

ស្របពេលសហគមន៍អន្តរជាតិរួមទាំងសហរដ្ឋអាមេរិក (US) និងអង្គការសហប្រជាជាតិ (UN) បន្តដាក់សម្ពាធ និងរិះគន់កម្ពុជាពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស និងបណ្តាញឆបោកតាមអនឡាញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសប្តេជ្ញាបន្តបង្ក្រាបឧក្រិដ្ឋកម្មនេះ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សយល់ថា ការប្រកាសប្ដេជ្ញានេះនៅមិនទាន់មានការអនុវត្តឱ្យមានប្រសិទ្ធភាពនៅឡើយទេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ប្រកាសបន្តពង្រឹងវិធានការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញក្នុងពេលកម្ពុជាបន្តរងការរិះគន់ និងសម្ពាធកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ។ លោកទទួលស្គាល់ថា អំពើឆបោកតាមអនឡាញរបស់បណ្ដាញឧក្រិដ្ឋជនមិនត្រឹមតែបានធ្វើឱ្យប៉ះពាល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខសង្គមនោះទេ ប៉ុន្តែធ្វើខូចកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិថែមទៀត។
លោក ស សុខា ក៏ស្នើឱ្យអង្គការដៃគូអន្តរជាតិជួយគាំទ្រកម្ពុជា និងអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធស្ថាប័នពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋទូទៅចូលសហការជាមួយអាជ្ញាធរ ដើម្បីប្រឆាំងនឹងអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ។
លោក ស សុខា៖ «សូមឱ្យប្រជាពលរដ្ឋគ្រប់រូបគប្បីចូលរួមសហការ ដើម្បីបង្កើនទប់ស្កាត់រាល់សកម្មភាពនានាដែលអសកម្ម ដើម្បីសេចក្ដីសុខផ្ទាល់ខ្លួន ក្រុមគ្រួសារ និងអ្នកជុំវិញខ្លួន មានន័យថា ក្នុងករណីដែលសង្ស័យមានបទល្មើស គប្បីរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យមានការចុះស៊ើបអង្កេតបង្ក្រាបឱ្យបានទាន់ពេលវេលា។ ត្រូវចៀសវាងកុំចូលរួម កុំគាំទ្រ និងកុំប្រព្រឹត្ត និងទទួលអំពើផលចារកម្មពីរឿងអំពើទុច្ចរិតនេះ»។
លោកថ្លែងបែបនេះក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១១ ក្រោមប្រធានបទ រួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ។ លោក ស សុខា អះអាងទៀតថា មកដល់ពេលនេះ ជនបរទេសដែលពាក់ព័ន្ធអំពើឆបោកតាមអនឡាញជាង ៣ម៉ឺននាក់ហើយត្រូវបានបណ្ដេញចេញពីកម្ពុជា រីឯជនបរទេសប្រមាណ ២១ម៉ឺននាក់ទៀតបានចាកចេញពីកម្ពុជាទៅប្រទេសកំណើតវិញដោយខ្លួនឯង។
ទាក់ទងនឹងរឿងនេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា ដែលឃ្លាំមើលការចាកចេញនៃជនបរទេសប្រាប់ទូរទស្សន៍អាស៊ីសេរីថា ក្នុងចំណោមជនបរទេសចម្រុះជាតិសាសន៍រាប់ម៉ឺននាក់ដែលនាំគ្នាសម្រុកចេញពីអគារឆបោកតាមអនឡាញមិនទាន់ត្រូវបានបណ្ដេញចេញ ឬចាកចេញពីកម្ពុជាអស់នៅឡើយទេ។ លោកលើកឡើងថា ការប្រកាសប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាបានត្រឹមតែទ្រឹស្ដី ប៉ុន្តែគ្មានឆន្ទៈក្នុងការអនុវត្តជាក់ស្ដែងកម្ចាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យដល់ឫសគល់ និងចាប់មេខ្លោងធំដែលពាក់ព័ន្ធ យកមកអនុវត្តទោសតាមផ្លូវច្បាប់ឡើយ។ លោកបន្តថា យុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញមិនបានធ្វើបណ្ដាញឧក្រិដ្ឋជនខ្លាចញញើតឡើយ ដោយសារតែក្រុមអ្នកកាងមេខ្លោងដែលមានឥទ្ធិពលនៅតែមានសេរីភាពដែលធ្វើឱ្យបណ្ដាញឧក្រិដ្ឋជនអាចរៀបចំផែនការថ្មី ដើម្បីបន្តប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជាបន្តទៀត។
លោក ឌី ថេហូយ៉ា៖ «មេឆបោកហាក់ដូចជាដូររូបភាពនៃការឆបោកតាមរយៈពីមុនស្នាក់អាស្រ័យប្រើប្រាស់សណ្ឋាគារ កាស៊ីណូកន្លែងធំៗអាចនឹងប្រែក្លាយជាតំបន់ទីតាំងតូចៗ អគារតូចៗសាមញ្ញ ដើម្បីលាក់កំបាំងទង្វើឧក្រិដ្ឋកម្ម។ ការមិនដាក់ទោសទណ្ឌចំពោះជនល្មើស អ៊ីចឹងជនល្មើសកាន់តែបានចិត្ត កាន់តែរកស៊ីក្នុងវិស័យហ្នឹងកាន់តែខ្លាំងឡើងព្រោះគេប្រព្រឹត្តបទល្មើសល្បីល្បាញទូទាំងពិភពលោកបំផ្លាញជាតិខ្មែរ បំផ្លាញសេដ្ឋកិច្ចខ្មែរទាំងមូលហើយគេនៅតែរួចខ្លួន អាហ្នឹងវាជាគំរូអាក្រក់ដល់ជនឆបោកអនឡាញផ្សេងៗថា គេនឹងមិនខ្លាចសំណាញ់ច្បាប់ព្រោះច្បាប់អត់សូវមានប្រសិទ្ធភាព»។
ទន្ទឹមនឹងការប្រកាសប្ដេជ្ញាចិត្តប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ លោក ស សុខា ខ្លួនឯងក៏ជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលអ្នកមានឥទ្ធិពល និងអំណាចជាច្រើននាក់ទៀត ដែលមានតួនាទីកំពូលៗក្នុងជូររដ្ឋាភិបាលត្រកូល ហ៊ុន ដែលត្រូវសមាជិកសភាអាមេរិកស្នើដាក់ទណ្ឌកម្ម និងបញ្ចូលក្នុងបញ្ជីខ្មៅដោយសារតែពាក់ព័ន្ធដោយផ្ទាល់នឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ។ កាន់តែអាក្រក់ជាងនេះ កាលពីឆ្នាំ២០២៥ យ៉ាងហោចមានអ្នកកាសែត ៦នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីរាយការណ៍ពីមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ រីឯ ករណីចុងក្រោយអ្នកកាសែតអនឡាញម្នាក់គឺលោក ហែម វណ្ណា ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់បន្ទាប់ពីរាយការណ៍ទីតាំងអគារឆបោកតាមអនឡាញមួយកន្លែងនៅខេត្តបន្ទាយមានជ័យកាលពីដើមខែកុម្ភៈ។
ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (OHCHR) កាលពីពេលថ្មីៗនេះបានរាយការណ៍ថា ការរីករាលដាលនៃអំពើឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះរួមទាំងកម្ពុជាផងគឺមិនមានភាពធូរស្រាលឡើយ។ អង្គការសហប្រជាជាតិក៏រកឃើញថា ជនរងគ្រោះរាប់ពាន់នាក់ដែលជាប់ឃុំឃាំងក្នុងអគារអនឡាញគឺបានរងការធ្វើទារុណកម្មឃោរឃៅដូចជា ការវាយដំ ឆក់ខ្សែភ្លើង កេងប្រវ័ញ្ចផ្លូវភេទ ការរំលូតកូនដោយបង្ខំ និងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងទម្រង់ផ្សេងៗទៀត។ លើសពីនេះ ទាសករតាមអនឡាញដែលរងការធ្វើទារុណកម្មគឺមិនត្រូវបានព្យាបាលឡើយ ហើយបុគ្គលិកដែលត្រូវគេយកមកលក់តាមការបោកបញ្ឆោតគឺត្រូវបានបង្ខំឱ្យធ្វើការច្រើនម៉ោងដោយគ្មានអាហារហូបចុកគ្រប់គ្រាន់ និងប្រាក់ឈ្នួលឡើយ។
ពាក់ព័ន្ធរឿងនេះដែរ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) បានចេញសេចក្ដីថ្លែងការណ៍ដោយបង្ហាញក្ដីកង្វល់ចំពោះអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមមានការជួញដូរមនុស្ស និងការធ្វើទារុណកម្មក្នុងមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជា។ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យលើកឡើងថា វិបត្តិនៃឧក្រិដ្ឋកម្មនេះមិនត្រឹមតែជាអំពើអមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែបានបំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យជឿជាក់ថា ឧក្រិដ្ឋកម្មទាំងនេះរីករាលដាលបានដោយសារអំពើពុករលួយជាប្រព័ន្ធ និងការការពារពីបុគ្គលមានអំណាច ដែលអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនឆ្លងដែនប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាជម្រកឧក្រិដ្ឋកម្ម។ ក្រៅពីនេះ អង្គការសិទ្ធិមនុស្សមួយនេះក៏ទទូចឱ្យរដ្ឋាភិបាលបោះបង់យុទ្ធសាស្ត្របង្ក្រាបបង្កើនតែរូបភាព និងបង្ហាញឆន្ទៈពិតប្រាកដក្នុងការជួយសង្គ្រោះជនរងគ្រោះ និងងាកមកអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ តាមរយៈការចាប់ខ្លួន និងផ្ដន្ទាទោសមន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យបានធ្ងន់ធ្ងរតាមផ្លូវច្បាប់៕









