អភិបាលខេត្ត​មួយចំនួន​ប្រកាស​ផ្ដល់​រង្វាន់​ជូន​ពលរដ្ឋ​ដែល​រាយការណ៍​ពី​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ

0
109
អភិបាលខេត្ត​កណ្ដាល លោក គួច ចំរើន (ចង្អុល​និងពាក់វ៉ែនតាខ្មៅ)។ រូប៖ បណ្ដាញសង្គម
អភិបាលខេត្ត​កណ្ដាល លោក គួច ចំរើន (ចង្អុល​និងពាក់វ៉ែនតាខ្មៅ)។ រូប៖ បណ្ដាញសង្គម

អភិបាលខេត្ត​មួយចំនួន​ហាក់​បង្ហាញ​សកម្មភាព​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ ដើម្បី​យកចិត្ត​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» និង​ថែមទាំង​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​ដល់​ពលរដ្ឋ​ដែល​រាយការណ៍​ពី​ទីតាំង​បទល្មើស ខណៈ​កន្លងមក​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​រង​ការ​រិះគន់​ថា អសកម្ម ឬ​ធ្វើការ​ចាំតែ​ស្ដាប់​បញ្ជា​ថ្នាក់លើ និង​បណ្ដោយ​ឱ្យ​មាន​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​រីករាល​ដាល​ក្នុង​មូលដ្ឋាន​។ មន្ត្រី​សិទ្ធិមនុស្ស​វាយតម្លៃ​ថា ប្រជាពលរដ្ឋ​មិន​ហ៊ាន​រាយការណ៍​ពី​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​ឡើយ ដោយសារ​បញ្ហា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ចង្អៀត និង​គ្មាន​ការ​ធានា​សុវត្ថិភាព​ជូន​ពួកគាត់​ច្បាស់លាស់។

ក្រោយ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​រីក​រាលដាល​ដូច​ផ្សិត និង​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ទូទាំង​ប្រទេស អាជ្ញាធរ​មូលដ្ឋាន​ទើប​ចាប់ផ្ដើម​បង្ហាញ​សកម្មភាព​បង្ក្រាប ក្រោយ​មាន​បទបញ្ជា​ពី​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន»។

ក្រោយ​មាន​បទបញ្ជា​ពី​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ជាពិសេស​អភិបាលខេត្ត​នានា បាន​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​ដល់​ពលរដ្ឋ​ដែល​រាយការណ៍​ពី​ទីតាំង​អគារ​ឆបោក​តាម​អន​ឡាញ និង​នាំគ្នា​បង្ហាញ​ការ​ប្ដេជ្ញាចិត្ត​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋជន​នៅ​តាម​មូលដ្ឋាន ដើម្បី​ផ្គាប់ចិត្ត​មេ​កើយ​របស់​ខ្លួន។

ជាក់ស្ដែង នៅ​ថ្ងៃទី​២៦ ខែឧសភា អភិបាលខេត្ត​កណ្ដាល លោក គួច ចំរើន ប្រកាស​លើ​ហ្វេសប៊ុក (Facebook) ថា លោក​នឹង​ផ្ដល់​ប្រាក់ ចំនួន ២​លាន​រៀល​ដល់​ពលរដ្ឋ​ណា​ដែល​រាយការណ៍​ពី​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ រហូត​ឈាន​ដល់​ការ​បង្ក្រាប​បាន​។ លោក​អះអាង​ថា អាជ្ញាធរ​នឹង​រក្សា​ការសម្ងាត់​ជូន​អ្នករាយការណ៍ ខណៈ​អភិបាលខេត្ត​មួយចំនួន​ផ្សេងទៀត​ក៏បាន​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់ និង​លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ចូល​រួម​ផ្ដល់​ព័ត៌មាន​ដូចគ្នា​នេះដែរ។

ទន្ទឹម​នឹង​អភិបាលខេត្ត​កណ្ដាល លោក គួច ចំរើន ប្រកាស​បែបនេះ​លោក​ខ្លួនឯង​កំពុង​ត្រូវ​បាន​អន្តរជាតិ​តាមដាន និង​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​សហរដ្ឋអាមេរិក ដោយសារតែ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ។

អ្នកឃ្លាំមើល​យល់ថា ការប្រកាស​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចូលរួម​ផ្ដល់​ព័ត៌មាន​ពី​ទីតាំង​បទល្មើស គឺជា​រឿង​ល្អ ប៉ុន្តែ​ក្នុង​បរិបទ​កម្ពុជា វា​គ្រាន់តែ​ជា​ការ​សម្ដែង​ឱ្យ​មើល​ទៅ​ល្អ និង​ឆ្លុះបញ្ចាំង​ពី​អសមត្ថភាព និង​កង្វះ​ឆន្ទៈ​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​កន្លងមក​បណ្ដោយ​ឱ្យ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​រីក​រាលដាល​ដោយ​គ្មាន​ការ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព។

ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​លោក រស់ សុដ្ឋា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ ខែឧសភា​ថា ការប្រកាស​ឱ្យ​ពលរដ្ឋ​ចូលរួម​ផ្ដល់​ព័ត៌មាន​ប្រឆាំង​នឹង​អំពើ​ឆបោក​តាម​អន​ឡាញ​លុះត្រាតែ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សេរីភាព​បញ្ចេញមតិ និង​ធានា​ចំពោះ​ការ​ការពារ​ផ្លូវច្បាប់​ជូន​ពលរដ្ឋ​ដែល​បាន​រាយការណ៍​។ លោក​បន្ត​ថា ការ​ដាក់​គោលដៅ និង​យុទ្ធនាការ​បង្ក្រាប​របស់​រដ្ឋាភិបាល​គឺជា​សញ្ញា​វិជ្ជមាន​មួយ ប៉ុន្តែ​លោក​ក៏​ចង់​ឃើញ​អាជ្ញាធរ​ធ្វើការ​ដោយ​ឯករាជ្យ ដើម្បី​ធានា​ចំពោះ​ការ​លុបបំបាត់​ឧក្រិដ្ឋកម្ម​នេះ​ឱ្យ​ដល់​ឫសគល់។

លោក រស់ សុដ្ឋា៖ «បើសិនជា​ចង់ឱ្យ​ប្រជាពលរដ្ឋ​មានការ​រាយការណ៍​ឱ្យ​បាន​សកម្ម ទូលំទូលាយ លុះត្រាតែ​យើង​ពង្រឹង​នូវ​បញ្ហា​ប្រឈម​របស់​យើង ទាក់ទិន​នឹង​ការ​ការពារ​នូវ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ការ​បើក​ទូលាយ​ឱ្យ​មាន​ការចូលរួម​ដោយ​សកម្ម ហើយ​គ្មាន​ការរារាំង និង​មាន​ការធានា​ផ្នែក​សន្តិសុខ និង​ផ្លូវច្បាប់​ដល់​ពួកគាត់​។ ព្រោះថា បញ្ហា​នេះ​ជា​បញ្ហា​ប្រឈម​ធ្លាប់​កន្លងមក ដែល​យើង​មិន​ទាន់​បាន​ធ្វើ​បាន​ប្រសើរ​នៅឡើយ​ទេ។ អង្គការ​សង្គម​ស៊ីវិល​ក៏​គិតគូរ មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ហ្នឹង​ដែរ»។

រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល «​ហ៊ុន​» កន្លងមក​ក៏​ធ្លាប់​ប្រកាស​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចូលរួម​រាយការណ៍​ពី​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​ដែរ ប៉ុន្តែ​នៅក្នុង​ការអនុវត្ត​ជាក់ស្ដែង អាជ្ញាធរ​របស់​របប​នេះ​តែងតែ​បង្ក្រាប និង​ចាប់​ឃុំខ្លួន​អ្នក​ដែល​ហ៊ាន​បញ្ចេញ​ព័ត៌មាន ឬ​រាយការណ៍​ពី​ទីតាំង​បទល្មើស​ទៅវិញ​។ ជាក់ស្ដែង អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នកសារព័ត៌មាន​អនឡាញ លោក ហែម វណ្ណា និង​សហការី ២​នាក់ កាលពីដើម​ខែកុម្ភៈ បន្ទាប់ពី​ពួកគាត់​បាន​រាយការណ៍​ពី​ទីតាំង​អគារ​ឆបោក​តាម​អន​ឡាញ​មួយ​កន្លែង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​នៅ​ខេត្តបន្ទាយមានជ័យ​។ តុលាការ​បាន​ចោទប្រកាន់​លោក ហែម វណ្ណា ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ មុននឹង​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ក្រោយ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ជាង ២​ខែ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ