

ពលរដ្ឋរស់នៅស្រុកអណ្ដូងមាស ខេត្តរតនគិរី អះអាងថា អាជ្ញាធរមូលដ្ឋានបានលក់ដីព្រៃជំនឿរបស់សហគមន៍ឲ្យទៅក្រុមឈ្មួញអ្នកមានលុយមានអំណាច ខណៈដីព្រៃទាំងនោះ ជាកន្លែងជនជាតិដើមភាគតិចកាចក់គោរពបូជា។ សង្គមស៊ីវិលថា អាជ្ញាធរគួររកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ ជៀសវាងមានអំពើហិង្សាកើតឡើង។
ពលរដ្ឋរស់នៅឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី អះអាងថា អាជ្ញាធរមូលដ្ឋានបានឃុបឃិតគ្នា លក់ដីព្រៃជំនឿរបស់ជនជាតិដើមភាគតិចកាចក់ ភូមិកាណាត ជាង៣០០ហិកតារ ឲ្យទៅក្រុមឈ្មួញអ្នកមានលុយមានអំណាច។ អ្នកភូមិថា ក្រុមឈ្មួញមានងារជាឧកញ៉ា បានគំរាមកំហែងបាញ់បោះ ប្រសិនបើពលរដ្ឋទាំងនោះហ៊ានចេញតវ៉ា។
តំណាងជនជាតិដើមភាគតិចកាចក់នៅឃុំតាឡាវ លោក សល់ ផាន អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០១ ខែមិថុនាថា កាលពីថ្ងៃ២៦ កន្លងទៅសហគមន៍បាននាំគ្នាតវ៉ាបណ្ដេញគ្រឿងចក្រ និងក្រុមសន្តិសុខ របស់ក្រុមឈ្មួញអ្នកមានអំណាច មិនឲ្យឈូសឆាយ ឬហ៊ុមព័ទ្ធយកដីព្រៃជំនឿរបស់ពលរដ្ឋនោះទេ ពីព្រោះព្រៃមួយនេះជនជាតិដើមភាគតិចកាចក់គោរពបូជាតាំងពីដូនតាមក ពលរដ្ឋមិនអនុញ្ញាតឲ្យអាជ្ញាធរភូមិឃុំលក់ដីព្រៃមួយនេះឡើយ។ លោកថា ប្រសិនបើអាជ្ញាធរភូមិឃុំស្រឡាញ់លុយរបស់ពួកឧកញ៉ា គួរតែយកដីស្រែចម្ការរបស់ខ្លួនទៅលក់ឲ្យក្រុមឈ្មួញ មិនត្រូវយកដីព្រៃជំនឿរបស់សហគមន៍ទៅលក់ឡើយ។
ពលរដ្ឋ៖ «ទុកឲ្យច្បាប់អ្នកធ្វើ ច្បាប់ចង់ចាប់ដាក់គុកក៏តាមនឹងទៅ អ្នកពូកែគេអស់លុយ ឬឲ្យពួកនឹងសងដីផ្សេងទៀតទៅ ដីខ្លួនឯងទៅ ដីប្រជាពលរដ្ឋគេអត់ឲ្យទេ គេមានដីគេសងទៅពួកឧកញ្ញ៉ាពួកថៅកែគេលក់ទៅ ហើយដីនឹងប្រជាពលរដ្ឋអត់ឲ្យពិតប្រាកដ ដីនឹងបម្រុងទុកថាកុំឲ្យបាត់បង់ដីអារក្សគេ គេជំនឿក្នុងអារក្ស»។
តំណាងពលរដ្ឋរូបនេះ បន្ថែមទៀតថា ពលរដ្ឋមិនដឹងថាក្រុមឈ្មួញទាំងនោះមានតួនាទីអ្វីនោះទេ ប៉ុន្តែពួកគេមានកាំភ្លើងដើរគំរាមពលរដ្ឋ និងរកបាញ់ពលរដ្ឋដែលហ៊ានចេញតវ៉ាថែមទៀត។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន និង មេឃុំតាឡាវ លោក ថា ប៊ុនឡត ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី០១ ខែមិថុនា។
ចំណែកមេភូមិកាណាត លោក រម៉ាស់ យ៉ែក ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកមិនបានលក់ដីព្រៃដូចការលើកឡើងរបស់ពលរដ្ឋនោះទេ ដោយលោកគ្រាន់តែចុះហត្ថលេខាទទួលដីលក់ទិញរវាងម្ចាស់ចម្ការ និងក្រុមឈ្មួញប៉ុណ្ណោះ។ លោកថា ចំណែកករណីក្រុមឈ្មួញឈូសឆាយយកដីព្រៃជំនឿរបស់សហគមន៍ អាជ្ញាធរភូមិឃុំ និងស្រុកបានហាមឃាត់ក្រុមឈ្មួញមិនឲ្យឈូសឆាយ និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទន្ទ្រានដីព្រៃ ប៉ុន្តែក្រុមឈ្មួញទាំងនោះ មិនស្ដាប់ការណែនាំរបស់អាជ្ញាធរឡើយ។
លោក រម៉ាស់ យ៉ែក៖ «ចុះលើកទី១ ចុះទៅមើលដីបង្គោលគេលក់ប៉ុណ្ណេះ ត្រឹមនេះយើងទៅបញ្ជាក់ គាត់អត់ស្តាប់យើង នៅតែទន្ទ្រានរហូតដល់ចុងក្រោយចុះទៅលើកទី២ទៀត ចុះបង្ហាញបង្គោល គេថាឲ្យខ្ញុំមេភូមិតិចជាប់គុកជាប់ច្រវាក់ ខ្ញុំថាដឹងហើយជាប់គុកជាប់ច្រវាក់ ដីគេលក់ត្រឹមនេះ បញ្ជាក់ត្រឹមនេះ ធ្វើនឹងគឺហួសហេតុហើយហួសកំណត់ និយាយអត់ស្តាប់ នៅតែលួចកាប់ លួចធ្វើរហូត ធ្វើកិច្ចសន្យាបញ្ឈប់ការងារក្នុងដីនេះ ចាំគេដោះស្រាយសិន គាត់ទៅលួចដាំចេក ដាក់កាំមើលរ៉ាទៀត ត្រឹមកិច្ចសន្យាបញ្ឈប់ស្រួលប៉ុណ្ណឹងហើយ មិនដឹងធ្វើយ៉ាងម៉េចទៀត»។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី សោកស្ដាយករណីវិវាទដីធ្លីរហូតដល់មានអំពើហិង្សា ហើយលោកមិនចង់ឃើញរូបភាពបែបនេះនោះទេ។ លោកជំរុញឲ្យអាជ្ញាធរពាក់ពន្ធប្រញាប់រកដំណោះស្រាយជុំវិញរឿងនេះ ប្រសិនបើក្រុមឈ្មួញទាំងមិនស្ដាប់ការណែនាំ អាជ្ញាធរគួរចាត់វិធានការតាមច្បាប់។
លោក យិន ម៉េងលី៖ «ការឈូសឆាយដីហ៊ុមព័ទ្ធដីព្រៃ ដីរបស់រដ្ឋគឺជាបទល្មើស ហេតុអីបានជាអាជ្ញាធរមិនចាត់វិធានការ ហើយការទៅឈូសឆាយទន្ទ្រានដីព្រៃដីអារក្សដែរជាដីប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចមានន័យថាពួកគេកំពុងចង់បំបាត់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចហើយបាទ អ៊ីចឹងសូមលើកទឹកចិត្តដល់ភាគគីពាក់ព័ន្ធទាំងអស់ងាកមកធ្វើការដោះស្រាយដោយសន្តិភាព ព្រោះការពិនិត្យនៅក្នុងបញ្ហានេះ ដើម្បីធ្វើការសម្របសម្រួលប្រគល់ដីព្រៃដីអារក្សដល់ម្ចាស់ស្រុកវិញ»។
ករណី អ្នកមានលុយមានអំណាច ឬក្រុមហ៊ុនឯកជនធ្វើការវិនិយោគរំលោភយកដីស្រែចម្ការ និងធ្វើឲ្យប៉ះពាល់ជីវភាព របស់ពលរដ្ឋនេះ មិនមែនករណីទីមួយនោះទេក្នុងខេត្តរតនគិរី។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនរុករករ៉ែលោហៈមួយឈ្មោះ ហ្គោលដេន ជេនើរេសិន (Golden Generation) បានធ្វើឲ្យប៉ះពាល់ដីស្រែចម្ការពលរដ្ឋរាប់រយគ្រួសារ នៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
នៅក្នុងឆ្នាំ២០២៥ សមាគមអាដហុករកឃើញថា មានករណីវិវាទដីធ្លីកើតឡើងថ្មីចំនួន ៤៥ករណី ពាក់ព័ន្ធនឹងបុគ្គលមានអំណាច និងអ្នកមានទ្រព្យ ឬក្រុមហ៊ុន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៥ពាន់គ្រួសារ ឬស្មើនឹងមនុស្សជាង ១ ម៉ឺន ៤ពាន់ នាក់ (១៤៧៩៨ ) ក្នុងនោះ ជនជាតិដើមភាគតិចជាង ៧ពាន់នាក់ (៧៣៥១) ដែលប៉ះពាល់ ដីជាង ១សែនហិកតារ (១១៥,៤១៣)៕









