

យោធាថៃបានប្រកាសពីគម្រោងអភិវឌ្ឍនៅតំបន់ព្រំដែន ដោយចាប់ផ្ដើមពីការពង្រីកប្រព័ន្ធចែកចាយអគ្គិសនីនៅតំបន់ភ្នំទ្រព្យ ជាទីតាំងដែលដណ្ដើមបានពីកម្ពុជា និងគម្រោងសង់ជញ្ជាំងអចិន្ត្រៃយ៍នៅតាមបណ្ដោយព្រំដែនខេត្តចន្ទបុរី (Chanthanburi) ជាឯកតោភាគី។ មន្ត្រីបក្សប្រឆាំងថា សកម្មភាពអភិវឌ្ឍរបស់ថៃ គឺជាការពង្រឹងកម្លាំងការពារជាតិនៅតាមព្រំដែន ដើម្បីឈានដល់ការគ្រប់គ្រងលើដែនអធិបតេយ្យកម្ពុជាជាអចិន្ត្រយ៍។
ក្រោយពីដណ្ដើមបានទឹកដីមួយចំនួនពីកម្ពុជាដោយខុសច្បាប់ ថៃចាប់ផ្ដើមពង្រឹងប្រព័ន្ធការពារទឹកដីទាំងនោះជាអចិន្ត្រៃយ៍។
មេទ័ពភូមិភាគ២ របស់ថៃ លោក វីវៈយុទ្ធ រ៉ាក់ស៊ីន (Weerayuth Rakasilp) កាលពីថ្ងៃទី១៦ ខែមីនា បានសម្ពោធគម្រោងពង្រីកប្រព័ន្ធចែកចាយអគ្គិសនីនៅក្នុងតំបន់ភ្នំទ្រព្យ ក្បែរតំបន់ប្រាសាទព្រះវិហារ ដែលថៃបានដណ្ដើមកាន់កាប់ពីកម្ពុជា ក្រោយសង្គ្រាមតាមព្រំដែន។ មេទ័ពភូមិភាគ២ថៃរូបនេះ អះអាងថា ការអភិវឌ្ឍប្រព័ន្ធអគ្គិសនីនៅតំបន់ភ្នំទ្រព្យ គឺដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែនឱ្យកាន់តែរឹងមាំ ដោយថាមពលអគ្គិសនីទាំងនេះ នឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ក្នុងវិស័យយោធាជាចម្បង និងមួយផ្នែកទៀតសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ចំណែកនៅខេត្តចន្ទបុរីវិញ យោធាថៃកំពុងរៀបចំសាងសង់របងជញ្ជាំងអចិន្ត្រៃយ៍នៅតាមបណ្ដោយព្រំដែននៅដើមខែមេសា នេះ ដោយចាប់ផ្ដើមពីចំណុចបង្គោលព្រំដែនលេខ ៥២ និង៥៤ ដែលមានទីតាំងជាប់នឹងខេត្តប៉ៃលិន និងស្រុកកំរៀង ខេត្តបាត់ដំបង មានប្រវែងជាង ១គីឡូម៉ែត្រ(១.៣១០ម៉ែត្រ)។ យោធាថៃអះអាងថា ក្រោយពីបញ្ចប់គម្រោងសាងសង់នេះរួច យោធាថៃ និងបន្តសង់របងជញ្ជាំង និងរបងអេឡិចត្រូនិក ដែលបំពាក់កាមេរ៉ាសម្រាប់តាមដាន នៅក្នុងតំបន់ផ្សេងទៀត តាមបណ្ដោយព្រំដែនកម្ពុជា។
ក្រៅពីតំបន់ខាងលើនេះ យោធាថៃបានសាងសង់សំណង់ព្រះពុទ្ធរូប ស្តូបអនុស្សាវរីយ៍របស់កងទ័ពថៃ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទីតាំងទៀត នៅក្នុងតំបន់ដែលដណ្ដើមបានពីកម្ពុជា ដូចជាតំបន់ភ្នំលេខ ៦៧៧ ភ្នំ៣៥០ អានសេះ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ជាដើម។
អតីតមេទ័ពភូមិភាគ២ថៃ និងជាទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពជើងគោក លោក ប៊ុនស៊ីន ផាត់ក្លាង (Boonsin Padklang) បានថ្លែងនៅតាមវេទិកា ដោយលើកទឹកចិត្តឱ្យសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋថៃ ឱ្យទៅទស្សនាតំបន់ព្រំដែន ដែលយោធាថៃបានដណ្ដើមកាន់កាប់ពីកម្ពុជា និងកំពុងអភិវឌ្ឍ ជាពិសេសនៅភ្នំទ្រព្យ ដើម្បីបង្កើតមោទនភាពជាតិ និងប្រែក្លាយតំបន់ទាំងនេះ ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍។
ចំណែកនៅតំបន់មួយចំនួនទៀត ដូចជា ជាំតែ បឹងត្រកួន និងអូរស្មាច់ ជាដើម យោធាថៃបានរារាំង និងហាមឃាត់ទាហានខ្មែរ មិនឱ្យចូលទៅក្បែរទីតាំង ដែលពួកគេបានរាយបន្លាលួស និងជីកប្រឡាយកាត់ផ្ដាច់នោះឡើយ ដោយទាហានថៃ បានចោទប្រកាន់ និងប្រមាថមកលើទាហានខ្មែរថា ខ្វះវិន័យ និងព្យាយាមមកញុះញង់បង្កជម្លោះជាមួយពួកគេថែមទៀតផង។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៧ ខែមីនា។
កាលពីថ្ងៃទី១៣ ខែមីនា ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយតវ៉ាប្រឆាំងនឹងសកម្មភាពសាងសង់សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ រំលោភលើបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់តាមព្រំដែនមួយចំនួន។ ភាគីកម្ពុជា បានចាត់ទុកសកម្មភាពនេះ ជាការបំពានលើអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្ដីពីការវាស់វែងបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន លើកឡើងថា សកម្មភាពអភិវឌ្ឍរបស់ថៃ គឺជាការពង្រឹងកម្លាំងការពារជាតិនៅតាមព្រំដែន ដើម្បីឈានដល់ការគ្រប់គ្រងលើដែនអធិបតេយ្យកម្ពុជា ជាអចិន្ត្រយ៍។ លោកជំរុញឱ្យប្រជាពលរដ្ឋដាក់សម្ពាធលើរដ្ឋាភិបាល ឱ្យរកវិធីបញ្ឈប់ការឈ្លានពានរបស់យោធាថៃជាបន្ទាន់ បើមិនដូច្នេះទេ កម្ពុជានឹងត្រូវបាត់បង់ទឹកដី ដែលលោកអះអាងថា មានទំហំប្រហែលខេត្តតាកែវ ទៅកាន់ភាគីថៃជាអចិន្ត្រៃយ៍។
លោក អ៊ុំ សំអាន៖ «គ្មានសម័យណា ដែលថៃរាយបន្លាលួស ដាក់ទូកុងតឺន័រ និងជីកប្រឡាយព័ទ្ធយកដីខ្មែរបានស្រេចតែចិត្តដូចក្នុងសម័យលោក ហ៊ុន ម៉ាណែត នេះទេ។ គ្មានសម័យណា ដែលថៃមើលងាយខ្មែរដូចក្នុងសម័យលោក ហ៊ុន ម៉ាណែត នេះទេ ហើយក៏គ្មានសម័យណា ដែលខ្មែរបានបាត់បង់ទឹកដីច្រើន រហូតដល់៤៥ទីតាំង ដូចសម័យលោក ហ៊ុន ម៉ាណែត នេះទេ ក្រោយសម័យអាណានិគមបារាំង»។
គិតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញពីគោលជំហររឹងមាំក្នុងការទប់ស្កាត់សកម្មភាពឈ្លានពានរបស់យោធាថៃនោះឡើយ ក្រៅពីដាក់លិខិតតវ៉ា ខណៈប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលកន្លងមក តែងតែបញ្ចេញវោហារសាស្ត្រ ក្នុងរឿងជម្លោះព្រំដែន រហូតបណ្ដាលឱ្យផ្ទុះសង្គ្រាមនៅតាមព្រំដែននោះ បានបន្តរក្សាភាពស្ងៀមស្ងាត់។
ទោះជាយ៉ាងណា មេបញ្ជាការទ័ពអាកាសថៃ លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) បានអះអាងនៅថ្ងៃនេះថា តំណាងកម្ពុជាបានធ្វើការតវ៉ាមកកាន់ប្រទេសថៃ ចំពោះការកាត់តរូបថតរបស់លោក ហ៊ុន សែន នៅក្នុងឫសដើមឈើ ពីសំណាក់អ្នកលេងបណ្ដាញសង្គមរបស់ថៃ ដែលមានលក្ខណៈញុះញង់ ចំអក ឬបរិហារកេរ្តិ៍ ដែលអាចប៉ះពាល់ដល់បរិយាកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក៏ប៉ុន្តែ ការតវ៉ានេះ បានធ្វើឱ្យមហាជនរិះគន់ថា លោក ហ៊ុន សែន ហាក់ខ្វាយខ្វល់ពីមុខមាត់ខ្លួនឯង ជាងរឿងទឹកដី ដែលបានបាត់បង់ទៅ ដោយសារជម្លោះបុគ្គលរបស់លោកជាមួយគ្រួសារអតីតបងធម៌របស់លោក និងជាអតីតមេដឹកនាំថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra )៕









