ថៃ​កំពុង​រៀបចំ​គម្រោង​អភិវឌ្ឍ និង​កសាង​ជញ្ជាំង​របង​អចិន្ត្រៃយ៍​នៅ​តាម​ព្រំដែន​កម្ពុជា

0
115
អតីត​មេទ័ព​ភូមិភាគ​២​ថៃ និង​ជាទី​ប្រឹក្សា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក លោក ប៊ុនស៊ីន ផាត់ក្លាង​(Boonsin Padklang) កាលទៅកំពូលភ្នំទ្រព្យ កាល​ពីខែ​កញ្ញា ២០២៥។ រូប៖ បណ្ដាញសង្គម
អតីត​មេទ័ព​ភូមិភាគ​២​ថៃ និង​ជាទី​ប្រឹក្សា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក លោក ប៊ុនស៊ីន ផាត់ក្លាង​(Boonsin Padklang) កាលទៅកំពូលភ្នំទ្រព្យ កាល​ពីខែ​កញ្ញា ២០២៥។ រូប៖ បណ្ដាញសង្គម

យោធា​ថៃ​បាន​ប្រកាស​ពី​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​ព្រំដែន ដោយ​ចាប់ផ្ដើម​ពី​ការពង្រីក​ប្រព័ន្ធ​ចែកចាយ​អគ្គិសនី​នៅ​តំបន់​ភ្នំ​ទ្រព្យ ជាទី​តាំង​ដែល​ដណ្ដើម​បាន​ពី​កម្ពុជា និង​គម្រោង​សង់​ជញ្ជាំង​អចិន្ត្រៃយ៍​នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ចន្ទបុរី (Chanthanburi) ជា​ឯកតោភាគី​។ មន្ត្រី​បក្ស​ប្រឆាំង​ថា សកម្មភាព​អភិវឌ្ឍ​របស់​ថៃ គឺជា​ការ​ពង្រឹង​កម្លាំង​ការពារ​ជាតិ​នៅ​តាម​ព្រំដែន ដើម្បី​ឈាន​ដល់​ការគ្រប់គ្រង​លើ​ដែន​អធិបតេយ្យ​កម្ពុជា​ជា​អចិន្ត្រយ៍។

ក្រោយពី​ដណ្ដើម​បាន​ទឹកដី​មួយចំនួន​ពី​កម្ពុជា​ដោយ​ខុសច្បាប់ ថៃ​ចាប់ផ្ដើម​ពង្រឹង​ប្រព័ន្ធ​ការពារ​ទឹកដី​ទាំងនោះ​ជា​អចិន្ត្រៃយ៍។

មេទ័ព​ភូមិភាគ​២ របស់​ថៃ លោក វីវៈយុទ្ធ រ៉ាក់ស៊ីន (Weerayuth Rakasilp) កាលពី​ថ្ងៃទី​១៦ ខែមីនា បាន​សម្ពោធ​គម្រោង​ពង្រីក​ប្រព័ន្ធ​ចែកចាយ​អគ្គិសនី​នៅក្នុង​តំបន់​ភ្នំ​ទ្រព្យ ក្បែរ​តំបន់​ប្រាសាទព្រះវិហារ ដែល​ថៃ​បាន​ដណ្ដើម​កាន់កាប់​ពី​កម្ពុជា ក្រោយ​សង្គ្រាម​តាម​ព្រំដែន​។ មេទ័ព​ភូមិភាគ​២​ថៃ​រូប​នេះ អះអាង​ថា ការ​អភិវឌ្ឍ​ប្រព័ន្ធ​អគ្គិសនី​នៅ​តំបន់​ភ្នំ​ទ្រព្យ គឺ​ដើម្បី​ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដែន​ឱ្យ​កាន់តែ​រឹងមាំ ដោយ​ថាមពល​អគ្គិសនី​ទាំងនេះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ក្នុង​វិស័យ​យោធា​ជា​ចម្បង និង​មួយ​ផ្នែក​ទៀត​សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ។

ចំណែក​នៅ​ខេត្ត​ចន្ទបុរី​វិញ យោធា​ថៃ​កំពុង​រៀបចំ​សាងសង់​របង​ជញ្ជាំង​អចិន្ត្រៃយ៍​នៅ​តាម​បណ្ដោយ​ព្រំដែន​នៅ​ដើមខែ​មេសា នេះ ដោយ​ចាប់ផ្ដើម​ពី​ចំណុច​បង្គោល​ព្រំដែន​លេខ ៥២ និង​៥៤ ដែល​មាន​ទីតាំង​ជាប់​នឹង​ខេត្ត​ប៉ៃលិន និង​ស្រុក​កំរៀង ខេត្តបាត់ដំបង មាន​ប្រវែង​ជាង ១​គីឡូម៉ែត្រ​(១.៣១០​ម៉ែត្រ​)​។ យោធា​ថៃ​អះអាង​ថា ក្រោយពី​បញ្ចប់​គម្រោង​សាងសង់​នេះ​រួច យោធា​ថៃ និង​បន្ត​សង់​របង​ជញ្ជាំង និង​របង​អេឡិចត្រូនិក ដែល​បំពាក់​កាមេរ៉ា​សម្រាប់​តាមដាន នៅក្នុង​តំបន់​ផ្សេងទៀត តាម​បណ្ដោយ​ព្រំដែន​កម្ពុជា។

ក្រៅពី​តំបន់​ខាង​លើ​នេះ យោធា​ថៃ​បាន​សាងសង់​សំណង់​ព្រះ​ពុទ្ធរូប ស្តូប​អនុស្សាវរីយ៍​របស់​កង​ទ័ព​ថៃ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទីតាំង​ទៀត នៅក្នុង​តំបន់​ដែល​ដណ្ដើម​បាន​ពី​កម្ពុជា ដូចជា​តំបន់​ភ្នំ​លេខ ៦៧៧ ភ្នំ​៣៥០ អានសេះ ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តាមាន់ធំ ជាដើម។

អតីត​មេទ័ព​ភូមិភាគ​២​ថៃ និង​ជាទី​ប្រឹក្សា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក លោក ប៊ុនស៊ីន ផាត់ក្លាង ​(Boonsin Padklang) បាន​ថ្លែង​នៅ​តាម​វេទិកា ដោយ​លើកទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស យុវជន និង​ប្រជាពលរដ្ឋ​ថៃ ឱ្យទៅ​ទស្សនា​តំបន់​ព្រំដែន ដែល​យោធា​ថៃ​បាន​ដណ្ដើម​កាន់កាប់​ពី​កម្ពុជា និង​កំពុង​អភិវឌ្ឍ ជាពិសេស​នៅ​ភ្នំ​ទ្រព្យ ដើម្បី​បង្កើត​មោទនភាព​ជាតិ និង​ប្រែក្លាយ​តំបន់​ទាំងនេះ ឱ្យ​ក្លាយ​ជា​រមណីយដ្ឋាន​ទេសចរណ៍។

ចំណែក​នៅ​តំបន់​មួយ​ចំនួន​ទៀត ដូចជា ជាំតែ បឹង​ត្រកួន និង​អូរស្មាច់ ជាដើម យោធា​ថៃ​បាន​រារាំង និង​ហាមឃាត់​ទាហាន​ខ្មែរ មិន​ឱ្យ​ចូល​ទៅ​ក្បែរ​ទីតាំង ដែល​ពួកគេ​បាន​រាយ​បន្លា​លួស និង​ជីក​ប្រឡាយ​កាត់ផ្ដាច់​នោះ​ឡើយ ដោយ​ទាហាន​ថៃ បាន​ចោទប្រកាន់ និង​ប្រមាថ​មក​លើ​ទាហាន​ខ្មែរ​ថា ខ្វះ​វិន័យ និង​ព្យាយាម​មក​ញុះញង់​បង្កជម្លោះ​ជាមួយ​ពួកគេ​ថែម​ទៀត​ផង។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៧ ខែ​មីនា។

កាលពី​ថ្ងៃទី​១៣ ខែ​មីនា ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដោយ​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​សាងសង់​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ រំលោភ​លើ​បូរណភាព​ទឹកដី​របស់​កម្ពុជា នៅក្នុង​តំបន់​តាម​ព្រំដែន​មួយចំនួន​។ ភាគី​កម្ពុជា បានចាត់​ទុក​សកម្មភាព​នេះ ជា​ការ​បំពាន​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ឆ្នាំ​២០០០ ស្ដីពី​ការវាស់វែង​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន លើកឡើង​ថា សកម្មភាព​អភិវឌ្ឍ​របស់​ថៃ គឺជា​ការ​ពង្រឹង​កម្លាំង​ការពារ​ជាតិ​នៅ​តាម​ព្រំដែន ដើម្បី​ឈាន​ដល់​ការគ្រប់គ្រង​លើ​ដែន​អធិបតេយ្យ​កម្ពុជា ជា​អចិន្ត្រយ៍។ លោក​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ឱ្យ​រក​វិធី​បញ្ឈប់​ការឈ្លានពាន​របស់​យោធា​ថៃ​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ កម្ពុជា​នឹង​ត្រូវ​បាត់បង់​ទឹកដី ដែល​លោក​អះអាង​ថា មាន​ទំហំ​ប្រហែល​ខេត្ត​តាកែវ ទៅកាន់​ភាគី​ថៃ​ជា​អចិន្ត្រៃយ៍។

លោក អ៊ុំ សំអាន៖ «​គ្មាន​សម័យ​ណា ដែល​ថៃ​រាយ​បន្លា​លួស ដាក់​ទូ​កុងតឺន័រ និង​ជីក​ប្រឡាយ​ព័ទ្ធ​យក​ដី​ខ្មែរ​បាន​ស្រេច​តែ​ចិត្ត​ដូច​ក្នុង​សម័យ​លោក ហ៊ុន ម៉ាណែត នេះ​ទេ​។ គ្មាន​សម័យ​ណា ដែល​ថៃ​មើលងាយ​ខ្មែរ​ដូច​ក្នុង​សម័យ​លោក ហ៊ុន ម៉ាណែត នេះ​ទេ ហើយក៏​គ្មាន​សម័យ​ណា ដែល​ខ្មែរ​បាន​បាត់បង់​ទឹកដី​ច្រើន រហូតដល់​៤៥​ទីតាំង ដូច​សម័យ​លោក ហ៊ុន ម៉ាណែត នេះ​ទេ ក្រោយ​សម័យ​អាណានិគម​បារាំង»។

គិត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​មិនបាន​បង្ហាញ​ពី​គោលជំហរ​រឹងមាំ​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​នោះ​ឡើយ ក្រៅពី​ដាក់​លិខិតតវ៉ា ខណៈ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​កន្លងមក តែងតែ​បញ្ចេញ​វោហារសាស្ត្រ ក្នុង​រឿង​ជម្លោះព្រំដែន រហូត​បណ្ដាល​ឱ្យ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​នោះ បាន​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់។

ទោះជា​យ៉ាងណា មេបញ្ជាការ​ទ័ពអាកាស​ថៃ លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា តំណាង​កម្ពុជា​បាន​ធ្វើ​ការ​តវ៉ា​មក​កាន់​ប្រទេស​ថៃ ចំពោះ​ការ​កាត់​ត​រូបថត​របស់​លោក ហ៊ុន សែន នៅក្នុង​ឫស​ដើមឈើ ពី​សំណាក់​អ្នកលេង​បណ្ដាញ​សង្គម​របស់​ថៃ ដែល​មាន​លក្ខណៈ​ញុះញង់ ចំអក ឬ​បរិហារកេរ្តិ៍ ដែល​អាច​ប៉ះពាល់​ដល់​បរិយាកាស​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

ក៏ប៉ុន្តែ ការ​តវ៉ា​នេះ បាន​ធ្វើ​ឱ្យ​មហាជន​រិះគន់​ថា លោក ហ៊ុន សែន ហាក់​ខ្វាយខ្វល់​ពី​មុខ​មាត់​ខ្លួនឯង ជាង​រឿង​ទឹកដី ដែល​បាន​បាត់បង់​ទៅ ដោយសារ​ជម្លោះ​បុគ្គល​របស់​លោក​ជាមួយ​គ្រួសារ​អតីត​បងធម៌​របស់​លោក និង​ជា​អតីត​មេដឹកនាំ​ថៃ គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra )៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ