្សកម្លាំងជាតិនេះ រដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី ក៏បានដាក់បណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដែរ ដើម្បីប្តឹងរដ្ឋាភិបាលថៃ យោធាថៃ រួមទាំងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ផងឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលធ្វើឲ្យជនស៊ីវិលស្លាប់ និងរបួស ព្រមទាំងបំផ្លិចបំផ្លាញផ្ទះសម្បែង របស់ពលរដ្ឋខ្មែរ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណខ្មែរជាដើម។ ដោយឡែក រដ្ឋាភិបាលត្រកូល”ហ៊ុន” មិនត្រឹមតែមិនប្តឹងថៃទេ ថែមទាំងគំរាមកំហែង បំបិទមាត់ និងចាប់ខ្លួនសកម្មនយោបាយ អ្នកកាសែត និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាបន្តបន្ទាប់ ដោយសារតែពួកគេបញ្ចេញមតិពាក់ព័ន្ធនឹងទង្វើឈ្លានពានរបស់ថៃទៅវិញ៕









