សមត្ថកិច្ច​នៅតែ​បន្ត​រក​ឃើញ​បណ្ដាញ​ឧក្រិដ្ឋជន​បន្ត​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ

0
98
​​មន្ត្រីប៉ូលិសដែលជាស្នងការរងខេត្ត​កំពត និងអធិការស្រុក រួមទាំងមន្ត្រីជាច្រើន​ពាក់ព័ន្ធនឹងការ​លួច​សម្ភារៈ​ក្នុង​អគារ​ឆបោក​តាម​អនឡាញ នៅ​ព្រែកចាក ខេត្ត​កំពត។ រូប៖ ស្នងការខេត្ត​កំពត
​​មន្ត្រីប៉ូលិសដែលជាស្នងការរងខេត្ត​កំពត និងអធិការស្រុក រួមទាំងមន្ត្រីជាច្រើន​ពាក់ព័ន្ធនឹងការ​លួច​សម្ភារៈ​ក្នុង​អគារ​ឆបោក​តាម​អនឡាញ នៅ​ព្រែកចាក ខេត្ត​កំពត។ រូប៖ ស្នងការខេត្ត​កំពត

ទោះបី​អាជ្ញាធរ​កម្ពុជា​បន្ត​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ទូទាំង​ប្រទេស​ក្ដី ក៏​បណ្ដាញ​ឧក្រិដ្ឋជន​នៅតែ​បន្ត​បង្ខំ និង​បង្ខាំង​ជនបរទេស​រាប់​សិប​នាក់​នៅ​តាម​អគារ ឬ​បុរី និង​ផ្ទះ​ជួល​តូចៗ ដើម្បី​ឱ្យធ្វើ​សកម្មភាព​ឆបោក​លុយ​ជនរងគ្រោះ​ជុំវិញ​ពិភពលោក​ជា​រៀងរាល់ថ្ងៃ​។ មន្ត្រី​បក្ស​ប្រឆាំង​ថា ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​ដែល​រីក​រាលដាល​ពាសពេញ​ប្រទេស​នេះ គឺជា​ប្រព័ន្ធ​ដែល​រៀបចំ និង​ការពារ​ដោយ​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» ដើម្បី​ប្រមូល​លុយ​ចិញ្ចឹម​អំណាច ដូច្នេះ​របប​នេះ​នឹង​មិន​បំផ្លាញ​មេខ្លោង​ធំៗ​ឡើយ។

ខណៈ​អាជ្ញាធរ​បង្កើន​ការ​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ បណ្ដាញ​ឧក្រិដ្ឋជន​ក៏​បន្ត​សម្រុក​បង្ខាំង និង​បង្ខំ​ជនបរទេស​ឱ្យធ្វើ​សកម្មភាព​ឆបោក​ក្នុង​ទម្រង់​លាក់កំបាំង​កាន់តែ​ខ្លាំង ដើម្បី​បោក​យក​លុយ​ពី​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភពលោក​ជា​រៀងរាល់ថ្ងៃ​។ បើ​ធៀប​នឹង​ពេល​កន្លងទៅ ទីតាំង​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​លែង​មាន​ជនបរទេស​រាប់​ពាន់​នាក់​ប្រមូលផ្ដុំ​ក្នុង​អគារ​ធំៗ​ទៀតហើយ ប៉ុន្តែ​ឧស្សាហកម្ម​ឆបោក​នេះ​ហាក់​កាន់តែ​រីក​រាលដាល​ទៅកាន់​ផ្ទះ​ជួល វីឡា សណ្ឋាគារ និង​ទីតាំង​ផ្ទះ​ជួល​តូចៗ​ស្ទើរ​ទូទាំង​ប្រទេស។

ពលរដ្ឋ​មួយចំនួន​រាយការណ៍​ថា នៅ​តាម​បណ្ដា​ខេត្ត​ដែល​បណ្ដាញ​ឧក្រិដ្ឋជន​នៅតែ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុងការ​ជម្លៀស​ជនបរទេស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ភាគច្រើន​ស្ថិតនៅតាម​តំបន់​ព្រំដែន​ជាប់​ប្រទេស​ថៃ និង​វៀតណាម ដូចជា ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្វាយរៀង និង​ប៉ៃលិន​ជាដើម​។ ក្រៅ​ពីនេះ បណ្ដា​ខេត្ត​ជាប់មាត់​សមុទ្រ​មួយចំនួន ដូចជា កែប និង​កំពត ក៏​កំពុង​លេច​ឡើងជា​ទីតាំង​ប្រតិបត្តិការ​ថ្មី​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​បង្ខាំង និង​បង្ខំ​ជនបរទេស​ឱ្យធ្វើ​សកម្មភាព​ឆបោក​តាម​អន​ឡាញ​នៅ​តាម​ផ្ទះ​ជួល និង​អគារ​តូចៗ​។ ចំណែក​រាជធានី​ភ្នំពេញ ក្រុងព្រះសីហនុ កោះកុង និង​ខេត្ត​មួយចំនួន​ទៀត នៅតែ​ជា​ចំណុចក្ដៅ​ដែល​បណ្ដាញ​ឧក្រិដ្ឋជន​ប្រើប្រាស់​សម្រាប់​បើក​ប្រតិបត្តិការ​ឆបោក​ឆ្លងដែន សំដៅលើ​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភពលោក។

ជាក់ស្ដែង កម្លាំង​សមត្ថកិច្ច​បាន​ឡោមព័ទ្ធ​បង្ក្រាប​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជាង ១​រយ​នាក់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​១ ខែមិថុនា ដោយសារ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អន​ឡាញ​។ ទីតាំង​ដែល​ក្រុម​ជនសង្ស័យ​ទាំងនេះ​ប្រើប្រាស់​សម្រាប់​ធ្វើ​សកម្មភាព​ភាគច្រើន​ជា​ផ្ទះ​ជួល និង​អគារ​ខុន​ដូ (Condo) ដែល​ត្រូវ​បាន​កែច្នៃ​ជា​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ ដើម្បី​គេច​ចេញ​ពី​ការ​បង្ក្រាប និង​ការ​តាមដាន​របស់​សមត្ថកិច្ច។​

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើង​ថា សកម្មភាព​បណ្ដាញ​ឧក្រិដ្ឋជន​នៅតែ​អាច​ធ្វើ​សកម្មភាព​បាន​បែបនេះ ឆ្លុះបញ្ចាំង​ថា ពួកគេ​មិនបាន​ខ្លាចញញើត​ច្បាប់ និង​ការ​ចុះ​បង្ក្រាប​របស់​អាជ្ញាធរ​កម្ពុជា​ឡើយ​។ លោក​បន្ត​ថា ដរាបណា​មេខ្លោង​ធំៗ​ដែល​នៅ​ពីក្រោយ​នៅតែ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ បណ្ដាញ​ឧក្រិដ្ឋជន​ក៏​នឹង​កាន់តែ​ពង្រីក​ទីតាំង​កន្លែង​ឆបោក​តាម​អនឡាញ​តាមរយៈ​ការរៀបចំ​យុទ្ធសាស្ត្រ​ដែល​មាន​លក្ខណៈ​កាន់តែ​ស្មុគស្មាញ​។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​ចាប់​មេខ្លោង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ ដើម្បី​ស្ដារ​មុខមាត់​ប្រទេសជាតិ​លើ​ឆាក​អន្តរជាតិ និង​ទប់ស្កាត់​កុំឱ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​ដុនដាប។

លោក ឌី ថេហូយ៉ា៖ «មេខ្លោង​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ មិនទាន់​ឃើញ​ត្រូវ​ចាប់ខ្លួន ដើម្បី​មក​ផ្ដន្ទាទោស​នៅឡើយ​ទេ មេខ្លោង​ធំៗ​។ យើង​ឃើញ​អំពី​របៀប​នៃ​ការ​បង្ក្រាប​ហាក់ដូចជា មិន​មាន​ប្រសិទ្ធភាព ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​នេះ យើង​ឃើញ​នៅ​ពេល​ដែល​បង្ក្រាប​អគារ​ណាមួយ​ហ្នឹង កាលណា​រត់​ប្រសេចប្រសាច​មានន័យថា យើង​ចាប់​មេខ្លោង​ក៏​មិនបាន ចាប់​ជនល្មើស​ដែល​ជា​បណ្ដាញ​ហ្នឹង​ក៏​មិនបាន​។ ហើយ​សំណួរ សួរ​ថា ជនល្មើស​ហ្នឹង​ទៅណា​? គេ​នឹង​ទៅ​រក​កន្លែង​ថ្មី រក​របៀប​ធ្វើ​ថ្មី គេ​នឹង​កែប្រែ​រូបភាព​ថ្មី របៀប​នៃ​ការ​ឆបោក​ទៅតាម​ផ្ទះ​តូចៗ ធម្មតា​អី​ជាដើម​ស្ងាត់ៗ​អ៊ីចឹង​ជាដើម»។

ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​នេះ​ដែរ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​បង្ហាញ​មុខ​ជនសង្ស័យ​ដែល​ជា​មន្ត្រី​នគរបាល និង​កងរាជអាវុធហត្ថ​ចំនួន ៣២​នាក់ ព្រមទាំង​អ្នក​ទទួលផល ៤​នាក់ ដែល​ពាក់ព័ន្ធ​ករណី​សមគំនិត​គ្នា​ចូល​លួច​សម្ភារៈ និង​វត្ថុ​តាង​នៅក្នុង​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​ក្នុង​តំបន់​ព្រែកចាក ក្រោយ​ប្រតិបត្តិ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​។ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣១ ខែឧសភា បានសម្រេច​ឃុំខ្លួន និង​ចោទប្រកាន់​ជនសង្ស័យ​ទាំងនេះ​ពី​បទ​ផ្ដើមគំនិត សមគំនិត​លុបបំបាត់​ភស្តុតាង និង​ទទួលផល​ចោរកម្ម​។ ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា តំណាង​អយ្យការ​បាន​រក​ឃើញ​អ្នក​​ពាក់ព័ន្ធ​បន្ថែម និង​សម្រេច​ចោទប្រកាន់​មនុស្ស​សរុប​ចំនួន ៥៤​នាក់ ក្នុង​សំណុំ​រឿង​នេះ។

ក្នុងពេលដែល​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​បាន​ចាក់ឫស​យ៉ាង​ជ្រៅ និង​រង​ការចង្អុលបង្ហាញ​ជា​បន្ត​បន្ទាប់ពី​សហរដ្ឋ​អាមេរិក អង្គការសហប្រជាជាតិ និង​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​នោះ ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្មីៗ​នេះ​បាន​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​ចំពោះ​ការ​រីក​រាលដាល​នៃ​ឧក្រិដ្ឋកម្ម​នេះ។ ទោះជា​យ៉ាងណា លោក ហ៊ុន សែន ខ្លួនឯង​រង​ការ​ចោទ​ប្រកាន់​ថា គឺជា​អ្នក​បើកផ្លូវ​ឱ្យ​ក្រុម​អ្នកជំនួញ និង​ឧក្រិដ្ឋជន​ចិន​មាន​ឥទ្ធិពល​ចូល​មក​បណ្ដាក់ទុន និង​ពង្រីក​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា​តាមរយៈ​ការ​ផ្ដល់​ឋានៈ តួនាទី និង​លក់​សញ្ជាតិ​ខ្មែរ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើង​ថា រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន នឹង​មិន​បំផ្លាញ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​ឡើយ​ដោយសារតែ​ជា​មុខរបរ ដើម្បី​ប្រមូល​លុយ​ចិញ្ចឹម​អំណាច​។ លោក​បន្ថែម​ថា រូបភាព​បង្ក្រាប​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ និង​ការ​ចាប់ខ្លួន​មន្ត្រី ឬ​ជនល្មើស​តូចតាច​គ្រាន់តែ​ជា​រូបភាព​លម្អ ដើម្បី​កុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ និង​ទណ្ឌកម្ម​បន្ថែម​លើ​រដ្ឋាភិបាល​ត្រកូល ហ៊ុន តែប៉ុណ្ណោះ។

លោក គឹម សុខ៖ «​លោក ហ៊ុន សែន ប្រើ​តាក់ទិច​ថ្មី​គ្រប់គ្រង​ឧក្រិដ្ឋកម្ម​អនឡាញ​នេះ ដោយសារតែ​គាត់​បាន​ផ្លាស់ប្ដូរ​មេដឹកនាំ​បណ្ដាញ​សំខាន់ៗ​នៅ​ថ្នាក់​ជាតិ​ស្ទើរតែ​អស់​ទៅ​ហើយ​។ អ្នក​ចាស់​ហ្នឹង ទៅ​ចាយ​លុយ​ទៅ សម្ងំ​ទៅ ចំណែកឯ អ្នកថ្មី​មក​ធ្វើ​កិច្ចការ​ប្រតិបត្តិ​ថ្មី ដែល​សហគមន៍​អន្តរជាតិ​ពិបាក​តាមដាន»។

កម្ពុជា​បាន​ជាប់​ឈ្មោះ​ជា «​ស្ថាបត្យកម្ម​រដ្ឋ​ឆបោក​» និង​ត្រូវ​បាន​អ្នកជំនាញ​វាយតម្លៃ​ថា គឺជា​សម្បុក​របស់​ពួក​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​ដែល​មាន​ក្រុម​អ្នកកាន់អំណាច​ជា​អ្នក​កាង​ការពារ​ពីក្រោយ​។ ដោយសារ​មាន​ប្រព័ន្ធ​បែបនេះ ក្រុម​ឧក្រិដ្ឋជន​អាច​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើជា​មូលដ្ឋាន​ឆបោក​តាម​អនឡាញ ជួញដូរ​មនុស្ស និង​បង្ខាំង​ជនរងគ្រោះ​ឱ្យធ្វើ​ការងារ​ឆបោក ព្រមទាំង​លាងលុយកខ្វក់​តាម​ទំនើងចិត្ត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ