អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​ខេត្ត​សៀមរាប​ត្អូញត្អែរ​ថា​ខ្សត់​ភ្ញៀវ​ទេសចរ​បរទេស

អ្នករត់រ៉ឺកង់​ម៉ូតូ​បីដឹកភ្ញៀវទសចរនៅខេត្តសៀមរាប។ រូប៖ បណ្ដាញសង្គម
អ្នករត់រ៉ឺកង់​ម៉ូតូ​បីដឹកភ្ញៀវទសចរនៅខេត្តសៀមរាប។ រូប៖ បណ្ដាញសង្គម

អ្នករកស៊ី​លើ​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប ត្អូញត្អែរ​ថា ចាប់តាំងពី​កម្ពុជា​មានរឿង​អាស្រូវ​បញ្ហា​ឆបោក​តាម​អនឡាញ មាន​សង្គ្រាម​ថៃ​ឈ្លានពាន​កម្ពុជា និង​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា ថ្មីៗ​នេះ​ទៀត ភ្ញៀវ​ទេសចរ​បរទេស ពុំ​សូវ​ឃើញ​មកលេង​កម្សាន្ត នៅ​តំបន់​អង្គរ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​អ្នក​រត់​រ៉ឺម៉ក​កង់​បី និង មគ្គទេសក៍​ទេសចរណ៍ ជាច្រើន​កំពុង​ជួប​ការ​លំបាក ព្រោះ​គ្មាន​ចំណូល។

វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ហាក់​ដុនដាប​កាន់តែ​ខ្លាំង ចាប់​តាំង​ពី​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ បញ្ហា​ឆបោក​តាម​អនឡាញ ការ​ជួញដូរ​មនុស្ស ហើយ​ថ្មីៗ​នេះ សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ទៀត គឺ​រឹតតែ​ធ្វើ​ឱ្យ​អ្នក​រកស៊ី ដែល​ពឹង​លើ​វិស័យ​ទេសចរ​បរទេស កាន់តែ​ជួប​ផល​លំបាក ក្នុង​ជីវភាព​ព្រោះ ពុំ​អាច​រក​ចំណូល សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​បាន​ដូច​មុន។

ប្រធាន​សមាគម​ស្ត្រី អ្នក​រត់​រ៉ឺម៉ក​កង់​បី​នៅ​ក្រុង​សៀមរាប លោកស្រី គឹម សុខលាង ប្រាប់​ទូរទស្សន៍ អាស៊ីសេរី​នៅ​ថ្ងៃទី​១០ ខែ​មីនា ថា សព្វថ្ងៃ លោកស្រី​ដឹក​ភ្ញៀវ​ទេសចរ​បរទេស ដើរ​ទស្សនា​តំបន់​អង្គរ បាន​យ៉ាង​ច្រើន តែមួយ​ជើង​គត់ ក្នុង​១​ថ្ងៃ ហើយ​ថ្ងៃ​ខ្លះ អត់​សោះ​ក៏​មាន ព្រោះ​ពុំ​សូវ​មាន​ភ្ញៀវ​បរទេស​។ លោកស្រី​ថា កម្ពុជា​បាត់បង់​ភ្ញៀវ​ទេសចរ​នេះ ពុំ​មែន​ទើបតែ មាន​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ង់​ទេ គឺ​បាត់​តាំងពី​មាន​វិបត្តិ ជំងឺ​កូវីដ​-១៩ រហូតដល់​មាន​សង្គ្រាម នៅ​មជ្ឈិមបូព៌ា​នេះ​ទៀត។ លោកស្រី​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ឱ្យ​ពលរដ្ឋ​ពឹង​អាស្រ័យ​តែ​ទៅលើ​ភ្ញៀវ​ទេសចរ​បរទេស ដោយ​ពុំ​បាន​បង្កើត​ការងារ ក្នុងស្រុក​ឱ្យ​ពលរដ្ឋ​ធ្វើ​ឱ្យ​បាន​ទូលំទូលាយ​ទេ​នោះ ពលរដ្ឋ​នឹង​កាន់​តែ​មាន​ជីវភាព​លំបាក។

លោកស្រី គឹម សុខលាង៖ «សូម​សំណូមពរ​ដល់​រដ្ឋាភិបាល សូម​ជួយ​រៀបចំ​តាម​ខេត្ត​តាម​ស្រុក ឱ្យ​មាន​រោងចក្រ​ផលិត​វត្ថុធាតុដើម និង​ឱ្យ​ប្រជាជន​មាន​ការងារ​ធ្វើ នៅ​តាម​តំបន់​របស់​ពួកគាត់​រៀងខ្លួន ហើយ​ឱ្យ​ការងារ​នោះ​មាន​ទូទាំង​ប្រទេស នោះ​ទើប​មាន​ការ​លូតលាស់​។ យើង​អភិវឌ្ឍន៍​នៅ​តាម​តំបន់​ទាំង​ហ្នឹង ពេល​នោះ​យើង​នឹង​ទទួលផល​មកវិញ»។

សង្គ្រាម​នៅ​មជ្ឈិមបូព៌ា បាន​អូស​បន្លាយ​ជាង​១០​ថ្ងៃ មក​ហើយ។ សង្គ្រាម​នេះ បង្កឡើង​ដោយ​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល បាញ់ប្រហារ មក​លើ​អ៊ីរ៉ង់​ហើយ​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​ប្រទេស​ក្រីក្រ មួយចំនួន នៅ​លើ​ពិភពលោក ដូចជា​កម្ពុជា​ជាដើម។ ផល​ប៉ះពាល់​ទាំងនោះ រួម​មាន​តម្លៃ​ប្រេង​ឥន្ធនៈ ឡើង​ថ្លៃ ហើយ​ភ្ញៀវ​ទេសចរណ៍ ជាច្រើន​ផ្អាក​ជើង​ហោះហើរ​ជាដើម។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថា បាន​ប្រាប់​សារព័ត៌មាន ក្នុង​ស្រុក​កាល​ពី​ថ្មីៗ​នេះ​ថា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ ទេសចរណ៍​នៅ​កម្ពុជា ព្រោះ​ថា តំបន់​មជ្ឈិមបូព៌ា​មាន​តួនាទី​សំខាន់ ក្នុង​ការ​ដឹកជញ្ជូន​អន្តរជាតិ ត​ភ្ជាប់​ពី អឺរ៉ុប អាហ្វ្រិក និង​អាម៉េរិក​ខាងជើង មកកាន់​តំបន់​អាស៊ីអាគ្នេយ៍។ តាម​ការ​ប៉ាន់ស្មាន​ជា​បឋម​របស់​លោក អាច​មាន​អ្នកដំណើរ​ចេញចូល​កម្ពុជា ជាង ១​ម៉ឺន ២​ពាន់​នាក់​ក្នុង​១​សប្ដាហ៍ ដែល​បាន​ផ្អាក​ជើងហោះហើរ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង លោក ស៊ីន ចាន់សិរីវុត្ថា ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១០ ខែ​មីនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី យល់​ថា ការ​យក​សង្គ្រាម នៅ​មជ្ឈិមបូព៌ា ជាដើម​ហេតុ​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ គឺជា​ការ​មើល​រំលង​បញ្ហា​ផ្ទៃក្នុង​ដែល​កម្ពុជា​កំពុង​ជួបប្រទះ ដូចជា​បញ្ហា​ឆបោក​តាម​អនឡាញ​ជាដើម។ ទន្ទឹមគ្នា​នោះ លោក​ថា ការ​ត្អូញត្អែរ​របស់​អ្នក​រត់រ៉ឺម៉ក​កង់​បី គឺ​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​ងាយ​នឹង​រង​គ្រោះ ព្រោះ​ពឹងផ្អែក​តែ​ទៅលើ​ភ្ញៀវ​បរទេស​មួយ​គត់។ ករណី​នេះ លោក​ថា ជា​រឿង​គ្រោះថ្នាក់​បំផុត ដែល​រដ្ឋាភិបាល​ត្រូវ​គិត​ពិចារណា​ឡើងវិញ។ ជា​ដំណោះស្រាយ លោក​ថា កម្ពុជា ត្រូវតែ​តម្រង់​ទិស​វិស័យ​ទេសចរណ៍​ឡើងវិញ ដើម្បី​ទាក់ទាញ​ភ្ញៀវ​នៅក្នុង​តំបន់​អាស៊ី ជាជាង​ពឹង​លើ​ប្រទេស​នៅ​មជ្ឈិមបូព៌ា។ លោក​ថា ដើម្បី​អាច​ទាក់​ទាញ កម្ពុជា​ត្រូវ​លាង​សម្អាត​កេរ្តិ៍ឈ្មោះ​មិន​ល្អ​លើ​ឆាក​អន្តរជាតិ​ជាមុន។

លោក សេង វណ្ណលី៖ «រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ឡើង​វិញ ចំពោះ​រចនាសម្ព័ន្ធ​ថ្លៃដើម​នៃ​ការ​ធ្វើ​ដំណើរ ទាំង​តម្លៃ​សំបុត្រ​យន្តហោះ ទាំង​តម្លៃ​ផ្សេងៗ ដើម្បី​ធ្វើ​ឱ្យ​សៀមរាប​មានតម្លៃ​សមរម្យ និង​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​។ បន្ថែម​ពី​នេះ ការបង្កើត​ព្រឹត្តិការណ៍​កម្សាន្ត​អន្តរជាតិ​ជាប្រចាំ និង​ការ​បង្កើន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​សន្តិសុខ​ឌីជីថល ដើម្បី​លុបបំបាត់ រូបភាព​អវិជ្ជមាន​នៅ​លើ​ឆាក​អន្តរជាតិ គឺជា​កិច្ចការ​បន្ទាន់ ដែល​ត្រូវធ្វើ»។

កន្លង​ទៅ​នេះ​រដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​មាន​ការ​លើក​លែង​ទិដ្ឋាការ​ដល់​ពលរដ្ឋ​ចិនដីគោក ចិន​ហុងកុង និង ចិន​ម៉ាកាវ ឱ្យ​ចូល​មក​លេង​កម្សាន្ត​នៅ​កម្ពុជា ដោយ​ឥតគិតថ្លៃ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ឱ្យ​កាន់តែ​ច្រើន និង​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៥ ខែ​មិថុនា ដល់​ថ្ងៃទី​១៥ ខែ​តុលា​ឆ្នាំ​២០២៦។ ទោះជា​យ៉ាងណា គេ​ឃើញថា​ភ្ញៀវ​ទេសចរណ៍​ចិន ពុំ​សូវ​ឃើញ​មាន​មក​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ជា​ការ​ព្រួយ​បារម្ភ គឺ​ខ្លាច​ការ​ហូរ​ចូល​នៃ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​ជាថ្មី ខណៈ​កម្ពុជា កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច និង​បញ្ហា​អសន្តិសុខ​សង្គម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ