

អ្នកឃ្លាំមើលសង្គម និងបក្សប្រឆាំង ជំរុញឲ្យរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន លើកយកបញ្ហាយោធាថៃ ទន្ទ្រានយកដឹកដីកម្ពុជា ទៅនិយាយលាតត្រដាង នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ដើម្បីទាមទារឲ្យមានអន្តរាគមន៍ ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យថៃដកកម្លាំងចេញពីទឹកដីកម្ពុជា។ ការអះអាងនេះ ខណៈរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ប្រសិនជាកម្ពុជាមិនលើកយកបញ្ហាព្រំដែន ឬបញ្ហាប្រឈមជាក់ស្តែងរបស់ជាតិ ទៅជជែកក្នុងវេទិកាកម្រិតពិភពលោកនេះ អាចឆ្លុះបញ្ចាំងពីចំណុចខ្វះខាត និងផលប៉ះពាល់មួយចំនួនដល់កម្ពុជា និងបង្ហាញថា ការទូតរបស់កម្ពុជាហាក់ដើរតាមបន្ទាត់នយោបាយការបរទេសរបស់មហាអំណាច ខ្លាំងជាងការឆ្លៀតឱកាសទាញយកចំណាប់អារម្មណ៍ពិភពលោកមកលើបញ្ហាប្រឈមផ្ទាល់ខ្លួន។
លោក សេង វណ្ណលី៖ «ការមិនហ៊ានលើកឡើងពីបញ្ហាព្រំដែន អាចស្តែងឲ្យឃើញពីការព្រួយបារម្ភខ្លាចប៉ះទង្គិចដល់ទំនាក់ទំនងទ្វេភាគី ឬខ្លាចឥទ្ធិពលរបស់ថៃ ការធ្វើបែបនេះនាំឲ្យកម្ពុជាខាតបង់នូវអធិបតេយ្យភាពក្នុងការបញ្ចេញមតិ និងការធ្វើឲ្យអន្តរជាតិមើលឃើញថា កម្ពុជាខ្វះភាពម្ចាស់ការ ក្នុងការការពារផលប្រយោជន៍ជាតិខ្លួនឯង នៅចំពោះមុខសម្ពាធពីខាងក្រៅ»។
លោក សេង វណ្ណី បន្ថែមថា ការចូលរួមត្រឹមតែកម្មវិធីពិធីការ មានការជួបសម្តែងការគួរសមបែបធម្មតា ដោយគ្មានការជជែកដេញដោលលើបញ្ហាក្តៅ ដែលជាដង្ហើមរបស់ជាតិ លោកគិតថា វាជារឿងខាតបង់ពេលវេលា និងថវិកាជាតិយ៉ាងខ្លាំង ហើយវាមិនបានផ្តល់ផលប្រយោជន៍ ជាដុំកំភួនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្តោយព្រំដែន តែងតែជួបប្រទះភាពមិនច្បាស់លាស់ និងការបំពានពីសំណាក់ភាគីថៃនោះទេ។
ការអះអាងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះ បន្ទាប់ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានថា តបតាមការអញ្ជើញរបស់ភាគីចិន ក្នុងនាមជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កិច្ចប្រជុំកម្រិតខ្ពស់នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «ការលើកកម្ពស់គោលបំណង និងគោលការណ៍ របស់ធម្មនុញ្ញ អ.ស.ប. និងការពង្រឹងប្រព័ន្ធអន្តរជាតិផ្ដោតលើ អ.ស.ប.» ដោយមានលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន ធ្វើជាអធិបតី និងចូលរួមថ្លែងសុន្ទរកថា។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា នៅឯកិច្ចប្រជុំកម្រិតខ្ពស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅហើយ ប្រមុខការទូតរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនគួរណា នៅខ្លាចឥទ្ធិពលនៃការគំរាមរបស់ថៃទៀតទេ គឺត្រូវយកសំណុំរឿង ដែលថៃឈ្លានពានទឹកដីកម្ពុជាធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ជិតមួយលាននាក់បាត់បង់ដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់ យកទៅលាតត្រដាងនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យច្បាស់។
លោក គឹម សុខ៖ «លោក ហ៊ុន ម៉ាណែត ក្តី លោក ប្រាក់ សុខុន ក្ដី ត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ ថាទៅចូលរួមកិច្ចប្រជុំនៅឯវេទិកាអន្តរជាតិ នានាជាឧទាហរណ៍ លោក ប្រាក់ សុខុន ទៅចូលរួមប្រជុំកម្រិតខ្ពស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺប្រើឈ្មោះ ប្រទេសកម្ពុជា ដូច្នេះត្រូវបង្ហាញសេចក្តីក្លាហានម៉ឺងម៉ាត់ និយាយឲ្យច្បាស់ និងលើកភស្តុតាងឲ្យចំ អំពីការឈ្លានពានរបស់ភាគីថៃលើទឹកដីនៃប្រទេសកម្ពុជា ដើម្បីការពារទឹកដីកម្ពុជា ហើយនិងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ»។
លោក គឹម សុខ បន្ថែមថា ត្រូវទាមទារឲ្យមានអន្តរាគមន៍ ពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ឲ្យថៃដកកម្លាំងចេញពីទឹកដីកម្ពុជាដាច់ខាត ពីព្រោះនេះគឺជាយន្តការការងាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងកិច្ចអន្តរាគមន៍លើអំពើឈ្លានពានណាមួយនៅក្នុងពិភពលោក ហើយក៏វាស្របទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជាដែរ។
ជុំវិញការលាតត្រដាងនៅលើឆាកអន្តរជាតិនេះ កន្លងមក រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានព្រមានកម្ពុជា ថា កិច្ចខិតខំស្ដារទំនុកចិត្ត និងទំនាក់ទំនងរវាងថៃ និងកម្ពុជា អាចប្រឈមនឹងការលំបាក ប្រសិនបើកម្ពុជា នៅតែបន្តលើកឡើងអំពីទំនាស់ព្រំដែន និងការចោទប្រកាន់ថៃនៅលើវេទិកាអន្តរជាតិ។ លោកក៏បានបង្ហាញក្តីបារម្ភថា ជំហរបច្ចុប្បន្នរបស់កម្ពុជា អាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគី៕









