

តុលាការខេត្តត្បូងឃ្មុំសម្រេចឃុំខ្លួនកសិករលោក សំ សុភាង នៅពន្ធនាគារបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម» ពាក់ព័ន្ធការនិយាយរិះគន់លោក ហ៊ុន សែន រឿងទឹកដីនៅ ព្រំដែនកម្ពុជា-ថៃ។ សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលប្រើប្រាស់យន្តការ ពន្យល់ អប់រំ ជាជាង ចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនពលរដ្ឋ ដែលបញ្ចេញមតិពីបញ្ហា ប្រទេសជាតិ។
កសិករ សំ សុភាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ប្រមាណ ៦នាក់ ចុះទៅចាប់ខ្លួនដល់លំនៅឋាន នៅភូមិចក ឃុំចក ស្រុកអូររាំងឪ កាលពីថ្ងៃទី ០៦ ខែមេសា។ លោកត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចឃុំខ្លួននៅពន្ធនាគារ ខេត្តត្បូងឃ្មុំ ដោយចោទពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ ការនិយាយរិះគន់ ថ្នាក់ដឹកនាំរឿងទឹកដី។
ប្រពន្ធរបស់លោក សំ សុភាង គឺលោកស្រី សេង គន្ធា ប្រាប់ទូរទស្សន៍ អាស៊ីសេរី នៅថ្ងៃទី០៨ ខែមេសាថា លោកស្រីកំពុងធ្វើដំណើរទៅជួបប្ដីនៅពន្ធនាគារ។ លោកស្រីចាត់ទុកការចាប់ខ្លួនប្ដីថា ជារឿងអយុត្តិធម៌ និងស្នើឲ្យរដ្ឋាភិបាល ដោះលែងប្ដីវិញ។
សារព័ត៌មានគាំទ្ររដ្ឋាភិបាលហ្វ្រេសញូវ (Fresh News) ចុះផ្សាយថា ការចាប់ខ្លួនលោក សំ សុភាង នេះ ដោយសារតែលោកបានជេរប្រមាថលើប្រធានព្រឹទ្ធសភា និងជាឪពុកនាយករដ្ឋមន្ត្រីគឺលោក ហ៊ុន សែន ដោយចោទប្រកាន់ថា លោក ហ៊ុន សែន ក្បត់ជាតិលក់ទឹកដីឲ្យទៅប្រទេសថៃ។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា លោកគាំទ្រសេរីភាពបញ្ចេញមតិ ប៉ុន្តែមិនគាំទ្រការជេរប្រមាថនោះទេ។ លោកស្នើឲ្យរដ្ឋាភិបាលប្រើប្រាស់វិធានការ ពន្យល់ អប់រំ និងណែនាំពលរដ្ឋ ពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ ជាជាងការចាប់ និងឃុំខ្លួន។
លោក ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០៨ ខែមេសាថា ការបន្តរឹតត្បិតសំឡេងរិះគន់ បង្ហាញថា រដ្ឋាភិបាលមិនត្រូវការសំឡេងផ្ទុយ និងការរិះគន់នោះឡើយ ទើបរដ្ឋាភិបាលមិនទទួលយក និងបន្តចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារ។
លោកកត់សម្គាល់ថា បទ«ញុះញង់» កំពុងពេញនិយម ក្នុងការយកមកចោទប្រកាន់ពលរដ្ឋ ដែលបញ្ចេញមតិ ខណៈរដ្ឋាភិបាលហាក់ភ្លេចកាតព្វកិច្ចរបស់ខ្លួន ដែលបានចុះហត្ថលេខាក្នុងការធានាសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេសសិទ្ធិ សេរីភាពបញ្ចេញមតិ។ លោកថា ការចាប់ចោទ និងឃុំខ្លួនជាបន្តបន្ទាប់នេះ បានធ្វើឲ្យពលរដ្ឋនៅក្រៅប្រទេសនាំគ្នាធ្វើការតវ៉ា ដោយទាមទារឲ្យគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងដោះលែងពលរដ្ឋបញ្ចេញមតិជាដើម ហើយបញ្ហានេះ ក៏ធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិ ខណៈសហគមន៍អន្តរជាតិ ធ្លាប់លើកឡើងអំពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
លោក យិន ម៉េងលី ថា ដើម្បីឲ្យសេរីភាពបញ្ចេញមតិប្រសើរឡើង ហើយក៏ជាការលើកមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ និងនៅក្នុងប្រទេសផងនោះ រដ្ឋាភិបាល គួរប្រើយន្តការផ្សេងៗ ជាជាងចាប់ ចោទប្រកាន់និងឃុំខ្លួនអ្នកបញ្ចេញមតិ។
លោក យិន ម៉េងលី៖ «ប្រើវិធីសាស្ត្រពន្យល់ឲ្យយល់ ហើយធ្វើកិច្ចសន្យា ឲ្យគាត់ឈប់ ប្រើប្រាស់ឲ្យគាត់យល់ ពីភាពខុសគ្នាពីការប្រើប្រាស់សិទ្ធិរបស់គាត់ កុំឲ្យប៉ះពាល់ ទៅលើអ្វីដែលគេហាមឃាត់។ ទី២ ចង់ឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មក្រម ព្រហ្មទណ្ឌមាត្រា ៤៩៤ និងមាត្រា ៤៩៥ ដែលជាឧបសគ្គធំ ទោះបីជារដ្ឋាភិបាល មានឆន្ទៈ បើច្បាប់ហ្នឹងនៅ នៅតែបន្តអ៊ីចឹង។ នេះជាបញ្ហាដែលយើងឃើញថា ធ្វើ ឲ្យស្ថានភាព សេរីភាពបញ្ចេញមតិនេះ ទាំងអ្នកនយោបាយ ទាំងសកម្មជនសង្គម សកម្មជនសិទ្ធិមនុស្ស ទាំងអ្នកសារព័ត៌មាន ទាំងព្រះសង្ឃជាប់ពន្ធនាគារជា ហូរហែ ពាក់ព័ន្ធបញ្ហានេះ»។
ទាក់ទងនឹងរឿងព្រំដែននេះដែរ តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២ ខែមេសា បានចោទប្រកាន់ និងឃុំខ្លួនព្រះភិក្ខុ ជា វុទ្ធី នៅពន្ធនាគារបណ្ដោះអាសន្ន ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីសមត្ថកិច្ចបានចាប់ផ្សឹក ព្រះភិក្ខុ ជា វុទ្ធី កាលពីថ្ងៃទី០១ ខែមេសា ក្រោយពីព្រះភិក្ខុសង្ឃ អង្គនេះ បានសរសេរសារនៅលើបណ្ដាញសង្គមរិះគន់ពីបញ្ហាព្រំដែន។
នៅដើមខែមេសានេះ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងព្រំដែន។ ពលរដ្ឋ និងសង្គមស៊ីវិលចាត់ ទុកការបន្តចាប់ចោទប្រកាន់ និងឃុំខ្លួនពលរដ្ឋ ថាជាការបំបិទសំឡេងអ្នកហ៊ាន រិះគន់ទៅលើរដ្ឋាភិបាល ដើម្បីបំបាក់ស្មារតីដល់ពលរដ្ឋផ្សេងទៀត មិនឲ្យ បញ្ចេញមតិរិះគន់របបត្រកូលហ៊ុន ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងពេលកម្ពុជាកំពុងបាត់បង់ទឹកដីទៅប្រទេសថៃ ជាច្រើនទីតាំង៕









