

កងទ័ពខ្មែរបានយល់ព្រមដកថយចេញពីទីតាំងដែលថៃហាមពលរដ្ឋខ្មែរមិនឱ្យភ្ជួរដីអាស្រ័យផលនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ចម្ងាយប្រហែល៤០០ម៉ែត្រ បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមថា នឹងមិនប្រើប្រាស់តំបន់ជម្លោះនេះទេ រហូតដល់មានការបោះបង្គោលព្រំដែនជាផ្លូវការ។ មន្ត្រីគណបក្សប្រឆាំងថា ការចរចានេះ ភាគីកម្ពុជាបានចាញ់ប្រៀបភាគីថៃទាំងស្រុង ដោយសារតែភាគីថៃកំពុងកាន់កាប់ចូលក្នុងទឹកដីកម្ពុជា លើសពីតំបន់ដែលភាគីថៃបានទាមទារជាច្រើនទីតាំង ក៏ប៉ុន្តែភាគីថៃនៅតែមិនព្រមដកកងទ័ពចេញ តាមសំណើរបស់កម្ពុជានោះឡើយ។
តំបន់ភូមិសិលាខ្មែរ ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពេលនេះត្រូវយោធាថៃដាក់បញ្ចូលទៅក្នុងតំបន់ត្រួតស៊ីគ្នាហើយ ក្រោយទាហានថៃបានហាមពលរដ្ឋខ្មែរមិនឱ្យភ្ជួរដីដែលពួកគាត់ធ្លាប់អាស្រ័យផលជាង៣០ឆ្នាំមកហើយនោះ។
កាលពីថ្ងៃទី២០ ខែឧសភា ទាហានខ្មែរកងការពារព្រំដែនលេខ៥០៣ និងទាហានឈុតខ្មៅថៃប្រចាំការនៅតំបន់ព្រំដែនលេខ១២ បានចុះត្រួតពិនិត្យ និងចរចាគ្នានៅតំបន់ព្រំដែនភូមិសិលាខ្មែរ ដែលជាប់នឹងស្រុកគោកស៊ូង ខេត្តស្រះកែវ របស់ថៃ ក្រោយពេលដែលយោធាថៃបានហាមពលរដ្ឋខ្មែរភ្ជួរដីដើម្បីអាស្រ័យផល។
ភាគីថៃ បានអះអាងថា នៅក្នុងកិច្ចចរចានោះ ភាគីថៃបានបង្ហាញឧបករណ៍វាស់ទីតាំង កូអរដោនេ GPS ទៅកាន់ភាគីកម្ពុជា ហើយក្រោយមកភាគីកម្ពុជាបានយល់ព្រមទៅនឹងលក្ខខណ្ឌព្រមព្រៀង ដោយភាគីកម្ពុជាត្រូវដកថយចម្ងាយប្រហែល ៤០០ម៉ែត្រ ចេញពីតំបន់ដែលកំពុងមានជម្លោះនោះ។ ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពគ្នា ដោយមិនអនុញ្ញាតឱ្យភាគីណាមួយប្រើប្រាស់តំបន់មានជម្លោះនេះ រហូតដល់គណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ (JBC) បញ្ចប់ការបោះបង្គោលព្រំដែនជាផ្លូវការនាពេលអនាគត។
កាលពីថ្ងៃទី១៧ ខែឧសភា ទាហានឈុតខ្មៅថៃបានហាមឃាត់ត្រាក់ទ័ររបស់ពលរដ្ឋខ្មែរដែលកំពុងភ្ជួរដីស្រែមួយកន្លែង ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយទាហានថៃបានអះអាងថា តំបន់នេះគឺស្ថិតក្នុងបូរណភាពទឹកដីថៃ និងហួសពីទីតាំងដែលកម្ពុជាទាមទារស្របតាមផែនទីខ្នាត ១/២០០.០០០។ ហេតុការណ៍នេះបាននាំឱ្យមានការប្រឈមមុខដាក់គ្នារវាងអ្នកភូមិនៃប្រទេសទាំងពីរ រហូតទាហានខ្មែរបានចេញមកអន្តរាគមន៍ និងជជែកតវ៉ាគ្នាជាមួយទាហានថៃ ដោយទាហានខ្មែរបានអះអាងថា តំបន់នេះគឺជាទីតាំងប្រជាពលរដ្ឋកម្ពុជាអាស្រ័យផលអស់រយៈពេលរាប់សិបឆ្នាំមកហើយ។
ទូរទស្សន៍អាស៊ីសេរី មិនទាន់មានវិធីទាក់ទងមេបញ្ជាការ កងការពារព្រំដែនលេខ៥០៣ លោក រឿង សារិត ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២១ ខែឧសភា។
កាលពីថ្ងៃទី១៧ ខែឧសភា ក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាស ដោយអះអាងថា តំបន់ជម្លោះនៅភូមិសិលាខ្មែរ គឺជាទីតាំងដែរប្រជាពលរដ្ឋខ្មែរបានមករស់នៅ និងបង្កបង្កើនផលជាយូរណាស់មកហើយ និងជាទីតាំងដែលកម្ពុជាបន្តកាន់កាប់ ក្រោយបទឈប់បាញ់បន្ទាន់រវាងកម្ពុជា និងថៃបានចូលជាធរមានមកម្ល៉េះ។
ក្រសួងការពារជាតិបានបញ្ជាក់ថា ការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្ដែងជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងយោធា និងអាជ្ញាធរមូលដ្ឋាន គ្មានសមត្ថកិច្ចទៅចង្អុលបង្ហាញខ្សែព្រំដែននៅលើដីជាក់ស្ដែងនោះទេ។ ចំណែកការងារផ្ទៀងផ្ទាត់ និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិវិញ ក្រសួងការពារជាតិបញ្ជាក់ថា គឺជាសមត្ថកិច្ចរបស់ក្រុមវាស់វែងចម្រុះ(JSTs) ដែលស្ថិតនៅក្រោមរចនាសម្ព័ន្ធរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ឃើញថា ការចរចារវាងទាហានខ្មែរ ជាមួយទាហានថៃនេះ ភាគីកម្ពុជាបានចាញ់ប្រៀបភាគីថៃទាំងស្រុង ដោយសារតែភាគីថៃកំពុងកាន់កាប់ចូលក្នុងទឹកដីកម្ពុជា លើសពីតំបន់ដែលភាគីថៃបានទាមទារជាច្រើនទីតាំង ក៏ប៉ុន្តែភាគីថៃនៅតែមិនព្រមដកកងទ័ពចេញ តាមសំណើរបស់កម្ពុជានោះឡើយ។ លោកបន្តថា ផ្ទុយទៅវិញក្នុងជម្លោះនៅភូមិសិលាខ្មែរនេះ ភាគីកម្ពុជា បែរជាយល់ព្រមដកថយពីតំបន់មានជម្លោះ ដល់ទៅរាប់រយម៉ែត្រ តាមការទាមទាររបស់ភាគីថៃដោយស្រួលៗ ទៅវិញ។
លោក អ៊ុំ សំអាន៖ «ថៃគេថាកម្ពុជារំលោភចូលដីថៃ ហើយមិនឱ្យពលរដ្ឋខ្មែរភ្ជួរដី ប៉ុន្តែនៅពេលថៃរំលោភចូលដីយើងលើសពីផែនទីខ្នាត ១/៥០.០០០ បែរជាអត់អីទៅវិញ ហើយថៃបានរាយបន្លាលួស ដាក់ពង្រាយទូកុងតឺន័រ និងជីកប្រឡាយ។ លោក ហ៊ុន ម៉ាណែតនេះ ខ្លាចថៃមែនទែន អសមត្ថភាពមែនទែន តាំងពីច្បាំងជាមួយថៃទាំងពីរលើក លោក ហ៊ុន សែន និងហ៊ុន ម៉ាណែត ដូចជាបាក់ស្បាត ខ្លាចថៃវាយបណ្ដេញចេញពីអំណាច»។
ទីតាំងជម្លោះថ្មីដែលកម្ពុជា និងថៃបានទាមទារនេះ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៨ និង៤៩ ដែលជាបង្គោលព្រំដែនបណ្ដោះអាសន្ន។ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាអតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជា ដែលមានមូលដ្ឋានទ័ពនៅតំបន់ព្រំដែនថៃ គឺលោក ញឹក ប៊ុនឆៃ បានអះអាងថា ទីតាំងបង្គោលព្រំដែនកម្ពុជា-ថៃ ចាប់ពីលេខ៤១ រហូតដល់លេខ៤៩ ក្បែរស្ពានប៉ោយប៉ែត ត្រូវប្រទេសថៃរំកិលចូលក្នុងទឹកដីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលទសវត្សឆ្នាំ៧០ និង៨០ តាមរយៈការជីកទំនប់ និងប្រឡាយ។
លោក ញឹក ប៊ុនឆៃ អះអាងទៀតថា នៅចន្លោះបង្គោលព្រំដែននេះ យោធាថៃធ្លាប់បាញ់ផ្លោងកាំភ្លើងធំជាច្រើនគ្រាប់ ចូលក្នុងមូលដ្ឋានជំរំគោកស៊ូង បណ្ដាលឱ្យពលរដ្ឋខ្មែរដែលកំពុងរង់ចាំបើកអង្ករ និងសម្ភារៈពីអង្គការសហប្រជាជាតិ បានស្លាប់ជាង៦០នាក់ និងរបួសរាប់រយនាក់។
ក្រៅពីរំកិលបង្គោលព្រំដែន នៅជំនាន់នោះយោធាថៃបានលួចចូលកាន់កាប់ប្រាសាទស្តុកកក់ធំ ដែលស្ថិតនៅក្នុងដីកម្ពុជាក្នុងឃុំអូរបីជាន់ ដោយស្ងាត់ៗ ខណៈប្រាសាទបុរាណមួយនេះ បានស្ថិតក្នុងការគ្រប់គ្រងដោយរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (KPNLF) របស់លោក សឺន សាន ក្នុងអំឡុងផ្ទុះសង្គ្រាមស៊ីវិល។
ដូចគ្នានេះដែរ អតីតទាហានប៉ារ៉ាម្នាក់ គឺលោក ហួន សារ៉ាវុធ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថា បន្ទាប់ពីការធ្វើសមាហរណកម្ម និងបញ្ចប់សង្គ្រាមស៊ីវិលឆ្នាំ១៩៩១ យោធាថៃបានចូលកាន់កាប់ប្រាសាទស្ដុកកក់ធំ និងតំបន់ដែលជាទីតាំងជំរំចាស់ក្នុងទឹកដីកម្ពុជា ចាប់ពីភូមិឃុំអូរបីជាន់ និងតំបន់បឹងត្រកួន ដែលមានចម្ងាយហួសប្រាសាទស្តុកកក់ធំ ជិត២គីឡូម៉ែត្រ។ លោកបន្តថា ក្រោយផ្ទុះសង្គ្រាមតាមព្រំដែននៅចុងឆ្នាំ២០២៥ យោធាថៃបានព័ទ្ធយកតំបន់ទាំងនេះកាន់តែជ្រៅ ដែលកាន់តែឆ្ងាយពីបង្គោលព្រំដែនចាស់ជាច្រើនគីឡូម៉ែត្រ។
បច្ចុប្បន្នយោធាថៃបានកាត់ឆ្វៀលដីដែលដណ្ដើមពីកម្ពុជា ទាំងមុន និងក្រោយផ្ទុះសង្គ្រាមក្នុងតំបន់ទាំងនេះ យកទៅចែកឱ្យពលរដ្ឋថៃសម្រាប់បង្កបង្កើនផល និងចេញប្លង់រឹងឱ្យកាន់កាប់ស្របច្បាប់ជាបន្តបន្ទាប់។ យោធាថៃបានប្រកាសថា តំបន់ទាំងនេះនឹងត្រូវអភិវឌ្ឍជាទីប្រជុំជន ឬជាទីក្រុងខ្សែក្រវាត់ព្រំដែន ហើយភាគីថៃនឹងមិនប្រគល់ឱ្យកម្ពុជាវិញនោះឡើយ៕








