ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​រឿង​អួត​ចេញ​លិខិត​ថ្កោលទោស​ថៃ ខណៈ​ទឹកដី​បន្ត​បាត់បង់

0
24
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​មន្ត្រី​រដ្ឋាភិបាល​ដែល​តែងតែ​អួត រឿង​ចេញ​លិខិត​ថ្កោលទោស ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​របស់​យោធា​ថៃ ខណៈ​ទឹកដី​តាម​ព្រំដែន​បន្ត​បាត់បង់។ ពួកគាត់​ថា ការ​ធ្វើ​បែបនេះ​របស់​មន្ត្រី​រដ្ឋាភិបាល​គឺ​គ្រាន់តែ ដើម្បី​ស្អំ​ចិត្ត​ប្រជាពលរដ្ឋ កុំឱ្យ​ខឹង​សម្បារ នឹង​រដ្ឋាភិបាល ដែល​គេ​មើល​ឃើញ​ថា ហាក់ មិន​បាន​ធ្វើ​អ្វី​ជា​ដុំកំភួន​សម្រាប់​បូរណភាព​ទឹកដី។

ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ មន្ត្រី រដ្ឋាភិបាល​កម្ពុជា ស្ទើរតែ​គ្រប់​ក្រសួង​ស្ថាប័ន ហាក់​ប្រឹងប្រែង​សម្បើម​ណាស់​ក្នុង​ការ​រៀបចំ លិខិត​ថ្កោលទោស និង កំណត់​ទូត​ជា បន្តបន្ទាប់​ប្រឆាំង​នឹង​យោធា​ថៃ ចំពោះ​ទង្វើ អំពើ​ឈ្លានពាន​ទឹកដី​ខ្មែរ និង​ឈូស​ឆាយ​បំផ្លាញ ផ្ទះសម្បែង អ្នកភូមិ​អស់​រាប់ពាន់​ខ្នង។ បើ​ទោះជា​បែបនេះ​ក្ដី គេ​ឃើញថា យោធា​ថៃ គ្មាន​ខ្លាចរអា រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ពួកគេ រឹតតែ​បង្កើន​សកម្មភាព​រាយ​បន្លា​លួស និង​ពង្រាយ​កុងតឺន័រ យក​ដី​ខ្មែរ​បន្ថែម​ទៀត។

ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ លោកស្រី រង់ សារ៉ែម ប្រាប់​ទូរទស្សន៍ អាស៊ីសេរី​នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ថា​ការ​ដែល​មន្ត្រី​រដ្ឋាភិបាល អួតអាង​រឿង​ចេញ​លិខិត​ថ្កោលទោស ប្រឆាំង​នឹង​ទង្វើ​ឈ្លានពាន​របស់​ថៃ មក​លើ​ទឹកដី​ខ្មែរ​នេះ​ក៏​ព្រោះតែ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អសមត្ថភាព​ក្នុង​ការ​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ជូន​ពលរដ្ឋ។ លោកស្រី​ថា ការ​ធ្វើ​បែបនេះ គ្រាន់តែ​ដើម្បី​ស្អំ​ចិត្ត​ពលរដ្ឋ ពុំ​មែន​ធ្វើ​ដើម្បី​ទាមទារ​ទឹកដី​ពិតប្រាកដ​នោះ​ទេ ព្រោះថា រដ្ឋាភិបាល​នឹង​មិន​អាច​ទាមទារ​ទឹកដី​ខ្មែរ​បាន​មក​វិញ ដោយ​គ្មាន​ការ​ប្ដឹង​ថៃ ទៅកាន់ តុលាការ​អន្តរជាតិ​នោះ​ឡើយ។

លោកស្រី រង់ សារ៉ែម៖ «ការចរចា​ទ្វេភាគី បើ​ទោះ​ជា​ចរចា​១០០​ឆ្នាំ​ក៏​ដោះស្រាយ​មិនបាន ប៉ុន្តែ​ការ​ដែល គាត់​ធ្វើ​រាល់ថ្ងៃ​នេះ គ្រាន់តែ​ដើម្បី​ស្អំ​ចិត្ត​ពលរដ្ឋ ហើយ​ការ​ងាក​ចេញពី​ទំនួល​ខុសត្រូវ​ភាពជា​អ្នកដឹកនាំ​ប្រទេស។ សម្រាប់​ខ្ញុំ​យល់​ថា មិនដែល​ឃើញ​បរទេស​ណា​ឈ្លានពាន​ខ្មែរ បាន​ស្រួល​ដូច របប​លោក ហ៊ុន សែន ដឹកនាំ​សព្វថ្ងៃ​នេះ​ទេ»។

ចំណែក ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ក៏​មើលឃើញ​ស្រដៀង​គ្នា​នេះ​ដែរ​ថា​ការ​ចេញ​លិខិត​ថ្កោលទោស គឺ​ហាក់​គ្មាន​ផ្លែផ្កា​ជា​ដុំកំភួន ដើម្បី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អាច​ជឿទុក​ចិត្ត​បាន​នោះ​ឡើយ ខណៈ​ទីតាំង តាម​ព្រំដែន​ជាច្រើន កំពុងតែ​ត្រូវ​បាន​ពួក​យោធា​ថៃ កាន់កាប់​យ៉ាង​តឹងរ៉ឹង។ លោក​បន្ត​ថា ការ​ចេញ លិខិត​ថ្កោលទោស​គឺជា​រឿង​សំខាន់ ប៉ុន្តែ​រឿង​សំខាន់​ជា​ជាងនេះ​ទៀត​នោះ​រដ្ឋាភិបាល​ត្រូវ​យក​យន្តការ​ច្បាប់​អន្តរជាតិ ដូចជា ការ​ប្ដឹង​ថៃ​ទៅ​កាន់តែ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ICJ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នោះ​ទើប​មាន​ប្រសិទ្ធភាព​ជាង។

លោក រ៉ុង ឈុន៖ «លើស​ពី​នឹង យើង​ត្រូវ​ដាក់​ប្ដឹង​ស្នើ​សហប្រធាន​នៃ​កិច្ច​ព្រៀង​ព្រាង​ក្រុងប៉ារីស​ស្ដីពី បញ្ហា​កម្ពុជា ឱ្យ​កោះ​ប្រជុំ​បន្ទាន់ ករណី​សៀម​ឈ្លានពាន មក​លើ​ដែន​អធិបតេយ្យ​បូរណភាព​ទឹកដី​យើង​ហ្នឹង​។ យើង​ដឹង​ហើយ​ថា សៀម​ក៏​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ផង​ដែរ​។ អ៊ីចឹង​ទាំងអស់​ហ្នឹងហើយ ដែល​យើង​មើល​ឃើញ​ថា មាន​ប្រសិទ្ធភាព ជាង​ការ​សេចក្ដី​សេចក្ដីថ្លែងការណ៍ និង​ការ​ចេញ​លិខិត​ថ្កោល​ទោស»។

ប្រតិកម្ម​នេះ​ធ្វើឡើង ក្រោយពី​ប្រធាន​អង្គភាព​អ្នកដឹកនាំ​ពាក្យ រដ្ឋាភិបាល លោក ប៉ែន បូណា កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ បាន​លើកឡើង​ថា ការ​ចេញ​លិខិត​ប្រឆាំង​តវ៉ា មាន​ប្រយោជន៍​សម្រាប់​កម្ពុជា ដើម្បី​បញ្ជាក់​ថា​កម្ពុជា​មិន​ទទួលស្គាល់​ចំពោះ​ទង្វើ​ឈ្លានពាន និង​ការ​កាន់កាប់​លើ​ទឹកដី​ខ្មែរ ពី​សំណាក់​យោធា​ថៃ​នោះ​ទេ ព្រោះ​នោះ ជា​ទង្វើ​ខុសច្បាប់​ជាតិ និង អន្តរជាតិ​។ បន្ថែម​ពី​នោះ​លោក​ថា កម្ពុជា​ក៏​ចង់​បង្ហាញ​ទៅកាន់​អន្តរជាតិ​ថា កម្ពុជា​ត្រូវការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី មិន​ត្រូវ​ការ​សង្គ្រាម​នោះ​ឡើយ។

លោក ប៉ែន បូណា៖ «ប៉ះ​ដី​យើង​នៅ​កន្លែង​ណា យើង​ត្រូវ​តវ៉ា​នៅ​កន្លែង​ហ្នឹង​។ ប៉ះ​ប្រជាជន​យើង​នៅ​កន្លែង​ណា យើង​ត្រូវតែ​តវ៉ា នេះ​ជា​ការ​ងារ​របស់​យើង​ដាច់ខាត​។ បញ្ជាក់​ថា យើង​មិន​ទទួលខុស​ស្គាល់ យើង​មិន​ទទួល​យក​បាន​ជាដាច់ខាត​នូវ​អំពើ​ឈ្លានពាន​បែបនេះ​មក​លើ​អធិបតេយ្យ​ប្រទេសជាតិ​យើង ឬក៏ ប្រជាពលរដ្ឋ​យើង​ដាច់ខាត។ ទី​២ បន្ទាប់ពី​យើង​តវ៉ា យើង​ត្រូវ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​វាស់វែង​ព្រំដែន​តាម​យន្តការ​គណៈកម្មការ​ជម្រុះ​ព្រំដែន​ខណ្ឌសីមា​គោក​ដែល យើង​ហៅ​កាត់​ថា JBC»។

ទោះជា​បែបនេះ​ក្ដី លោក ប៉ែន បូណា មិន​បាន​បង្ហាញ​ពី​ជំហរ​ថា កម្ពុជា​នឹង​ប្ដឹង​ថៃ​ទៅកាន់​តុលាការ យុត្តិធម៌​អន្តរជាតិ ICJ និង​តុលាការ​ព្រហ្មទណ្ឌ អន្តរជាតិ​ICC​នោះ​ឡើយ បើ​ទោះ​ជា​លោក​បាន​ដឹង​ច្បាស់​ថា ទង្វើ​ឈ្លានពាន ទឹកដី និង​សកម្មភាព​បំផ្លិចបំផ្លាញ​ផ្ទះ សម្បែង​អ្នកភូមិ ពី​សំណាក់​យោធា​ថៃ ជា​ទង្វើ​ដ៏​ព្រៃផ្សៃ និង​ខុសច្បាប់​អន្តរជាតិ​ធ្ងន់ធ្ងរ​ក្ដី។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី យល់​ឃើញ​ថា ការ​ចេញ​លិខិត​ថ្កោលទោស និង​កំណត់​ទូត ផ្សេងៗ របស់​មន្ត្រី​រដ្ឋាភិបាល គឺជា​រឿង​ល្អ​សម្រាប់​ទុកជា ភស្តុតាង ដើម្បី​ប្ដឹង​ថៃ ទៅកាន់​តុលាការអន្តរជាតិ នា​ពេល​ខាង​មុខ ក៏ប៉ុន្តែ លោក​ថា ករណីនេះ ប្រសិនបើ​រដ្ឋាភិបាល ពុំ​ប្រើ​ឱ្យ​ត្រឹមត្រូវ ដើម្បី​ជា​ផលប្រយោជន៍​ជា​ដុំកំភួន​ដល់​ប្រជាពលរដ្ឋ​ជាក់ស្ដែង​ទេ​នោះ គឺ​ប្រាកដ​ណាស់ ប្រជាពលរដ្ឋ​នឹង​ខឹង​សម្បារ ហើយ​បន្ត​រិះគន់​ដូច​សព្វថ្ងៃ បើ​ទោះ​ជា​មន្ត្រី​រដ្ឋាភិបាល​ព្យាយាម​បកស្រាយ​ក្ដី ក៏​គ្មាន​ន័យ​នោះ​ដែរ។

លោក សេង វណ្ណលី៖ «នេះ​គ្រាន់តែ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​សាធារណៈ ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ខ្លួន​បាន​យកចិត្តទុកដាក់​លើ​ការ​ការពារ​ដែន​អធិបតេយ្យ ប៉ុន្តែ ផលប្រយោជន៍​ពិតប្រាកដ​សម្រាប់​ជាតិ គួរតែ​ត្រូវ​បាន​វាស់វែង​តាមរយៈ​ភាព​សុខសាន្ត​ជា​និរន្តរ​នៅ​តាម​ព្រំដែន និង​ការ​រក្សា​បាន​នូវ​បូរណភាព​ទឹកដី​ឱ្យ​បាន​គង់វង្ស​។ នៅ​ក្នុង​ន័យ​នេះ​ការ​ឆ្លុះបញ្ចាំង ពី​ភាព​ខ្វះខាត និង​ការ​ទាមទារ​ឱ្យ​មាន​ចំណត​ការ​ជាក់ស្ដែង ជា​ជាង​ការប្រើប្រាស់​ត្រឹមតែ​ក្រដាស​ស្នាម»។

ស្រប​ពេល​កម្ពុជា​តែងតែ​ប្រឆាំង​ថៃ ចំពោះ​ទង្វើ​ឈ្លានពាន​ទឹកដី​ខ្មែរ​ជា​ហូរហែ យោធា​ថៃ​ក៏​ហាក់​បង្កើន​សកម្មភាព រំលោភ​ដែន​អធិបតេយ្យ​កម្ពុជា ក៏​កាន់​ខ្លាំង និង​កាន់តែ​គឃ្លើន​ជាង​មុន​។ បើ​តាម​វីដេអូ និង​រូបថត ដែល​បាន​ចែកចាយ នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​ថា យោធិន​ខ្មែរ ដែល​ឈរ​ជើង​នៅ​តាម​តាម​តំបន់ ជួរ​ភ្នំ​ដងរែក គឺ​ត្រូវ​បាន​យោធា​ថៃ​ប្រមាថ​មើលងាយ និង​បណ្ដេញ​មិន​ឱ្យ​កងទ័ព​ឈរ​ជើង​យាម​នៅ​លើ​ទឹកដី​ខ្មែរ នៅ​តាម​ព្រំដែន ជា​ញឹកញាប់​។ ថ្មីៗ​នេះ បន្ទាយ និង​លេណដ្ឋាន របស់​យោធា​ខ្មែរ​ខ្លះ នៅ​តាម​ជើងភ្នំ​ដងរែក ក៏​ត្រូវ​បាន​ពួក​យោធា​ថៃ ដុត​ព្រៃ បណ្ដាល​ឱ្យ​ឆាប់​ឆេះ​ខ្ទេចខ្ទី រួម​ទាំង​កន្លែង​ទុកដាក់ ស្បៀង​របស់​កងទ័ព ផង​ដែរ។

ប្រជាពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ពន្លឿន​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​អន្តរជាតិ ដើម្បី​ធានា​សុវត្ថិភាព សម្រាប់​ពលរដ្ឋ និង​កងទ័ព​ខ្មែរ នៅ​តាម​ព្រំដែន ដែល​កំពុងតែ​ជួប​ទុក្ខ​លំបាក ដោយសារតែ ការ​យាយី ពី​សំណាក់​យោធា​ថៃ​មិន​ចេះ​ចប់ មិន​ចេះ​ហើយ។ បើ​តាម​យោធិន​ខ្មែរ​ខ្លះ​បាន រៀបរាប់ នៅ​លើ​បណ្ដាញ​សង្គម​ថា ចាប់​តាំង​ពី​កម្ពុជា​បាន​គោរព​បទ​ឈប់​បាញ់​មក យោធា​ថៃ​បាន​បង្កើន​ការ​ឈ្លានពាន​ទឹកដី​ខ្មែរ មិន​ស្រាកស្រាន្ត​នោះ​ឡើយ ខណៈ​តំបន់​ខ្លះ​ពួក​យោធា​ថៃ​បាន​ដើរ​ពង្រាយ​បន្លា​លួស ព័ទ្ធ​យក​មិន​ថា​ថ្ងៃ​ឬ​យប់ ដែល​ជា​ហេតុ​តម្រូវ​ឱ្យ​កងទ័ព​ខ្មែរ ត្រូវ​ឈរ​យាម​២៤ម៉ោង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ