

ជនរងគ្រោះនៃក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ខកចិត្ត និងថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធររាជធានីភ្នំពេញដែលបានបង្ក្រាបដោយហិង្សា និងប្រើពាក្យសម្ដីជេរប្រមាថលើស្ត្រី ក្នុងពេលពួកគាត់ចេញតវ៉ាទាមទារលុយរបស់ខ្លួននៅមុខធនាគារជាតិ។ ជនរងគ្រោះបញ្ជាក់ថា ទោះបីជាប្រឈមនឹងការបង្ក្រាប ក៏ជនរងគ្រោះជាពលរដ្ឋខ្មែរ និងជនបរទេសជាច្រើនដែលមានលុយត្រូវបានក្រុមហ៊ុនបង្កកនោះនឹងមិនបោះបង់ការតវ៉ាដោយសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយ និងទាមទារលុយដែលពួកគាត់បានមកដោយការខិតខំប្រឹងប្រែងរកស៊ីដោយលំបាកនោះឡើយ។
ជនរងគ្រោះបាត់បង់លុយនៅក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ស្នើឱ្យសមត្ថកិច្ចបញ្ឈប់ការប្រើអំពើហិង្សា ការជេរប្រមាថលើស្ត្រី និងទាមទារឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការលើជនដៃដល់ដែលវាយដំជនរងគ្រោះក្នុងអំឡុងពេលតវ៉ាដោយសន្តិវិធីនៅខាងមុខធនាគារជាតិថ្មីៗនេះ។
ជនរងគ្រោះក្រុមហ៊ុន ហួយវ័ន ផេ ម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីបញ្ហាសុវត្ថិភាពប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៩ ខែមេសាថា លោកស្រីបានរងភាពអយុត្តិធម៌ផ្ទួនៗគ្នាព្រោះលុយជិត ១ម៉ឺនដុល្លារក៏ត្រូវបានក្រុមហ៊ុនបង្កក ហើយពេលចេញតវ៉ាក៏ត្រូវបានអាជ្ញាធរប្រើអំពើហិង្សា និងជេរប្រមាថលើលោកស្រី។ លោកស្រីបញ្ជាក់ថា ជនរងគ្រោះខ្មែរ និងបរទេសចេញតវ៉ាថ្មីៗនេះ គ្មានមេខ្លោងណាជាអ្នករៀបចំ ឬមានបំណងបង្កចលាចលដល់សង្គមឡើយ គឺជនរងគ្រោះទាំងអស់សុទ្ធស្ម័គ្រចិត្តចេញតវ៉ាស្វែងរកដំណោះស្រាយ និងទាមទារលុយរបស់ខ្លួនដែលបានពីការខំប្រឹងរកស៊ីដោយលំបាក។
អតិថិជនហួយវ័ន៖ «ខ្ញុំឆ្អែតចិត្តនឹងពូប៉ូលិស ខ្ញុំលើកទូរស័ព្ទថត ដល់ពេលលើកទូរស័ព្ទថតទៅ គាត់ស្រែកដាក់ខ្ញុំ ង៉ែង ហង រកទះកំផ្លៀងខ្ញុំទៀតត្រូវគេមើលងាយយើងអស់លុយហើយ ត្រូវគេប្រើពាក្យសម្ដីមើលងាយជេរស្ដីឱ្យ។ អ្វីដែលប្រជាជនចង់បានហ្នឹង គឺចង់ឱ្យថ្នាក់លើដោះស្រាយរឿងលុយកាក់ថា (Clear) បានប៉ុន្មានៗហ្នឹងគឺប្រជាជនព្រមយកអ៊ីចឹង កុំមានការវាយដំជ្រំធាក់ប្រជាជន ព្រោះប្រជាជនអត់ចង់ទៅទេ អ្នកណាចង់ទៅក្ដៅចង់ងាប់ ត្រូវគេវាយផង អីផង ត្រូវគេច្រានផង ត្រូវគេជេរស្ដីឱ្យ អ៊ីចឹងគឺអត់មានអ្នកណាចង់ទៅទេ គឺចង់បានតែលុយយើងមកវិញ ដែលញើសឈាមយើង»។
ជនរងគ្រោះបញ្ជាក់ថា អតិថិជនជាច្រើនកំពុងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រីឯលោកស្រីផ្ទាល់ក៏ប្រឈមនឹងបញ្ហាជីវភាពក្នុងគ្រួសារប្រចាំថ្ងៃដោយសារតែលុយដែលត្រូវក្រុមហ៊ុនបង្កកនោះគឺត្រូវចំណាយលើការបង់បំណុលធនាគារ និងរ៉ាប់រងក្នុងការបង្វិលទូទាត់ក្នុងមុខរបររកស៊ី។
អតិថិជនហួយវ័ន៖ «យើងចង់បានតែលុយយើងមកវិញទេ ស្អីក៏យើងអត់ចង់ពាក់ព័ន្ធដែរ ចង់តែបានលុយមកវិញទេ បានប៉ុន្មានក៏យើងយកដែរ វាគ្រាន់បើជាងអត់ ព្រោះដូចអ្នកខ្លះលុយច្រើនៗ ខ្ញុំស្ដាប់ឮហើយខ្ញុំអាណិត ចង់និយាយថាបើគេអត់សងក្រុមហួយវ័ន (Huione) ឬអេច-ផេ (H-Pay) ទេ អាចនឹងមានមនុស្សសម្លាប់ខ្លួនច្រើនណាស់ខ្ញុំមើលទៅ ព្រោះអីពេលខ្ញុំទៅឃើញទិដ្ឋភាពចិន និងខ្មែរ ជាពិសេសចិនលុយគាត់ច្រើនៗនោះ គាត់ដេកកណ្ដាលផ្លូវ គាត់អង្គុយយំ និយាយរួមលក្ខណៈស្អីក៏គាត់ហ៊ានធ្វើអ៊ីចឹង សុខចិត្តដេកកណ្ដាលថ្នល់នៅពេលដែលប៉ូលីសកំពុងរុញគាត់ គឺគាត់ដេកអត់ព្រមក្រោក។ ខ្ញុំឃើញទិដ្ឋភាពនោះខ្ញុំអាណិតចិនខ្លាំង ដោយសារចិនដូចគាត់ស្ទុះស្ទា ក្លាហាន អត់ខ្លាចអីចឹង មានតែខ្មែរយើងទេដែលខ្លាច អត់ហ៊ានទៅឈរ អត់ហ៊ានទៅអី»។
អាជ្ញាធរភ្នំពេញបានបង្ក្រាបដោយហិង្សា និងប្រើពាក្យសម្ដីជេរប្រមាថលើក្រុមអ្នកតវ៉ាប្រមាណ ១រយនាក់ប្រឆាំងនឹងក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ដែលបានបង្កកប្រាក់អតិថិជននៅខាងមុខធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៧ ខែមេសា។ ចំណាត់ការបង្ក្រាបដោយហិង្សានេះបណ្ដាលឱ្យជនជាតិចិន ២នាក់រងបួសធ្ងន់បែកក្បាល និងមួយចំនួនទៀតដួលសន្លប់។ សមត្ថកិច្ចក៏បានចាប់ខ្លួនជនរងគ្រោះលោក សួន សុវណ្ណថៃ និងលោក វ៉ាត់ មករា ដែលមានមុខរបរលើវិស័យសំណង់ដោយចោទថា ជាមេខ្លោងប្រមូលកៀរគរមនុស្សធ្វើបាតុកម្មខុសច្បាប់ និងបង្កឱ្យមានអំពើហិង្សា។ ប៉ុន្តែសាច់ញាតិ និងអ្នកដែលរងគ្រោះច្រានចោលការចោទប្រកាន់នេះ និងអះអាងថា ពួកគាត់ក៏ជាជនរងគ្រោះដោយសារតែក្រុមហ៊ុន លោក ហ៊ុន តូ បង្កកប្រាក់ដែរ។
មកដល់ពេលនេះ សមត្ថកិច្ចបានឃុំខ្លួនលោក សួន សុវណ្ណថៃ និងលោក វ៉ាត់ មករា អស់រយៈពេលជាង ៤៨ម៉ោងហើយ និងនៅមិនទាន់ដោះលែងនៅឡើយ។
មុនពេលជនរងគ្រោះប្រមូលផ្ដុំគ្នាតវ៉ាធនាគារជាតិនៃកម្ពុជាប្រកាសថា ខ្លួនលែងទទួលខុសត្រូវចំពោះអតិថិជនដែលបាត់បង់លុយនៅក្រុមហ៊ុន ហួយវ័ន ផេ ហើយ ព្រោះធនាគារជាតិបានចាត់ឱ្យក្រុមហ៊ុនឯកជនជម្រះបញ្ជីផ្ដល់លុយឱ្យអតិថិជន និងបានដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះតាំងពីឆ្នាំ២០២៤។ ធនាគារជាតិក៏ប្រាប់ឱ្យជនរងគ្រោះដោះស្រាយលុយដោយខ្លួនឯងតាមរយៈការប្ដឹងតវ៉ាទៅតុលាការ។
ក្រុមហ៊ុនជម្រះបញ្ជីឈ្មោះ រីចឆ៍ អេន ផាតនឺរ (Reachs & Partners) ក្រោមការចាត់ចែងរបស់ធនាគារជាតិបានប្រកាសកាលពីថ្ងៃទី២៣ ខែមេសា ដោយទុកពេលឱ្យអតិថិជនហួយវ័ន ផេ ៣០ថ្ងៃ ដើម្បីយកឯកសារភស្តុតាងពាក់ព័ន្ធ ដើម្បីចុះឈ្មោះជម្រះបញ្ជីទូទាត់លុយ។
ជនរងគ្រោះលើកឡើងថា អតិថិជនភាគច្រើនគ្មានជំនឿចិត្តលើក្រុមហ៊ុននេះឡើយ ទើបពួកគាត់នាំគ្នាចេញតវ៉ាស្វែងរកដំណោះស្រាយពីស្ថាប័នមានសមត្ថកិច្ចជាបន្តបន្ទាប់។
ជុំវិញរឿងនេះ ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ (KDM) អ្នកស្រី មូរ សុខហួរ គាំទ្រ និងចាត់ទុកការតវ៉ារបស់ជនរងគ្រោះគឺជារឿងត្រឹមត្រូវក្នុងការទាមទារយុត្តិធម៌ដល់ខ្លួនឯង។ អ្នកស្រីបញ្ជាក់ថា សំណុំរឿងជនរងគ្រោះក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ មិនខុសគ្នាពីសំណុំរឿងជនរងគ្រោះដែលចាញ់បោកក្រុមឧកញ៉ាឡើយ គឺមិនអាចស្វែងរកយុត្តិធម៌តាមរយៈផ្លូវតុលាការបានឡើយដោយសារតុលាការគ្មានភាពឯករាជ្យ និងស្ដាប់តែបញ្ជារបស់អ្នកមានអំណាច។
អ្នកស្រី មូរ សុខហួរ៖ «អ្វីដែលជាចំណុចខ្លាំង ហើយស្របច្បាប់របស់ប្រជាពលរដ្ឋ ជនរងគ្រោះដោយសារ ហួយវ័ន ផេ (Huione Pay) នេះគឺសាមគ្គីភាព គឺជំហររឹងមាំ និងឯកសារដែលបងប្អូនមានស្រាប់។ អ្វីដែលធ្វើឱ្យប្រទេសកម្ពុជាយើង បាត់បង់នូវកិត្តិយសបន្តទៅទៀតនេះ គឺការប្រើអំពើហិង្សាពីសំណាក់អំណាចនៃអ្នកមានអំណាច និងការមិនទទួលខុសត្រូវពីធនាគារជាតិ និងប្រព័ន្ធពាក់ព័ន្ធ»។
ជនរងគ្រោះអះអាងបន្តថា អតិថិជនដែលត្រូវបានក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) បង្កកលុយក្នុងធនាគារអាចមានចំនួនរហូតដល់រាប់ម៉ឺននាក់ ។ ជនរងគ្រោះថា ការបង្ក្រាបដោយហិង្សាលើក្រុមអ្នកតវ៉ាថ្មីៗនេះក៏មិនអាចបញ្ឈប់ ឬធ្វើឱ្យជនរងគ្រោះដែលមានលុយច្រើនក្នុងគណនីខ្លាចញញើតនាំគ្នាបញ្ឈប់ការចេញតវ៉ាដោយសន្តិវិធីឡើយ ដោយពួកគាត់បានប្ដេជ្ញាក្នុងការចេញតវ៉ាទាមទារលុយខ្លួនឯងដល់ទីបញ្ចប់៕









