យោធា​ថៃ​ពង្រឹង​កម្លាំង​ទ័ព​នៅ​តាម​ព្រំដែន ខណៈ​ទាហាន​ខ្មែរ​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​អត់ធ្មត់

0
31
មេបញ្ជាការ​កងទ័ព​ភូមិភាគ​១ របស់​ថៃ លោក វ​.រ៉ាយុត លឿងសុវណ្ណ (Worayot Luangsuwan) ​ចុះ​ត្រួតពិនិត្យ​ប្រតិបត្តិការ​យោធា​ នៅភូមិណងចាន់ ប្រទេសថៃ កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២៦។ រូប៖ កាសែត ដឹ ណេសិន
មេបញ្ជាការ​កងទ័ព​ភូមិភាគ​១ របស់​ថៃ លោក វ​.រ៉ាយុត លឿងសុវណ្ណ (Worayot Luangsuwan) ​ចុះ​ត្រួតពិនិត្យ​ប្រតិបត្តិការ​យោធា​ នៅភូមិណងចាន់ ប្រទេសថៃ កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២៦។ រូប៖ កាសែត ដឹ ណេសិន

មេបញ្ជាការ​ភូមិភាគ​១ របស់​ថៃ​បាន​ពង្រឹង​កម្លាំងយោធា​របស់​ខ្លួន នៅ​តំបន់​ព្រំដែន​ខេត្ត​ស្រះកែវ (Sa Kaeo) ក្នុង​ពេល​ដែល​ស្ថានភាព​ជម្លោះព្រំដែន រវាង​កម្ពុជា និង​ថៃ នៅតែ​គ្មាន​ភាព​ច្បាស់លាស់ ក្រោយ​ពី​មាន​បទ​ឈប់​បាញ់។ ការ​ពង្រឹង​កម្លាំង​តាម​ព្រំដែន​នេះ យោធា​ថៃ​បាន​ផ្ដោត​ទៅ​លើ​ការ​ត្រៀម​យុទ្ធសាស្ត្រ​ទប់ទល់ ការ​វាយប្រហារ និង​ការ​ចល័ត​អាវុធ​ធុន​ធ្ងន់​ជាដើម។ ចំណែក​នៅ​ខាង​កម្ពុជា​វិញ ទាហាន​បន្ត​ឈរជើង និង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាង​មុន។

ក្រោយពី​អនុវត្ត​បទ​ឈប់​បាញ់​បាន​រយៈពេល​ជាង​២​ខែ ពេល​នេះ យោធា​ថៃ​បាន​ចាប់ផ្ដើម​បញ្ចេញ​ចង្កូម​សាជាថ្មី​ហើយ។

មេបញ្ជាការ​កងទ័ព​ភូមិភាគ​១ របស់​ថៃ លោក វ​.រ៉ាយុត លឿងសុវណ្ណ (Worayot Luangsuwan) បាន​ចុះ​ត្រួតពិនិត្យ​ប្រតិបត្តិការ​យោធា​ប្រចាំ​តំបន់​បូព៌ា កាលពី​ថ្ងៃទី​១១ ខែមីនា ដើម្បី​តាមដាន​ស្ថានការណ៍​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ស្រះកែវ និង​រៀបចំ​យុទ្ធសាស្ត្រ សម្រាប់​ការ​វាយបក​កម្រិត​ខ្ពស់ នៅក្នុង​កាលៈទេសៈ​ដែល​ចាំបាច់​។ ក្នុង​នោះ មេបញ្ជាការ​ថៃ​រូប​នេះ បាន​រៀបចំ​ឱ្យ​មាន​ការ​ហ្វឹកហាត់​ពិសេស ឱ្យ​មាន​ភាព​ដូចគ្នា​ទៅ​នឹង​ការ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ​ជាក់ស្ដែង ដើម្បី​បង្កើន​សមត្ថភាព​ដល់កង​ទ័ព​ថៃ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ពិត រួម​ជាមួយ​នឹង​ការ​ហ្វឹកហាត់​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ ដូចជា​រថពាសដែក និង​យាន​ចម្បាំង​ជាដើម។

កងទ័ព​ភូមិភាគ​១ របស់​ថៃ បាន​អះអាង​ថា ការ​ត្រួត​ពិនិត្យ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​វាយតម្លៃ​ពី​ការ​ត្រៀមខ្លួន​ក្នុង​ប្រតិបត្តិការ​យោធា ដែល​ត្រូវ​អនុវត្ត​បន្ទាន់ ដូចជា​ការ​ពង្រាយ​កង​ទ័ព​ក្នុង​តំបន់​ប្រតិបត្តិការ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​ជាដើម។ កងទ័ព​ភូមិភាគ​១ របស់​ថៃ​គ្រប់គ្រង​តំបន់​សរុប​ចំនួន​២៦​ខេត្ត​ក្នុង​ប្រទេស​ថៃ​។ ក្នុង​នោះ​រួមមាន​ភូមិភាគ​បូព៌ា​ចំនួន ៣​ខេត្ត​គឺ ខេត្ត​ស្រះកែវ (Sa Kaeo) ចន្ទបុរី (Chanthaburi) និង​ខេត្ត​ត្រាត (Trat) នៅ​ជាប់​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និង​កោះកុង។

ងាក​មក​មើល​យោធា​ភូមិភាគ​២ របស់​ថៃ​វិញ ក៏​មាន​សកម្មភាព​ចល័ត​សព្វាវុធ​ធុន​ធ្ងន់​ទៅកាន់​តំបន់​ព្រំដែន​ខេត្ត​ស៊ីសាកេត ជាប់​ខេត្តព្រះវិហារ របស់​កម្ពុជា​ផង​ដែរ។ នេះ​បើ​តាម​ការ​បង្ហោះ​វីដេអូ នៅ​លើ​បណ្ដាញ​សង្គម​របស់​ទាហាន​ថៃ នា​ពេល​ថ្មីៗ​នេះ​។ ការ​បញ្ជូន​អាវុធ​សង្គ្រាម​របស់​យោធា​ថៃ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ភាព​តានតឹង​រវាង​ភាគី​ទាហាន​ខ្មែរ និង​ទាហាន​ថៃ នៅ​តំបន់​ជាំ​តែ ដោយសារ​ទាហាន​ថៃ​បាន​ធ្វើ​សកម្មភាព​រាយ​បន្លា​លួស និង​កាយ​ប្រឡាយ​ចូលក្នុង​ទឹកដី​កម្ពុជា ហើយ​ត្រូវ​ទាហាន​ខ្មែរ​រារាំង។

ខណៈ​ទាហាន​ថៃ​បង្កើន​សាច់ដុំ ទាហាន​ខ្មែរ​ដែល​កំពុង​ឈរជើង​នៅ​តាម​ព្រំដែន​ឯនេះ​វិញ មិន​មាន​ការ​ចល័ត​ទ័ព ឬ​សព្វាវុធ​អ្វី​នោះ​ឡើយ ដោយ​ពួកគាត់​អនុវត្ត​តាម​បញ្ជា​របស់​ថ្នាក់លើ​តែប៉ុណ្ណោះ។

ទាហាន​ម្នាក់ កំពុង​ឈរជើង​នៅ​ខេត្តបន្ទាយមានជ័យ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១២ ខែមីនា ថា ស្ថានភាព​នៅ​តាម​ព្រំដែន មាន​ភាព​ស្ងប់ស្ងាត់ ដោយ​ទាហាន​ភាគី​ទាំងពីរ អនុវត្ត​តាម​តួនាទី​រៀងៗ​ខ្លួន បន្ទាប់ពី​ទាហាន​ថៃ​រាយ​បន្លា​លួស និង​តម្រៀប​ទូ​កុងតឺន័រ។

ទាហាន​ខ្មែរ​៖ «​វា​ចូលក្នុង​ទឹកដី​យើង​មែន ប៉ុន្តែ​វា​នៅ​ដោយ​វា យើង​នៅ​ដោយ​យើង​។ យើង​ធ្វើ​កិច្ចការ​អ្វី​នោះ គឺ​នៅ​ខាងយើង វា​នៅ​ខាង​វា»។

ចំណែក​នៅ​តាម​តំបន់​ព្រំដែន​ផ្សេងទៀត​ដូចជា​នៅ​ខេត្តព្រះវិហារ និង​ឧត្តរមានជ័យ ទាហាន​ខ្មែរ​បាន​អះអាង​ថា ទាហាន​ថៃ​បាន​សង់​លេណដ្ឋាន​បេតុង​ធំៗ និង​ចល័ត​រថក្រោះ​រាល់ថ្ងៃ ខណៈ​ទាហាន​ខ្មែរ បាន​ជីក​លេណដ្ឋាន​តូចៗ​ដោយ​ប្រើប្រាស់​ចបកាប់ និង​ប៉ែល ដែល​ធ្វើ​ឱ្យ​មូលដ្ឋាន​ការពារ​របស់​ទាហាន​ខ្មែរ មាន​ភាព​ទន់ខ្សោយ​ជាង​ទីតាំង​ឈរជើង​របស់​ទាហាន​ថៃ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១២ ខែ​មីនា។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការ​ពង្រឹង​កម្លាំងយោធា​របស់​ថៃ នៅ​តំបន់​ព្រំដែន​កម្ពុជា​នៅ​ពេល​នេះ ហាក់​មានបំណង​ពង្រីក​ការពារ​ឈ្លានពាន និង​កាន់កាប់​ទឹកដី​កម្ពុជា ដែល​យោធា​ថៃ​ដណ្ដើម​បានជា​អចិន្ត្រៃយ៍​។ លោក​បន្ត​ថា ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ កម្ពុជា​មិន​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ ដែល​ជា​យុទ្ធសាស្ត្រ​ងាប់ក្រឡា​បែបនេះ​ទៀត​នោះ​ឡើយ ដោយ​កម្ពុជា​ត្រូវ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​កម្ពុជា។

លោក ម៉ែន ណាត៖ «រដ្ឋាភិបាល​កម្ពុជា ហាក់​គិតគូរ​រឿង​នេះ តិច​ជាង​ការ​គិតគូរ​រឿង​អំណាច ដ៏​រឹងមាំ​របស់​ខ្លួន​ក្នុង​ជាតិ​នុះ។ ដូច្នេះ​ហើយ​បានជា​យោធា​ថៃ​តែងតែ​ប្រមាថ និង​មើលងាយ​កម្ពុជា ហើយ​ប្រមាថ​ទាំង​ទាហាន​ខ្មែរ​ដែល​នៅ​ជួរមុខ ហើយ​ពង្រីក​ការឈ្លានពាន​បាន​ហើយ ប៉ុន្តែ​ខាង​កម្ពុជា​បែរជា​បិទ​ព័ត៌មាន មិន​ឱ្យ​ផ្សាយ​ជា​សាធារណៈ​។ មិន​គួរ​ធ្វើ​បែប​នេះ​ទៀត​នោះ​ទេ»។

ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​កម្លាំងយោធា​នេះ​ដែរ មេបញ្ជាការ​ទ័ពអាកាស​ថៃ លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​សង្គ្រាម​ជាមួយ​កម្ពុជា ទ័ពអាកាស​ថៃ មាន​លទ្ធភាព​គ្រប់គ្រង​ដែនអាកាស​របស់​កម្ពុជា​ទាំងស្រុង ដោយសារតែ​កម្ពុជា គ្មាន​យន្តហោះ​ចម្បាំង​ទំនើប ដូច​ប្រទេស​ថៃ សូម្បីតែ​មួយ​គ្រឿង​នោះ​ឡើយ។

មេទ័ព​អាកាស​ថៃ​រូប​នេះ អះអាង​ទៀត​ថា ទោះបីជា​ទៅ​ថ្ងៃមុខ កម្ពុជា​មាន​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​ក្ដី ក៏​យន្តហោះ​នោះ ត្រឹមតែ​ជា​គ្រោង​ដែក​នៅ​លើ​ដី​ប៉ុណ្ណោះ​ដោយ​ទ័ពអាកាស​កម្ពុជា មិន​អាច​យកឈ្នះ​ទ័ពអាកាស​ថៃ​បាន​ឡើយ ព្រោះ​ទ័ពអាកាស​ថៃ​មាន​ការ​ហ្វឹកហាត់ និង​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ និង​បច្ចេកទេស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ