កងទ័ព​ថៃ​ញុះញង់​ឱ្យ​កងទ័ព​ខ្មែរ​បង្កជម្លោះ ក្រោយ​ភាគី​ខ្មែរ​រារាំង​ការឈ្លានពាន​របស់​ថៃ

0
35
សកម្មភាពទាហានថៃបានដាក់ទូកុងតឺន័របិទផ្លូវនៅក្បែរកាស៊ីណូ នៅច្រកអានសេះ ខេត្តព្រះវិហារ កាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក អ៊ុំ សំអាន
សកម្មភាពទាហានថៃបានដាក់ទូកុងតឺន័របិទផ្លូវនៅក្បែរកាស៊ីណូ នៅច្រកអានសេះ ខេត្តព្រះវិហារ កាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក អ៊ុំ សំអាន

យោធា​ថៃ​បាន​ចោទប្រកាន់​មក​លើ​ទាហាន​ខ្មែរ​ថា បាន​បង្កជម្លោះ និង​ញុះញង់​នៅ​ទីតាំង​ដែល​យោធា​ថៃ​រាយ​បន្លា​លួស ក្នុង​តំបន់​ជាំ​តែ ខេត្តព្រះវិហារ រហូត​ទាហាន​ថៃ បាន​បាញ់កាំភ្លើង​ព្រមាន​។ ក៏ប៉ុន្តែ ទាហាន​ខ្មែរ​អះអាង​ថា គឺ​ភាគី​ថៃ​ទៅវិញ​ទេ ដែល​តែងតែ​លួច​ធ្វើ​សកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា គ្រប់​រូបភាព ដែល​តម្រូវ​ឱ្យ​ទាហាន​ខ្មែរ​ធ្វើការ​រារាំង​ជាច្រើនលើក រហូត​ត្រូវ​ទាហាន​ថៃ​គំរាម​បាញ់សម្លាប់​ទៀត​ផង។

បន្ទាប់ពី​ធ្វើ​សកម្មភាព​ចូល​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា ជាច្រើន​ទីតាំង​រួចមក ទាហាន​ថៃ​បាន​ចោទប្រកាន់​មក​លើ​ទាហាន​ខ្មែរ ថា​បាន​បង្ករឿង និង​គំរាម​មិន​ឱ្យ​ទាហាន​ខ្មែរ​មករា​រាំង​សកម្មភាព​ឈ្លានពាន​របស់​ពួកគេ​នោះ​ឡើយ។

អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ លោក វីនថៃ ស៊ូវារី (Winthai Suvaree) បាន​ចេញ​សេចក្ដីថ្លែងការណ៍ កាលពី​ថ្ងៃទី​១០ ខែមីនា ដោយ​ចោទ​ថា ទាហាន​ខ្មែរ​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ជាំ​តែ ក្នុង​ខេត្តព្រះវិហារ ជាប់​ខេត្ត​ស៊ីសាកេត របស់​ថៃ បាន​ធ្វើ​សកម្មភាព​រំខាន និង​ថត​វីដេអូ ញុះញង់​បង្កជម្លោះ​ជាច្រើនលើក នៅ​ទីតាំង​ដែល​ទាហាន​ថៃ​បាន​រាយ​បន្លា​លួស និង​ជីក​ប្រឡាយ​។ លោក​អះអាង​ថា ករណីនេះ បាន​ធ្វើ​ឱ្យ​ទាហាន​ថៃ ធ្វើការ​សម្របសម្រួល និង​ណែនាំ​ជាច្រើន​ដង រហូត​មានការ​បាញ់កាំភ្លើង​ទៅលើ​មេឃ ដើម្បី​ព្រមាន​ទៀត​ផង។

អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ​រូប​នេះ​ចោទ​ទៀត​ថា ទាហាន​ខ្មែរ ដែល​ឈរជើង​នៅ​តំបន់​ជាំ​តែ ភាគច្រើន​គឺជា​ទាហាន​ថ្មី ដែល​ខ្វះ​បទពិសោធន៍ និង​គ្មាន​វិន័យ នៅ​ក្នុង​ការ​បដិបត្តិ​ភារកិច្ច។

ទោះជា​បែបនេះ​ក្ដី ទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​ឈរជើង​នៅ​ខេត្តព្រះវិហារ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ការ​លើកឡើង​របស់​យោធា​ថៃ គឺជា​ការ​មួលបង្កាច់ និង​ចោទប្រកាន់​មក​លើ​ទាហាន​ខ្មែរ ដែល​ខុសពី​ការពិត និង​យោង​ទៅ​លើ​ប្រភព​តែ​ម្ខាង​។ លោក​អះអាង​ថា គឺ​ទាហាន​ថៃ​ទៅវិញ​ទេ ដែល​មិន​គោរព​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង ដោយ​លួច​ធ្វើ​សកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា ទាំងយប់​ទាំង​ថ្ងៃ តាមរយៈ​ការ​រាយ​បន្លា​លួស និង​ជីក​ប្រឡាយ​កាត់ផ្ដាច់​ផ្លូវ។

ទាហាន​ខ្មែរ៖ «វា​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​ទេ ធម្មតា​ទាហាន​ថៃ​មានប្រៀប​ជាង​យើង គេ​ចង់បាន​ដី​យើង​បន្ត គេ​ចេះតែ​ចោទប្រកាន់ ហើយ​កងទ័ព​យើង​មាន​វិន័យ​ជាង​ថៃ កងទ័ព​ថៃ​គ្មាន​វិន័យ​ទេ ហើយ​កងទ័ព​យើង​ស្ដាប់​បទបញ្ជា​ថ្នាក់លើ​ណាស់»។

ទាហាន​ខ្មែរ​ផ្សេងទៀត បាន​លើក​ឡើង​ដូចគ្នា​នេះ​ថា កាលពី​ពាក់កណ្ដាល​ខែកុម្ភៈ ទាហាន​ថៃ​បាន​ជីក​ប្រឡាយ ដាក់​តាំង​កាមេរ៉ា​សុវត្ថិភាព និង​រាយ​បន្លា​លួស​បី​ជាន់ ដោយ​ផ្ដាច់​ផ្លូវ​ទៅកាន់​ផ្ទះ​តាម៉ុក នៅ​តំបន់​ជាំ​តែ ដើម្បី​ធ្វើជា​ខ្សែបន្ទាត់​ព្រំដែន​ថ្មី និង​សម្រាប់​ប្រឆាំង​រថក្រោះ បន្ទាប់ពី​តំបន់​នេះ ត្រូវ​យោធា​ថៃ​ឈូស និង​ផុត​បំផ្លាញ​ចោល​គ្មាន​សល់​។ ប្រភព​បាន​អះអាង​ទៀត​ថា នៅពេល​ទាហាន​ខ្មែរ ចូល​ទៅ​រារាំង​សកម្មភាព​ឈ្លានពាន​ទាំងនេះ ទាហាន​ថៃ​បាន​បណ្ដេញ​ទាហាន​ខ្មែរ ដោយ​ប្រមាថមើលងាយ និង​គំរាម​បាញ់សម្លាប់​ទាហាន​ខ្មែរ​ជាច្រើនលើក ដោយ​ទាហាន​ថៃ​អះអាង​ថា ទីតាំង​ទាំងនោះ​គឺជា​ទឹកដី​ថៃ និង​មិន​ឱ្យ​ទាហាន​ខ្មែរ​ចូល​មក​ដើរ​ល្បាត​ទៀត​នោះ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១០ ខែ​មីនា។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់ឃើញ​ថា យោធា​ថៃ​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ឈ្លានពាន និង​ប្រើប្រាស់​កម្លាំង​យោធា ដើម្បី​កាត់ផ្ដាច់​ចរន្ត​ទាមទារ​របស់​កម្ពុជា ដើម្បី​បន្ត​គ្រប់គ្រង​តំបន់​ទាំងនោះ​ជា​អចិន្ត្រៃយ៍​។ ទោះជា​យ៉ាងណា លោក​បន្ត​ថា ករណីនេះ គឺជា​រឿង​ដ៏​អាម៉ាស់​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​មិនអាច​ការពារ​ទឹកដី ហើយ​ថែមទាំង​ត្រូវ​ភាគី​ឈ្លានពាន​ធ្វើការ​ចោទប្រកាន់​តាម​អំពើ​ចិត្ត​ថែមទៀត។

លោក អ៊ុំ សំអាន៖ «​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​កម្ពុជា ដែល​ឈរជើង​នៅ​តាម​ព្រំដែន បាន​បញ្ជាក់​ថា ទឹកដី​ខ្មែរ​ចំនួន ៤៥​ទីតាំង ដែល​ថៃ​កំពុង​គ្រប់គ្រង មាន​ទំហំ​ធំ​ប៉ុន​ខេត្តតាកែវ​មួយ​។ ហើយ​នៅពេល​កម្ពុជា​បណ្ដោយ​ឱ្យ​ថៃ​ឈ្លានពាន​ស្រេច​តែ​ចិត្ត នឹង​បាត់​ច្រើនជាង​ហ្នឹង​ទៀត នៅ​ថ្ងៃមុខ»។

ពាក់ព័ន្ធ​នឹង​វិវាទ​ព្រំដែន​នៅ​តំបន់​ជាំតែ​នេះ​ដែរ ក្រុម​អ្នក​ជាតិនិយម​ថៃ បាន​ប្រកាស​ដំឡើង​ទូ​កុងតឺន័រ នៅ​តំបន់​ជាំ​តែ ក្នុង​ទឹកដី​កម្ពុជា ដែល​ថៃ​កំពុង​កាន់កាប់ ដើម្បី​បិទផ្លូវ​ទាហាន​ខ្មែរ ដែល​តែងតែ​រារាំង​សកម្មភាព​កសាង​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​ទីតាំង​ទាំងនោះ​។ ក៏ប៉ុន្តែ យោធា​ថៃ មិនទាន់​ប្រកាស​ពី​ការសម្រេច​ចំពោះ​សំណើ​នេះ​នៅ​ឡើយ។

ទោះជា​យ៉ាងណា យោធា​ថៃ​បាន​វាយតម្លៃ​ថា ផ្អែក​ទៅ​លើ​ការវិភាគ​ចំពោះ​កម្លាំងយោធា​របស់​កម្ពុជា​បច្ចុប្បន្ន គឺ​គ្មាន​សមត្ថភាព​បើក​ការវាយប្រហារ​មក​លើ​យោធា​ថៃ ដើម្បី​ដណ្ដើមយក​ទីតាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​មកវិញ​នោះ​ឡើយ ដោយ​ភាគី​កម្ពុជា អាច​ត្រឹមតែ​ប្រើប្រាស់​យន្តការ ការទូត និង​ការចរចា​ទ្វេភាគី ដើម្បី​ទាមទារ​ទឹកដី​មកវិញ​ប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ