

ប្រទេសថៃនៅតែបន្តសាងសង់សំណង់នៅក្នុងតំបន់ព្រំដែន ដែលដណ្ដើមបានពីកម្ពុជា ទៅបីជាភាគីកម្ពុជា បានដាក់លិខិតតវ៉ាក៏ដោយ។ សកម្មភាពសាងសង់របស់ថៃនេះ ស្ថិតក្នុងទម្រង់ជាសំណង់ដែលបម្រើឱ្យវិស័យយោធា តំបន់រមណីយដ្ឋានទេសចរណ៍ និងតំបន់សម្រាប់ជនស៊ីវិលរស់នៅ។ មន្ត្រីបក្សប្រឆាំងបារម្ភថា ភាគីថៃអាចនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រងទឹកដីកម្ពុជានៅតាមព្រំដែនជាអចិន្ត្រៃយ៍ ខណៈរដ្ឋាភិបាលកម្ពុជា នៅតែអែអង់ក្នុងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ។
អស់រយៈពេលជិតមួយឆ្នាំ តាំងពីផ្ទុះសង្គ្រាមនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃមក កម្ពុជាបានដាក់លិខិតតវ៉ាប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃក្នុងទឹកដីកម្ពុជា រាប់រយដងមកហើយ ប៉ុន្តែក៏មិនអាចបញ្ឈប់ការអភិវឌ្ឍរបស់យោធាថៃនេះបានឡើយ។
នៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងភូមិចំនួន៤ នៅតំបន់បឹងត្រកួន យោធាថៃសាងសង់ផ្លូវលំ និងផ្លូវបេតុងជាច្រើនខ្សែ និងបានប្ដូរឈ្មោះទីតាំងក្នុងតំបន់ទាំងនេះជាភាសាថៃផ្សេងៗគ្នា។ ទន្ទឹមគ្នានេះ ស្រែចម្ការដែលប្រជាពលរដ្ឋខ្មែរធ្លាប់អាស្រ័យផល ត្រូវយោធាថៃពុះចែកឱ្យពលរដ្ឋថៃជាច្រើនគ្រួសារ និងមានអ្នកចូលទៅអាស្រ័យផលជាបណ្ដើរៗហើយ។ រីឯតំបន់ទីប្រជុំជន ដែលពលរដ្ឋខ្មែរធ្លាប់រស់នៅអ៊ូអរ ពេលនេះបានក្លាយទៅជាលេណដ្ឋាន និងប្រឡាយទឹកសម្រាប់ប្រឆាំងរថពាសដែក បន្ទាប់ពីយោធាថៃបានឈូសបំផ្លាញចោល។

ចំណែកតំបន់សមរភូមិនៅភ្នំទ្រព្យ ភ្នំ៥០០ និងច្រកអានសេះ ស្ថិតនៅព្រំដែនខេត្តព្រះវិហារ ដែលបានឆេះឆាប និងមានសភាពរេចរឹលដោយសារការវាយប្រហារដោយកាំភ្លើងធំ និងគ្រាប់បែកទម្លាក់ពីលើយន្តហោះយោធាថៃ ក្នុងអំឡុងសង្គ្រាមកាលពីកន្លះឆ្នាំមុន ពេលនេះបានត្រឡប់មានសភាពខៀវស្រងាត់វិញហើយនៅដើមរដូវវស្សាឆ្នាំនេះ។ យោធាថៃបានអភិវឌ្ឍទីតាំងមូលដ្ឋានទ័ពរបស់កម្ពុជានេះ ទៅជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដោយយោធាថៃបានកសាងផ្លូវបេតុង ជណ្ដើរឡើងភ្នំ ទីសក្ការៈបូជា ស្តូបរម្លឹកអនុស្សាវរីយ៍ និងទីកន្លែងសម្រាប់គយគន់ទេសភាពពីលើភ្នំជាដើម។ បច្ចុប្បន្នទីតាំងទាំងនេះ ត្រូវប្រទេសថៃដាក់បញ្ចូលទៅក្នុងបញ្ជីតំបន់ទេសចរណ៍របស់ថៃរួចរាល់ហើយ និងមានពលរដ្ឋថៃមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ។
ដោយឡែក នៅទីតាំងមួយចំនួនដែលយោធាថៃដាក់តម្រៀបទូកុងតឺន័រ ត្រូវស្មៅ និងវល្លិដុះព័ទ្ធជុំវិញស្ទើរទាំងស្រុងទៅហើយ។
ដូចគ្នានេះដែរ នៅតំបន់ប្រាសាទបុរាណខ្មែរនៅលើភ្នំដងរែក ដែលយោធាថៃបានចូលកាន់កាប់ មានដូចជា ប្រាសាទតាក្របី តាមាន់ធំ និងប្រាសាទខ្នារ យោធាថៃបានឈូសឆាយព្រៃនៅជុំវិញបរិវេណប្រាសាទ បន្ទាប់ពីបោសសម្អាតគ្រឿងផ្ទុះរួច។ ក្នុងនោះយោធា និងព្រះសង្ឃថៃបានរួមគ្នាកសាងផ្លូវបេតុងបន្ថែមទៀត នៅក្នុងតំបន់ប្រាសាទ ដើម្បីសម្រួលឱ្យក្រសួងវប្បធម៌របស់ថៃ ចូលទៅជួសជុលតួប្រាសាទឡើងវិញ។

ទោះជាយ៉ាងណា នៅក្នុងវីដេអូសកម្មភាពឈូសឆាយ ដែលយោធាថៃបានបង្ហោះនេះ ពួកគេបានអះអាងថា បានប្រទះឃើញឆ្អឹង និងបំណែកសាកសពរបស់ទាហានខ្មែរជាច្រើនបំណែក ដែលកប់នៅក្នុងដី ហើយត្រូវព្រះសង្ឃថៃប្រមូលយកដុត និងមួយចំនួនទៀត ត្រូវយោធាថៃឈូសកប់ចោលទៅក្នុងដី។
ជុំវិញសកម្មភាពឈ្លានពានរបស់ប្រទេសថៃក្នុងតំបន់ព្រំដែនរបស់កម្ពុជានេះ កាលពីថ្ងៃទី២៩ ខែឧសភា ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ដោយតវ៉ាជាផ្លូវការប្រឆាំង នឹងការរំលោភបំពានរបស់ភាគីថៃ ដែលបានសង់ព្រះពុទ្ធបដិមាយ៉ាងតិចចំនួន ៣៦អង្គ នៅតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន២ នៅក្នុងខេត្តព្រះវិហារ។
ក្រសួងការបរទេស បានលើកឡើងថា សកម្មភាពទាំងនេះមិនអាចចាត់ទុកថាជាវិធានការរក្សាទីតាំងឈរជើងកងទ័ព ដែលបានចែងនៅក្នុងសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះឡើយ។
ជុំវិញប្រតិកម្មរបស់ភាគីកម្ពុជានេះ យោធាថៃមិនបានចេញប្រតិកម្មឆ្លើយតប ឬច្រានចោលដូចកាលពីមុននោះឡើយ។
ពាក់ព័ន្ធរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញថា ត្បិតការតវ៉ារបស់កម្ពុជាមានទម្ងន់ផ្នែកការទូតក៏ពិតមែន ប៉ុន្តែយន្តការនេះ មិនមានទម្ងន់ផ្នែកច្បាប់ជាសកលណាមួយ ដែលអាចដាក់សម្ពាធ ឬប្រឆាំងសកម្មភាពឈ្លានពានរបស់ថៃបានឡើយ។
លោក អ៊ុំ សំអាន៖ «ដូច្នេះប្រជាពលរដ្ឋគួរតែឈប់ចាញ់បោកត្រកូលហ៊ុន ដែលថា នឹងទាមទារទឹកដីមកវិញបានទាំងអស់ដែលមាន៦៣ទីតាំងហ្នឹងទៀតទៅ។ ខ្ញុំយល់ថាអ្វីដែលត្រកូលហ៊ុនទាមទារហ្នឹង គ្រាន់តែជាការទិញពេលវេលាដើម្បីឱ្យត្រកូលហ៊ុនហ្នឹងកាន់អំណាចតទៅទៀតប៉ុណ្ណឹងឯង»។
បន្ទាប់ពីបទឈប់បាញ់ យោធាថៃបានបន្តពង្រឹងការគ្រប់គ្រង និងកាន់កាប់ក្នុងទឹកដីកម្ពុជាតាមបណ្ដោយព្រំដែន តាមរយៈការសាងសង់សំណង់អចិន្ត្រៃយ៍នានា ដូចជា ផ្លូវថ្នល់ ព្រះពុទ្ធបដិមា ការបិទផ្លូវដោយប្រើប្រាស់ទូកុងតឺន័រ និងបន្លាលួស និងការរៀបចំសកម្មភាពវប្បធម៌ និងទេសចរណ៍ផ្សេងៗ។
ខណៈកម្ពុជាវិញ បានជ្រើសរើសវិធីឆ្លើយតបតាមបែបការទូត ចំពោះការឈ្លានពានរបស់យោធាថៃ ដែលខាងគណបក្សប្រឆាំង រិះគន់ថា ជាសកម្មភាព ដែលមិនសូវមានទម្ងន់នៅលើការទាមទារជាមួយថៃនោះឡើយ៕









