

រដ្ឋាភិបាលកម្ពុជាជំរុញភាគីថៃថា ដល់ពេលត្រូវប្រែពីការសន្ទនាការទូត ទៅជាសកម្មភាពចុះវាស់វែង និងបោះបង្គោលជាក់ស្តែងនៅលើដីជាក់ស្តែង ដោយផ្អែកលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ព្រមទាំងផែនទីដែលផលិតដោយគណៈកម្មការខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម ដើម្បីធានានូវសន្តិភាពយូរអង្វែង សម្រាប់ប្រជាជាតិទាំងពីរ។ ប៉ុន្តែអ្នកឃ្លាំមើលសង្គមអះអាងថា រដ្ឋាភិបាលកម្ពុជាខ្លួនឯងខ្សោយក្នុងការដឹកនាំប្រទេសធ្វើឲ្យភាគីថៃមើលងាយកម្ពុជា និងរំលាយកិច្ចព្រមព្រៀងនានាជាឯកតោភាគី។
សេចក្តីថ្លែងការណ៍អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដែលទើបនឹងផ្សព្វផ្សាយ នៅថ្ងៃនេះថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការប្រើប្រាស់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីចាប់ផ្តើមការងារវាស់វែងជាបន្ទាន់ ដែលការវាស់វែង ផ្អែកលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីដែលផលិតដោយគណៈកម្មការខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម។
សេចក្តីថ្លែងការណ៍អ្នកនាំពាក្យក្រសួងការបរទេស បន្ថែមទៀតថា អ្វីដែលកម្ពុជាជំរុញនោះ គឺចង់ឱ្យមានការវិវត្តចេញពីបន្ទប់ប្រជុំ ទៅកាន់ការចុះវាស់វែង និងខណ្ឌសីមាព្រំដែនពិតប្រាកដមួយ។ ការប្រកាន់យកមូលដ្ឋានច្បាប់អន្តរជាតិទាំងនេះ គឺជាយុទ្ធសាស្ត្រ ម្ចាស់ការ របស់កម្ពុជា ដើម្បីការពារបូរណភាពទឹកដី និងជៀសវាងការបកស្រាយខុស ដែលនាំឱ្យមានជម្លោះនាពេលអនាគត។
អ្នកនាំពាក្យក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសជិតខាង និងរដ្ឋ សមាជិកអាស៊ានដូចគ្នា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពិភាក្សា តាមរយៈយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយជម្លោះ ផ្អែកលើកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ និងច្បាប់អន្តរជាតិ។
ការអះអាងនេះធ្វើឡើងស្របពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកំពុងបន្តជាប់គាំងដោះស្រាយមិនចេញ ខណៈទឹកដីខ្មែរត្រូវគេរាយការណ៍ថា កំពុងត្រូវបានទាហានថៃឈ្លានពាន និងគ្រប់គ្រងជាបន្តបន្ទាប់។
ទាក់ទងទៅនឹងបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក សឹង សែនករុណា បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា រដ្ឋាភិបាលកម្ពុជាខ្លួនឯងខ្សោយក្នុងការដឹកនាំប្រទេសជាហេតុធ្វើឲ្យភាគីថៃមើលងាយកម្ពុជាតាមអំពើចិត្តថែមទាំងមិនគោរពកិច្ចព្រមព្រៀងនានាដែលមានតម្លៃជាអន្តរជាតិ។
លោក សឹង សែនករុណា៖ «ជាការពិតទៅយើងអត់ចង់បន្ទោសមេដឹកនាំបច្ចុប្បន្នទេ ការដែលថៃហ៊ាននូវទង្វើបែបហ្នឹងដោយសារតែថៃមើលឃើញពីភាពកម្សោយនៃការដឹកនាំរបស់ប្រទេសកម្ពុជាហ្នឹងឯង គឺរដ្ឋាភិបាលកម្ពុជាខ្លួនឯងគឺជាអ្នកកំទេចនូវកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាជាច្រើនដែលខ្លួនបានចុះហត្ថលេខា»។
ជុំវិញបញ្ហានេះ អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមបណ្ឌិត មាសនី បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃនេះថា ថៃបានប្រើផែនទីខ្នាត ១/៥០.០០០ដែលពួកគេផលិតខ្លួនឯង យកមកឈ្លានពានទឹកដីខ្មែរ ប៉ុន្តែចាប់ចេញពីតំបន់មុំបី រហូតដល់ព្រំប្រទល់ប្រទេសឡាវ ថៃនៅតែប្រើ ផែនទីបារាំងសៀម១៩០៤ និងឆ្នាំ១៩០៧ ដដែល។
ចំណែកឯ ក្រុមអ្នកវិភាគ ចាត់ទុកថា ការបោះបង្គោលព្រំដែនបណ្តោះអាសន្ន គឺធ្វើឡើងដោយផ្អែកលើផែនទីខ្នាត ១/៥០.០០០ ជាផែនទីដែលថៃគូសដោយឯកតោភាគី ដូច្នេះ ការបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅភូមិជោគជ័យ និងភូមិព្រៃចាន់នេះ ធ្វើឱ្យខ្មែរបាត់បង់ទឹកដីទៅខាងភាគីថៃ។
ចាប់តាំងពីមានបទឈប់បាញ់កាលពីចុងខែធ្នូ ឆ្នាំ២០២៥ មក ពលរដ្ឋខ្មែរបានចែកចាយលើបណ្ដាញទំនាក់សង្គមហ្វេសប៊ុកជាបន្តបន្ទាប់ អំពីសកម្មភាពយោធាថៃដែលបានប្រើគ្រឿងចក្រជីកប្រឡាយផ្តាច់ផ្លូវ និងរាយបន្លាលួស ដាក់ពង្រាយទូកុងតឺន័រសាងសង់លេណដ្ឋានដែរ និងធ្វើសកម្មភាពជាច្រើនទៀតលើទឹកដីខ្មែរដែលពួកគេកំពុងកាន់កាប់ដោយខុសច្បាប់។
ជុំវិញបញ្ហានេះ គណបក្សប្រឆាំង លើកឡើងថា ទីតាំងដែលទាហានកម្ពុជា និងទាហានថៃ ច្បាំងគ្នាទាំងពីរលើក កាលពីឆ្នាំ២០២៥ កន្លងទៅ បានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅក្នុងការគ្រប់គ្រងរបស់ថៃចំនួន ៥១ទីតាំង៕









