ប្រមុខ​ការទូត​ថៃ​ជំរុញ​ឱ្យ​កម្ពុជា​វិលត្រឡប់​​រក​បទ​ឈប់​បាញ់ ក្រោយ​លោក ហ៊ុន ម៉ាណែត ប្រាប់​កាសែត​អន្តរជាតិ រឿង​ថៃ​កាន់​កាប់​ទឹកដី​ខ្មែរ

0
9
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បាន​ប្រាប់​ឱ្យ​កម្ពុជា វិលត្រឡប់​ទៅ​រក​បទ​ឈប់​បាញ់ និង​ជៀសវាង​ការ​អូសទាញ​ឆាក​អន្តរជាតិ​ឱ្យ​ចូល​ទៅ​ក្នុង​រឿង​វិវាទ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​សារព័ត៌មាន​រ៉យទ័រ Reuters ថា យោធា​ថៃ នៅតែ​បន្ត​ឈរជើង និង​កាន់កាប់​ជ្រៅ​ចូលក្នុង​ទឹកដី​កម្ពុជា នៅ​តាម​តំបន់​ព្រំដែន​ជាច្រើន​ទីតាំង ទោះបី​មាន​បទ​ឈប់​បាញ់​ក៏ដោយ។

ភាគី​ថៃ បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ បន្ទាប់ពី​មេដឹកនាំ​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​សារព័ត៌មាន Reuters អំពី​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ ដែល​នៅតែ​បន្ត​ឈរជើង និង​កាន់កាប់​ជ្រៅ​ចូលក្នុង​ទឹកដី​កម្ពុជា នៅ​តាម​តំបន់​ព្រំដែន​ដែល​ហួស​ពី​ការ​ទាមទារ។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​បញ្ជាក់​ថា ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​ថៃ​ត​ទៅមុខ​ទៀត កម្ពុជា​ត្រូវតែ​បន្ត​គោរព​បទ​ឈប់​បាញ់ បង្កើន​ការ​ផ្ដល់​ទំនុកចិត្ត ចំពោះ​យន្ត​ការចរចា​ទ្វេភាគី និង​មិន​ត្រូវ​អូសទាញ​ឆាក​អន្តរជាតិ ឱ្យ​ចូល​ទៅ​ក្នុង​រឿង​វិវាទ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ ដែល​លោក​ចោទ​ថា ជា​ការ​ញុះញង់ និង​គ្មាន​ប្រយោជន៍ ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ថៃ នៅ​លើ​ឆាក​អន្តរជាតិ​នោះ​ឡើយ​។ លោក​ព្រមាន​ថា ប្រសិនបើ​កម្ពុជា ដើរ​មួលបង្កាច់​ថៃ នៅ​លើ​ឆាក​អន្តរជាតិ នោះ​ប្រទេស​ថៃ​បាន​ត្រៀមខ្លួន​រួច​ជាស្រេច ដើម្បី​សងសឹក​វិញ ប្រសិនបើ​កម្ពុជា​ប្រើ​យុទ្ធសាស្ត្រ​បែបនេះ។

ទោះជា​យ៉ាងណា លោក ស៊ីហាសាក់ បាន​បញ្ជាក់​ថា ទោះបីជា​លោក ហ៊ុន ម៉ាណែត និយាយ​មិនល្អ​ពី​ប្រទេស​ថៃ ប្រាប់​ទៅ​បណ្ដា​ប្រទេស​លើ​ឆាក​អន្តរជាតិ​យ៉ាងណា​ក៏ដោយ​ចុះ ក៏​លោក​នឹង​មិន​លើកយក​បញ្ហា​នេះ ទៅ​និយាយ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នៅ​ថ្ងៃទី​២៣ ខាងមុខនេះ ដែល​ជា​ការ​ជួយ​បន្ទរ​សំឡេង​ឱ្យ​លោក ហ៊ុន ម៉ាណែត នោះ​ឡើយ​។ ក៏ប៉ុន្តែ លោក ស៊ីហាសាក់ បាន​បន្ថែម​ថា លោក​នឹង​លើកយក​ករណី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ដែល​ពាក់ព័ន្ធ​នឹង​ការ​បោកប្រាស់ ចាប់ជំរិត ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស មក​ពិភាក្សា​ក្នុង​អង្គប្រជុំ ដោយ​លោក​អះអាង​ថា ការពិភាក្សា​លើ​រឿង​នេះ មិនមែន​​ជា​ការ​វាយប្រហា​រ ឬ​សងសឹក​មក​លើ​កម្ពុជា​នោះ​ឡើយ។

នៅក្នុង​កិច្ច​សម្ភាស​ផ្ដាច់មុខ​ជាមួយ​សារព័ត៌មាន Reuters កាលពី​ម្សិលមិញ លោក ហ៊ុន ម៉ាណែត បាន​រៀបរាប់​ពី​វិនាសកម្ម ទុក្ខវេទនា ការ​ព្រាត់ប្រាស់ និង​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដោយសារ​មិនអាច​វិលត្រឡប់​ទៅផ្ទះ​វិញ​បាន​។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ពី​ក្ដី​បារម្ភ នៃ​ជម្លោះ​ប្រដាប់​អាវុធ​ដែល​អាច​ផ្ទុះឡើង​ម្តង​ទៀត ទោះបីជា​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បន្ត​លើកកម្ពស់​ភាព​ជោគជ័យ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក៏ដោយ។

យ៉ាងណាមិញ នៅមុន​ការ​ផ្សព្វផ្សាយ​កិច្ច​សម្ភាស​របស់​លោក ហ៊ុន ម៉ាណែត នេះ រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ បាន​ប្រកាស​ថា ភាគី​ថៃ​កំពុង​តាមដាន​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា រួម​ទាំង​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​អាមេរិក និង​បារាំង ទាក់ទង​នឹង​ការ​ស្នើ​សុំ​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​ព្រំដែន​កម្ពុជា​-​ថៃ​។ ជាមួយ​គ្នា​នេះ លោក​បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​របស់​ប្រទេស​ថៃ​ក្នុង​ការ​ឆ្លើយតប និង​ស្នើ​ឱ្យ​បំភ្លឺ​ប្រសិនបើ​កម្ពុជា​និយាយ​បង្ខូច​អំពី​ប្រទេស​ថៃ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ គឺជា​ការ​បោះ​ជំហាន​ទីមួយ ដើម្បី​លាតត្រដាង​អំពី​ទង្វើ​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​កម្ពុជា​។ ទោះជា​យ៉ាងណា លោក​បន្ត​ថា ការ​ដោះស្រាយ​រឿង​វិវាទ​ព្រំដែន​រវាង​រដ្ឋ​នឹង​រដ្ឋ កម្ពុជា​មិនអាច​ត្រឹមតែ​និយាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តែ​ម្យ៉ាង​នោះ​ឡើយ ដោយ​កម្ពុជា​ត្រូវ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​យន្តការ​ច្បាប់ នៅក្នុង​ស្ថាប័ន​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​ទៅកាន់​ប្រទេស​ថៃ។

លោក ម៉ែន ណាត៖ «គេ​ដាក់​ការឈ្លានពាន​មក​លើ​ទឹកដី​យើង យើង​មិនអាច​មិន​ប្ដឹង​នោះ​ទេ​។ ប៉ុន្តែ​យើង​ត្រូវ​ប្រើ​យន្តការ​ទាំងអស់ ទាំង​ការ​ធ្វើ​កំណត់​ទូត​តវ៉ា គ្រប់​សកម្មភាព​ដែល​ថៃ​បាន​ឈ្លានពាន​កម្ពុជា​។ ត្រូវ​បកអាក្រាត​ថៃ​នៅ​លើ​ឆាក​អន្តរជាតិ ត្រូវ​រាយការណ៍​ប្រាប់​បណ្ដាញសារព័ត៌មាន​អន្តរជាតិ​សំខាន់ៗ ដូច​ក្នុង​ពេលនេះ ទី​បួន ត្រូវ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ»។

នេះ​ជា​លើកទីមួយ​ហើយ ដែល​មេដឹកនាំ​កម្ពុជា បាន​ផ្ដល់​កិច្ច​សម្ភាស ដោយ​លាតត្រដាង​ពី​ការឈ្លានពាន​របស់​យោធា​ថៃ មក​លើ​កម្ពុជា នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ ចាប់តាំងពី​ការ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​មក។ ក្រោយ​កិច្ច​សម្ភាស​នេះ មាន​សារព័ត៌មាន​អន្តរជាតិ​ជាច្រើន បាន​យក​ទៅ​ចុះផ្សាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ ភាគី​ថៃ​បាន​ប្រកាស​ថា ពួកគេ​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការ​ឆ្លើយតប និង​វាយបក​ចំពោះ​ការ​លាតត្រដាង​របស់​កម្ពុជា រហូតដល់​ទី​បញ្ចប់។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​អ្នកឃ្លាំមើល​បារម្ភ​ថា វិបត្តិ​ព្រំដែន​កម្ពុជា​-​ថៃ នឹង​មិន​ងាយ​បញ្ចប់​នោះ​ឡើយ ប្រសិនបើ​កម្ពុជា ដែល​ជា​ភាគី​រងគ្រោះ នៅតែ​មិន​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ