កងទ័ព​កម្ពុជា​ដកថយ​៤០០​ម៉ែត្រ ចេញ​ពី​ទីតាំង​ដែល​ថៃ​ហាម​ពលរដ្ឋ​ខ្មែរ​ភ្ជួរ​ដី​អាស្រ័យ​ផល​នៅ​អូរបីជាន់

0
40
ទាហាន​ខ្មែរ​កងការពារ​ព្រំដែន​លេខ​៥០៣ និង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រចាំការ​នៅ​តំបន់​ព្រំដែន​លេខ​១២ បាន​ចុះ​ត្រួតពិនិត្យ និង​ចរចា​គ្នា​នៅ​តំបន់​ព្រំដែន​ភូមិ​សិលា​ខ្មែរ ដែល​ជាប់​នឹង​ស្រុក​គោកស៊ូង ខេត្ត​ស្រះកែវ របស់​ថៃ ក្រោយ​ពេល​ដែល​យោធា​ថៃ​បាន​ហាម​ពលរដ្ឋ​ខ្មែរ​ភ្ជួរ​ដី​ កាលពី​ថ្ងៃទី​២០ ខែឧសភា ២០២៦។ រូប៖ ហ្វេសប៊ុក​ទាហានថៃ
ទាហាន​ខ្មែរ​កងការពារ​ព្រំដែន​លេខ​៥០៣ និង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រចាំការ​នៅ​តំបន់​ព្រំដែន​លេខ​១២ បាន​ចុះ​ត្រួតពិនិត្យ និង​ចរចា​គ្នា​នៅ​តំបន់​ព្រំដែន​ភូមិ​សិលា​ខ្មែរ ដែល​ជាប់​នឹង​ស្រុក​គោកស៊ូង ខេត្ត​ស្រះកែវ របស់​ថៃ ក្រោយ​ពេល​ដែល​យោធា​ថៃ​បាន​ហាម​ពលរដ្ឋ​ខ្មែរ​ភ្ជួរ​ដី​ កាលពី​ថ្ងៃទី​២០ ខែឧសភា ២០២៦។ រូប៖ ហ្វេសប៊ុក​ទាហានថៃ

កងទ័ព​ខ្មែរ​បាន​យល់ព្រម​ដកថយ​ចេញពី​ទីតាំង​ដែល​ថៃ​ហាម​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ភ្ជួរ​ដី​អាស្រ័យ​ផល​នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ចម្ងាយ​ប្រហែល​៤០០​ម៉ែត្រ បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​យល់ព្រម​ថា នឹង​មិន​ប្រើប្រាស់​តំបន់​ជម្លោះ​នេះ​ទេ រហូតដល់​មានការ​បោះបង្គោល​ព្រំដែន​ជា​ផ្លូវការ។ មន្ត្រី​គណបក្សប្រឆាំង​ថា ការចរចា​នេះ ភាគី​កម្ពុជា​បាន​ចាញ់​ប្រៀប​ភាគី​ថៃ​ទាំងស្រុង ដោយសារតែ​ភាគី​ថៃ​កំពុង​កាន់កាប់​ចូលក្នុង​ទឹកដី​កម្ពុជា លើស​ពី​តំបន់​ដែល​ភាគី​ថៃ​បាន​ទាមទារ​ជាច្រើន​ទីតាំង ក៏ប៉ុន្តែ​ភាគី​ថៃ​នៅតែ​មិន​ព្រម​ដក​កងទ័ព​ចេញ តាម​សំណើ​របស់​កម្ពុជា​នោះ​ឡើយ។

តំបន់​ភូមិ​សិលា​ខ្មែរ ដែល​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ពេលនេះ​ត្រូវ​យោធា​ថៃ​ដាក់បញ្ចូល​ទៅ​ក្នុង​តំបន់​ត្រួតស៊ីគ្នា​ហើយ ក្រោយ​ទាហាន​ថៃ​បាន​ហាម​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ភ្ជួរ​ដី​ដែល​ពួកគាត់​ធ្លាប់​អាស្រ័យ​ផល​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ។

កាលពី​ថ្ងៃទី​២០ ខែឧសភា ទាហាន​ខ្មែរ​កងការពារ​ព្រំដែន​លេខ​៥០៣ និង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រចាំការ​នៅ​តំបន់​ព្រំដែន​លេខ​១២ បាន​ចុះ​ត្រួតពិនិត្យ និង​ចរចា​គ្នា​នៅ​តំបន់​ព្រំដែន​ភូមិ​សិលា​ខ្មែរ ដែល​ជាប់​នឹង​ស្រុក​គោកស៊ូង ខេត្ត​ស្រះកែវ របស់​ថៃ ក្រោយ​ពេល​ដែល​យោធា​ថៃ​បាន​ហាម​ពលរដ្ឋ​ខ្មែរ​ភ្ជួរ​ដី​ដើម្បី​អាស្រ័យ​ផល។

ភាគី​ថៃ បាន​អះអាង​ថា នៅក្នុង​កិច្ចចរចា​នោះ ភាគី​ថៃ​បាន​បង្ហាញ​ឧបករណ៍​វាស់​ទីតាំង កូអរដោនេ GPS ទៅកាន់​ភាគី​កម្ពុជា ហើយ​ក្រោយមក​ភាគី​កម្ពុជា​បាន​យល់ព្រម​ទៅ​នឹង​លក្ខខណ្ឌ​ព្រមព្រៀង ដោយ​ភាគី​កម្ពុជា​ត្រូវ​ដកថយ​ចម្ងាយ​ប្រហែល ៤០០​ម៉ែត្រ ចេញពី​តំបន់​ដែល​កំពុង​មាន​ជម្លោះ​នោះ​។ ក្រៅ​ពី​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ដោយ​មិន​អនុញ្ញាត​ឱ្យ​ភាគី​ណាមួយ​ប្រើប្រាស់​តំបន់​មាន​ជម្លោះ​នេះ រហូតដល់​គណៈកម្មការ​ព្រំដែន​រួម​កម្ពុជា​-​ថៃ (JBC) បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​ជា​ផ្លូវការ​នា​ពេល​អនាគត។

កាលពី​ថ្ងៃទី​១៧ ខែឧសភា ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ហាមឃាត់​ត្រាក់ទ័រ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ភ្ជួរ​ដីស្រែ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​សិលា​ខ្មែរ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ​ទាហាន​ថៃ​បាន​អះអាង​ថា តំបន់​នេះ​គឺ​ស្ថិត​ក្នុង​បូរណភាព​ទឹកដី​ថៃ និង​ហួស​ពី​ទីតាំង​ដែល​កម្ពុជា​ទាមទារ​ស្របតាម​ផែនទី​ខ្នាត ១/២០០.០០០​។ ហេតុការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់គ្នា​រវាង​អ្នកភូមិ​នៃ​ប្រទេស​ទាំងពីរ រហូត​ទាហាន​ខ្មែរ​បាន​ចេញ​មក​អន្តរាគមន៍ និង​ជជែក​តវ៉ា​គ្នា​ជាមួយ​ទាហាន​ថៃ ដោយ​ទាហាន​ខ្មែរ​បាន​អះអាង​ថា តំបន់​នេះ​គឺជា​ទីតាំង​ប្រជាពលរដ្ឋ​កម្ពុជា​អាស្រ័យ​ផល​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ។

ទូរទស្សន៍​អាស៊ីសេរី មិន​ទាន់​មាន​វិធី​ទាក់ទង​មេបញ្ជាការ កងការពារ​ព្រំដែន​លេខ​៥០៣ លោក រឿង សារិត ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២១ ខែ​ឧសភា។

កាលពី​ថ្ងៃទី​១៧ ខែឧសភា ក្រសួងការពារជាតិ បាន​ចេញ​សេចក្ដីប្រកាស ដោយ​អះអាង​ថា តំបន់​ជម្លោះ​នៅ​ភូមិ​សិលា​ខ្មែរ គឺជា​ទីតាំង​ដែរ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​មក​រស់នៅ និង​បង្កបង្កើនផល​ជា​យូរណាស់​មក​ហើយ និង​ជាទី​តាំង​ដែល​កម្ពុជា​បន្តកាន់កាប់ ក្រោយ​បទ​ឈប់​បាញ់​បន្ទាន់​រវាង​កម្ពុជា និង​ថៃ​បាន​ចូល​ជា​ធរមាន​មក​ម្ល៉េះ។

ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ការងារ​វាស់វែង និង​ខណ្ឌសីមា​លើ​ដី​ជាក់ស្ដែង​ជា​សមត្ថកិច្ច​ដាច់​មុខ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ដោយ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រួម​ទាំង​យោធា និង​អាជ្ញាធរ​មូលដ្ឋាន គ្មាន​សមត្ថកិច្ច​ទៅ​ចង្អុលបង្ហាញ​ខ្សែ​ព្រំដែន​នៅ​លើ​ដី​ជាក់ស្ដែង​នោះ​ទេ​។ ចំណែក​ការងារ​ផ្ទៀងផ្ទាត់ និង​បញ្ជាក់​ខ្សែ​ព្រំដែន​អន្តរជាតិ​វិញ ក្រសួងការពារជាតិ​បញ្ជាក់​ថា គឺជា​សមត្ថកិច្ច​របស់​ក្រុម​វាស់វែង​ចម្រុះ​(JSTs) ដែល​ស្ថិត​នៅ​ក្រោម​រចនាសម្ព័ន្ធ​របស់​គណៈកម្មការ JBC នៃ​ភាគី​ទាំងពីរ។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់ឃើញ​ថា ការចរចា​រវាង​ទាហាន​ខ្មែរ ជាមួយ​ទាហាន​ថៃ​នេះ ភាគី​កម្ពុជា​បាន​ចាញ់​ប្រៀប​ភាគី​ថៃ​ទាំងស្រុង ដោយសារតែ​ភាគី​ថៃ​កំពុង​កាន់កាប់​ចូលក្នុង​ទឹកដី​កម្ពុជា លើស​ពី​តំបន់​ដែល​ភាគី​ថៃ​បាន​ទាមទារ​ជាច្រើន​ទីតាំង ក៏ប៉ុន្តែ​ភាគី​ថៃ​នៅតែ​មិន​ព្រម​ដក​កងទ័ព​ចេញ តាម​សំណើ​របស់​កម្ពុជា​នោះ​ឡើយ​។ លោក​បន្ត​ថា ផ្ទុយទៅវិញ​ក្នុង​ជម្លោះ​នៅ​ភូមិ​សិលា​ខ្មែរ​នេះ ភាគី​កម្ពុជា បែរជា​យល់ព្រម​ដកថយ​ពី​តំបន់​មាន​ជម្លោះ ដល់​ទៅ​រាប់​រយ​ម៉ែត្រ តាម​ការ​ទាមទារ​របស់​ភា​គី​ថៃ​ដោយ​ស្រួលៗ ទៅវិញ។

លោក អ៊ុំ សំអាន៖ «ថៃ​គេ​ថា​កម្ពុជា​រំលោភ​ចូល​ដី​ថៃ ហើយ​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ភ្ជួរ​ដី ប៉ុន្តែ​នៅពេល​ថៃ​រំលោភ​ចូល​ដី​យើង​លើស​ពី​ផែនទី​ខ្នាត ១/៥០.០០០ បែរជា​អត់​អី​ទៅវិញ ហើយ​ថៃ​បាន​រាយ​បន្លា​លួស ដាក់​ពង្រាយ​ទូ​កុងតឺន័រ និង​ជីក​ប្រឡាយ​។ លោក ហ៊ុន ម៉ា​ណែ​ត​នេះ ខ្លាច​ថៃ​មែនទែន អសមត្ថភាព​មែនទែន តាំងពី​ច្បាំង​ជាមួយ​ថៃ​ទាំង​ពីរ​លើក លោក ហ៊ុន សែន និង​ហ៊ុន ម៉ាណែត ដូចជា​បាក់ស្បាត ខ្លាច​ថៃ​វាយ​បណ្ដេញ​ចេញពី​អំណាច»។

ទីតាំង​ជម្លោះ​ថ្មី​ដែល​កម្ពុជា និង​ថៃ​បាន​ទាមទារ​នេះ ស្ថិតនៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤៨ និង​៤៩ ដែល​ជា​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន។ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​អតីត​ថ្នាក់ដឹកនាំ​ចលនា​តស៊ូ​សេរីការ​ជាតិ​កម្ពុជា ដែល​មាន​មូលដ្ឋានទ័ព​នៅ​តំបន់​ព្រំដែន​ថៃ គឺ​លោក ញឹក ប៊ុនឆៃ បាន​អះអាង​ថា ទីតាំង​បង្គោលព្រំ​ដែនកម្ពុជា​-​ថៃ ចាប់ពី​លេខ​៤១ រហូតដល់​លេខ​៤៩ ក្បែរ​ស្ពាន​ប៉ោយប៉ែត ត្រូវ​ប្រទេស​ថៃ​រំកិល​ចូលក្នុង​ទឹកដី​កម្ពុជា ក្នុង​អំឡុង​សម័យ​សង្គ្រាមស៊ីវិល​ទសវត្ស​ឆ្នាំ​៧០ និង​៨០ តាមរយៈ​ការ​ជីក​ទំនប់ និង​ប្រឡាយ។

លោក ញឹក ប៊ុនឆៃ អះអាង​ទៀត​ថា នៅ​ចន្លោះ​បង្គោល​ព្រំដែន​នេះ យោធា​ថៃ​ធ្លាប់​បាញ់​ផ្លោង​កាំភ្លើង​ធំ​ជាច្រើន​គ្រាប់ ចូលក្នុង​មូលដ្ឋាន​ជំរំ​គោកស៊ូង បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រង់ចាំ​បើក​អង្ករ និង​សម្ភារៈ​ពី​អង្គការសហប្រជាជាតិ បាន​ស្លាប់​ជាង​៦០​នាក់ និង​របួស​រាប់​រយ​នាក់។

ក្រៅពី​រំកិល​បង្គោល​ព្រំដែន នៅ​ជំនាន់​នោះ​យោធា​ថៃ​បាន​លួច​ចូល​កាន់កាប់​ប្រាសាទ​ស្តុកកក់ធំ ដែល​ស្ថិត​នៅ​ក្នុង​ដី​កម្ពុជា​ក្នុង​ឃុំ​អូរបីជាន់ ដោយ​ស្ងាត់ៗ ខណៈ​ប្រាសាទ​បុរាណ​មួយ​នេះ បាន​ស្ថិត​ក្នុង​ការគ្រប់គ្រង​ដោយ​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KPNLF) របស់​លោក សឺន សាន ក្នុង​អំឡុង​ផ្ទុះ​សង្គ្រាមស៊ីវិល។

ដូចគ្នា​នេះ​ដែរ អតីត​ទាហាន​ប៉ារ៉ាម្នាក់ គឺ​លោក ហួន សារ៉ាវុធ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា បន្ទាប់ពី​ការ​ធ្វើ​សមាហរណកម្ម និង​បញ្ចប់​សង្គ្រាមស៊ីវិល​ឆ្នាំ​១៩៩១ យោធា​ថៃ​បាន​ចូល​កាន់កាប់​ប្រាសាទស្ដុកកក់ធំ និង​តំបន់​ដែល​ជា​ទីតាំង​ជំរំ​ចាស់​ក្នុង​ទឹកដី​កម្ពុជា ចាប់ពី​ភូមិ​ឃុំ​អូរ​បី​ជាន់ និង​តំបន់​បឹង​ត្រកួន ដែល​មាន​ចម្ងាយ​ហួស​ប្រាសាទ​ស្តុកកក់ធំ ជិត​២​គីឡូម៉ែត្រ​។ លោក​បន្ត​ថា ក្រោយ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​នៅ​ចុងឆ្នាំ​២០២៥ យោធា​ថៃ​បាន​ព័ទ្ធ​យក​តំបន់​ទាំងនេះ​កាន់តែ​ជ្រៅ ដែល​កាន់តែ​ឆ្ងាយ​ពី​បង្គោល​ព្រំដែន​ចាស់​ជាច្រើន​គីឡូម៉ែត្រ។

បច្ចុប្បន្ន​យោធា​ថៃ​បាន​កាត់​ឆ្វៀល​ដី​ដែល​ដណ្ដើម​ពី​កម្ពុជា ទាំង​មុន និង​ក្រោយ​ផ្ទុះ​សង្គ្រាម​ក្នុង​តំបន់​ទាំងនេះ យក​ទៅ​ចែក​ឱ្យ​ពលរដ្ឋ​ថៃ​សម្រាប់​បង្កបង្កើនផល និង​ចេញ​ប្លង់​រឹង​ឱ្យ​កាន់កាប់​ស្របច្បាប់​ជា​បន្តបន្ទាប់​។ យោធា​ថៃ​បាន​ប្រកាស​ថា តំបន់​ទាំងនេះ​នឹង​ត្រូវ​អភិវឌ្ឍ​ជាទី​ប្រជុំជន ឬ​ជាទី​ក្រុង​ខ្សែក្រវាត់​ព្រំដែន ហើយ​ភាគី​ថៃ​នឹង​មិន​ប្រគល់​ឱ្យ​កម្ពុជា​វិញ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ