

អភិបាលខេត្តមួយចំនួនហាក់បង្ហាញសកម្មភាពបង្ក្រាបអំពើឆបោកតាមអនឡាញ ដើម្បីយកចិត្តរដ្ឋាភិបាលត្រកូល «ហ៊ុន» និងថែមទាំងប្រកាសផ្ដល់ប្រាក់រង្វាន់ដល់ពលរដ្ឋដែលរាយការណ៍ពីទីតាំងបទល្មើស ខណៈកន្លងមកអាជ្ញាធរថ្នាក់ក្រោមជាតិរងការរិះគន់ថា អសកម្ម ឬធ្វើការចាំតែស្ដាប់បញ្ជាថ្នាក់លើ និងបណ្ដោយឱ្យមានទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញរីករាលដាលក្នុងមូលដ្ឋាន។ មន្ត្រីសិទ្ធិមនុស្សវាយតម្លៃថា ប្រជាពលរដ្ឋមិនហ៊ានរាយការណ៍ពីទីតាំងអគារឆបោកតាមអនឡាញឡើយ ដោយសារបញ្ហាសេរីភាពបញ្ចេញមតិនៅកម្ពុជាកាន់តែរួមតូចចង្អៀត និងគ្មានការធានាសុវត្ថិភាពជូនពួកគាត់ច្បាស់លាស់។
ក្រោយឧក្រិដ្ឋកម្មឆបោកតាមអនឡាញរីករាលដាលដូចផ្សិត និងចាក់ឫសយ៉ាងជ្រៅនៅទូទាំងប្រទេស អាជ្ញាធរមូលដ្ឋានទើបចាប់ផ្ដើមបង្ហាញសកម្មភាពបង្ក្រាប ក្រោយមានបទបញ្ជាពីរដ្ឋាភិបាលត្រកូល «ហ៊ុន»។
ក្រោយមានបទបញ្ជាពីរដ្ឋាភិបាលត្រកូល «ហ៊ុន» អាជ្ញាធរថ្នាក់ក្រោមជាតិជាពិសេសអភិបាលខេត្តនានា បានប្រកាសផ្ដល់ប្រាក់រង្វាន់ដល់ពលរដ្ឋដែលរាយការណ៍ពីទីតាំងអគារឆបោកតាមអនឡាញ និងនាំគ្នាបង្ហាញការប្ដេជ្ញាចិត្តបង្ក្រាបបណ្ដាញឧក្រិដ្ឋជននៅតាមមូលដ្ឋាន ដើម្បីផ្គាប់ចិត្តមេកើយរបស់ខ្លួន។
ជាក់ស្ដែង នៅថ្ងៃទី២៦ ខែឧសភា អភិបាលខេត្តកណ្ដាល លោក គួច ចំរើន ប្រកាសលើហ្វេសប៊ុក (Facebook) ថា លោកនឹងផ្ដល់ប្រាក់ ចំនួន ២លានរៀលដល់ពលរដ្ឋណាដែលរាយការណ៍ពីទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញ រហូតឈានដល់ការបង្ក្រាបបាន។ លោកអះអាងថា អាជ្ញាធរនឹងរក្សាការសម្ងាត់ជូនអ្នករាយការណ៍ ខណៈអភិបាលខេត្តមួយចំនួនផ្សេងទៀតក៏បានប្រកាសផ្ដល់ប្រាក់រង្វាន់ និងលើកទឹកចិត្តពលរដ្ឋឱ្យចូលរួមផ្ដល់ព័ត៌មានដូចគ្នានេះដែរ។
ទន្ទឹមនឹងអភិបាលខេត្តកណ្ដាល លោក គួច ចំរើន ប្រកាសបែបនេះលោកខ្លួនឯងកំពុងត្រូវបានអន្តរជាតិតាមដាន និងបានជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដោយសារតែពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។
អ្នកឃ្លាំមើលយល់ថា ការប្រកាសលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមផ្ដល់ព័ត៌មានពីទីតាំងបទល្មើស គឺជារឿងល្អ ប៉ុន្តែក្នុងបរិបទកម្ពុជា វាគ្រាន់តែជាការសម្ដែងឱ្យមើលទៅល្អ និងឆ្លុះបញ្ចាំងពីអសមត្ថភាព និងកង្វះឆន្ទៈរបស់អាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបណ្ដោយឱ្យមជ្ឈមណ្ឌលឆបោកតាមអនឡាញរីករាលដាលដោយគ្មានការបង្ក្រាបឱ្យមានប្រសិទ្ធភាព។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាលោក រស់ សុដ្ឋា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៦ ខែឧសភាថា ការប្រកាសឱ្យពលរដ្ឋចូលរួមផ្ដល់ព័ត៌មានប្រឆាំងនឹងអំពើឆបោកតាមអនឡាញលុះត្រាតែរដ្ឋាភិបាលដោះស្រាយបញ្ហាសេរីភាពបញ្ចេញមតិ និងធានាចំពោះការការពារផ្លូវច្បាប់ជូនពលរដ្ឋដែលបានរាយការណ៍។ លោកបន្តថា ការដាក់គោលដៅ និងយុទ្ធនាការបង្ក្រាបរបស់រដ្ឋាភិបាលគឺជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែលោកក៏ចង់ឃើញអាជ្ញាធរធ្វើការដោយឯករាជ្យ ដើម្បីធានាចំពោះការលុបបំបាត់ឧក្រិដ្ឋកម្មនេះឱ្យដល់ឫសគល់។
លោក រស់ សុដ្ឋា៖ «បើសិនជាចង់ឱ្យប្រជាពលរដ្ឋមានការរាយការណ៍ឱ្យបានសកម្ម ទូលំទូលាយ លុះត្រាតែយើងពង្រឹងនូវបញ្ហាប្រឈមរបស់យើង ទាក់ទិននឹងការការពារនូវសិទ្ធិសេរីភាពបញ្ចេញមតិ ការបើកទូលាយឱ្យមានការចូលរួមដោយសកម្ម ហើយគ្មានការរារាំង និងមានការធានាផ្នែកសន្តិសុខ និងផ្លូវច្បាប់ដល់ពួកគាត់។ ព្រោះថា បញ្ហានេះជាបញ្ហាប្រឈមធ្លាប់កន្លងមក ដែលយើងមិនទាន់បានធ្វើបានប្រសើរនៅឡើយទេ។ អង្គការសង្គមស៊ីវិលក៏គិតគូរ មានការព្រួយបារម្ភពីបញ្ហាហ្នឹងដែរ»។
រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល «ហ៊ុន» កន្លងមកក៏ធ្លាប់ប្រកាសលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមរាយការណ៍ពីទីតាំងអគារឆបោកតាមអនឡាញដែរ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង អាជ្ញាធររបស់របបនេះតែងតែបង្ក្រាប និងចាប់ឃុំខ្លួនអ្នកដែលហ៊ានបញ្ចេញព័ត៌មាន ឬរាយការណ៍ពីទីតាំងបទល្មើសទៅវិញ។ ជាក់ស្ដែង អាជ្ញាធរបានចាប់ខ្លួនអ្នកសារព័ត៌មានអនឡាញ លោក ហែម វណ្ណា និងសហការី ២នាក់ កាលពីដើមខែកុម្ភៈ បន្ទាប់ពីពួកគាត់បានរាយការណ៍ពីទីតាំងអគារឆបោកតាមអនឡាញមួយកន្លែង ដែលជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចនៅខេត្តបន្ទាយមានជ័យ។ តុលាការបានចោទប្រកាន់លោក ហែម វណ្ណា ក្នុងសំណុំរឿងព្រហ្មទណ្ឌ មុននឹងដោះលែងឱ្យមានសេរីភាពវិញក្រោយជាប់ឃុំក្នុងពន្ធនាគារជាង ២ខែ៕









