ក្រសួងការពារជាតិ​កម្ពុជា​បដិសេធ​ថា កម្ពុជា​មិន​បាន​ផ្ទុះអាវុធ​ដូច​ការ​ចោទ​របស់​ថៃ

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅ​សន្និសីទកាសែត​។ រូប៖ ក្រសួងការពារជាតិ
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅ​សន្និសីទកាសែត​។ រូប៖ ក្រសួងការពារជាតិ

ក្រសួងការពារជាតិ​កម្ពុជា នៅ​ថ្ងៃទី​២២ ខែឧសភា បាន​ច្រានចោល​ការ​ចុះផ្សាយ​របស់​ក្រុម​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ​ដែល​ថា កងកម្លាំង​កម្ពុជា​បាន​បំផ្ទុះ​អាវុធ​ចំនួន ៥​គ្រាប់ នៅ​ភូមិសាស្ត្រ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។ ក្រសួងការពារជាតិ​កម្ពុជា​ចាត់ទុក​ការ​ផ្សព្វផ្សាយ​របស់​ថៃ​ជា​ព័ត៌មាន​មិន​ពិត និង​មាន​ចេតនា​បំភាន់​សាធារណមតិ និង​បង្ក​ភាព​តានតឹង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ អ្នកឃ្លាំមើល យល់ថា ភាគី​ថៃ នៅតែ​បង្កើន​សកម្មភាព​ឈ្លានពាន​កម្ពុជា​គ្រប់​រូបភាព និង​បង្កហេតុ​ផ្សេងៗ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ថៃ ដូចដែល​គ្រួសារ​ត្រកូល​ហ៊ុន ធ្វើតាម​ការ​គូសវាស​របស់​វៀតណាម។

ស្ថានភាព​នៅ​តាម​ព្រំដែន​ខ្មែរ​-​ថៃ នៅតែ​បន្ត​ឡើង​កម្តៅ​ម្តងម្កាល​ដោយ​ភាគី​ទាំងពីរ តែង​ចោទ​គ្នា​ទៅវិញទៅមក​ពី​ការ​បង្ក​ហេតុ​និង​ការ​ផ្ទុះអាវុធ​។ ជាក់ស្តែង​នៅ​ថ្ងៃទី​២២ ខែឧសភា នេះ​ក្រុម​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ​បាន​ចោទ​ប្រកាន់​ថា កងកម្លាំង​កម្ពុជា​បាន​បំផ្ទុះ​អាវុធ​ចំនួន ៥​គ្រាប់ នៅ​ភូមិសាស្ត្រ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា លោកស្រី ម៉ាលី សុជាតា នៅ​ថ្ងៃទី​២២ ខែ​ឧសភា បាន​ច្រានចោល​ការ​ចុះផ្សាយ​របស់​ក្រុម​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ​ដែល​ថា កងកម្លាំង​កម្ពុជា​បាន​បំផ្ទុះ​អាវុធ​ចំនួន ៥​គ្រាប់ នៅ​ភូមិសាស្ត្រ​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។ ក្រសួងការពារជាតិ​កម្ពុជា​ចាត់ទុក​ការ​ផ្សព្វផ្សាយ​របស់​ថៃ​ជា​ព័ត៌មាន​មិន​ពិត និង​មាន​ចេតនា​បំភាន់​សាធារណមតិ និង​បង្ក​ភាព​តានតឹង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ។

លោកស្រី ម៉ាលី សុជាតា បាន​បន្ថែម​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ម្តង​ហើយ​ម្តង​ទៀត​ពី​សំណាក់​យោធា​ថៃ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា ព្រមទាំង​ប៉ះពាល់​ដល់​ការ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​។ ក្រសួងការពារជាតិ​​កម្ពុជា​អំពាវនាវ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ​ជាបន្ទាន់ និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំងពីរ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​សេចក្តី​ថ្លែងការណ៍​រួម​ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា បន្ថែម​ថា រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា​នៅតែ​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការគោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតីភាព សន្តិភាព និង​ស្ថិរភាព​យូរអង្វែង។

កាសែត The National បាន​ដកស្រង់​សម្ដី​កងទ័ពជើងគោក​ថៃ​នៅថ្ងៃ​នេះ​ថា សំឡេង​កាំភ្លើង​ចំនួន​ប្រាំ​គ្រាប់​ពី​ខាង​កម្ពុជា​ជិត​សុរិន្ទ។ ភាគី​កម្ពុជា​ហាក់ដូចជា​មានបំណង​យាយី​កងទ័ព​ថៃ ហើយ​ទង្វើ​នេះ​បាន​រំលោភ​លើ​សេចក្តី​ថ្លែងការណ៍​រួម​។ អង្គភាព​នានា​នៅក្នុង​តំបន់​នោះ​កំពុង​អនុវត្ត​តាម​ច្បាប់​យ៉ាង​តឹងរ៉ឹង ហើយ​នៅតែ​ត្រៀមខ្លួន​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​តាម​ការចាំបាច់។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ភាគី​ថៃ​នៅតែ​បង្កើន​សកម្មភាព​បំពុលសង្គម និង​ឈ្លានពាន​កម្ពុជា​គ្រប់​រូបភាព ពីព្រោះ​ថៃ​សង្កត់​រហូតដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឆ្លើយ​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ថៃ ដាក់​កម្ពុជា​នៅ​ក្រោម​ឥទ្ធិពល​ថៃ​ដូចដែល​ថៃ​ចង់បាន។

លោក គឹម សុខ បន្ថែម​ទៀត​ថា គោលការណ៍​កិច្ចព្រមព្រៀង​ថ្មី​ដែល​ថៃ​ចង់​ដាក់​កម្ពុជា​ឲ្យ​ឋិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ថៃ ទី​១ ថៃ​ចង់​ឲ្យ​ទំនាក់ទំនង​និង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ធ្វើតាម​ការ​គូសវាស​របស់​ថៃ ដូចដែល​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន ធ្វើតាម​ការ​គូសវាស​របស់​វៀតណាម​ដែរ។ ហើយ​ទី​២ ថៃ​ចង់​ទាត់ចោល​ឯកសារ​ពីមុន​ទាំងអស់ ដែល​បន្សល់ទុក​ដោយ​បារាំង រួម​ទាំង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង​ដែរ។ ហើយ​ងាក​ទៅ​ផលិត​ឯកសារ​ថ្មី​ទ្វេភាគី​និង​គូស​ផែនទី​ថ្មី និង​ទី​៣ ថៃ​ចង់​ឲ្យ​គ្រប់​ទំនាស់​រវាង​កម្ពុជា​-​ថៃ ត្រូវ​ដោះស្រាយ​ពី​ភាគី​សុទ្ធសាធ មិន​ឆ្លង​ទៅ​ស្ថាប័ន​អន្តរជាតិ​ឬក៏​ប្ដឹង​ទៅ​តុលាការអន្តរជាតិ​នោះ​ទេ។

លោក គឹម សុខ៖ «ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធភាព​មានតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត​ប្រមូល​យក​សំណុំរឿង​ដែល​ថៃ​ឈ្លានពាន​កម្ពុជា​ទាំងអស់ ប្ដឹង​ទៅ​តុលាការអន្តរជាតិ​ជាបន្ទាន់ ហើយ​ងាក​មក​ផ្សះផ្សា​ផ្ទៃក្នុង​ជាតិ​ពង្រឹងកម្លាំង​ជាតិ​កម្ពុជា​ឡើងវិញ ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​ថៃ»។

ទន្ទឹម​គ្នា​នេះ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក យ៉ែម បុញ្ញឫទ្ធិ បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត មួលបង្កាច់​ម្តង​ហើយ​ម្តង​ទៀត ពី​សំណាក់​យោធា​ថៃ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ដែល​ខាង​កម្ពុជា​តាម​បដិសេធ គឺជា​សង្គ្រាម​ព័ត៌មាន និង​ចិត្តសាស្ត្រ​។ លោក​បន្ត​ថា ដើម្បី​ទប់ទល់​នឹង​ទង្វើ​របស់​ភាគី​ថៃ គឺ​មានតែ​ភាគី​កម្ពុជា បើក​លំហ​ព័ត៌មាន​ពិត ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ និង​អាច​ជឿ​ទុក​ចិត្ត​បាន​ពី​ប្រជាពលរដ្ឋ។

មក​ទល់​ពេល​នេះ ថ្វី​ដ្បិត​តែ​ប្រទេស​កម្ពុជា កំពុង​រងគ្រោះ​បាត់បង់​ទឹកដី​ពី​ការឈ្លានពាន​របស់​យោធា​ថៃ​ក្តី ក៏​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិនបាន​បើក​លំហ​សេរីភាព​សារព័ត៌មាន​ដែរ និង​ថែមទាំង​បំបិទ​សិទ្ធិ​មិន​ឲ្យ​ពលរដ្ឋ និង​អ្នកសារព័ត៌មាន​ផ្សព្វផ្សាយ​អំពី​ស្ថានភាព​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ឡើយ​។ ដោយឡែក​ភាគី​ថៃ​វិញ យោធា​ថៃ មិន​ត្រឹមតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ចោទប្រកាន់​កម្ពុជា​នោះ​ទេ ថែមទាំង​ប្រើប្រាស់​កម្លាំង​ចូល​ឈ្លានពាន​យក​ទឹកដី​កម្ពុជា​ទាំង​កម្រោល​ជា​បន្តបន្ទាប់។

បច្ចុប្បន្ន​យោធា​ថៃ បាន​កាត់​ឆ្វៀល​ដី​ដែល​ដណ្ដើម​ពី​កម្ពុជា ទាំង​មុន និង​ក្រោយ​ផ្ទុះ​សង្គ្រាម យក​ទៅ​ចែក​ឱ្យ​ពលរដ្ឋ​ថៃ​សម្រាប់​បង្កបង្កើនផល និង​ចេញ​ប្លង់​រឹង​ឱ្យ​កាន់កាប់​ស្របច្បាប់​ជា​បន្តបន្ទាប់​។ យោធា​ថៃ​បាន​ប្រកាស​ថា តំបន់​ដែល​យោធា​ថៃ​កាន់កាប់​នោះ នឹង​ត្រូវ​អភិវឌ្ឍ​ជាទី​ប្រជុំជន ឬ​ជាទី​ក្រុង​ខ្សែក្រវាត់​ព្រំដែន ហើយ​ភាគី​ថៃ​នឹង​មិន​ប្រគល់​ឱ្យ​កម្ពុជា​វិញ​នោះ​ឡើយ។

កាលពី​ថ្ងៃទី​២១ ខែឧសភា តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ លោក កែវ ឈា បាន​ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​ដេញដោល​ជា​សាធារណៈ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ស្តីពី «​ការ​ការពារ​ជន​ស៊ីវិល​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​» នៅ​ទីក្រុង​ញូវយ៉ក​ថា សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​ប្រទេស​កម្ពុជា​កន្លងមក បាន​បណ្តាល​ឱ្យ​មាន​ផលវិបាក​ផ្នែក​មនុស្សធម៌​យ៉ាងធ្ងន់ធ្ងរ ក្នុង​នោះ​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​ជាង​៦​សែន​៤​ម៉ឺន ( ៦៤៩,០០០) នាក់​ត្រូវ​ផ្លាស់​ទីលំនៅ​។ លោក បន្ថែម​ថា មក​ទល់​ពេល​នេះ មនុស្ស​ប្រមាណ ៣​ម៉ឺន​២​ពាន់ (៣២,១៦០) នាក់​នៅតែ​បន្ត​បាត់បង់​ទីជម្រក ដោយសារតែ​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​ជាច្រើន​របស់​ពលរដ្ឋ​ខ្មែរ ត្រូវ​បាន​យោធា​ថៃ បំផ្លិចបំផ្លាញ​។ ក្រៅ​ពី​នេះ ប្រាសាទព្រះវិហារ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ក៏បាន​ទទួលរង​ការវាយប្រហារ​រហូត​ខ្ទេចខ្ទាំ​ផង​ដែរ។ លោក​ចាត់ទុក​ថា នេះ​គឺជា​ការរំលោភ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ