យោធា​ថៃ​បន្ត​ធ្វើ​សកម្មភាព​ឈ្លានពាន និង​សាងសង់​សំណង់​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា

0
68
ទិដ្ឋភាពទាហានថៃបានរាយបន្លាលួសនិងប្រើគ្រឿងចក្រជីកប្រឡាយដើម្បីកំណត់ព្រំដែនថ្មីដោយរំលោភទឹកដីខ្មែរនៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៦។ រូប៖ ទាហាន​ថៃ
ទិដ្ឋភាពទាហានថៃបានរាយបន្លាលួសនិងប្រើគ្រឿងចក្រជីកប្រឡាយដើម្បីកំណត់ព្រំដែនថ្មីដោយរំលោភទឹកដីខ្មែរនៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៦។ រូប៖ ទាហាន​ថៃ

យោធា​ថៃ​បាន​បន្តសកម្មភាព​ជីក​ប្រឡាយ​ក្នុង​តំបន់​ខ្សែបន្ទាត់​ព្រំដែន​ជា​ឯកតោភាគី ដោយ​រំលោភ​ចូលក្នុង​ទឹកដី​កម្ពុជា នៅ​តំបន់​ព្រំដែន​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។ ចំណែក​នៅ​តំបន់​ផ្សេងទៀត យោធា​ថៃ​បាន​បន្ត​រាយ​បន្លា​លួស​ចូលក្នុង​ទឹកដី​កម្ពុជា និង​សាងសង់​សំណង់​រឹង​ជាច្រើន​កន្លែង​ទៀត ក្នុង​ទីតាំង​ដែល​យោធា​ថៃ​បាន​ដណ្ដើម​ចូលកាន់​កាប់​ពី​កម្ពុជា។

នៅ​តំបន់​ព្រំដែន​ក្នុងស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង យោធា​ថៃ​បាន​បង្កើត​សកម្មភាព​រាតត្បាត​ចូលក្នុង​ទឹកដី​កម្ពុជា​យ៉ាង​ងាយស្រួល ដោយ​ពួកគេ​បាន​ដើរ​ចង្អុល​ក្នុង​ទឹកដី​កម្ពុជា ថា​ជា​ទឹកដី​របស់​ប្រទេស​ថៃ រួច​ក៏​បញ្ជូន​កម្លាំង​មករា​យ​បន្លា​លួស និង​កាយ​ប្រឡាយ​ព័ទ្ធ​យក​ស្រស់ៗ​តែម្ដង។

កាលពី​ថ្ងៃទី​១៨ ខែឧសភា យោធា​ថៃ​បាន​ពង្រីក​សកម្មភាព​រា​យ​បន្លា​លួស ឈូសឆាយ ចាក់ដី និង​កាយ​ប្រឡាយ​ដើម្បី​កែប្រែ​ផ្លូវទឹក​នៅ​តាម​បណ្ដោយ​អូរ​ធម្មជាតិ ដែល​ភាគី​កម្ពុជា និង​ថៃ​បាន​កំណត់​យក​ធ្វើជា​ខ្សែបន្ទាត់​ព្រំដែន​បណ្ដោះអាសន្ន ចាប់ពី​ស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ក្នុង​ខេត្តបាត់ដំបង ដែល​ជាប់​នឹង​ស្រុក​ខ្លងហាត ខេត្ត​ស្រះកែវ របស់​ថៃ។

តាមរយៈ​វីដេអូ​នៅលើ​បណ្ដាញ​សង្គម​ដែល​ទាហាន​ថៃ​បាន​បង្ហោះ បាន​បង្ហាញថា ខណៈ​ទាហាន​ថៃ​កំពុងតែ​បញ្ជា​គ្រឿងចក្រ​ជីក​ប្រឡាយ និង​ចាក់​ដី​លុប​អូរ​ធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ទាហាន​ខ្មែរ​បាន​ចេញ​មក​តវ៉ា និង​រារាំង​សកម្មភាព​របស់​ទាហាន​ថៃ ដោយ​ភាគី​កម្ពុជា​បាន​លើកឡើង​ថា សកម្មភាព​របស់​ភាគី​ថៃ​ជា​ឯកតោភាគី គឺជា​រឿង​ខុសច្បាប់ និង​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​អូរ​ធម្មជាតិ ដែល​ជា​ខ្សែបន្ទាត់​ព្រំដែន​បណ្ដោះអាសន្ន ខណៈ​ក្រុមបច្ចេកទេស​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នៅ​មិនទាន់​កំណត់ និង​បោះបង្គោល​ព្រំដែន​ជាក់លាក់​នៅឡើយ។

ជា​ការ​ឆ្លើយតប ទាហាន​ថៃ​បាន​អះអាង​ថា សកម្មភាព​ជីក​កកាយ និង​លុប​អូរ​ធម្មជាតិ​នេះ គឺ​ធ្វើ​ឡើង​នៅក្នុង​ទឹកដី​ថៃ​ដូច្នេះ​គឺ​មិន​ចាំបាច់​ជូនដំណឹង ឬ​សុំ​ការអនុញ្ញាត​ពី​ភាគី​កម្ពុជា​នោះ​ឡើយ។

ទោះជា​បែបនេះ​ក្ដី ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​ភ្នំព្រឹក​បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ទាហាន​ថៃ​បាន​ដើរ​ល្បាត រាយ​បន្លា​លួស ចាក់​ដី និង​កាយ​ប្រឡាយ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​បណ្ដោយ​អូរធម្មជាតិ ចាប់ពី​ឃុំ​បារាំង​ធ្លាក់ និង​តំបន់​ភ្នំ​៥៣ ភូមិ​គគីរ ស្ថិត​ក្នុង​ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក រហូតដល់​តំបន់​មួយចំនួន​ក្នុងស្រុក​សំពៅ​លូន។

ពលរដ្ឋ៖ «ខ្ញុំមានការព្រួយបារម្ភជាខ្លាំងដែលភាគីអាជ្ញាធរថៃគឺគាត់មកកាយយកដី ហើយ​ប្រសិនបើ​តទៅមុខ​ទៀត រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន ម៉ាណែត មិនរៀបចំ​ពាក្យ​បណ្ដឹងទៅ​អន្តរជាតិ​ទេ​នោះ ខ្ញុំគិតថា នឹង​បាត់បង់ទៅៗ ដោយ​គ្មាន​ការ​តវ៉ាពីមួយជំនាន់ទៅមួយជំនាន់»

កន្លងមក​យោធា​ថៃ​បាន​ប្រើ​លេស​ដោយ​ចោទ​មក​លើ​កម្ពុជា​ថា បាន​លួច​កែប្រែ​ផ្លូវទឹក​ចូលក្នុង​ទឹកដី​ថៃ និង​បាន​បញ្ជូន​កងកម្លាំង​មក​ដើរ​ល្បាត រាយ​បន្លា​លួស និង​ឈូស​ឆាយ​នៅ​លើ​ទីតាំង​ដែល​យោធា​ថៃ​បាន​ចង្អុល និង​អះអាង​ដោយ​ខ្លួនឯង​ថា​ជា​ទឹកដី​របស់​ថៃ​តាម​អំពើ​ចិត្ត។ ក៏ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន បាន​អះអាង​ថា កន្លងមក​អូរ​ធម្មជាតិ​ទាំងនេះ​មិន​ធ្លាប់​ត្រូវ​គេ​ចាក់​ដី​លុប ឬ​កាយ​ដើម្បី​កែសម្រួល​ចូលក្នុង​ទឹកដី​ថៃ​នោះ​ឡើយ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ អភិបាលស្រុក​ភ្នំព្រឹក លោក សុង សុភ័ក្ត្រ បាន​បដិសេធ​ផ្ដល់​បទ​សម្ភាស និង​ជំរុញ​ឱ្យ​សាកសួរ​មន្ត្រី​កិច្ចការ​ព្រំដែន​។ ក៏ប៉ុន្តែ​ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៩ ខែ​ឧសភា។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ថា ការ​អះអាង​ជា​ឯកតោភាគី​របស់​យោធា​ថៃ​គឺជា​សម្ដី​តែ​ម្ខាង និង​មិន​ផ្អែក​តាម​ខ្លឹមសារ​ច្បាប់​អន្តរជាតិ​នោះ​ឡើយ​។ លោក​បន្ត​ថា ការប្រើប្រាស់​អូរ​ធម្មជាតិ​ធ្វើជា​ខ្សែបន្ទាត់​ព្រំដែន នឹង​មិន​មាន​ភាព​ជាក់លាក់​នោះ​ឡើយ ដូច្នេះ​កម្ពុជា​ត្រូវ​សើរើ​ផែនទី​របស់​អាណានិគម​បារាំង​ខ្នាត ១/២០០.០០០ និង​និយាម​កា​នៃ​ការ​បោះបង្គោល​ព្រំដែន​ឡើងវិញ ដើម្បី​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ។

លោក ម៉ែន ណាត៖ «ការវាស់វែងព្រំដែន វាត្រូវមានភាគីទាំងសងខាង គឺមានភាគីកម្ពុជា និងថៃព្រមព្រៀងគ្នា ដើម្បីយកចំណុចឯកភាពមួយ។ ហើយចំណុចឯកភាពហ្នឹង ត្រូវតែ​ដើរ​តាម​ខ្សែបន្ទាត់នៃផែនទីរបស់អាណានិគមបារាំង ដោយ​មិនអាច​កែប្រែ​បន្ទាត់​ព្រំដែន​តាម​អំពើចិត្តហើយយកលេសថា ធ្វើ​តាម​ខ្សែបន្ទាត់ព្រំដែនរបស់បារាំងបាននោះទេ»

ក្រៅពី​តំបន់​ព្រំដែន​ក្នុង​ខេត្តបាត់ដំបង យោធា​ថៃ​បាន​ឈ្លានពាន​ចូលក្នុង​ទឹកដី​កម្ពុជា ដោយ​ប្រើប្រាស់​វិធី​កែប្រែ​អូរ​ធម្មជាតិ ដែល​ជា​ខ្សែបន្ទាត់​ព្រំដែន​ដូចគ្នា​នេះ​ដែរ នៅ​តំបន់​ព្រំដែន​ខេត្ត​ប៉ៃលិន ដែល​ស្ថិត​នៅ​ជាប់​នឹង​ស្រុក​ពោង​ណាំរ៉ន ខេត្ត​ចន្ទបុរី របស់​ថៃ។

ក្នុង​សកម្មភាព​ឈ្លានពាន​នេះ យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​ឈូស​ព្រៃ និង​កសាង​ផ្លូវ​ជាច្រើន​ទីតាំង​នៅ​តាម​បណ្ដោយ​ជ្រលង​ភ្នំ និង​អូរ​ធម្មជាតិ ដោយ​បាន​កែប្រែ​ផ្លូវទឹក​ចូលក្នុង​ទឹកដី​កម្ពុជា​នៅ​តំបន់​ក្រចកសេះ សង្កាត់​បរយ៉ាខា និង​នៅក្នុង​ទីតាំង​ដីចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​កន្លែង នៅ​ឃុំ​ស្ទឹង​កាច់ ស្ថិត​ក្នុង​ស្រុក​សាលា​ក្រៅ និង​នៅក្នុង​តំបន់​មួយ​ចំនួន​ទៀត។

ចំណែក​នៅ​ព្រំដែន​ខេត្តព្រះវិហារ ក្នុង​តំបន់​អានសេះ ភ្នំ​៥០០ និង​ភ្នំ​ទ្រព្យ ដែល ជា​មូលដ្ឋានទ័ព​របស់​ទាហាន​ខ្មែរ ហើយ​ត្រូវ​យោធា​ថៃ​វាយ​ដណ្ដើម​កាន់កាប់​បាន​នោះ យោធា​ថៃ​បាន​ត​ភ្ជាប់​បណ្ដាញអគ្គីសនី និង​បង្កើត​គម្រោង​ដាំ​ដើមឈើ​ឡើងវិញ ដើម្បី​អភិវឌ្ឍ​តំបន់​ទាំងនេះ​ឱ្យ​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​។ ដោយឡែក​នៅ​ភ្នំ​ប៉ោយ តំបន់​អូរ​ស្មាច់ ខេត្តឧត្ដរមានជ័យ ទាហាន​ថៃ​បាន​រាយ​បន្លា​លួស​យក​ដី​ខ្មែរ​បន្ថែម ទៀត​។ នេះ​បើ​តាម​វីដេអូ​របស់​ទាហាន​ខ្មែរ ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ