
អ្នកឃ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាលរៀបចំគោលនយោបាយស្តុកប្រេងឲ្យបានច្រើន និងរកវិធីសាស្ត្រកាត់បន្ថយតម្លៃប្រេងកុំឲ្យឡើងថ្លៃហួសហេតុ ដើម្បីទប់ស្កាត់កុំឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលអាចនឹងបង្កឲ្យមានហានិភ័យ កើតឡើងនៅក្នុងសង្គម ខណៈពលរដ្ឋកំពុងព្រួយបារម្ភអំពីតម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងថ្លៃ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា បញ្ហាប្រេងឡើងថ្លៃកំពុងបង្កការលំបាក កាន់តែច្រើនចំពោះប្រជាពលរដ្ឋ។
លោក សេក សុជាតិ អះអាងបន្ថែមថា នៅចំពោះមុខការប្រឈមនេះ រដ្ឋាភិបាលគួរតែមានយន្តការរៀបចំគោលនយោបាយស្តុកប្រេងឲ្យបានច្រើន និងរកវិធីសាស្ត្រដើម្បីកាត់បន្ថយតម្លៃប្រេងតាមរយៈការលើកលែងពន្ធ រឺក៏តាមរយៈមធ្យោបាយផ្សេងៗធ្វើយ៉ាងណាកុំឲ្យប្រេងឡើងថ្លៃហួសហេតុពេក។
លោក សេក សុជាតិ៖ «កាលណាប្រេងវាឡើងហួសហេតុពេកប្រជាពលរដ្ឋក្រីក្រពិបាក អ៊ីចឹងកាលណាគាត់ពិបាក គាត់នឹងមានការតវ៉ា ហើយកាលណាគាត់មានការតវ៉ា អ៊ីចឹងវាច្បាស់ជាមានការប្រទាក់ប្រទើសជាមួយនឹងអាជ្ញាធរ កាលណាមានបញ្ហាទាំងអស់នេះរីករាលដាលកាន់តែធំ អ៊ីចឹងរដ្ឋាភិបាលក៏ដូចជា ស្ថាប័នផ្សេងៗដែលទទួលបន្ទុកហ្នឹង គាត់នឹងទទួលរងនូវការរិះគន់អវិជ្ជមាន ហើយក៏អាចនឹងបង្កឲ្យមានហានិភ័យឬហិង្សាកើតឡើងនៅក្នុងសង្គមយើងតទៅទៀត»។
អ្នកឃ្លាំមើលសង្គមរូបនេះ បន្ថែមថា កាលណាប្រេងឡើងថ្លៃ ផលិតផលឬសម្ភារៈផ្សេងៗ ឡើងថ្លៃដោយស្វ័យប្រវត្តិ ដូច្នេះ ចំពោះយន្តការដែលក្រសួងកំណត់តម្លៃឲ្យស្ថានីយប្រេងនីមួយៗ ជាកត្តាមួយល្អ ព្រោះបើមិនកំណត់តម្លៃទេ ពលរដ្ឋណាដែលមានធនធានច្រើន គាត់អាចទិញប្រេងស្តុកកាន់តែច្រើនដែលធ្វើឲ្យអ្នកដែលមានជីវភាពទន់ខ្សោយអាចនឹងជួបហានិភ័យកាន់តែធំ។
ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញក្ដីបារម្ភពីការបង្កើនការចំណាយប្រចាំថ្ងៃ ដោយអ្នកខ្លះបានបង្ហោះនៅលើហ្វេសប៊ុករបស់ពួកគេ អំពីវិធីសាស្ត្រទប់ស្កាត់ថ្លៃសាំងឡើងថ្លៃ ដោយប្រើប្រាស់មធ្យោបាយជិះកង់ រឺក៏ដើរទៅធ្វើការជាដើម។ ចំណែកពលរដ្ឋខ្លះទៀតក៏បានបង្ហាញ អំពីដំណោះស្រាយរបស់ថ្នាក់ដឹកនាំនៅតាមប្រទេសមួយចំនួនផងដែរ។
ជាក់ស្តែង អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់រងអូរចារទី២ ខេត្តបាត់ដំបង ដែលបានចូលរួមជីវភាពនយោបាយជាមួយបក្សកម្លាំងជាតិ បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា ប្រទេសនៅលើសកលលោកជាច្រើនបានចាត់វិធានការទប់តម្លៃប្រេងសាំងកុំឱ្យឡើងថ្លៃ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាជនរបស់ខ្លួន។
អ្នកស្រី បន្ថែមទៀតថា តួយ៉ាង ប្រទេសវៀតណាមបានសម្រេចការមិនយកពន្ធប្រេងមួយរយៈបណ្ដោះអាសន្ន។ ប្រទេសថៃបានសម្រេចជួយឧបត្ថម្ភធន ឬថ្លៃខាតដល់អ្នកលក់។ ឯប្រទេសហ្វីលីពីនសម្រេចប្តូរការធ្វើការពីមួយសប្តាហ៍មកបួនថ្ងៃ។ រីឯប្រទេសកូរ៉េខាងត្បូងវិញបានសម្រេចបញ្ជូនកប៉ាល់របស់ខ្លួនទៅធ្វើការដឹកប្រេងដោយផ្ទាល់តែម្តង។ ឯតៃវ៉ាន់គឺដូចអ៊ីចឹងដែរ គឺយកនាវាទៅដឹកប្រេងដល់ទីតាំង។ ឯចិនគឺប្រាប់ឱ្យរោងចក្រចម្រាញ់ប្រេងកុំនាំចេញ ឱ្យទុកតែប្រើប្រាស់នៅក្នុងស្រុកបានហើយ។ រីឯជប៉ុន និងឥណ្ឌា គឺគេបានសម្រេចបញ្ចេញប្រេងស្តុកទុករបស់គេយកមកប្រើសិន។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានបន្តណែនាំឱ្យស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅតាមបណ្ដារាជធានី-ខេត្ត ត្រូវលក់ប្រេងទៅតាមតម្លៃដែលបានដាក់បង្ហាញជាសាធារណៈ ដើម្បីធានានូវតម្លាភាព។ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៦ តម្លៃលក់រាយសាំងធម្មតា ៥២០០រៀល ក្នុងមួយលីត្រ។ តម្លៃប្រេងម៉ាស៊ូត លក់រាយក្នុងតម្លៃ ៦០៥០ រៀលក្នុងមួយលីត្រ។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី យល់ថា រដ្ឋត្រូវមានគោលនយោបាយកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ រឺបញ្ចេញកញ្ចប់ថវិកាអន្តរាគមន៍ឲ្យបានទាន់ពេល នៅពេលដែលមានវិបត្តិសាំងឡើងថ្លៃខ្លាំង។
ក្រោយអាមេរិក និងអ៊ីស្រាអែលវាយប្រហារលើប្រទេសអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៦មក តម្លៃប្រេងឥន្ទនៈនៅលើទីផ្សារអន្តរជាតិបានហក់ឡើងជាបន្តបន្ទាប់ ខណៈនៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងសាំងលក់នៅលើទីផ្សារបានកើនឡើងដល់ ៥២០០ រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ៦០៥០ រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត ជាតម្លៃដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម ស្របពេលនៅតំបន់ខ្លះ ស្ថានីយប្រេងឥន្ធនៈមួយចំនួនបានឆ្លៀតឱកាសលក់ដំឡើងថ្លៃ លើសពីតម្លៃដែលក្រសួងបានកំណត់៕










