

ទោះបីអាជ្ញាធរកម្ពុជាបន្តចុះបង្ក្រាបទីតាំងឆបោកតាមអនឡាញនៅទូទាំងប្រទេសក្ដី ក៏បណ្ដាញឧក្រិដ្ឋជននៅតែបន្តបង្ខំ និងបង្ខាំងជនបរទេសរាប់សិបនាក់នៅតាមអគារ ឬបុរី និងផ្ទះជួលតូចៗ ដើម្បីឱ្យធ្វើសកម្មភាពឆបោកលុយជនរងគ្រោះជុំវិញពិភពលោកជារៀងរាល់ថ្ងៃ។ មន្ត្រីបក្សប្រឆាំងថា ឧស្សាហកម្មឆបោកតាមអនឡាញដែលរីករាលដាលពាសពេញប្រទេសនេះ គឺជាប្រព័ន្ធដែលរៀបចំ និងការពារដោយរដ្ឋាភិបាលត្រកូល «ហ៊ុន» ដើម្បីប្រមូលលុយចិញ្ចឹមអំណាច ដូច្នេះរបបនេះនឹងមិនបំផ្លាញមេខ្លោងធំៗឡើយ។
ខណៈអាជ្ញាធរបង្កើនការបង្ក្រាបទីតាំងឆបោកតាមអនឡាញ បណ្ដាញឧក្រិដ្ឋជនក៏បន្តសម្រុកបង្ខាំង និងបង្ខំជនបរទេសឱ្យធ្វើសកម្មភាពឆបោកក្នុងទម្រង់លាក់កំបាំងកាន់តែខ្លាំង ដើម្បីបោកយកលុយពីជនរងគ្រោះនៅជុំវិញពិភពលោកជារៀងរាល់ថ្ងៃ។ បើធៀបនឹងពេលកន្លងទៅ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបលែងមានជនបរទេសរាប់ពាន់នាក់ប្រមូលផ្ដុំក្នុងអគារធំៗទៀតហើយ ប៉ុន្តែឧស្សាហកម្មឆបោកនេះហាក់កាន់តែរីករាលដាលទៅកាន់ផ្ទះជួល វីឡា សណ្ឋាគារ និងទីតាំងផ្ទះជួលតូចៗស្ទើរទូទាំងប្រទេស។
ពលរដ្ឋមួយចំនួនរាយការណ៍ថា នៅតាមបណ្ដាខេត្តដែលបណ្ដាញឧក្រិដ្ឋជននៅតែធ្វើសកម្មភាពយ៉ាងសកម្មក្នុងការជម្លៀសជនបរទេសពីកន្លែងមួយទៅកន្លែងមួយ ភាគច្រើនស្ថិតនៅតាមតំបន់ព្រំដែនជាប់ប្រទេសថៃ និងវៀតណាម ដូចជា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្វាយរៀង និងប៉ៃលិនជាដើម។ ក្រៅពីនេះ បណ្ដាខេត្តជាប់មាត់សមុទ្រមួយចំនួន ដូចជា កែប និងកំពត ក៏កំពុងលេចឡើងជាទីតាំងប្រតិបត្តិការថ្មីរបស់បណ្ដាញឧក្រិដ្ឋជនដែលបង្ខាំង និងបង្ខំជនបរទេសឱ្យធ្វើសកម្មភាពឆបោកតាមអនឡាញនៅតាមផ្ទះជួល និងអគារតូចៗ។ ចំណែករាជធានីភ្នំពេញ ក្រុងព្រះសីហនុ កោះកុង និងខេត្តមួយចំនួនទៀត នៅតែជាចំណុចក្ដៅដែលបណ្ដាញឧក្រិដ្ឋជនប្រើប្រាស់សម្រាប់បើកប្រតិបត្តិការឆបោកឆ្លងដែន សំដៅលើជនរងគ្រោះនៅជុំវិញពិភពលោក។
ជាក់ស្ដែង កម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធបង្ក្រាបជនបរទេសចម្រុះជាតិសាសន៍ជាង ១រយនាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង នៅថ្ងៃទី១ ខែមិថុនា ដោយសារពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ ទីតាំងដែលក្រុមជនសង្ស័យទាំងនេះប្រើប្រាស់សម្រាប់ធ្វើសកម្មភាពភាគច្រើនជាផ្ទះជួល និងអគារខុនដូ (Condo) ដែលត្រូវបានកែច្នៃជាមជ្ឈមណ្ឌលប្រតិបត្តិការឆបោកតាមអនឡាញ ដើម្បីគេចចេញពីការបង្ក្រាប និងការតាមដានរបស់សមត្ថកិច្ច។
ជុំវិញរឿងនេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា សកម្មភាពបណ្ដាញឧក្រិដ្ឋជននៅតែអាចធ្វើសកម្មភាពបានបែបនេះ ឆ្លុះបញ្ចាំងថា ពួកគេមិនបានខ្លាចញញើតច្បាប់ និងការចុះបង្ក្រាបរបស់អាជ្ញាធរកម្ពុជាឡើយ។ លោកបន្តថា ដរាបណាមេខ្លោងធំៗដែលនៅពីក្រោយនៅតែរស់នៅក្រៅសំណាញ់ច្បាប់ បណ្ដាញឧក្រិដ្ឋជនក៏នឹងកាន់តែពង្រីកទីតាំងកន្លែងឆបោកតាមអនឡាញតាមរយៈការរៀបចំយុទ្ធសាស្ត្រដែលមានលក្ខណៈកាន់តែស្មុគស្មាញ។ លោកចង់ឃើញរដ្ឋាភិបាលចាប់មេខ្លោងសំខាន់ៗដែលពាក់ព័ន្ធ ដើម្បីស្ដារមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ និងទប់ស្កាត់កុំឱ្យសេដ្ឋកិច្ចជាតិកាន់តែដុនដាប។
លោក ឌី ថេហូយ៉ា៖ «មេខ្លោងឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញនេះ មិនទាន់ឃើញត្រូវចាប់ខ្លួន ដើម្បីមកផ្ដន្ទាទោសនៅឡើយទេ មេខ្លោងធំៗ។ យើងឃើញអំពីរបៀបនៃការបង្ក្រាបហាក់ដូចជា មិនមានប្រសិទ្ធភាព ក្នុងការធ្វើកិច្ចការងារនេះ យើងឃើញនៅពេលដែលបង្ក្រាបអគារណាមួយហ្នឹង កាលណារត់ប្រសេចប្រសាចមានន័យថា យើងចាប់មេខ្លោងក៏មិនបាន ចាប់ជនល្មើសដែលជាបណ្ដាញហ្នឹងក៏មិនបាន។ ហើយសំណួរ សួរថា ជនល្មើសហ្នឹងទៅណា? គេនឹងទៅរកកន្លែងថ្មី រករបៀបធ្វើថ្មី គេនឹងកែប្រែរូបភាពថ្មី របៀបនៃការឆបោកទៅតាមផ្ទះតូចៗ ធម្មតាអីជាដើមស្ងាត់ៗអ៊ីចឹងជាដើម»។
ទាក់ទងនឹងឧក្រិដ្ឋកម្មនេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហាញមុខជនសង្ស័យដែលជាមន្ត្រីនគរបាល និងកងរាជអាវុធហត្ថចំនួន ៣២នាក់ ព្រមទាំងអ្នកទទួលផល ៤នាក់ ដែលពាក់ព័ន្ធករណីសមគំនិតគ្នាចូលលួចសម្ភារៈ និងវត្ថុតាងនៅក្នុងទីតាំងអគារឆបោកតាមអនឡាញក្នុងតំបន់ព្រែកចាក ក្រោយប្រតិបត្តិការបង្ក្រាបរបស់សមត្ថកិច្ច។ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា បានសម្រេចឃុំខ្លួន និងចោទប្រកាន់ជនសង្ស័យទាំងនេះពីបទផ្ដើមគំនិត សមគំនិតលុបបំបាត់ភស្តុតាង និងទទួលផលចោរកម្ម។ ជាមួយគ្នានេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល អះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា តំណាងអយ្យការបានរកឃើញអ្នកពាក់ព័ន្ធបន្ថែម និងសម្រេចចោទប្រកាន់មនុស្សសរុបចំនួន ៥៤នាក់ ក្នុងសំណុំរឿងនេះ។
ក្នុងពេលដែលឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាបានចាក់ឫសយ៉ាងជ្រៅ និងរងការចង្អុលបង្ហាញជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិជាច្រើននោះ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថ្មីៗនេះបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលចំពោះការរីករាលដាលនៃឧក្រិដ្ឋកម្មនេះ។ ទោះជាយ៉ាងណា លោក ហ៊ុន សែន ខ្លួនឯងរងការចោទប្រកាន់ថា គឺជាអ្នកបើកផ្លូវឱ្យក្រុមអ្នកជំនួញ និងឧក្រិដ្ឋជនចិនមានឥទ្ធិពលចូលមកបណ្ដាក់ទុន និងពង្រីកប្រតិបត្តិការឆបោកនៅកម្ពុជាតាមរយៈការផ្ដល់ឋានៈ តួនាទី និងលក់សញ្ជាតិខ្មែរឱ្យបណ្ដាញឧក្រិដ្ឋជន។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន នឹងមិនបំផ្លាញឧស្សាហកម្មឆបោកតាមអនឡាញឡើយដោយសារតែជាមុខរបរ ដើម្បីប្រមូលលុយចិញ្ចឹមអំណាច។ លោកបន្ថែមថា រូបភាពបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញ និងការចាប់ខ្លួនមន្ត្រី ឬជនល្មើសតូចតាចគ្រាន់តែជារូបភាពលម្អ ដើម្បីកុំឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធ និងទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលត្រកូល ហ៊ុន តែប៉ុណ្ណោះ។
លោក គឹម សុខ៖ «លោក ហ៊ុន សែន ប្រើតាក់ទិចថ្មីគ្រប់គ្រងឧក្រិដ្ឋកម្មអនឡាញនេះ ដោយសារតែគាត់បានផ្លាស់ប្ដូរមេដឹកនាំបណ្ដាញសំខាន់ៗនៅថ្នាក់ជាតិស្ទើរតែអស់ទៅហើយ។ អ្នកចាស់ហ្នឹង ទៅចាយលុយទៅ សម្ងំទៅ ចំណែកឯ អ្នកថ្មីមកធ្វើកិច្ចការប្រតិបត្តិថ្មី ដែលសហគមន៍អន្តរជាតិពិបាកតាមដាន»។
កម្ពុជាបានជាប់ឈ្មោះជា «ស្ថាបត្យកម្មរដ្ឋឆបោក» និងត្រូវបានអ្នកជំនាញវាយតម្លៃថា គឺជាសម្បុករបស់ពួកបណ្ដាញឧក្រិដ្ឋជនឆបោកដែលមានក្រុមអ្នកកាន់អំណាចជាអ្នកកាងការពារពីក្រោយ។ ដោយសារមានប្រព័ន្ធបែបនេះ ក្រុមឧក្រិដ្ឋជនអាចប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានឆបោកតាមអនឡាញ ជួញដូរមនុស្ស និងបង្ខាំងជនរងគ្រោះឱ្យធ្វើការងារឆបោក ព្រមទាំងលាងលុយកខ្វក់តាមទំនើងចិត្ត៕









