

ប្រមុខការទូតកម្ពុជា-ថៃ ឆ្លៀតពិភាក្សាគ្នារឿងជម្លោះព្រំដែន ក្នុងអំឡុងចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរមានគំនិតខ្វែងគ្នាទៅលើការជ្រើសរើសយន្តការដោះស្រាយជម្លោះដែនសមុទ្រក្នុងតំបន់ដែលអះអាងថា ត្រួតស៊ីគ្នា បន្ទាប់ពីប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ ឬMOU44 ជាឯកតោភាគី។ ចំណែកវិវាទដែនគោកវិញ ភាគីទាំងពីរបានឯកភាពគ្នាដោះស្រាយជម្លោះ ដោយផ្អែកលើគោលជំហររបួសថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបានចរចាគ្នា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅប្រទេសហ្វីលីពីន កាលពីដើមខែឧសភា។
ក្នុងអំឡុងចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែឧសភា ក្រោមរបៀបវារៈ «ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ» ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន គឺលោក វ៉ាង យី (Wang Yi) ក្នុងសមាសភាពជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់ខែឧសភា ឆ្នាំ២០២៦ នោះ ប្រមុខការទូតកម្ពុជា-ថៃ បានបិទទ្វារបន្ទប់ដើម្បីពិភាក្សាគ្នារឿងជម្លោះព្រំដែនគោក និងព្រំដែនទឹក ដែលកំពុងតែជាប់គាំង។
នៅក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិធីកសាងទំនុកចិត្ត ដើម្បីផ្សះផ្សាគ្នាឡើងវិញបន្តិចម្តងៗ ដែលឈានដល់ការបញ្ចប់ជម្លោះព្រំដែនសមុទ្រ និងដីគោករវាងកម្ពុជា និងថៃ ក៏ប៉ុន្តែប្រមុខការទូតចាស់វស្សារបស់ភាគីទាំងពីរ នៅតែមិនយល់ស្របគ្នា ទៅលើយន្តការដែលត្រូវយកមកប្រើដើម្បីសម្របសម្រួលដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរៃនេះ។
នៅក្នុងភាសាការទូត រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងសាជាថ្មី អំពីការលុបចោលអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ ស្ដីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា របស់ភាគីថៃជាឯកតោភាគី គឺជាការបិទផ្លូវចរចាទ្វេភាគីជាមួយកម្ពុជាទៅហើយ។
ខណៈនោះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ សីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានឆ្លើយតបដោយសង្កត់ធ្ងន់ថា កម្ពុជានៅតែមិនយល់ពីចេតនារបស់ប្រទេសថៃ ដែលបានសម្រេចលុបកិច្ចព្រមព្រៀងដែលសមុទ្រនេះចោល គឺដោយសារវាគ្មានការវិវឌ្ឍ និងដើម្បីបង្កើតយន្តការថ្មី ដើម្បីចរចា។
ទោះជាយ៉ាងណា លោក ប្រាក់ សុខុន បានប្រាប់ទៅភាគីវិញថៃថា កម្ពុជានឹងជ្រើសរើសយន្តការសម្របសម្រួលដោយចាប់បង្ខំ (Compulsory Conciliation) ដែលជាវិធានការច្បាប់អន្តរជាតិមួយដែលស្ថិតនៅក្រោម អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
ពេលនោះលោក ស៊ីហាសាក់ បានឆ្លើយតបដោយថ្នមសម្ដីមកវិញថា ប្រទេសថៃមិនរារែកក្នុងចរចាដែនសមុទ្រក្នុងតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ដោយប្រើប្រាស់ច្បាប់សមុទ្ររបស់(UNCLOS)នោះឡើយ ប៉ុន្តែភាគីថៃស្នើឱ្យកម្ពុជាគួរតែចរចាទ្វេភាគីជាមុនសិន។ លោក ស៊ីហាសាក់ បានបញ្ជាក់បន្ថែមថា ការប្រើច្បាប់សមុទ្ររបស់(UNCLOS)នេះ ក៏ត្រូវតែធ្វើឡើងក្នុងរង្វង់ច្បាប់សមុទ្រ ដោយមិនមែនការរំលងទៅប្រើប្រាស់យន្តការសម្របសម្រួលដោយចាប់បង្ខំ (Compulsory Conciliation) ដែលអនុញ្ញាតឱ្យមានតំណាងគណៈកម្មាធិការសម្របសម្រួលរបស់អន្តរជាតិ ចូលមកពាក់ព័ន្ធនោះឡើយ។
ចំណែកវិវាទព្រំដែនគោកវិញ ភាគីទាំងពីរបានឯកភាពចរចាគ្នា ដោយប្រើប្រាស់យន្តការដែលមានស្រាប់ ដូចជាអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ ឬMOU43 និងសេចក្តីថ្លែងការណ៍រួម ឬកិច្ចព្រមព្រៀងឈប់បាញ់ ដែលភាគីទាំងពីរបានចុះហត្ថលេខារួមគ្នា កាលពីចុងខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ កម្ពុជា និងថៃក៏បានលើកឡើងពីការដោះស្រាយបញ្ហាការកំណត់ព្រំប្រទល់ សន្តិសុខព្រំដែន និងកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែនផងដែរ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា កម្ពុជាមិនត្រូវបន្ធូរបន្ថយសម្ពាធការទូតក្នុងការចរចាជម្លោះព្រំដែនជាមួយថៃនោះឡើយ ព្រោះភាគីថៃតែងតែនិយាយផ្ទុយពីទង្វើ។ លោកសង្កេតឃើញថា កម្ពុជាបានចាញ់ប្រៀបទៅកាន់ភាគីថៃ ក្នុងការចរចាទ្វេភាគីជាច្រើនដងរួចមកហើយ ដូច្នេះនៅពេលដែលមានការចរចាខាងមុខ កម្ពុជាត្រូវប្រើប្រាស់យន្តការច្បាប់អន្តរជាតិដែលមានវត្តមានភាគីទីបីចូលរួម ដើម្បីទប់ស្កាត់ការបកស្រាយច្បាប់តាមអំពើចិត្ត ពីសំណាក់ភាគីថៃ។
លោក ម៉ែន ណាត៖ «ក្នុងផ្លូវច្បាប់ កាលណាភាគីមួយទៀតទាមទារយកប្រយោជន៍ធំពេក អ៊ីចឹងភាគីម្ខាងដែលគេមិនពេញចិត្ត គឺគេប្រើយន្តការច្បាប់ដែលពាក់ព័ន្ធនឹង មកដាក់សម្ពាធហើយ។ កាលណាដោះស្រាយមិនស្អាត គឺធ្វើឱ្យកម្ពុជាហ្នឹងខាតបង់។ អ៊ីចឹងទោះបីជាថៃមិនពេញចិត្តក៏ដោយក៏កម្ពុជាត្រូវតែប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ»។
ក្រៅពីប្រជុំចង្អៀតជាលក្ខណៈទ្វេភាគីហើយនោះ ប្រមុខការទូតប្រទេសទាំងពីរក៏បានតតាំងគ្នា នៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។
នៅក្នុងកិច្ចប្រជុំដែលមានតំណាងប្រទេសជាសមាជិកចូលរួម រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានរៀបរាប់អំពីសកម្មភាពឈ្លានពានរបស់យោធាថៃលើទឹកដីកម្ពុជា រួមមានការកាន់កាប់ដោយខុសច្បាប់ ការបង្កើតស្ថានភាពថ្មីលើដីជាក់ស្ដែង ឬ faits accomplis នៅចំពោះមុខសមភាគីថៃ។
លោកបន្តថា ខ្សែបន្ទាត់ព្រំដែន និងអធិបតេយ្យភាពរបស់ប្រទេសមួយ មិនត្រូវផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំង ឬដោយការបង្ខំឱ្យទទួលយកការពិតដែលបានកើតឡើងរួចហើយ (fait accompli) នោះឡើយ។
ប្រមុខការទូតពីរជំនាន់របស់កម្ពុជារូបនេះបានអះអាងថា ទោះបីជាបទឈប់បាញ់ក្ដៅ ក៏កម្ពុជានៅតែព្រួយបារម្ភចំពោះស្ថានភាពជាក់ស្តែងនៅតំបន់ក្នុងទឹកដីករបស់កម្ពុជាដែលត្រូវយោធាថៃកាន់កាប់យ៉ាងជ្រៅ ដោយហេតុនេះ បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ចាំបាច់ត្រូវតែអនុវត្តឱ្យបានពេញលេញ មានប្រសិទ្ធភាព និងជាបន្ទាន់។
ដោយឡែកភាគីថៃ ដែលមានលោក ស៊ីហាសាក់ ជាតំណាង បានសង្កត់ធ្ងន់ថា ប្រទេសថៃមិនស្វែងរកការទាមទារទឹកដីណាមួយ ប្រឆាំងនឹងប្រទេសមួយទៀតឡើយ។ ក្នុងនោះលោកបានប្រាប់កម្ពុជាត្រូវតែបញ្ឈប់ការលើកឡើងអំពីរឿងថៃឈ្លានពានកម្ពុជា នៅក្នុងវេទិកាអន្តរជាតិតទៅទៀត ដោយលោកលើកឡើងថា ប្រទេសថៃបានបង្ហាញភាពស្មោះត្រង់ខ្លួនឱ្យកម្ពុជាឃើញអស់ហើយ។
ផ្ទុយពីសម្ដីរបស់ខ្លួន នៅក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ លោក ស៊ីហាសាក់ ខ្លួនឯងបានឆ្លៀតជួបពិភាក្សាទ្វេភាគីជាមួយតំណាងមកពីប្រទេសផ្សេងៗ ដើម្បីរាយការណ៍អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃទៅវិញ៕









