អ្នកឃ្លាំមើល​និង​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​លោក ប្រាក់ សុខុន លើករឿង​ថៃ​ឈ្លានពាន​ទៅ​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​អ.ស.ប

0
61
គណៈប្រតិភូក្រសួងការបរទេសកម្ពុជា ចូលរួមកិច្ចប្រជុំ​អាស៊ាន នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៧ មករា ២០២៦។ រូប៖ ក្រសួងការបរទេស
គណៈប្រតិភូក្រសួងការបរទេសកម្ពុជា ចូលរួមកិច្ចប្រជុំ​អាស៊ាន នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៧ មករា ២០២៦។ រូប៖ ក្រសួងការបរទេស

អ្នកឃ្លាំមើល​សង្គម និង​បក្ស​ប្រឆាំង ជំរុញ​ឲ្យ​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន លើកយក​បញ្ហា​យោធា​ថៃ ទន្ទ្រាន​យក​ដឹក​ដី​កម្ពុជា ​ទៅ​និយាយ​លាតត្រដាង នៅក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (អ.ស.ប) ដើម្បី​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍ ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឲ្យ​ថៃ​ដក​កម្លាំង​ចេញពី​ទឹកដី​កម្ពុជា។ ការ​អះអាង​នេះ ខណៈ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ប្រាក់ សុខុន កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​កិច្ចប្រជុំ​បើកចំហ​កម្រិត​ខ្ពស់​របស់ ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប​. នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ប្រសិនជា​កម្ពុជា​មិន​លើកយក​បញ្ហា​ព្រំដែន ឬ​បញ្ហា​ប្រឈម​ជាក់ស្តែង​របស់​ជាតិ ទៅ​ជជែក​ក្នុង​វេទិកា​កម្រិត​ពិភពលោក​នេះ អាច​ឆ្លុះបញ្ចាំង​ពី​ចំណុច​ខ្វះខាត និង​ផល​ប៉ះពាល់​មួយចំនួន​ដល់​កម្ពុជា និង​បង្ហាញ​ថា ការទូត​របស់​កម្ពុជា​ហាក់​ដើរ​តាម​បន្ទាត់នយោបាយ​ការបរទេស​របស់​មហា​អំណាច ខ្លាំង​ជាង​ការ​ឆ្លៀតឱកាស​ទាញ​យក​ចំណាប់អារម្មណ៍​ពិភពលោក​មក​លើ​បញ្ហា​ប្រឈម​ផ្ទាល់ខ្លួន។

លោក សេង វណ្ណលី៖ «ការ​មិន​ហ៊ាន​លើកឡើង​ពី​បញ្ហា​ព្រំដែន អាច​ស្តែង​ឲ្យ​ឃើញ​ពី​ការ​ព្រួយ​បារម្ភ​ខ្លាច​ប៉ះទង្គិច​ដល់​ទំនាក់ទំនង​ទ្វេភាគី ឬ​ខ្លាច​ឥទ្ធិពល​របស់​ថៃ ការ​ធ្វើ​បែបនេះ​នាំ​ឲ្យ​កម្ពុជា​ខាតបង់​នូវ​អធិបតេយ្យភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ធ្វើ​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ថា កម្ពុជា​ខ្វះ​ភាព​ម្ចាស់​ការ ក្នុង​ការ​ការពារ​ផលប្រយោជន៍​ជាតិ​ខ្លួនឯង នៅ​ចំពោះមុខ​សម្ពាធ​ពី​ខាងក្រៅ»។

លោក សេង វណ្ណី បន្ថែម​ថា ការ​ចូលរួម​ត្រឹមតែ​កម្មវិធី​ពិធីការ មាន​ការ​ជួប​សម្តែង​ការគួរសម​បែប​ធម្មតា ដោយ​គ្មាន​ការ​ជជែក​ដេញដោល​លើ​បញ្ហា​ក្តៅ ដែល​ជា​ដង្ហើម​របស់​ជាតិ លោក​គិត​ថា វា​ជា​រឿង​ខាតបង់​ពេលវេលា និង​ថវិកាជាតិ​យ៉ាង​ខ្លាំង ហើយ​វា​មិន​បាន​ផ្តល់​ផលប្រយោជន៍ ជា​ដុំកំភួន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​តាម​បណ្តោយ​ព្រំដែន តែងតែ​ជួបប្រទះ​ភាព​មិន​ច្បាស់លាស់ និង​ការបំពាន​ពី​សំណាក់​ភាគី​ថៃ​នោះ​ទេ។

ការ​អះអាង​របស់​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ បន្ទាប់​ក្រសួង​ការបរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា តប​តាម​ការ​អញ្ជើញ​របស់​ភាគី​ចិន ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បើកចំហ​កម្រិត​ខ្ពស់​របស់ ក្រុមប្រឹក្សាសន្តិសុខ​អ​.ស​.​ប​. ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៦ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។

កិច្ចប្រជុំ​កម្រិត​ខ្ពស់​នេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​ការ​លើក​កម្ពស់​គោលបំណង និង​គោលការណ៍ របស់​ធម្មនុញ្ញ អ​.​ស​.​ប​. និង​ការ​ពង្រឹង​ប្រព័ន្ធ​អន្តរជាតិ​ផ្ដោត​លើ អ​.​ស​.​ប​.» ដោយមាន​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង​ជា​សមាជិក​ការិយាល័យ​នយោបាយ នៃ​គណៈកម្មាធិការ​កណ្តាល​បក្ស​កុម្មុយនីស្ត​ចិន ធ្វើជា​អធិបតី និង​ចូលរួម​ថ្លែង​សុន្ទរកថា។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា នៅ​ឯ​កិច្ចប្រជុំ​កម្រិត​ខ្ពស់ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទៅ​ហើយ ប្រមុខ​ការទូត​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិនគួរ​ណា នៅ​ខ្លាច​ឥទ្ធិពល​នៃ​ការ​គំរាម​របស់​ថៃ​ទៀត​ទេ គឺ​ត្រូវ​យក​សំណុំរឿង ដែល​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជិត​មួយ​លាន​នាក់​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង​របស់​ពួកគាត់ យក​ទៅ​លាតត្រដាង​នៅ​ចំពោះមុខ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​ច្បាស់។

លោក គឹម សុខ៖ «លោក ហ៊ុន ម៉ាណែត ក្តី លោក ប្រាក់ សុខុន ក្ដី ត្រូវ​ស្គាល់​ខ្លួនឯង​ឲ្យ​ច្បាស់ ថា​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ឯ​វេទិកា​អន្តរជាតិ នានា​ជា​ឧទាហរណ៍ លោក ប្រាក់ សុខុន ទៅ​ចូលរួម​ប្រជុំ​កម្រិត​ខ្ពស់ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ គឺ​ប្រើ​ឈ្មោះ ប្រទេស​កម្ពុជា ដូច្នេះ​ត្រូវ​បង្ហាញ​សេចក្តី​ក្លាហាន​ម៉ឺងម៉ាត់ និយាយ​ឲ្យ​ច្បាស់ និង​លើក​ភស្តុតាង​ឲ្យ​ចំ អំពី​ការឈ្លានពាន​របស់​ភាគី​ថៃ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា ដើម្បី​ការពារ​ទឹកដី​កម្ពុជា ហើយ​និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ»។

លោក គឹម សុខ បន្ថែម​ថា ត្រូវ​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍ ពី​ក្រុមប្រឹក្សាសន្តិសុខ អង្គការ​សហប្រជាជាតិ ឲ្យ​ថៃ​ដក​កម្លាំង​ចេញពី​ទឹកដី​កម្ពុជា​ដាច់ខាត ពីព្រោះ​នេះ​គឺជា​យន្តការ​ការងារ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក្នុង​កិច្ច​អន្តរាគមន៍​លើ​អំពើ​ឈ្លានពាន​ណាមួយ​នៅក្នុង​ពិភពលោក ហើយក៏​វា​ស្រប​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា​ដែរ។

ជុំវិញ​ការ​លាតត្រដាង​នៅ​លើ​ឆាក​អន្តរជាតិ​នេះ កន្លងមក រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​ព្រមាន​កម្ពុជា ថា កិច្ច​ខិតខំ​ស្ដារ​ទំនុកចិត្ត និង​ទំនាក់ទំនង​រវាង​ថៃ និង​កម្ពុជា អាច​ប្រឈម​នឹង​ការ​លំបាក ប្រសិនបើ​កម្ពុជា នៅតែ​បន្ត​លើកឡើង​អំពី​ទំនាស់​ព្រំដែន និង​ការចោទប្រកាន់​ថៃ​នៅ​លើ​វេទិកា​អន្តរជាតិ​។ លោក​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ថា ជំហរ​បច្ចុប្បន្ន​របស់​កម្ពុជា អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ទ្វេភាគី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ