

មន្ត្រីសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរខេត្តកំពតបង្ហាញព័ត៌មានដោយតម្លាភាព ជុំវិញការឃាត់ខ្លួនមន្ត្រីនគរបាល និងកងរាជអាវុធហត្ថជាង ៣០នាក់ ដែលឃុបឃិតគ្នាចូលលួចសម្ភារៈក្នុងអគារឆបោកតាមអនឡាញនៅតំបន់ព្រំដែនព្រែកចាក។ ពួកគាត់យល់ថា អាជ្ញាធរគួរបង្ហាញអត្តសញ្ញាណជនសង្ស័យ និងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់វប្បធម៌និទ្ទណ្ឌភាព និងព្រមានដល់មន្ត្រីនគរបាលដទៃទៀតកុំឱ្យពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ករណីមន្ត្រីនគរបាល និងអាវុធហត្ថឃុបឃិតគ្នាចូលលួចសម្ភារៈ ឬវត្ថុតាងនៅទីតាំងអគារឆបោកតាមអនឡាញក្រោយការបង្ក្រាប នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនុកចិត្តសាធារណជនលើប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តច្បាប់របស់សមត្ថកិច្ច។ លោកបន្តថា អាជ្ញាធរគួរបង្ហាញអត្តសញ្ញាណជនសង្ស័យទាំងអស់ និងបើកការស៊ើបអង្កេតដោយឯករាជ្យ និងចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់វប្បធម៌និទ្ទណ្ឌភាពនៅក្នុងជួរកងកម្លាំងអនុវត្តច្បាប់។
លោក អំ សំអាត៖ «ប្រមុខរាជរដ្ឋាភិបាលក៏បានលើកឡើងការបង្ក្រាបទៅលើស្កេមអនឡាញ (Scam online) នេះ ទន្ទឹមគ្នាក៏ត្រូវបង្ក្រាបទៅលើសមត្ថកិច្ចដែលពាក់ព័ន្ធជាមួយនឹងបទល្មើសអនឡាញ ឬក៏មិនអនុវត្តនៅក្នុងការបង្ក្រាបទៅលើស្កេមអនឡាញ (Scam online) ចុះនេះរហូតទៅដល់ការចូលលួចហើយបំផ្លាញទៅលើភស្តុតាងទៅលើបទល្មើសទៀត អាហ្នឹងត្រូវតែមានការអនុវត្តតាមផ្លូវច្បាប់ ហើយដើម្បីជាជំនឿទុកចិត្តរបស់ពលរដ្ឋនោះ ក៏ត្រូវមានព័ត៌មានតម្លាភាព ដើម្បីឱ្យប្រជាពលរដ្ឋហ្នឹងមានទំនុកចិត្តទៅលើរឿងហ្នឹងផងដែរ»។
ការអំពាវនាវរបស់មន្ត្រីសិទ្ធិមនុស្សរូបនេះ ធ្វើឡើងបន្ទាប់ពីស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថ្មីៗនេះថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនជនសង្ស័យជាមន្ត្រីនគរបាល និងកងរាជអាវុធហត្ថជាង ៣០នាក់ ដោយសារតែពាក់ព័ន្ធការចូលលួចសម្ភារៈ និងវត្ថុតាងនៅក្នុងអគារកាស៊ីណូក្នុងតំបន់ព្រែកចាក ក្រោយប្រតិបត្តិការបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញ។ លោកថា កម្លាំងជំនាញមិនទាន់អាចបង្ហាញអត្តសញ្ញាណជនសង្ស័យ និងព័ត៌មានលម្អិតជុំវិញរឿងនេះបាននៅឡើយដោយសារតែកំពុងបន្តនីតិវិធីស៊ើបអង្កេត។
ទោះជាយ៉ាងណា ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បង្ហើបថា ជនសង្ស័យដែលជាមន្ត្រីនគរបាលទាំងនោះមានតួនាទីចាប់ពីស្នងការរងនគរបាលខេត្តទទួលបន្ទុកការងារព្រំដែន អធិការនគរបាល អធិការរង មេបញ្ជាការវរការពារព្រំដែន រហូតដល់មន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថសរុបជាង ៣០នាក់ ដែលជាប់ពាក់ព័ន្ធការចូលលួចសម្ភារៈ និងវត្ថុតាងនៅទីតាំងអគារឆបោកតាមអនឡាញក្រោយការបង្ក្រាប។
ទូរទស្សន៍អាស៊ីសេរីបានទាក់ទងស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប៉ុន្តែលោកបដិសេធអត្ថាធិប្បាយដោយបញ្ជាក់ថា កំពុងជាប់រវល់ប្រជុំ។
យោងតាមក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា ៥៣២ ដល់ ៥៣៤ ចែងថា ជនណាដែលធ្វើសកម្មភាពបំផ្លាញ លាក់បាំង ឬផ្លាស់ប្ដូរវត្ថុតាងដោយចេតនា នៅកន្លែងកើតហេតុ ដើម្បីរារាំងការស៊ើបអង្កេត ឬបិទបាំងការពិត អាចប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ដល់ ៦លានរៀល។
ទាក់ទិននឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះដែរ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែឧសភា បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតលោក នួន នីណារ៉ូ ពីបទ សមគំនិតក្នុងអំពើឆបោកតាមអនឡាញ និងអំពើលាងលុយកខ្វក់។
ថ្វីត្បិតរដ្ឋាភិបាលឪកូនលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានចាប់ខ្លួនមេខ្លោងមួយចំនួន និងធ្វើឱ្យមន្ត្រីតូចតាចខ្លះដែលធ្លាប់កាង និងទទួលបានផលប្រយោជន៍ពីអំពើឆបោកតាមអនឡាញត្រូវរង្គោះរង្គើ ឬអស់តំណែងក៏ដោយ ប៉ុន្តែសម្រាប់ករណីលោក លី យ៉ុងផាត់ លោក កុក អាន និងសមាជិកគ្រួសារត្រកូល «ហ៊ុន» គឺលោក ហ៊ុន តូ ដែលល្បីពេញពិភពលោក និងរងការចោទប្រកាន់ថា ជាមេខ្លោងធំៗកាងពីក្រោយឧស្សាហកម្មឆបោកតាមអនឡាញនោះ រដ្ឋាភិបាលត្រកូល «ហ៊ុន» មិនបានបង្ហាញឆន្ទៈចាប់ខ្លួន ឬបើកការស៊ើបអង្កេតឱ្យបានត្រឹមត្រូវឡើយ។ អ្នកឃ្លាំមើលថា ដរាបណាអ្នកមានអំណាច និងបក្ខពួកនៅតែគេចផុតពីសំណាញ់ច្បាប់ ការបង្ក្រាបអំពើឆបោកតាមអនឡាញនៅកម្ពុជា គ្រាន់តែជាការសម្ដែងឱ្យល្អមើលប៉ុណ្ណោះ ហើយមេខ្លោងធំៗនឹងពង្រីកប្រតិបត្តិការឧក្រិដ្ឋកម្មកាន់តែច្រើន ដើម្បីប្រមូលលុយចិញ្ចឹមអំណាចនៃក្រុមគ្រួសារត្រកូល «ហ៊ុន» បន្តទៀត៕









