

អ្នកឃ្លាំមើលថា យោធាថៃកំពុងតែពង្រីកសកម្មភាពឈ្លានពានដែនសមុទ្រកម្ពុជា ក្រោយពីបានឈ្លានពានដីគោក បានជាច្រើនកន្លែង រួមនឹងប្រាសាទបុរាណខ្មែរ ខណៈកម្ពុជា នៅតែមិនទាន់ប្ដឹង ថៃទៅតុលាការអន្តរជាតិ។ ការលើកឡើងនេះ ក្រោយពីយោធាថៃបានចាប់អ្នកនេសាទខ្មែរ ចំនួន៣នាក់ ដោយចោទ ថារំលោភដែនសមុទ្រ របស់ប្រទេសថៃ កាលពីថ្ងៃទី២២ ខែកុម្ភៈ។
ស្របពេលដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងអ្នកគាំទ្របក្សកាន់អំណាច កំពុងតែសប្បាយអរលើ យុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» តាមរយៈការ ចេញបកអាក្រាត យោធាថៃ នៅលើបណ្ដាញសារព័ត៌មានអន្តរជាតិ នោះ យោធាថៃកំពុងបង្កើនការឈ្លានពានទឹកដីខ្មែរ ទាំងដែន គោក និងដែនសមុទ្រ បន្ថែមទៀត។
អ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គម លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៣ ខែកុម្ភៈថា កងទ័ពជើងទឹក និងជើងគោក របស់ថៃ មិនខ្លាចភាគីកម្ពុជានោះទេ។ លោកថា ថៃនឹងបន្តបង្កើន សកម្មភាពឈ្លានពាន ចូលទឹកដីខ្មែរគ្រប់ទីកន្លែង ដែលពួកគេគិតថាអាចចូលកាន់កាប់បាន ព្រោះថា ពេលនេះថៃ បានដឹងច្បាស់ពីចំណុចខ្សោយរបស់កម្ពុជា ពាក់ព័ន្ធរឿងឧក្រិដ្ឋជន ឆបោក តាមអនឡាញ ការបែកបាក់ផ្ទៃក្នុងជាតិ និងការស្ទាក់ស្ទើរ មិនហ៊ានប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ ព្រោះតែ ខ្លាចថៃ បង្កសង្គ្រាមកាន់តែធ្ងន់ធ្ងរជាងមុន។
បន្ថែមពីនោះ លោកយល់ថា យោធាថៃចាប់ ពលរដ្ឋខ្មែរនៅលើដែនសមុទ្រកម្ពុជា ក្នុងភូមិសាស្ត្រខេត្តកោះកុង គឺជា ចេតនា របស់ភាគីថៃ ដើម្បីបង្ករឿង និងញុះញង់ឱ្យកម្ពុជាខឹងសម្បារ ហើយប្រើប្រាស់អាវុធ តបត មកលើភាគីថៃ ដែលពេលនោះហើយ ជាឱកាសយោធាថៃ វាយសង្គ្រុបមកលើដែនសមុទ្រកម្ពុជា ដើម្បីពង្រីកដែនសមុទ្របាន យ៉ាងលឿនរហ័សរបស់ថៃ ដូចករណី វាយដណ្ដើមកាន់កាប់ទឹកដីខ្មែរ នៅតាមបណ្ដោយខេត្ត ជាប់ព្រំដែន។ លោកថា បញ្ហានេះកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការបង្កើនកិច្ចការទូតឱ្យខ្លាំង និងប្ដឹងថៃ ទៅតុលាការយុត្តិធម៌ អន្តរជាតិ ICJ នោះឡើយ។
លោក ម៉ែន ណាត៖ «ការចាប់ខ្លួននេះ មើលទៅជាការញុះញង់ ដើម្បីឱ្យកម្ពុជានឹងតដៃ ក្រោមការប្រមាថមិនចេះចប់មិនចេះហើយ មកលើដីខ្មែរ មកលើប្រទេសកម្ពុជា។ ក្នុងរឿងនេះកម្ពុជា ក្រៅពីធ្វើកំណត់ទូតតវ៉ា ក៏ត្រូវតែពង្រីកការបកអាក្រាតថៃឱ្យបានទូលំទូលាយ តាមយន្តការ វេទិកាអន្តរជាតិផ្សេងៗ។តាមយន្តការការទូត និងធ្វើយ៉ាងណាក៏ដោយ ប្រញាប់ ប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ ដើម្បីបញ្ជាការប្រើអំពើហិង្សា និងសង្គ្រាមជាថ្មី»។
កាលពីថ្ងៃទី២២ ខែកុម្ភៈសារព័ត៌មានថៃឈ្មោះ ខាវសុត (Khaosod) បានរាយការណ៍ថា កងទ័ពជើងទឹកថៃ បានចាប់ អ្នកនេសាទខ្មែរចំនួន៣នាក់ និងរឹបអូសទូកនេសាទចំនួន១គ្រឿង ដោយចោទថា បានចូលដែនសមុទ្រថៃ ដោយខុសច្បាប់ ។ បន្ថែមពីនោះ ភាគីថៃ បានអះអាងថា ពលរដ្ឋខ្មែរ៣នាក់នោះ ក៏បានសារភាពផងដែរថា បានចូលមកនេសាទ លើដែនសមុទ្រថៃនេះចំនួន ២ថ្ងៃ មកហើយ ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។ បច្ចុប្បន្ន ពួកគាត់ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនទៅស៊ើបសួរបន្តនីតិវិធី នៅ ប្រទេសថៃ។
ឆ្លើយតបនឹងករណីខាងលើ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃដដែល បានចេញលិខិតតវ៉ាជាផ្លូវការចំពោះវត្តមានកងទ័ពជើងទឹកថៃ ដែលបានចូលមកកាន់តែជម្រៅក្នុងដែនសមុទ្រកម្ពុជា ហើយ បានចាត់ទុកការចាប់ខ្លួនពលរដ្ឋខ្មែរ៣នាក់ ស្ថិតនៅជិតកោះយ៉រ ខេត្តកោះកុង នេះគឺជាទង្វើរំលោភយ៉ាងច្បាស់លាស់ លើអធិបតេយ្យ និងដែនទឹកកម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។
បន្ថែមពីនោះ កម្ពុជាក៏បានទាមទារឱ្យប្រទេសថៃត្រូវតែដោះលែងពលរដ្ឋខ្មែរ និងប្រគល់នាវានេសាទ ជាបន្ទាន់ ហើយត្រូវបញ្ឈប់នូវសកម្មភាពល្បាត ដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពចុះល្បាតនៅក្នុងដែនសមុទ្រកម្ពុជា។ ជាមួយគ្នានោះ កម្ពុជាក៏បញ្ជាក់ថា នឹងចាត់វិធានការសមស្របដើម្បីទប់ស្កាត់ មិនឱ្យសកម្មភាពរបស់កងទ័ពថៃ កើតឡើងជាថ្មី បែបនេះទៀតនោះឡើយ។
នេះពុំមែនជាលើកទី១ទេដែលកងទ័ពជើងទឹកថៃ បានឈ្លានពានដែនសមុទ្រកម្ពុជានិងចាប់ពលរដ្ឋខ្មែរ។ កាលពីថ្ងៃទី៦ ខែមករា ប្រជានេសាទកម្ពុជា៤នាក់ផ្សេងទៀត ក៏ធ្លាប់ត្រូវបានកងទ័ពជើងទឹកថៃ ចាប់ខ្លួនម្ដងមកហើយ ក្នុងភូមិសាស្ត្រខេត្តកោះកុង។ ក្រោយមកក៏បានដោះលែងឱ្យមានសេរីភាព វិញ នៅថ្ងៃទី១១ ខែមករា។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និង អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី២៣ ខែកុម្ភៈ។
អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ឃើញថា ថៃនឹងមិនបោះបង់មហិច្ឆតា ឈ្លានពានយក ទឹកដីកម្ពុជា នោះទេ ព្រោះថា ការពង្រីកទឹកដី គឺ ជាយុទ្ធសាស្ត្រនយោបាយ ដ៏មានប្រសិទ្ធភាព ដើម្បីទទួលការគាំទ្រ កាន់តែខ្លាំង ពីសំណាក់ពលរដ្ឋថៃ។លោកថា ករណីនេះ ប្រសិនបើ កម្ពុជា មិនបង្កើន កិច្ចការទូតនៅលើឆាកអន្តរជាតិបង្ហាញពីទង្វើគឃ្លើនរបស់ថៃឱ្យសកម្ម និងម៉ឺងមាត់ទេ ដែនសមុទ្រ កម្ពុជា នឹងបន្តបាត់បង់ ខណៈធនធានធម្មជាតិ ក្នុងបាត់សមុទ្រ ដូចជា ប្រេង ឧស្ម័ន និងរ៉េ កំពុង មានតម្លៃខ្ពស់ ដែលធ្វើឱ្យថៃ រឹតតែចង់បានខ្លាំង។
លោក សេង វណ្ណលី៖ «កម្ពុជាគួរតែជំរុញឱ្យមានគណៈកម្មការចម្រុះព្រំដែន ចុះពិនិត្យឱ្យសកម្ម ដើម្បីកំណត់ព្រំដែនឱ្យបានច្បាស់លាស់ ។ ជៀសវាងការយល់ច្រឡំ និងការយកបញ្ហានេះមកធ្វើជាឧបករណ៍នយោបាយ ដែលដឹកនាំឱ្យប៉ះពាល់ ដល់សន្តិសុខ និងតំបន់។ ការរក្សាសន្តិភាពជាមួយប្រទេសជិតខាងជារឿងចាំបាច់ ប៉ុន្តែការការពារដែន អធិបតេយ្យជាតិ និងអាយុជីវិតពលរដ្ឋ គឺជាអាទិភាព ខ្ពស់បំផុតដែលមិនអាចមើលរំលងបាន»។
កាលពីថ្ងៃទី១៦ ខែមករា រដ្ឋសភាកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី«ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ឆ្នាំ១៩៨២ (UNCLOS)»។ ច្បាប់នេះមានគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍សមុទ្ររបស់កម្ពុជា ព្រមទាំងគ្រប់គ្រងធនធានធម្មជាតិ និង ទប់ស្កាត់ការ ឈ្លានពាន។ អ្នកឃ្លាំមើលថា កម្ពុជា គួរប្រើប្រាស់ច្បាប់សមុទ្រនេះ ក្នុងការប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍PCA ក្នុងករណី ដែលរកឃើញថា ភាគីថៃ ពិតជាបានឈ្លានពានដែនសមុទ្រកម្ពុជាមែន៕








