យោធា​ថៃ​ហាម​ពលរដ្ឋ​ខ្មែរ​នៅ​ឃុំ​អូរបីជាន់ ភ្ជួរ​ដី​អាស្រ័យ​ផល ដោយ​អះអាង​ថា ជា​ទឹកដី​របស់​ថៃ

0
64
ទិដ្ឋភាពទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ហាមឃាត់​ត្រាក់ទ័រ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ភ្ជួរ​ដីស្រែ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​សិលាខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ២០២៦។ រូប៖ ហ្វេសប៊ុក​ទាហានថៃ
ទិដ្ឋភាពទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ហាមឃាត់​ត្រាក់ទ័រ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ភ្ជួរ​ដីស្រែ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​សិលាខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ២០២៦។ រូប៖ ហ្វេសប៊ុក​ទាហានថៃ

យោធា​ថៃ​បាន​ហាម​ពលរដ្ឋ​ខ្មែរ​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ភ្ជួរ​ដី​ដើម្បី​អាស្រ័យ​ផល​ដោយ​ភាគី​ថៃ​អះអាង​ថា ទីតាំង​នេះ គឺ​ស្ថិត​ក្នុង​ទឹកដី​ថៃ​។ ចំណែក​ភាគី​កម្ពុជា​អះអាង​ថា តំបន់​នេះ​គឺជា​ទីតាំង​ប្រជាពលរដ្ឋ​កម្ពុជា​អាស្រ័យ​ផល​ជា​យូរណាស់​មក​ហើយ និង​ជាទី​តាំង​ដែល​កម្ពុជា​បន្ត​កាន់កាប់ ក្រោយ​មាន​បទ​ឈប់​បាញ់​បន្ទាន់​រវាង​កម្ពុជា និង​ថៃ​មក​ម្ល៉េះ។

ជម្លោះព្រំដែន​គោក​រវាង​កម្ពុជា និង​ថៃ កាន់តែ​រីក​ធំ និង​ស្មុគស្មាញ​ទោះបី​ជា​មាន​បទ​ឈប់​បាញ់ ដោយសារ​យោធា​ថៃ​បាន​បន្ត​ច្បិច​យក​ទឹកដី​កម្ពុជា​តាម​បណ្ដោយ​ព្រំដែន​តាម​គ្រប់​មធ្យោបាយ បន្ទាប់ពី​ធ្វើសង្គ្រាម​ឈ្លានពាន​ទាំង​កម្រោល​ចំនួន​ពីរ​លើក។

កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ហាមឃាត់​ត្រាក់ទ័រ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ភ្ជួរ​ដីស្រែ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​សិលាខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ​ទាហាន​ថៃ​បាន​អះអាង​ថា តំបន់​នេះ​គឺ​ស្ថិត​ក្នុង​បូរណភាព​ទឹកដី​ថៃ។

នៅក្នុង​ហេតុការណ៍​នេះ ក្រុម​ឈុត​ខ្មៅ​ថៃ​បាន​ជជែក​តវ៉ា​គ្នា​ជាមួយ​ទាហាន​ខ្មែរ ដោយ​ទាហាន​ថៃ​បាន​ទាញ​ឧបករណ៍​ចាប់​ទីតាំង​ផែនទី មក​បង្ហាញ​ទាហាន​ខ្មែរ និង​អះអាង​ថា តំបន់​ដែល​ពលរដ្ឋ​ខ្មែរ​កំពុងតែ​ភ្ជួរ​ដី​នេះ គឺ​បាន​ចូលក្នុង​ទឹកដី​ថៃ​ហួស​ពី​ទីតាំង​ដែល​កម្ពុជា​ទាមទារ​ស្របតាម​ផែនទី​ខ្នាត ១/២០០.០០០ ទៅ​ទៀត។

ជា​ការ​ឆ្លើយតប ទាហាន​ខ្មែរ​បាន​ឯកភាព​បញ្ឈប់​សកម្មភាព​ភ្ជួរ​ដី​បណ្ដោះអាសន្ន ប៉ុន្តែ​បាន​បដិសេធ​លើ​ការ​អះអាង​របស់​ទាហាន​ថៃ និង​បាន​អះអាង​ថា តំបន់​នេះ​គឺជា​ទីតាំង​ប្រជាពលរដ្ឋ​កម្ពុជា​អាស្រ័យ​ផល​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ​។ ទាហាន​ខ្មែរ​បាន​បន្ត​ថា ភាគី​កម្ពុជា​នឹង​មិន​អាច​ធ្វើ​ទៅតាម​ការ​ទាមទារ​របស់​ភាគី​ថៃ​នោះ​ឡើយ ដោយ​កម្ពុជា​នឹង​រាយការណ៍​រឿង​នេះ​ទៅ​កាន់​ថ្នាក់លើ​ដើម្បី​ដោះស្រាយ​តាមរយៈ​គណៈកម្មាធិការ​ជំនាញ។

ទីតាំង​ជម្លោះ​ថ្មី​ដែល​កម្ពុជា និង​ថៃ​បាន​ទាមទារ​នេះ ស្ថិតនៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៤៨ និង​៤៩ ក្នុងភូមិ​សាស្ត្រ​ភូមិ​សិលា​ខ្មែរ ដែល​ជាប់​នឹង​ភូមិ​អាង​សិលា ស្រុក​គោក​សូង ខេត្ត​ស្រះកែវ របស់​ប្រទេស​ថៃ។

ក្រសួង​ការពារជាតិ​បាន​ចេញ​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី​១៧ ខែឧសភា ដោយ​អះអាង​ថា តំបន់​នេះ​ជាទី​តាំង​ដែរ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​រស់នៅ និង​បង្កបង្កើនផល​ជា​យូរណាស់​មក​ហើយ និង​ជាទី​តាំង​ដែល​កម្ពុជា​បន្តកាន់កាប់ ក្រោយ​បទ​ឈប់​បាញ់​បន្ទាន់​រវាង​កម្ពុជា និង​ថៃ​បាន​ចូល​ជា​ធរមាន​មក​ម្ល៉េះ ដោយមាន​ការពិនិត្យ​លើ​ការគោរព និង​ការអនុវត្ត​វិធានការ​ទាំងអស់​ក្នុង​សេចក្ដីប្រកាស​រួម​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​ផង​ដែរ។

ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ការងារ​វាស់វែង និង​ខណ្ឌសីមា​លើ​ដី​ជាក់ស្ដែង​ជា​សមត្ថកិច្ច​ដាច់​មុខ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC)​។ ក្នុង​ន័យ​នេះ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រួម​ទាំង​យោធា និង​អាជ្ញាធរ​មូលដ្ឋាន គ្មាន​សមត្ថកិច្ច​ទៅ​ចង្អុលបង្ហាញ​ខ្សែ​ព្រំដែន​នៅ​លើ​ដី​ជាក់ស្ដែង​នោះ​ទេ​។ ចំណែក​ការងារ​ផ្ទៀងផ្ទាត់ និង​បញ្ជាក់​ខ្សែ​ព្រំដែន​អន្តរជាតិ​នៃ​ប្រទេស​ទាំងពីរ​នៅ​លើ​ដី​ជាក់ស្ដែង​វិញ ក្រសួងការពារជាតិ​បញ្ជាក់​ថា គឺជា​សមត្ថកិច្ច​របស់​ក្រុម​វាស់វែង​ចម្រុះ (JSTs) ដែល​ស្ថិត​នៅ​ក្រោម​រចនាសម្ព័ន្ធ​របស់​គណៈកម្មការ JBC នៃ​ភាគី​ទាំងពីរ។

ក៏ប៉ុន្តែ​កងទ័ព​ភូមិភាគ​ទី​១ របស់​ថៃ បាន​ចេញ​លិខិតតវ៉ា​នៅ​ថ្ងៃ​ដដែល​នោះ ដោយ​ចោទ​កម្ពុជា​ថា​បាន​រំលោភ​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០០ ឬ MOU43 ស្ដីពី​ការកំណត់​អំពី​គោលការណ៍​រួម និង​យន្តការ​នៃ​ការវាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក ដោយ​ពលរដ្ឋ​ខ្មែរ​បាន​ចូល​មក​អាស្រ័យ​ផល​ក្នុង​តំបន់​ដែល​ភាគី​ទាំងពីរ​បាន​ទាមទារ។

ទោះជា​បែបនេះ​ក្ដី ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ចោទ​ប្រកាន់​ថា គឺ​ភាគី​ថៃ​ទៅវិញ​ទេ​ដែល​តែងតែ​រំលោភ​លើ MOU43 តាមរយៈ​សកម្មភាព​រា​យ​បន្លា​លួស តម្រៀប​ទូ​កុងតឺន័រ និង​ជីក​ប្រឡាយ រំលោភ​ចូល​ទឹកដី​កម្ពុជា​នៅ​តាម​តំបន់​ព្រំដែន ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​។ លោក​បន្ត​ថា ភាគី​ថៃ​តែងតែ​ប្រើប្រាស់​អំណាច​យោធា​ដើម្បី​បកស្រាយ​ច្បាប់​តាម​អំពើ​ចិត្ត និង​ដាក់​សម្ពាធ​លើ​កម្ពុជា។

លោក អ៊ុំ សំអាន៖ «បង្គោល​ព្រំដែន​លេខ​៤៨ និង​៤៩​នេះ កន្លងមក​មាន​បញ្ហា​ដែរ ដោយសារ​ប្រជាពលរដ្ឋ​អះអាង​ថា បង្គោល​ព្រំដែន​នេះ​មិន​ស្ថិត​នៅ​ក្នុង​ទីតាំង​ចាស់​នោះ​ទេ គឺ​ថៃ​បាន​រំកិល​ចូល​ដី​យើង ឥឡូវ​គឺថា​បាន​ចូល​ឈ្លានពាន​ទឹកដី​យើង​បន្ថែម​ទៀត»។

ពាក់ព័ន្ធ​នឹង​ជម្លោះ​នេះ​ដែរ អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ លោក វីនថៃ ស៊ូវារី (Winthai Suvari) បាន​ចេញ​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃ​នេះ ដោយ​អះអាង​ថា តំបន់​ជម្លោះ​ស្ថិត​ក្នុង​ភូមិ​សិលា​ខ្មែរ ដែល​ថៃ​ហៅថា​ភូមិ​អាង​សិលា នេះ​នៅ​មិនទាន់​ច្បាស់លាស់​អំពី​ភាពជា​ម្ចាស់​កម្មសិទ្ធិ​នៅឡើយ​ទេ ដូច្នេះ​ភាគី​ថៃ​បាន​ស្នើ​ផ្អាក​សកម្មភាព​គ្រប់បែបយ៉ាង​នៅក្នុង​តំបន់​នេះ​ក្នុង​ពេល​បច្ចុប្បន្ន។

យ៉ាងណា​ក៏ដោយ​ចុះ ខណៈ​ភាគី​ថៃ​បាន​ហាម​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ភ្ជួរ​ដី​អាស្រ័យ​ផល​នៅ​ភូមិ​សិលា​ខ្មែរ​នោះ នៅ​ឯ​ភូមិ​ជោគជ័យ ឯណេះ​វិញ យោធា​ថៃ​បាន​ដឹកនាំ​ក្រុម​ពលរដ្ឋ​ថៃ​ចុះ​វាស់វែង និង​ចែក​ដី​នៅ​តំបន់​ភូមិ​ជោគជ័យ ក្នុង​ទីតាំង​ដែល​យោធា​ថៃ​ឈ្លានពាន​បាន​ពី​ពលរដ្ឋ​ខ្មែរ ខណៈ​ពេល​កន្លងមក យោធា​ថៃ​បាន​កាត់​ឆ្វៀល​ដី​ជាច្រើន​ហិកតារ និង​ជា​ច្រើនដង ចែក​ទៅ​ឱ្យ​ពលរដ្ឋ​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ