

រដ្ឋាភិបាលទីក្រុងប៉េកាំង បានអះអាងថា នឹងជួយធ្វើទំនើបកម្មវិស័យការពារជាតិកម្ពុជា ទាំងដែនអាកាស ដែនទឹក និង ដែនគោក ក្រោយពីបញ្ចប់កិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន កាលពីថ្ងៃទី២២ ខែមេសា។ ទោះយ៉ាងណា អ្នកឃ្លាំមើលសង្គមកម្ពុជា បារម្ភថា ជំនួយរបស់ចិននេះ នឹងអាចក្លាយជាឧបករណ៍ពង្រឹងអំណាចផ្តាច់ការរបស់ត្រកូលហ៊ុន។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី (TV Free Asia) ថាការជួយធ្វើទំនើបកម្មវិស័យការពារជាតិកម្ពុជា ទាំងដែនអាកាស ដែនទឹក និង ដែនគោក របស់រដ្ឋាភិបាលក្រុងប៉េកាំងនឹងជួយឲ្យប្រទេសកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពារអធិបតេយ្យភាពរបស់ខ្លួន ហើយក៏ជាឱកាសប្រវត្តិសាស្ត្រមួយដែលធ្វើឲ្យរដ្ឋាភិបាលោក ហ៊ុន ម៉ាណែត មានទំនុកចិត្តកាន់តែខ្លាំងក្នុងការការពារអធិបតេយ្យជាតិ។
លោក សេង វណ្ណលី បន្ថែមទៀតថា ការជួយធ្វើទំនើបកម្មវិស័យការពារជាតិរបស់ភាគីចិននេះក៏ធ្វើឲ្យប្រទេសជិតខាងត្រូវតែបង្កើន ការប្រុងប្រយ័ត្នខ្ពស់ជាងមុន មុននឹងសម្រេចចិត្តឈ្លានពានអធិបតេយ្យភាពកម្ពុជាទៅថ្ងៃអនាគត ប៉ុន្តែលោកក៏ព្រួយបារម្ភពីផលប៉ះពាល់អវិជ្ជមានមួយចំនួនដែលមកជាមួយនឹងកញ្ចប់អំណោយដ៏ធំរបស់ភាគីចិន ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពឹងផ្អែកទាំងស្រុងទៅលើបច្ចេកវិជ្ជាយោធារបស់ប្រទេសចិន អាចនឹងធ្វើឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងល្បែងមហាអំណាច ជាពិសេសជាមួយអាមេរិកដែលតែងតែសម្លឹងមើលការអភិវឌ្ឍន៍មូលដ្ឋានទ័ពរាម។
«ក្តីបារម្ភមួយទៀតអំពីការយកទំនើបកម្មយោធាការជួយជ្រោមជ្រែងពីមហាអំណាចចិនមកប្រើប្រាស់ជាឧបករណ៍សម្រាប់បិទសំឡេងផ្ទុយ ឬរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ បញ្ហាទាំងនេះគឺជាចំណុចរសើបមួយដែលមិនអាចមើលរំលងបាន ព្រោះក្នុងប្រវត្តិសាស្ត្រនយោបាយអំណាចយោធាដែលកាន់តែខ្លាំងខ្លាជារឿយៗតែងតែនាំមកការប្រមូលផ្តុំអំណាចដាច់ខាតនៅក្នុងដៃរបស់រដ្ឋាភិបាល»។
ការអះអាងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះ គឺបន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិកម្ពុជាលោក ទៀ សីហា បានលើកឡើងក្នុងហ្វេសប៊ុកផេករបស់លោក បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន នៅក្រសួងការបរទេស កម្ពុជានាថ្ងៃទី២២មេសា ថា ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងឃឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស។
លោកទៀ សីហា បន្ថែមថា លោកជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសចិន នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងកំពុងខិតខំកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ចំណែកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានថា លោកបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាន និងកំពុងខិតខំកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
នៅព្រឹកថ្ងៃទី ២៣ ខែមេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោក ថា លោក កំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និង សម្រេចលើសេចក្តីព្រាងច្បាប់ស្តីពី«កាតព្វកិច្ចយោធា»។ ច្បាប់នេះ នឹងឱ្យជួយឱ្យកម្ពុជា ធានាបាននូវការបង្កើនបរិមាណកងទ័ព ដែលអាចបំពេញបាននូវចំនួនកងទ័ពនៅតាមបណ្តាអង្គភាព និងបង្កើនប្រសិទ្ធភាពនៃការជ្រើសរើសកងទ័ពអាជីព។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៣ ខែមេសា ភាគីចិនចង់ទាញកម្លាំងទាហានរបស់កម្ពុជាឲ្យចូលទៅក្នុងការវាទីអំណាចនៅក្នុងតំបន់ តាមរយៈកម្លំាងប្រដាប់អាវុធ ប្រសិនបើមានជម្លោះសមុទ្រចិនខាងត្បូង។
«ប្រសិនបើចិនចង់ជួយកម្ពុជា មិនចាំបាច់ផ្តល់អាវុធឲ្យក្រុមគ្រួសារហ៊ុនទេ ពីព្រោះអាវុធរបស់ចិនពេលថៃវ៉ៃកម្ពុជា ក្រុមគ្រួសារហ៊ុន មិនអាចប្រើដើម្បីតតាំងនិងថៃបានផងហ្នឹង»។
យ៉ាងណាក៏ដោយ នៅមុនដំណើរទស្សនកិច្ចនេះ ប្រទេសចិនកុម្មុយនិស្តបានផ្ដល់ជំនួយនាវាចម្បាំងខ្នាតមធ្យម ចំនួន ៣គ្រឿង ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។ នាវាចម្បាំងចិន ខ្នាតមធ្យម ប្រភេទ (056C) និងប្រភេទ (056) ៣គ្រឿង កំពុងមានវត្តមាននៅ កំពង់ផែកងទ័ពជើងទឹករាម។ នាវាចម្បាំងខ្នាតមធ្យមនេះ មានប្រព័ន្ធការពារអាកាស អេចអេចឃ្យួ-១០ (HHQ-10) សម្រាប់ការពារពីមីស៊ីល យន្តហោះចម្បាំង និងមានបំពាក់អាវុធកាំភ្លើងធំ ប្រព័ន្ធប្រឆាំងនាវាមុជទឹក និងមីស៊ីលប្រឆាំងនាវាវាយប្រហារសត្រូវក្នុងចម្ងាយឆ្ងាយ៕









