អ្នកឃ្លាំមើល​ថា កម្ពុជា​ពិបាក​ទាក់ទាញ​អ្នក​វិនិយោគ​ល្អៗ​ពី​ក្រៅប្រទេស បើ​ទោះ​លោក ហ៊ុន ម៉ាណែត ​អួតអាង​ពី​សក្ដានុពល​ក្នុង​ស្រុក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ក្រសួងការបរទេស
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ក្រសួងការបរទេស

អ្នកឃ្លាំមើល​ថា កម្ពុជា​ពិបាក​ទាក់ទាញ​អ្នក​វិនិយោគ​ល្អៗ ពី​ក្រៅប្រទេស បើទោះ​ជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្យាយាម​លើកឡើង​ពី​សក្ដានុពល នៅ​ក្នុង​ស្រុក និង​បង្ហាញ​ពី​សមិទ្ធផល​នានា​នៃ​កំណើន​សេដ្ឋកិច្ច ប្រាប់​ដល់​អ្នក​ធុរកិច្ច​បរទេស​ក្ដី។ ការ​លើកឡើង​នេះ ក្រោយពី​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​សារ​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច អាស៊ាន​ឆ្នាំ​២០២៦ ដោយ​ស្វាគមន៍​ចំពោះ​អ្នក​វិនិយោគ នៅ​លើ​ពិភពលោក មក​រក​ស៊ី​កម្ពុជា ដោយ​ធានា​នូវ​ស្ថិរភាព និង​សុវត្ថិភាព។

ស្របពេល​ពិភពលោក កំពុង​ព្រួយបារម្ភ ពី​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​តែ​បញ្ហា​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា បន្ត​រីក​កាន់តែ​ធំ អ្នកឃ្លាំមើល​ថា កម្ពុជា​ក៏​នឹង​ត្រូវ​រង​ផល​ប៉ះពាល់ ផ្នែក​សេដ្ឋកិច្ច ធ្ងន់ធ្ងរ ផង​ដែរ ជាពិសេស​វិស័យ​ទេសចរណ៍ និង​តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ។ ពួកគាត់​ថា ស្ថានភាព​នេះ កម្ពុជា​ត្រូវ ស្ដារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស ពង្រឹង​នីតិរដ្ឋ និង​លុបបំបាត់​អំពើពុករលួយ នោះ​ទើប​អាច​ទាក់ទាញ អ្នក​វិនិយោគ​ល្អៗ ពី​ក្រៅប្រទេស​ឱ្យមក​រកស៊ី​នៅ​កម្ពុជា​បើ​ពុំ​ដូច្នោះ​ទេ អ្នក​វិនិយោគ នឹង​មិន​ហ៊ាន​បោះទុន រកស៊ី​ដោយ​ប្រថុយប្រថាន​នោះ​ឡើយ។

អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៤ ខែមីនា​ថា ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន​-​កម្ពុជា អំពី​សក្ដានុពល​របស់​កម្ពុជា គឺជា​ភាសា​ការទូត​ដ៏​សំខាន់ ប៉ុន្តែ​មិនអាច​ទាក់ទាញ អ្នក​វិនិយោគ​ល្អៗ​ពី​បស្ចិម​ប្រទេស​បាន​នោះ​ទេ ដរាបណា កម្ពុជា​មិន​លុប​បំបាត់​អំពើពុករលួយ និង​ពង្រឹង​នីតិរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ មាន​តម្លាភាព និង​អភិបាលកិច្ច​ល្អ​ទេ​នោះ។ លោក​បន្ត​ថា អ្នក​វិនិយោគ​គេ​មិន​ជឿ​ត្រឹមតែ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ គេ​នឹង​តាមដាន​មើល​ពី ទិដ្ឋភាព​ជាក់ស្ដែង។

លោក សេង វណ្ណលី៖ «ខ្ញុំ​យល់ស្រប​ថា កម្ពុជា​មាន​សក្ដានុពល សម្រាប់​វិនិយោគិន​មក​វិនិយោគ​ដោយសារតែ យើង​មាន​កត្តា​ភូមិសាស្ត្រ​ល្អ​។ យើង​មាន​ទូរគមនាគមន៍ និង​មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ ។ ប៉ុន្តែ​អ្វី​ដែល​រដ្ឋ​ត្រូវធ្វើ គឺ​បង្កើន​ជំនាញ​ដល់​ពលរដ្ឋ ប្រសិនជា​អាច​លុបបំបាត់​អំពើពុករលួយ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ទៅ ហើយ​លុបបំបាត់​រឿង អនឡាញ​Scam ឱ្យ​មាន​ប្រសិទ្ធភាព ខ្ញុំ​គិតថា​អាច​ទាក់ទាញ​អ្នក​វិនិយោគ​បាន»។

ថ្លែង​ទៅកាន់​សមាជិក​ធុរកិច្ច​អាស៊ាន​រាប់​សិប​នាក់ នៅក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​ឆ្នាំ​២០២៦ នា​ថ្ងៃទី៤ មីនា​ក្នុង​ទីក្រុង​ភ្នំពេញ លោក ហ៊ុន ម៉ាណែត បាន​ឈរ​អាន​សុន្ទរកថា ជា​ភាសា​អង់គ្លេស រៀបរាប់ អំពី​ក្ដី​បារម្ភ​ចំពោះ បញ្ហា​បម្រែបម្រួល អាកាសធាតុ និង​វិបត្តិ​សេដ្ឋកិច្ច ព្រោះតែ សង្គ្រាម នៅ​មជ្ឈិមបូព៌ា​។ លោក​ថា ក្នុង​ស្ថានភាព​នេះ ការ​សហការ​គ្នា រវាង អ្នក​ធុរកិច្ច​អាស៊ាន និង​បណ្ដា​ប្រទេស​ដទៃទៀត ជា​រឿង​សំខាន់​។ ទន្ទឹមគ្នា​នោះ លោក ក៏​លើកឡើង អំពី​សមិទ្ធផល និង​កំណើនសេដ្ឋកិច្ច ដែល​បាន​កើន​ជា​វិជ្ជមាន ពី​ការ​វិនិយោគ របស់​ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា។

បន្ថែម​ពីលើ​នោះ លោក ហ៊ុន ម៉ាណែត ក៏​ហាក់​មាន​ជំនឿ​ចិត្ត​សម្បើម​ណាស់​ថា កម្ពុជា​នឹង​លុបបំបាត់ មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ទាំងស្រុង នៅ​ត្រឹម​ខែមេសា ឆ្នាំ​២០២៦ ។ លោក​ថា ការ​ប្ដេជ្ញាចិត្ត​នេះ គឺជា​ការ ខិតខំ​ប្រឹងប្រែង របស់​កម្ពុជា ដើម្បី​ពង្រឹង​វិធានការ ច្បាប់ និង​ការពារ​បន្ថែម​ទៀត​នូវ​សុចរិត​ភាព​ក្នុង​ការ​វិនិយោគ​។ ជាមួយ​គ្នា​នេះ កាលពី​ខែកុម្ភៈ​កន្លងទៅ លោក ក៏បាន​ប្រាប់​សារព័ត៌មាន​បារាំង AFP ដោយ​ទទួលស្គាល់​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​កម្ពុជា។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា យល់ឃើញ​ថា កម្ពុជា​មាន​សក្ដានុពល​ច្រើន ជាពិសេស​ផ្នែក​កម្លាំង​ពលកម្ម ព្រោះ កម្ពុជា មាន​ប្រជាជន​ជាង ១៧​លាន​នាក់ ក្នុង​នោះ មាន​៨០% ជា​យុវជន​ពេញវ័យ​ដែល​អាច​ធ្វើការ បាន​ចន្លោះ​ពី ១៥​ឆ្នាំ​ឡើង​។ លោក​បន្ត​ថា បើ​មើល​ផ្នែក​ភូមិសាស្ត្រ​កម្ពុជា មាន​ទាំង​ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស សម្រាប់​ដឹកទំនិញ​នានា។ ក៏ប៉ុន្តែ លោក​ថា បញ្ហា​ប្រឈម​ដែល​ធ្វើ​ឱ្យ​កម្ពុជា ពិបាក​ទាក់ទាញ អ្នក​វិនិយោគ​ល្អៗ គឺ បញ្ហា​អំពើពុករលួយ និង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត។

លោក មឿន តុលា៖ «ប្រសិនបើ​កម្ពុជា​មិន​អាច​ដោះស្រាយ​បញ្ហា​ចោទប្រកាន់​ជុំវិញ​បញ្ហា​លាងលុយ​កខ្វក់ និង​បញ្ហា​សន្តិសុខ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​ប្រទេស។ អ្នក​វិនិយោគិន​ល្អៗ និង​វិនិយោគិន​ដែល​មាន​ស្តង់ដារ​ខ្ពស់​នឹង​មិន​ប្រថុយ​ទម្លាក់​ទុន ក្នុង​បរិយាកាស​ដែល​ប្រព័ន្ធ​រដ្ឋាភិបាល​នៅ​មាន​ភាពស្មុគស្មាញ និង​មានការ​ជ្រៀតជ្រែក​ឥទ្ធិពល​នយោបាយ​នោះ​ឡើយ»។

អង្គការ​តម្លាភាព​អន្តរជាតិ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ បាន​ចេញ​របាយការណ៍​ប្រចាំឆ្នាំ​២០២៥ ដោយ​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ ជុំវិញ​ការ​ធ្លាក់​ចុះ​នូវ​ការគោរព​ប្រជាធិបតេយ្យ នៅ​លើ​ពិភពលោក ខណៈ​អំពើពុករលួយ ក៏បាន​កើន​ឡើងជា​លំដាប់​។ ក្នុង​នោះ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៦៣ ក្នុងចំណោម​ប្រទេស​ចំនួន​១៨២ ដែល​មាន​អំពើពុករលួយ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​២០២៤។ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន កម្ពុជា​ប្រសើរ​ជាង​ប្រទេស​មីយ៉ាន់ម៉ា​តែមួយ​គត់។

អ្នកឃ្លាំមើល​ថា បញ្ហា​អំពើពុករលួយ​នៅ​កម្ពុជា គឺជា​«​ជំងឺមហារីក​»​ដ៏​ធំ​ហើយ បាន​ចាក់ស្រេះ​យ៉ាង​ជ្រៅ ក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ និង​ប្រព័ន្ធ​នយោបាយ​បក្ស​កាន់អំណាច ទើប​ធ្វើ​ឱ្យ​ឧក្រិដ្ឋកម្ម​ឆបោក តាម​អនឡាញ និង​អំពើ​ជួញដូរ​មនុស្ស បាន​កើត​ឡើង​យ៉ាង​ងាយ​បំផុត​។ ករណីនេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​បន្ត រង​ផល​ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដូចជា​ការ​កើនឡើង​នៃ​អំពើ​អយុត្តិធម៌​សង្គម ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ខណៈ​អ្នក​វិនិយោគ​ល្អៗ ពី​ក្រៅប្រទេស ក៏​ពុំ​សូវ​ហ៊ាន មក​រក​ស៊ី​នៅ​កម្ពុជា ព្រោះ​បារម្ភ​ពី​ការខាតបង់ ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​ភាគច្រើន​បាត់បង់​ឱកាស​ការងារ​ក្នុងស្រុក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ