ពលរដ្ឋ​ខេត្តរតនគិរី​អះអាង​ថា ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​បន្ត​រំលោភ​យក​ដីស្រែ​ចម្ការ និង​គំរាមកំហែង​ពួកគាត់

0
7
អភិបាលខេត្ត​រតនគីរី លោក ញ៉ែម សំអឿន។ រូប៖ រដ្ឋបាលខេត្ត​រតនគិរី
អភិបាលខេត្ត​រតនគីរី លោក ញ៉ែម សំអឿន។ រូប៖ រដ្ឋបាលខេត្ត​រតនគិរី

ពលរដ្ឋ​ខេត្ត​រតនគិរី​អះអាង​ថា ក្រុមហ៊ុន​ចិន​រុករក​រ៉ែ បន្ត​រំលោភ​យក​ដីស្រែ​ចម្ការ និង​គំរាមកំហែង​ពួកគាត់​ឲ្យ​ទទួល​យក​សំណង និង​ឈប់​ចេញ​តវ៉ា បើ​មិន​ដូច្នោះ​ទេ ក្រុមហ៊ុន និង​អាជ្ញាធរ​ប្ដឹង​ពលរដ្ឋ​ទាំងអស់​នោះ។ សង្គម​ស៊ីវិល​ថា អាជ្ញាធរ​មិន​គួរ​គំរាម​ពលរដ្ឋ​ទៅ​ផ្គាប់ចិត្ត​ក្រុមហ៊ុន​នោះ​ឡើយ។

ពលរដ្ឋ​រស់នៅ​ឃុំយ៉ាទុង និង​ឃុំប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ក្រុមហ៊ុន​ចិន​រុករក​រ៉ែ លោហៈ ឈ្មោះ ហ្គោលដេន ជេនើរេសិន (Golden Generation) បាន​បន្ត​ឈូស​ឆាយ​ដី​ស្រែចម្ការ​របស់​ពលរដ្ឋ​បន្ថែម​ទៀត ដោយ​ក្រុមហ៊ុន បាន​បង្ខំ​ឲ្យ​ម្ចាស់​ចម្ការ​ទទួលយក​សំណង បើ​ពុំ​នោះ​ទេ ពួកគេ​ឈូស​ឆាយ​មិន​ផ្ដល់​សំណង​ឡើយ​។ លើស​ពី​នោះ តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​បាន​គំរាមកំហែង និង​លួងលោម​ម្ចាស់​ដីចំការ​ដាក់ពាក្យ​ប្ដឹង​ពលរដ្ឋ​ផ្សេងទៀត ដែល​ហ៊ាន​ចេញ​តវ៉ា។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ប៉ាតេ លោក សេវ វ៉ានលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៩ ខែឧសភា​ថា ក្រុមហ៊ុន​ចិន​រុករក​រ៉ែ នៅតែ​ចិញ្ចឹមចិត្ត​ចង់បាន​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ។ លោក​ថា បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកដើរ​តួនាទី​សម្របសម្រួល​ឲ្យ​ពលរដ្ឋ​ទទួលយក​សំណង តែ​ពលរដ្ឋ​បាន​បដិសេធ​មិន​ទទួលយក​សំណង​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​នោះ​ទេ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​គំរាមកំហែង​ពលរដ្ឋ និង​បង្ខំ​ពលរដ្ឋ​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន ពីព្រោះ​ពលរដ្ឋ​ថា ពួកគាត់​មិន​មាន​ដីស្រែ​ចម្ការ​សម្រាប់​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​ទៅ​ថ្ងៃ​ខាងមុខ​នោះ​ឡើយ។

លោក សេវ វ៉ានលី៖ «ចង់​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ឲ្យ​ក្រុមហ៊ុន​ឈប់​ចូល​មក​ទៀត​ទី​២​កុំ​ដើរ​តំណាង​ឲ្យ​ក្រុមហ៊ុន​ទៀត ភាគច្រើន​អត់​ឃើញ​ម្ចាស់​ក្រុមហ៊ុន​ទេ ឃើញ​តែ​អាជ្ញាធរ​ស្រុក​ឃុំ​ជា​អ្នក​ដើរ​តួ ទៅ​ជជែក​ជាមួយ​ម្ចាស់​ចំការ ជជែក​ជាមួយ​អ្នក​ពាក់ព័ន្ធ ដល់ពេល​អ៊ីចឹង​ជា​ធម្មតា​បងប្អូន​ជនជាតិ​ដើម​ភាគតិច​គាត់​អត់​ចេះ​ខ្មែរ​អត់​ចេះ​ច្បាប់​ចេះតែ​ខ្លាច​គេ គាត់​ខ្លាច​តែមួយគត់​បើ​មិន​ធ្វើ​គេ​យក មិន​ព្រម​គេ​យក ទី​២​ទៀត​ប្រទេស​មានច្បាប់​ផង​ហើយ​គាត់​អត់​ចេះ​ច្បាប់​ផង​គាត់​មិន​ខ្លាច ដល់ពេល​អ៊ីចឹង​គាត់​អូ​ខេ​តែ​តាមពិត​ក្នុង​ចិត្ត​គាត់​មិន​ព្រម មិន​ចង់បាន​អ្វី​ដែរ​គេ​ចង់បាន គាត់​មិន​ព្រម»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង អភិបាលខេត្ត​រតនគិរី លោក ញ៉ែម សំអឿន និង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី លោក អ៊ុង ហួរ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បានទេ​នៅ​ថ្ងៃទី​២៩ ខែឧសភា​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ក៏​ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទោះជា​យ៉ាងណា អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ កាលពី​ថ្ងៃ​២៧ ខែឧសភា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​ការពារ​ក្រុមហ៊ុន​ហ្គោលដេន ជេនើរេសិន​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ គឺ​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ លោហៈ ពី​រដ្ឋាភិបាល ក្នុង​ឃុំ​ចំនួន​៤​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី គឺ​ឃុំ​ប៉ាតេ ឃុំ​យ៉ាទុង និង​ឃុំ​បក់ញ៉ៃ​ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ក្រុមហ៊ុន និង​អាជ្ញាធរ​ត្រូវតែ​សិក្សា​អំពី​ផល​ប៉ះពាល់ និង​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ជាមុន​សិន មុន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រុករក ឬ​ធ្វើ​អាជីវកម្ម​រ៉ែ​។ ប្រសិនបើ​រកឃើញ​ថា អាជីវកម្ម​នោះ​មាន​ប៉ះពាល់​ដល់​ពលរដ្ឋ អាជ្ញាធរ​ត្រូវ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ និង​យុត្តិធម៌ គឺ​មិន​ត្រូវ​ដើរ​គំរាមកំហែង​ទៅ​លើ​ពលរដ្ឋ​បែប​នេះ​នោះ​ទេ។

លោក យិន ម៉េងលី៖ «ប្រសិនបើ​យើង​អនុវត្ត​ទៅតាម​ច្បាប់ និង​អនុ​ក្រិត​យើង​ឃើញថា​ប្រហែលជា​មិន​មាន​បញ្ហា​ទេ​អញ្ចឹង​ប្រហែល​មាន​ភាគ​គី​ម្ខាង​មិន​ព្រម​អនុវត្តន៍​ទៅតាម​បញ្ហា​ច្បាប់​នេះឯង​ទើប​មាន​បញ្ហា ហើយ​រឿង​មួយទៀត​អត់​នាំគ្នា​ធ្វើការ​តវ៉ា ហើយ​បែរជា​មានការ​ប្តឹងផ្តល់​នេះ វា​ជា​រឿង​មួយ​ដែរ​មិន​គួរ​ឲ្យ​កើតមាន នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​យើង​នេះ​ព្រោះ​កាលណា​មាន​បញ្ហា​កើត​ទ្បើង​ប្រជាពលរដ្ឋ​តែងតែមាន​ការ​តវ៉ា សំខាន់​យើង​រក​ឲ្យ​ឃើញ​បញ្ហា រក​ដំណោះស្រាយ​ហើយ ឲ្យ​ពលរដ្ឋ​គឺ​បញ្ចប់​បញ្ហា»។

កាលពី​ថ្ងៃទី​២៣ ខែឧសភា កន្លងទៅ ក្រុមហ៊ុន​បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ​របស់​ពលរដ្ឋ​នៅ​ឃុំ​ប៉ាតេជាច្រើន​គ្រួសារ​។ ពលរដ្ឋ​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា និង​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ។ ភ្លាមៗ​នោះ អាជ្ញាធរ​ស្រុក​បាន​ហៅ​ពលរដ្ឋ​ឲ្យ​ទៅ​ស្វែងរក​ដំណោះស្រាយ នៅ​សាលាស្រុក ដោយ​អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​ទទួលយក​សំណង​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ តែ​ពលរដ្ឋ​មិន​ព្រម​ទទួលយក​សំណង​ទាំងអស់​នេះ​នោះ​ទេ ដោយ​ពួកគាត់​គិតថា សំណង​ទាំងនោះ​មិន​ឲ្យ​ពួកគាត់​ប្រកប​របរ​ចិញ្ចឹមជីវិត​ទៅ​ថ្ងៃ​ខាងមុខ​បាន​ឡើយ​។ ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​វិញ ពីព្រោះ​គម្រោង​មួយ​នេះ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​។​

​ករណី ក្រុមហ៊ុន​ឯកជន​ធ្វើការ​វិនិយោគ​ប៉ះពាល់​ដីស្រែ​ចម្ការ និង​ជីវភាព របស់​ពលរដ្ឋ​នេះ មិនមែន​កើតឡើង​តែ​នៅ​ខេត្តរតនគិរី​នោះ​ទេ នៅ​ខេត្ត​ផ្សេងទៀត ដូចជា​មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និង​ត្បូងឃ្មុំ​ជាដើម ក៏​កើតមាន​ករណី​ស្រដៀង​គ្នា​នេះ​ដែរ។

សមាគម​អាដហុក រក​ឃើញ​ថា នៅក្នុង​ឆ្នាំ​២០២៥ មាន​ករណី​វិវាទ​ដីធ្លី​កើតឡើង​ថ្មី​ចំនួន ៤៥​ករណី ពាក់ព័ន្ធ​នឹង​បុគ្គល​មានអំណាច និង​អ្នកមាន​ទ្រព្យ ឬ​ក្រុមហ៊ុន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៥​ពាន់​គ្រួសារ ឬ​ស្មើនឹង​មនុស្ស​ជាង ១ ម៉ឺន ៤​ពាន់ នាក់ (១៤៧៩៨ ) ក្នុង​នោះ ជនជាតិ​ដើម​ភាគតិច​ជាង ៧​ពាន់​នាក់ (៧ ៣៥១) ដែល​ប៉ះពាល់ ដី​ជាង ១​សែន​ហិកតារ (១១៥,៤១៣)៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ