

យោធាថៃបានបន្តសកម្មភាពជីកប្រឡាយក្នុងតំបន់ខ្សែបន្ទាត់ព្រំដែនជាឯកតោភាគី ដោយរំលោភចូលក្នុងទឹកដីកម្ពុជា នៅតំបន់ព្រំដែនស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ចំណែកនៅតំបន់ផ្សេងទៀត យោធាថៃបានបន្តរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជា និងសាងសង់សំណង់រឹងជាច្រើនកន្លែងទៀត ក្នុងទីតាំងដែលយោធាថៃបានដណ្ដើមចូលកាន់កាប់ពីកម្ពុជា។
នៅតំបន់ព្រំដែនក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យោធាថៃបានបង្កើតសកម្មភាពរាតត្បាតចូលក្នុងទឹកដីកម្ពុជាយ៉ាងងាយស្រួល ដោយពួកគេបានដើរចង្អុលក្នុងទឹកដីកម្ពុជា ថាជាទឹកដីរបស់ប្រទេសថៃ រួចក៏បញ្ជូនកម្លាំងមករាយបន្លាលួស និងកាយប្រឡាយព័ទ្ធយកស្រស់ៗតែម្ដង។
កាលពីថ្ងៃទី១៨ ខែឧសភា យោធាថៃបានពង្រីកសកម្មភាពរាយបន្លាលួស ឈូសឆាយ ចាក់ដី និងកាយប្រឡាយដើម្បីកែប្រែផ្លូវទឹកនៅតាមបណ្ដោយអូរធម្មជាតិ ដែលភាគីកម្ពុជា និងថៃបានកំណត់យកធ្វើជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន ចាប់ពីស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបង ដែលជាប់នឹងស្រុកខ្លងហាត ខេត្តស្រះកែវ របស់ថៃ។
តាមរយៈវីដេអូនៅលើបណ្ដាញសង្គមដែលទាហានថៃបានបង្ហោះ បានបង្ហាញថា ខណៈទាហានថៃកំពុងតែបញ្ជាគ្រឿងចក្រជីកប្រឡាយ និងចាក់ដីលុបអូរធម្មជាតិ ក្នុងភូមិសាស្ត្រឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ទាហានខ្មែរបានចេញមកតវ៉ា និងរារាំងសកម្មភាពរបស់ទាហានថៃ ដោយភាគីកម្ពុជាបានលើកឡើងថា សកម្មភាពរបស់ភាគីថៃជាឯកតោភាគី គឺជារឿងខុសច្បាប់ និងធ្វើឱ្យខូចទ្រង់ទ្រាយអូរធម្មជាតិ ដែលជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន ខណៈក្រុមបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរនៅមិនទាន់កំណត់ និងបោះបង្គោលព្រំដែនជាក់លាក់នៅឡើយ។
ជាការឆ្លើយតប ទាហានថៃបានអះអាងថា សកម្មភាពជីកកកាយ និងលុបអូរធម្មជាតិនេះ គឺធ្វើឡើងនៅក្នុងទឹកដីថៃដូច្នេះគឺមិនចាំបាច់ជូនដំណឹង ឬសុំការអនុញ្ញាតពីភាគីកម្ពុជានោះឡើយ។
ទោះជាបែបនេះក្ដី ពលរដ្ឋម្នាក់នៅស្រុកភ្នំព្រឹកបានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ទាហានថៃបានដើរល្បាត រាយបន្លាលួស ចាក់ដី និងកាយប្រឡាយក្នុងទឹកដីកម្ពុជានៅតាមបណ្ដោយអូរធម្មជាតិ ចាប់ពីឃុំបារាំងធ្លាក់ និងតំបន់ភ្នំ៥៣ ភូមិគគីរ ស្ថិតក្នុងឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក រហូតដល់តំបន់មួយចំនួនក្នុងស្រុកសំពៅលូន។
ពលរដ្ឋ៖ «ខ្ញុំមានការព្រួយបារម្ភជាខ្លាំងដែលភាគីអាជ្ញាធរថៃគឺគាត់មកកាយយកដី ហើយប្រសិនបើតទៅមុខទៀត រដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន ម៉ាណែត មិនរៀបចំពាក្យបណ្ដឹងទៅអន្តរជាតិទេនោះ ខ្ញុំគិតថា នឹងបាត់បង់ទៅៗ ដោយគ្មានការតវ៉ាពីមួយជំនាន់ទៅមួយជំនាន់»។
កន្លងមកយោធាថៃបានប្រើលេសដោយចោទមកលើកម្ពុជាថា បានលួចកែប្រែផ្លូវទឹកចូលក្នុងទឹកដីថៃ និងបានបញ្ជូនកងកម្លាំងមកដើរល្បាត រាយបន្លាលួស និងឈូសឆាយនៅលើទីតាំងដែលយោធាថៃបានចង្អុល និងអះអាងដោយខ្លួនឯងថាជាទឹកដីរបស់ថៃតាមអំពើចិត្ត។ ក៏ប៉ុន្តែពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដោយព្រំដែន បានអះអាងថា កន្លងមកអូរធម្មជាតិទាំងនេះមិនធ្លាប់ត្រូវគេចាក់ដីលុប ឬកាយដើម្បីកែសម្រួលចូលក្នុងទឹកដីថៃនោះឡើយ។
ពាក់ព័ន្ធនឹងរឿងនេះ អភិបាលស្រុកភ្នំព្រឹក លោក សុង សុភ័ក្ត្រ បានបដិសេធផ្ដល់បទសម្ភាស និងជំរុញឱ្យសាកសួរមន្ត្រីកិច្ចការព្រំដែន។ ក៏ប៉ុន្តែទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៩ ខែឧសភា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការអះអាងជាឯកតោភាគីរបស់យោធាថៃគឺជាសម្ដីតែម្ខាង និងមិនផ្អែកតាមខ្លឹមសារច្បាប់អន្តរជាតិនោះឡើយ។ លោកបន្តថា ការប្រើប្រាស់អូរធម្មជាតិធ្វើជាខ្សែបន្ទាត់ព្រំដែន នឹងមិនមានភាពជាក់លាក់នោះឡើយ ដូច្នេះកម្ពុជាត្រូវសើរើផែនទីរបស់អាណានិគមបារាំងខ្នាត ១/២០០.០០០ និងនិយាមកានៃការបោះបង្គោលព្រំដែនឡើងវិញ ដើម្បីប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ។
លោក ម៉ែន ណាត៖ «ការវាស់វែងព្រំដែន វាត្រូវមានភាគីទាំងសងខាង គឺមានភាគីកម្ពុជា និងថៃព្រមព្រៀងគ្នា ដើម្បីយកចំណុចឯកភាពមួយ។ ហើយចំណុចឯកភាពហ្នឹង ត្រូវតែដើរតាមខ្សែបន្ទាត់នៃផែនទីរបស់អាណានិគមបារាំង ដោយមិនអាចកែប្រែបន្ទាត់ព្រំដែនតាមអំពើចិត្តហើយយកលេសថា ធ្វើតាមខ្សែបន្ទាត់ព្រំដែនរបស់បារាំងបាននោះទេ»។
ក្រៅពីតំបន់ព្រំដែនក្នុងខេត្តបាត់ដំបង យោធាថៃបានឈ្លានពានចូលក្នុងទឹកដីកម្ពុជា ដោយប្រើប្រាស់វិធីកែប្រែអូរធម្មជាតិ ដែលជាខ្សែបន្ទាត់ព្រំដែនដូចគ្នានេះដែរ នៅតំបន់ព្រំដែនខេត្តប៉ៃលិន ដែលស្ថិតនៅជាប់នឹងស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី របស់ថៃ។
ក្នុងសកម្មភាពឈ្លានពាននេះ យោធាថៃបានធ្វើសកម្មភាពឈូសព្រៃ និងកសាងផ្លូវជាច្រើនទីតាំងនៅតាមបណ្ដោយជ្រលងភ្នំ និងអូរធម្មជាតិ ដោយបានកែប្រែផ្លូវទឹកចូលក្នុងទឹកដីកម្ពុជានៅតំបន់ក្រចកសេះ សង្កាត់បរយ៉ាខា និងនៅក្នុងទីតាំងដីចម្ការរបស់ពលរដ្ឋខ្មែរមួយកន្លែង នៅឃុំស្ទឹងកាច់ ស្ថិតក្នុងស្រុកសាលាក្រៅ និងនៅក្នុងតំបន់មួយចំនួនទៀត។
ចំណែកនៅព្រំដែនខេត្តព្រះវិហារ ក្នុងតំបន់អានសេះ ភ្នំ៥០០ និងភ្នំទ្រព្យ ដែល ជាមូលដ្ឋានទ័ពរបស់ទាហានខ្មែរ ហើយត្រូវយោធាថៃវាយដណ្ដើមកាន់កាប់បាននោះ យោធាថៃបានតភ្ជាប់បណ្ដាញអគ្គីសនី និងបង្កើតគម្រោងដាំដើមឈើឡើងវិញ ដើម្បីអភិវឌ្ឍតំបន់ទាំងនេះឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍។ ដោយឡែកនៅភ្នំប៉ោយ តំបន់អូរស្មាច់ ខេត្តឧត្ដរមានជ័យ ទាហានថៃបានរាយបន្លាលួសយកដីខ្មែរបន្ថែម ទៀត។ នេះបើតាមវីដេអូរបស់ទាហានខ្មែរ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម៕









