អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​ជួយ​គ្រួសារ​កងទ័ព​ដែល​ពលី និង​ឈរជើង​នៅ​ជួរមុខ

0
63
កងកម្លាំង​ជួរមុខ​លោក ប៊ុង តុងធៀន (ស្ដាំ) និងពិធីបុណ្យសព​​ទាហានម្នាក់ទៀត គឺ​ សឿន សាលី។ រូប៖ បណ្ដាញសង្កម
កងកម្លាំង​ជួរមុខ​លោក ប៊ុង តុងធៀន (ស្ដាំ) និងពិធីបុណ្យសព​​ទាហានម្នាក់ទៀត គឺ​ សឿន សាលី។ រូប៖ បណ្ដាញសង្កម

អ្នកឃ្លាំមើល​បញ្ហា​នយោបាយ និង​សង្គម រិះគន់ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន​ដែល​អំពាវនាវ ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ជាមួយ​គ្រួសារ​កងទ័ព​ពលី រងរបួស និង​ពិការ អំឡុង​ពេល សង្គ្រាម​ជាមួយ​ថៃ គឺ​គ្រាន់តែ​ជា សារ​ប្រជាភិថុតិ និង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​ព្រោះ គ្មាន​ផែនការ​ច្បាស់លាស់​ក្នុង​ជួយ​ដល់​ពួកគាត់​។ ពួកគាត់​មើល​ឃើញ​ថា កងទ័ព​ខ្លះ ដែល​រង​របួស និង​មាន​ជំងឺ ប្រចាំ​កាយ ក្រោយ​សង្គ្រាម​រួច កំពុងតែ​ប្រឈម​គ្មាន​ថវិកា ព្យាបាល​ជំងឺ​ឱ្យ​បាន​ត្រឹមត្រូវ។

រដ្ឋាភិបាល​កម្ពុជា ហាក់​ពុំ​សូវ​ឱ្យ​តម្លៃ និង​គិតគូរ​ពី​ជីវភាព​កងទ័ព​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ បើ​ទោះបីជា​ដឹង​ថា កងទ័ព​បាន​លះបង់​ជីវិត​ដើម្បី​ការពារ​ជាតិ និង​ពលរដ្ឋ ។ ផ្ទុយទៅវិញ គេ​តែងតែ​ឃើញ​មន្ត្រី​ធំៗ​ខ្លះ យក​វិស័យ​ការពារ​ជាតិ ជា​កន្លែង​សម្រាប់​រកលុយ និង​តែងតាំង​កូនចៅ​បក្ខពួក​ខ្លួន​ឱ្យ​មាន​តួនាទី​ធំៗ ដើម្បី​ចាំ​ការពារ​អំណាច មេដឹកនាំ​ត្រកូល​«​ហ៊ុន​» និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៨ ខែ ឧសភា​ថា វិស័យ​ការពារ​ជាតិ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុ​ជាជាង​៤​ទសវត្សរ៍​នេះ​បាន​ក្លាយ​ជា​ឧបករណ៍​នយោបាយ​របស់​បក្ស​កាន់អំណាច ហើយ​ជា​ស្ថាប័ន​ដែល​អន់ថយ​គ្មាន​ការ​រីកចម្រើន​ជា​ដុំកំភួន​នោះ​ទេ ខណៈ​ដែល​អំពើពុករលួយ បាន​ចាក់ស្រេះ​យ៉ាង​ជ្រៅ រីឯ​អ្នករងគ្រោះ គឺ​កងទ័ព​ជួរមុខ ពុំ​សូវ​មាន​ជីវភាព​ល្អ​ប្រសើរ ហើយ​សម្ភារៈ​យោធា ក៏​​មិន​សូវ​មាន​ទំនើបៗ។

លោក​បន្ត​ថា ការ​ដែល​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន អំពាវនាវ ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ខ្វល់ខ្វាយ ពី​ទុក្ខ​លំបាក​របស់​គ្រួសារ​កងទ័ព ដែល​បាន​ពលី និង​ពិកា​ភាព ដោយសារតែ​សង្គ្រាម​ជាមួយ​ថៃ​ចំនួន​លើក​២​មកនេះ គ្រាន់តែ​ជា​សារ​ប្រជាភិថុតិ។ ទន្ទឹមគ្នា​នោះ លោក​ថា លោក ហ៊ុន សែន ក៏​ទំនងជា​មនុស្ស​ម្នាក់​នៅ​ពីក្រោយ​នៃ​ការ​គំរាមកំហែង និង​រឹតត្បិត​គ្រួសារ​កងទ័ព​មិន​ឱ្យ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន របៀប​រាប់​ពី​ទុក្ខ​លំបាក ក្រោយពី​ប្ដី ឬ​ឪពុក​បាន​ពលី​ក្នុង​សង្គ្រាម ដោយ​យក​លេស​ថា​ខ្លាច​ប៉ះពាល់​ទឹកចិត្ត​កងទ័ព និង មុខមាត់​រដ្ឋាភិបាល​។ លោក ម៉ែន ណាត ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នេះ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ការ​មិន​អើពើ របស់​រដ្ឋាភិបាល ចំពោះ​ទុក្ខ​លំបាក ពិតប្រាកដ របស់​គ្រួសារ កងទ័ព​នោះ​ឡើយ ហើយ​ថែមទាំង​ចង់​បិទ​បាំង ពី​ភាព​កម្សោយ​របស់​ខ្លួន។

លោក ម៉ែន ណាត៖ «លោក ហ៊ុន សែន ធ្វើ​ខ្វល់ខ្វាយ​ពី​កងទ័ព​តែ​១​ដង្ហើមចង្រិត​ហើយ គឺ​បំភ្លេច​ចោល ហើយ​បណ្ដែត​បណ្ដោយ​ឱ្យ​គ្រួសារ​កងទ័ព​រហេមរហាម និង​ឆ្លៀត​ឱ្យ​ពួក​មន្ត្រី និង​ពួក​យោធា មេបញ្ជាការ​របស់​យោធា​ថ្នាក់លើ​ហ្នឹង កេងប្រវ័ញ្ច​ប្រាក់ខែ​កងទ័ព​ទៀត​។ មិន​ត្រឹមតែ កេងប្រវ័ញ្ច​ប្រាក់ខែ​ទេ ថែមទាំង​កាត់​ប្រាក់ខែ គាត់​យក​ទៅ​ធ្វើ​នេះ ធ្វើ​នោះ សព្វបែបយ៉ាង​។ អ៊ីចឹង​អត់​មានគំនិត អត់​មានគំនិត​ជាក់ស្ដែង​ក្នុង​ការ​លើកទឹកចិត្ត គ្រួសារ​កងទ័ព​ទេ»។

ការ​លើកឡើង​នេះ ក្រោយពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ នៅ​ឯ​ខេត្ត​តាកែវ កាល​ថ្ងៃទី៨ ខែឧសភា ដោយ​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ជាមួយ​សមាជិកគ្រួសារ​ក​ង​ទ័ព​ដែល​បាន​ពលី កងទ័ព​ដែល​ពិកា និង​របួស អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ ឱ្យ​បាន​ដិតដល់ ដោយ​លោក​បាន​អះអាង​ថា កងទ័ព​ជួរមុខ​ទាំង​នោះ​បាន​លះបង់​ច្រើនណាស់ ដើម្បី​ការពារ​ជាតិ ទឹកដី និង​ប្រជាជន​ទាំងមូល។

លោក ហ៊ុន សែន​៖ «សូម​លោក​មេឃុំ ជំទប់​ក្រុមប្រឹក្សាឃុំ និង​មន្ត្រី​ចុះ​មូលដ្ឋាន​របស់​យើង ក្ដាប់​ឱ្យ​ជាប់​ថា​ក្នុង​មូលដ្ឋាន​របស់​ខ្លួន មាន​អ្នក​យុទ្ធជន​ពលី​ប៉ុន្មាន មាន​យុទ្ធ​ជន​ពិកា​ប៉ុន្មាន មានគ្រួសារ​នៅ​សមរភូមិ​មុខ​ប៉ុន្មាន​។ កុំ​ឱ្យ​គេ​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ​ផង ប្រពន្ធ​នៅ​ខាងក្រោយ​ជិត​ឆ្លងទន្លេ ដោយ​គ្មាន​ការ​អើពើ​ពី​អាជ្ញាធរ​មូលដ្ឋាន​។ សូម​បងប្អូន​ការពារ​ជាតិ ដើម្បី​សេចក្ដី​សុខ​ដល់​បងប្អូន​ទាំងអស់គ្នា ដូច្នេះ​ដោយ​យើង​គ្រាន់តែ​អើតមើល ជួយ​ទំនុកបម្រុង សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់ ដែល​ជា​កាតព្វកិច្ច​របស់​យើង​ដែល​ចូលរួម​ក្នុង​វិស័យ​ការពារ​ជាតិ​។ បង្គោលគ្រួសារ​ត្រូវ​បាន​បាត់បង់ ពលី​ជីវិត​ទៅ​ហើយ យើង​ត្រូវ​ជួយ​មើល​ពួកគាត់ មើល​កូន​គាត់ ដើម្បី​ឱ្យ​កូន​គាត់​បាន​រៀនសូត្រ»។

ទោះជា​យ៉ាងណា គេ​សង្កេត​ឃើញ​ថា ចាប់តាំងពី​កម្ពុជា មាន​សង្គ្រាម​ជាមួយ​ថៃ​ចំនួន​២​លើកឡើង មានគ្រួសារ​កងទ័ព​មួយចំនួន បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​អំពាវនាវ​ដល់​សប្បុរសជន​ឱ្យ​ជួយ ដល់​ពួកគាត់ ព្រោះតែ​ជីវភាព​ខ្វះខាត ខណៈ​កងទ័ព​ខ្លះ ពិកា និង​មាន​ជំងឺ​ប្រចាំ​កាយ ទាំង​គ្មាន​ថវិកា សម្រាប់​ចំណាយ​លើ​ការ​ព្យាបាល ឱ្យ​បាន​ត្រឹមត្រូវ​។ រីឯ កងទ័ព​ខ្លះទៀត ដែល​មាន​ការចាប់អារម្មណ៍​ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ក៏​មាន សប្បុរសជន ជួយ​ច្រើន រួម​ទាំង​មាន​ប្រាក់ឧបត្ថម្ភ បន្ថែម​ពី​រដ្ឋាភិបាល​។ ចំណែក​គ្រួសារ កងទ័ព​ខ្លះ ដែល​ពុំ​ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​សុំ​ជំនួយ​ពី​សប្បុរសជន បន្ត​រស់នៅ​ដោយ​ជីវភាព​ក្រខ្សត់។

រីឯ​កងទ័ព​ម្នាក់​ដែល​បាន ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​ខេត្ត​ឧត្តរមានជ័យ អំឡុង​ពេល​ផ្ទុះ​សង្គ្រាម​ជាមួយ​ថៃ ចំនួន​២​លើក​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ព្រោះ​បារម្ភ​ពី សុវត្ថិភាព​លើកឡើង​ថា បច្ចុប្បន្ន លោក​កំពុងតែ​ដេក​សម្រាក​ព្យាបាល​ជំងឺ​ជិត​៧​ខែ ហើយ​។ លោក​ត្រូវ​លាង​ឈាម​ជា​ប្រចាំ​សប្ដាហ៍​នៅ​មន្ទីរពេទ្យ​កេតុមាលា ឬ​ហៅថា​ពេទ្យ​ទាហាន ភ្នំពេញ ក្រោយពី​រង​ឥទ្ធិពល​ផ្សែង​ពុល របស់​យោធ​ថៃ កាលពី​អំឡុង​ផ្ទុះ​សង្គ្រាម ជាមួយ​ថ្ងៃ​។​

​ថ្វីត្បិតតែ លោក​មាន​ជំងឺ ដោយសារតែ សង្គ្រាម​ក្ដី លោក​ពុំ​ទទួល​ថវិកា ឬ​ការ​មើលថែ​ដិតដល់​ពី​រដ្ឋាភិបាល​នោះ​ទេ ។ បច្ចុប្បន្ន លោក​កំពុងតែ ស្នាក់​នៅក្នុង​បន្ទប់​ជួល​ដ៏​តូច​ចង្អៀត​មួយ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចាំ​លាង​ឈាម​ជាប្រចាំ​សប្ដាហ៍ ព្រោះ​លោក​មិនអាច​ត្រឡប់​នៅ​ភូមិកំណើត​នៅ​ឯ​ខេត្ត​ឧត្តរមានជ័យ បាន​ទេ ព្រោះ​ឆ្ងាយ​គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ធ្វើដំណើរ។

កន្លងទៅ លោក​ធ្លាប់​បាន​ថវិកា​ខ្លះ​ពី​សប្បុរសជន និង​អំណោយ​បន្តិច​បន្តូច​ពី​រដ្ឋាភិបាល ទុក​គ្រាន់​ទិញ​ម្ហូប និង​ទិញ​ថ្នាំ​ជំនួយ​ខ្លាំង ប៉ុន្តែ សព្វថ្ងៃ​លោក​កំពុង ជួប​ការ​លំបាក​ជា​ខ្លាំង ព្រោះ​គ្មាន​ថវិកា គ្រប់គ្រាន់ ហើយ​ជំងឺ​លាង​ឈាម​របស់​លោក ក៏​តែងតែ​ធ្វើទុក្ខ​ពេលខ្លះ​លោក​សឹងតែ ដក​ដង្ហើម មិន​ដល់​គ្នា ។ ទោះ​យ៉ាងណា លោក​ពុំ​ហ៊ាន​និយាយ​ឱ្យ​បាន​ទូលំទូលាយ ឬ​អំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យ​ជួយ​ថ្លៃ​ព្យាបាល​ជំងឺ​នោះ​ទេ ព្រោះ​មាន​គេ​ហាម​មិន​ឱ្យ​លោក​និយាយ​នោះ​ទេ។

ជាមួយគ្នា​នោះ​កងទ័ព​ខ្លះ​បាន​រៀបរាប់​ថា ក្រោយពី​សង្គ្រាម​បាន​ចប់ មាន​កងទ័ព​រង​របួស និង សង្គ្រោះបន្ទាន់​ជាច្រើន បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​រុស្ស៊ី ភ្នំពេញ ដើម្បី​សម្រាក​ព្យាបាល ប៉ុន្តែ​ការរៀបចំ​ឱ្យ​កងទ័ព​ដេក​សម្រាក គឺ​ធ្វើ​ឡើង ដោយ​គ្មាន​តម្លាភាព​នោះ​ទេ គឺ​កងទ័ព​ខ្លះ ត្រូវ​បាន​បែងចែក​ដោយ​ប្រកាន់​បក្ខពួក ក្នុង​ការ​រៀបចំ​ឱ្យ​សម្រាក ដើម្បី​ងាយស្រួល​ដល់​សប្បុរសជន ឬក៏​រដ្ឋាភិបាល​មក​សួរ​ទុក្ខ ដើម្បី​អាច​ទទួល​បានជា​ថវិកា​ឧបត្ថម្ភ​មួយចំនួន​។ រីឯ កងទ័ព​ខ្លះទៀត ដែល​រង​បួស​ធ្ងន់​ដែរ​​នោះ ប៉ុន្តែ​ពុំ​មែន​ជា​បក្ខពួក គេ​បញ្ជូន​ឱ្យទៅ​សម្រាក​ជាមួយ​អ្នកជំងឺ​ធម្មតា ដែល​ធ្វើ​ឱ្យ​ពួកគាត់ ពុំ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ឬ សប្បុរសជន​នោះ​ទេ។

អ្នកឃ្លាំមើល និង​មន្ត្រី​សង្គម​ស៊ីវិល បាន​ជំរុញ​ឱ្យ រដ្ឋាភិបាល​គិតគូរ​ពី​ជីវភាព​គ្រួសារ​កងទ័ព​ពលី និង​គ្រួសារ​កងទ័ព​ដែល​កំពុង​ឈរជើង​តាម​ព្រំដែន ពិតប្រាកដ​។ ពួកគាត់ ថា​ជាច្រើន​ឆ្នាំ​មកនេះ អំពើពុករលួយ ធ្ងន់ធ្ងរ​ពេក ទើបបាន ធ្វើ​ឱ្យ​វិស័យ​កងទ័ព​គ្មាន​ការ​រីកចម្រើន ហើយ​កងទ័ព​ដែល ឈរជើង តាម​ព្រំដែន​មាន​ជីវភាព​ខ្វះខាត ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក ហើយ កូនៗ​ក៏​ពុំ​សូវ ទទួល​បាន​ឱកាស​រៀនសូត្រ​បាន​ត្រឹមត្រូវ​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ