មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ខេត្តកំពត​បង្ហាញ​ព័ត៌មាន​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​ដែល​លួច​សម្ភារៈ​ក្នុង​អគារ​ឆបោក​តាម​អនឡាញ

0
4
ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ចន្ទធុរិទ្ធ។ រូប៖ បណ្ដាញសង្គម
ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ចន្ទធុរិទ្ធ។ រូប៖ បណ្ដាញសង្គម

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តកំពត​បង្ហា​ញ​ព័ត៌មាន​ដោយ​តម្លាភាព ជុំវិញ​ការ​ឃាត់ខ្លួន​មន្ត្រី​នគរបាល និង​កងរាជអាវុធហត្ថ​ជាង ៣០​នាក់ ដែល​ឃុបឃិត​គ្នា​ចូល​លួច​សម្ភារៈ​ក្នុង​អគារ​ឆបោក​តាម​អន​ឡាញ​នៅ​តំបន់​ព្រំដែន​ព្រែក​ចាក​។ ពួកគាត់​យល់ថា អាជ្ញាធរ​គួរ​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​វប្បធម៌​និទ្ទណ្ឌភាព និង​ព្រមាន​ដល់​មន្ត្រី​នគរបាល​ដទៃ​ទៀត​កុំឱ្យ​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ករណី​មន្ត្រី​នគរបាល និង​អាវុធហត្ថ​ឃុបឃិត​គ្នា​ចូល​លួច​សម្ភារៈ ឬ​វត្ថុ​តាង​នៅ​ទីតាំង​អគារ​ឆបោក​តាម​អន​ឡាញ​ក្រោយ​ការ​បង្ក្រាប នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនុកចិត្ត​សាធារណជន​លើ​ប្រសិទ្ធភាព និង​តម្លាភាព​នៃ​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​។ លោក​បន្ត​ថា អាជ្ញាធរ​គួរ​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ទាំងអស់ និង​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ចាត់វិធានការ​ផ្លូវច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅក្នុង​ជួរ​កងកម្លាំង​អនុវត្ត​ច្បាប់។

លោក អំ សំអាត៖ «​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​លើកឡើង​ការ​បង្ក្រាប​ទៅលើ​ស្កេម​អនឡាញ (Scam online) នេះ ទន្ទឹមគ្នា​ក៏​ត្រូវ​បង្ក្រាប​ទៅលើ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​បទល្មើស​អន​ឡាញ ឬក៏​មិន​អនុវត្ត​នៅក្នុង​ការ​បង្ក្រាប​ទៅលើ​ស្កេម​អនឡាញ (Scam online) ចុះ​នេះ​រហូត​ទៅដល់​ការ​ចូល​លួច​ហើយ​បំផ្លាញ​ទៅលើ​ភស្តុតាង​ទៅលើ​បទល្មើស​ទៀត អាហ្នឹង​ត្រូវតែ​មានការ​អនុវត្ត​តាម​ផ្លូវច្បាប់ ហើយ​ដើម្បី​ជា​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋ​នោះ ក៏​ត្រូវ​មាន​ព័ត៌មាន​តម្លាភាព ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​មាន​ទំនុកចិត្ត​ទៅលើ​រឿង​ហ្នឹង​ផង​ដែរ»។

ការ​អំពាវនាវ​របស់​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​ស្នងការ​នគរបាល​ខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថ្មីៗ​នេះ​ថា សមត្ថកិច្ច​ពិតជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មន្ត្រី​នគរបាល និង​កងរាជអាវុធហត្ថ​ជាង ៣០​នាក់ ដោយសារតែ​ពាក់ព័ន្ធ​ការ​ចូល​លួច​សម្ភារៈ និង​វត្ថុតាង​នៅក្នុង​អគារ​កាស៊ីណូ​ក្នុង​តំបន់​ព្រែក​ចាក ក្រោយ​ប្រតិបត្តិ​ការ​បង្ក្រាប​ទីតាំង​អគារ​ឆបោក​តាម​អន​ឡាញ។ លោក​ថា កម្លាំង​ជំនាញ​មិនទាន់​អាច​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ និង​ព័ត៌មាន​លម្អិត​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ដោយសារតែ​កំពុង​បន្ត​នីតិវិធី​ស៊ើបអង្កេត។

ទោះជា​យ៉ាងណា ស្នងការ​នគរបាល​ខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បង្ហើប​ថា ជនសង្ស័យ​ដែល​ជា​មន្ត្រី​នគរបាល​ទាំងនោះ​មាន​តួនាទី​ចាប់ពី​ស្នងការ​រង​នគរបាល​ខេត្ត​ទទួលបន្ទុក​ការងារ​ព្រំដែន អធិការ​នគរបាល អធិការរង មេបញ្ជាការ​វរ​ការពារ​ព្រំដែន រហូតដល់​មន្ត្រី​នគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ​សរុប​ជាង ៣០​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ការ​ចូល​លួច​សម្ភារៈ និង​វត្ថុ​តាង​នៅ​ទីតាំង​អគារ​ឆបោក​តាម​អន​ឡាញ​ក្រោយ​ការ​បង្ក្រាប។

ទូរទស្សន៍​អាស៊ីសេរី​បាន​ទាក់ទង​ស្នងការ​នគរបាល​ខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប៉ុន្តែ​លោក​បដិសេធ​អត្ថាធិប្បាយ​ដោយ​បញ្ជាក់​ថា កំពុង​ជាប់រវល់​ប្រជុំ។

យោង​តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា មាត្រា ៥៣២ ដល់ ៥៣៤ ចែងថា ជន​ណា​ដែល​ធ្វើ​សកម្មភាព​បំផ្លាញ លាក់បាំង ឬ​ផ្លាស់ប្ដូរ​វត្ថុ​តាង​ដោយ​ចេតនា នៅ​កន្លែង​កើតហេតុ ដើម្បី​រារាំង​ការស៊ើបអង្កេត ឬ​បិទបាំង​ការពិត អាច​ប្រឈម​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគា​រ​ពី ១​ឆ្នាំ ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ដល់ ៦​លាន​រៀល។

ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​នេះ​ដែរ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២២ ខែឧសភា បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​លោក នួន នីណារ៉ូ ពី​បទ សមគំនិត​ក្នុង​អំពើ​ឆបោក​តាម​អន​ឡាញ និង​អំពើ​លាងលុយកខ្វក់។

ថ្វី​ត្បិត​រដ្ឋាភិបាល​ឪ​កូនលោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​ចាប់ខ្លួន​មេខ្លោង​មួយចំនួន និង​ធ្វើ​ឱ្យ​មន្ត្រី​តូចតាច​ខ្លះ​ដែល​ធ្លាប់​កាង និង​ទទួលបាន​ផលប្រយោជន៍​ពី​អំពើ​ឆបោក​តាម​អន​ឡាញ​ត្រូវ​រង្គោះរង្គើ ឬ​អស់តំណែង​ក៏ដោយ ប៉ុន្តែ​សម្រាប់​ករណី​លោក លី យ៉ុង​ផាត់ លោក កុក អាន និង​សមាជិកគ្រួសារ​ត្រកូល «​ហ៊ុន​» គឺ​លោក ហ៊ុន តូ ដែល​ល្បី​ពេញ​ពិភពលោក និង​រង​ការ​ចោទ​ប្រកាន់​ថា ជា​មេខ្លោង​ធំៗ​កាង​ពីក្រោយ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នោះ រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» មិនបាន​បង្ហាញ​ឆន្ទៈ​ចាប់ខ្លួន ឬ​បើក​ការស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ​។ អ្នកឃ្លាំមើល​ថា ដរាបណា​អ្នក​មាន​អំណាច និង​បក្ខពួក​នៅតែ​គេច​ផុត​ពី​សំណាញ់​ច្បាប់ ការ​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា គ្រាន់តែ​ជា​ការ​សម្ដែង​ឱ្យ​ល្អមើល​ប៉ុណ្ណោះ ហើយ​មេខ្លោង​ធំៗ​នឹង​ពង្រីក​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​កាន់តែ​ច្រើន ដើម្បី​ប្រមូល​លុយ​ចិញ្ចឹម​អំណាច​នៃ​ក្រុម​គ្រួសារ​ត្រកូល «​ហ៊ុន​» បន្ត​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ