

ពលរដ្ឋខេត្តរតនគិរីអះអាងថា ក្រុមហ៊ុនចិនរុករករ៉ែ បន្តរំលោភយកដីស្រែចម្ការ និងគំរាមកំហែងពួកគាត់ឲ្យទទួលយកសំណង និងឈប់ចេញតវ៉ា បើមិនដូច្នោះទេ ក្រុមហ៊ុន និងអាជ្ញាធរប្ដឹងពលរដ្ឋទាំងអស់នោះ។ សង្គមស៊ីវិលថា អាជ្ញាធរមិនគួរគំរាមពលរដ្ឋទៅផ្គាប់ចិត្តក្រុមហ៊ុននោះឡើយ។
ពលរដ្ឋរស់នៅឃុំយ៉ាទុង និងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ក្រុមហ៊ុនចិនរុករករ៉ែ លោហៈ ឈ្មោះ ហ្គោលដេន ជេនើរេសិន (Golden Generation) បានបន្តឈូសឆាយដីស្រែចម្ការរបស់ពលរដ្ឋបន្ថែមទៀត ដោយក្រុមហ៊ុន បានបង្ខំឲ្យម្ចាស់ចម្ការទទួលយកសំណង បើពុំនោះទេ ពួកគេឈូសឆាយមិនផ្ដល់សំណងឡើយ។ លើសពីនោះ តំណាងក្រុមហ៊ុន និងអាជ្ញាធរបានគំរាមកំហែង និងលួងលោមម្ចាស់ដីចំការដាក់ពាក្យប្ដឹងពលរដ្ឋផ្សេងទៀត ដែលហ៊ានចេញតវ៉ា។
តំណាងពលរដ្ឋនៅឃុំប៉ាតេ លោក សេវ វ៉ានលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៩ ខែឧសភាថា ក្រុមហ៊ុនចិនរុករករ៉ែ នៅតែចិញ្ចឹមចិត្តចង់បានដីស្រែចម្ការរបស់ពលរដ្ឋ។ លោកថា បច្ចុប្បន្នអាជ្ញាធរមូលដ្ឋានជាអ្នកដើរតួនាទីសម្របសម្រួលឲ្យពលរដ្ឋទទួលយកសំណង តែពលរដ្ឋបានបដិសេធមិនទទួលយកសំណងដែលក្រុមហ៊ុនផ្ដល់ឲ្យនោះទេ។ លោកស្នើឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពគំរាមកំហែងពលរដ្ឋ និងបង្ខំពលរដ្ឋប្រគល់ដីឲ្យទៅក្រុមហ៊ុន ពីព្រោះពលរដ្ឋថា ពួកគាត់មិនមានដីស្រែចម្ការសម្រាប់អាស្រ័យផលចិញ្ចឹមជីវិតទៅថ្ងៃខាងមុខនោះឡើយ។
លោក សេវ វ៉ានលី៖ «ចង់ឲ្យអាជ្ញាធរបញ្ឈប់ឲ្យក្រុមហ៊ុនឈប់ចូលមកទៀតទី២កុំដើរតំណាងឲ្យក្រុមហ៊ុនទៀត ភាគច្រើនអត់ឃើញម្ចាស់ក្រុមហ៊ុនទេ ឃើញតែអាជ្ញាធរស្រុកឃុំជាអ្នកដើរតួ ទៅជជែកជាមួយម្ចាស់ចំការ ជជែកជាមួយអ្នកពាក់ព័ន្ធ ដល់ពេលអ៊ីចឹងជាធម្មតាបងប្អូនជនជាតិដើមភាគតិចគាត់អត់ចេះខ្មែរអត់ចេះច្បាប់ចេះតែខ្លាចគេ គាត់ខ្លាចតែមួយគត់បើមិនធ្វើគេយក មិនព្រមគេយក ទី២ទៀតប្រទេសមានច្បាប់ផងហើយគាត់អត់ចេះច្បាប់ផងគាត់មិនខ្លាច ដល់ពេលអ៊ីចឹងគាត់អូខេតែតាមពិតក្នុងចិត្តគាត់មិនព្រម មិនចង់បានអ្វីដែរគេចង់បាន គាត់មិនព្រម»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន និងប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី លោក អ៊ុង ហួរ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេនៅថ្ងៃទី២៩ ខែឧសភា។ ចំណែកអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា ក៏ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ទោះជាយ៉ាងណា អាជ្ញាធរស្រុកអូរយ៉ាដាវ កាលពីថ្ងៃ២៧ ខែឧសភា បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយការពារក្រុមហ៊ុនហ្គោលដេន ជេនើរេសិនថា ក្រុមហ៊ុនចិនមួយនេះ គឺទទួលបានសិទ្ធិរុករករ៉ែ លោហៈ ពីរដ្ឋាភិបាល ក្នុងឃុំចំនួន៤ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ ខេត្តរតនគិរី គឺឃុំប៉ាតេ ឃុំយ៉ាទុង និងឃុំបក់ញ៉ៃជាដើម។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ក្រុមហ៊ុន និងអាជ្ញាធរត្រូវតែសិក្សាអំពីផលប៉ះពាល់ និងពិគ្រោះយោបល់ជាមួយពលរដ្ឋរស់នៅក្នុងតំបន់ជាមុនសិន មុនអនុញ្ញាតឲ្យក្រុមហ៊ុនរុករក ឬធ្វើអាជីវកម្មរ៉ែ។ ប្រសិនបើរកឃើញថា អាជីវកម្មនោះមានប៉ះពាល់ដល់ពលរដ្ឋ អាជ្ញាធរត្រូវរកដំណោះស្រាយឲ្យបានសមរម្យ និងយុត្តិធម៌ គឺមិនត្រូវដើរគំរាមកំហែងទៅលើពលរដ្ឋបែបនេះនោះទេ។
លោក យិន ម៉េងលី៖ «ប្រសិនបើយើងអនុវត្តទៅតាមច្បាប់ និងអនុក្រិតយើងឃើញថាប្រហែលជាមិនមានបញ្ហាទេអញ្ចឹងប្រហែលមានភាគគីម្ខាងមិនព្រមអនុវត្តន៍ទៅតាមបញ្ហាច្បាប់នេះឯងទើបមានបញ្ហា ហើយរឿងមួយទៀតអត់នាំគ្នាធ្វើការតវ៉ា ហើយបែរជាមានការប្តឹងផ្តល់នេះ វាជារឿងមួយដែរមិនគួរឲ្យកើតមាន នៅក្នុងសង្គមប្រជាធិបតេយ្យយើងនេះព្រោះកាលណាមានបញ្ហាកើតទ្បើងប្រជាពលរដ្ឋតែងតែមានការតវ៉ា សំខាន់យើងរកឲ្យឃើញបញ្ហា រកដំណោះស្រាយហើយ ឲ្យពលរដ្ឋគឺបញ្ចប់បញ្ហា»។
កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ ក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយបំផ្លាញផលដំណាំរបស់ពលរដ្ឋនៅឃុំប៉ាតេជាច្រើនគ្រួសារ។ ពលរដ្ឋរាប់រយនាក់បានប្រមូលផ្តុំគ្នាតវ៉ា និងស្នើឲ្យបញ្ឈប់សកម្មភាពឈូសឆាយ។ ភ្លាមៗនោះ អាជ្ញាធរស្រុកបានហៅពលរដ្ឋឲ្យទៅស្វែងរកដំណោះស្រាយ នៅសាលាស្រុក ដោយអាជ្ញាធរឲ្យពលរដ្ឋទទួលយកសំណងដែលក្រុមហ៊ុនផ្ដល់ឲ្យ តែពលរដ្ឋមិនព្រមទទួលយកសំណងទាំងអស់នេះនោះទេ ដោយពួកគាត់គិតថា សំណងទាំងនោះមិនឲ្យពួកគាត់ប្រកបរបរចិញ្ចឹមជីវិតទៅថ្ងៃខាងមុខបានឡើយ។ ពលរដ្ឋស្នើឲ្យអាជ្ញាធរដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនវិញ ពីព្រោះគម្រោងមួយនេះប៉ះពាល់ដីស្រែចម្ការរបស់ពលរដ្ឋរាប់ពាន់គ្រួសារ។
ករណី ក្រុមហ៊ុនឯកជនធ្វើការវិនិយោគប៉ះពាល់ដីស្រែចម្ការ និងជីវភាព របស់ពលរដ្ឋនេះ មិនមែនកើតឡើងតែនៅខេត្តរតនគិរីនោះទេ នៅខេត្តផ្សេងទៀត ដូចជាមណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងត្បូងឃ្មុំជាដើម ក៏កើតមានករណីស្រដៀងគ្នានេះដែរ។
សមាគមអាដហុក រកឃើញថា នៅក្នុងឆ្នាំ២០២៥ មានករណីវិវាទដីធ្លីកើតឡើងថ្មីចំនួន ៤៥ករណី ពាក់ព័ន្ធនឹងបុគ្គលមានអំណាច និងអ្នកមានទ្រព្យ ឬក្រុមហ៊ុន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៥ពាន់គ្រួសារ ឬស្មើនឹងមនុស្សជាង ១ ម៉ឺន ៤ពាន់ នាក់ (១៤៧៩៨ ) ក្នុងនោះ ជនជាតិដើមភាគតិចជាង ៧ពាន់នាក់ (៧ ៣៥១) ដែលប៉ះពាល់ ដីជាង ១សែនហិកតារ (១១៥,៤១៣)៕








