
ជនភៀសសឹកខ្លះ ពុំសូវសប្បាយចិត្ត ក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នោះទេ ក្រោយពីផ្ទះសម្បែង និង ដីធ្លីជាច្រើន របស់ពួកគាត់ នៅតាមព្រំដែន ត្រូវបានយោធាថៃរំលោភយក និងបំផ្លិចបំផ្លាញចោលអស់។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាល គិតគូរជីវភាពជនភៀសសឹកជាអាទិភាព ហើយពន្លឿនការទាមទារទឹកដីដែលបាត់បង់ទាំងនោះ មកឱ្យពលរដ្ឋវិញឱ្យបានឆាប់បំផុត។
ស្របពេល រដ្ឋាភិបាល មន្ត្រីរាជការ និងពលរដ្ឋខ្មែរជាច្រើន កំពុងជួបជុំគ្រួសារ រាំលេងសប្បាយ ក្នុងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅតំបន់ជនភៀសសឹកឯណោះវិញក៏មានកម្មវិធីជួបជុំរាំលេង ក្នុងថ្ងៃចូលឆ្នាំខ្មែរដែរ ក៏ប៉ុន្តែ អ្នកខ្លះ ហាក់ពុំសូវសប្បាយចិត្តនោះទេ ព្រោះគ្មានថវិកាសម្រាប់ធ្វើបុណ្យទាន និងបារម្ភរឿងអនាគតដែល គ្មានទីជម្រកច្បាស់លាស់។
ជនភៀសសឹក មកពីតំបន់បឹងត្រកួន ដែលកំពុងរស់នៅក្នុងផ្ទះបណ្ដោះអាសន្ន ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោកស្រី ឈឹម ឆវីត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៣ ខែ មេសាថា នៅតំបន់ ជនភៀសសឹក អាជ្ញាធរកំពុងរៀបចំកម្មវិធីរាំលេងអបអរក្នុងថ្ងៃចូលឆ្នាំខ្មែរ ប៉ុន្តែលោកស្រី ពុំសូវសប្បាយចិត្តនោះទេ ព្រោះគ្មានថវិកា និងនឹកស្រណោះទ្រព្យសម្បត្តិ ដែលត្រូវបានយោធាថៃរំលោភយកអស់ ធ្វើឱ្យគ្រួសារលោកស្រីជួបការលំបាកខ្លាំង។
លោកស្រី ឈឹម ឆវីត៖ «ឆ្នាំនេះខុសខ្លាំងណាស់បង។ ធម្មតាកាលយើងរស់នៅស្រុកកំណើតយើង យើងសប្បាយចិត្តជាងនៅនេះ។ នៅនេះអត់សប្បាយចិត្ត អ៊ីចឹង សម្រាប់ឆ្នាំនេះ ប្រហែលអត់បានធ្វើបុណ្យអ្វីនោះទេ ព្រោះខ្វះមុខខ្វះក្រោយ ព្រោះយើងអត់មានអីហូបគ្រប់គ្រាន់។ណាមួយអត់មានស្រុកកំណើត ទៅលេងផង អ៊ីចឹងអត់បានជុំជួប ធ្វើបុណ្យទានអ្វីនោះទេ។ យើងត្រូវតែរស់នៅកន្លែងចាស់ដល់ពេលមករស់នៅទីនេះ គឺយើងប្រាកដជានឹងទីនោះជាងហើយ»។
បន្ថែមពីលើនោះ លោកស្រី ឈឹម ឆវីត ទទូចឱ្យរដ្ឋាភិបាលគិតគូរជីវភាពដល់ពលរដ្ឋជាចម្បង និងផ្ដល់ជាថវិកាខ្លះ ដល់ជនភៀសសឹក សម្រាប់ទុកគ្រាន់ធ្វើជាដើមទុន ក្នុងការយកទៅ ប្រកបមុខរបររកស៊ី និងធ្វើស្រែចម្ការខ្លះ ក្រោយបុណ្យចូលឆ្មាំខ្មែររួច គឺជារឿងដ៏ល្អប្រសើរ។
លោកស្រី ឈឹម ឆវីត៖ «អស់ទ្រព្យក៏អស់ចុះ ឱ្យតែយើងបានទៅស្រុកកំណើតយើងវិញក៏អស់ចិត្តដែរ។ ចង់ឱ្យរដ្ឋាភិបាល គាត់ជួយជាថវិកា ឬជាអ្វីដែលខ្ញុំអាចដោះស្រាយជីវភាព ជួយគ្រួសារ។ ដើម្បីបានជាដើមទុនខ្លះ សម្រាប់ទុកប្រកបអាជីព។ នៅផ្ទះខ្ញុំមានម៉ែចាស់ ពុកចាស់ផង និងកូនតូចក៏ពុំសូវបានរៀន ព្រោះរត់សង្គ្រាមរហូត»។
គេសង្កេតឃើញថា នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦នេះ ហាក់មិនខុសពីឆ្នាំមុនៗប៉ុន្មាន នោះទេ ខណៈ នៅតាមបណ្ដាខេត្ត-រាជធានីភ្នំពេញ បានរៀបចំពិធីយ៉ាងអធិកអធម រួមដោយ ការរាំលេង ផឹកស៊ី សប្បាយ បើទោះបី ជាឆ្នាំនេះ កម្ពុជាត្រូវបានយោធាថៃ បង្កសង្គ្រាមឈ្លានពានយកទឹកដីអស់ជាង៥០ទីតាំង សម្លាប់ទាហានខ្មែរអស់រាប់រយនាក់ និងបណ្ដេញពលរដ្ឋខ្មែរពីលំនៅឋាន អស់រាប់ម៉ឺននាក់ក្ដី។ ករណីនេះ អ្នកឃ្លាំមើលរិះគន់ថា ហាក់ពុំសូវសមទំនងនោះទេ ខណៈប្រទេសជាតិប្រឈមបញ្ហាជាច្រើន។
រីឯជនភៀសសឹកម្នាក់ទៀត លោកស្រី ញ៉ែម កុសល ក៏មិនខុសពីជនភៀសសឹកដទៃទៀតនោះទេ គឺហាក់គ្មានអារម្មណ៍សប្បាយនឹងបុណ្យ ចូលឆ្នាំខ្មែរនោះដែរ ព្រោះ លោកស្រីនៅតំបន់ជនភៀសសឹក កំពុងស្នាក់នៅមាន អាកាសធាតុក្ដៅ ខ្លាំង ស្ទើរតែ មិនអាចរស់នៅបាននៅពេលថ្ងៃ ខណៈកុមារ និងមនុស្សចាស់ មានអាការៈ ក្ដៅខ្លួន និងក្អួតចង្អោរ ជាញឹកញាប់។ ទន្ទឹមគ្នានោះ លោកស្រីនៅតែនឹកដល់ភូមិកំណើត ហើយចង់ទៅរស់នៅទីនោះវិញឆាប់ៗ ដើម្បីអាចប្រកបមុខរបរចិញ្ចឹមជីវិតបានដូចមុន។
លោកស្រី ញ៉ែម កុសល៖ «បើយើងរស់នៅទីនេះ៤ ទៅ៥ឆ្នាំទៀត ហើយមានការអភិវឌ្ឍន៍ភូមិ មានរោងចក្រ មានសាលារៀន យើងចេះតែអាចរកស៊ីបានស្រួល វាមិនអីទេ។ បើគ្មានអ្វីសោះ គ្មានការងារធ្វើ អនាគតទៅយើងនឹងប្រឈមដើរទៅធ្វើការនៅកន្លែងឆ្ងាយៗ មនុស្សនឹងចេញដដែល។ បើមានរោងចក្រ និងការងារធ្វើអ៊ីចឹងទៅ ប្រហែលមិនមានមនុស្សចេញច្រើនទេ»។
ជុំវិញក្ដីកង្វល់របស់ជនភៀសសឹកដែលបាត់បង់ដីធ្លី និងផ្ទះសម្បែងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែមេសា បានបង្ហោះសារដ៏វែងអន្លាយនៅលើគណនីហ្វេសប៊ុករបស់លោក ដោយរំពឹងថា ភាគីថៃនឹង ចូលតុចរចា ក្នុងពេលឆាប់ៗ ដើម្បីឈានទៅរកការដោះស្រាយ បញ្ហាព្រំដែនឱ្យបានល្អប្រសើរឡើងវិញ។ ក្នុងនោះលោកអំពាវនាវឱ្យថៃចូលតុចរចា ដើម្បីចាប់ផ្ដើមអនុវត្ត ការងារវាស់វែងព្រំដែន ឱ្យបានឆាប់រហ័ស ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅរកការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ និងឱ្យពលរដ្ឋទៅរស់នៅតាមព្រំដែនវិញ។
លោក ហ៊ុន ម៉ាណែត បានចាត់ទុកការដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមរយៈការចរចាទ្វេភាគី គឺជាយន្តការអាទិភាពបំផុត ដោយពុំបានបង្ហាញជំហរក្នុងការប្ដឹងថៃទៅកាន់តុលាការអន្តរជាតិនោះ។ ឆ្លើយតបជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) នៅថ្ងៃទី១២ ខែមេសា បានលើកឡើងថា ភាគីថៃពុំទាន់បានត្រៀមខ្លួន ក្នុងការចរចាដោះស្រាយបញ្ហាព្រំដែន ជាមួយកម្ពុជានោះទេព្រោះពុំទាន់បានរៀបចំមន្ត្រីរដ្ឋាភិបាលថៃ រួចរាល់។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC លោក រស់ សុដ្ឋា យល់ឃើញថា ការព្រួយបារម្ភរឿងជីវភាពរបស់ជនភៀសសឹក គឺជារឿងត្រឹមត្រូវ ព្រោះថា មកទល់ពេលនេះ ពួកគាត់ នៅតែបន្ត រស់នៅដោយ អារម្មណ៍តែលតោល និងមិនទាន់អាចរកការងារធ្វើ ឬ មុខរបរច្បាស់លាស់ ដើម្បីចិញ្ចឹមគ្រួសារបាននោះឡើយ ខណៈជំនួយពីរដ្ឋាភិបាលក្នុងការជួយស្ដារជីវភាពឡើងវិញ ក៏នៅពុំទាន់មាន។ លោកថា រដ្ឋាភិបាល គូរតែផ្ដល់ថវិកាដល់ជនភៀសសឹកធ្វើជាដើមទុន ក្នុងការរកស៊ី និងធ្វើកសិកម្ម ដើម្បីអាចផ្គត់ផ្គង់គ្រួសារ នោះជារឿងល្អបំផុត។
លោក រស់ សុដ្ឋា៖ «តាមលក្ខណៈមុខរបរគឺអាច១គ្រួសារ ៤០០ ទៅ៥០០ដុល្លារ ដើម្បីឱ្យពួកគាត់អាចចាប់ផ្ដើមមុខរបរ។ រដ្ឋាភិបាលអាចជួយបានច្រើនជាងនេះ ជាការល្អដែរ ដើម្បីឱ្យពួកគាត់ចាប់មុខរបរថ្មីបាន។ មានគោលនយោបាយ ពាក់ព័ន្ធនឹងបំណុលផង គឺបន្ធូរបន្ថយខ្លះ ដើម្បីឱ្យពួកគាត់មានសេចក្ដីសុខផ្លូវចិត្តខ្លះផង»។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលលើកឡើងថា បើទោះជារដ្ឋាភិបាល បានលើកទឹកចិត្តឱ្យពលរដ្ឋធ្វើកម្មវិធីរាំលេង សប្បាយយ៉ាងអធិកអធម គ្រប់ទីកន្លែង ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិក្ដី រដ្ឋាភិបាលគួរតែគិតគូរពីជីវភាពពលរដ្ឋ និងបញ្ហាប្រទេសជាតិជាចម្បង ដែលកំពុងញាំញី ពីការឈ្លានពានរបស់យោធាថៃ ហើយមិនត្រូវយកព្រឹត្តិការណ៍មួយនេះ ដើម្បីបិទបាំង កំហុសរបស់ខ្លួន ដែលអសមត្ថភាពក្នុងការពារបូរណភាពទឹកដី និងពង្វក់ឱ្យពលរដ្ឋលែងខ្វល់ពីបញ្ហាប្រទេសជាតិនោះទេ៕










