

ភាគីថៃបានព្រមានថា នឹងបិទផ្លូវចរចាជម្លោះដែនគោក ប្រសិនបើកម្ពុជាប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ជំនួសឱ្យការចរចាទ្វេភាគី ដើម្បីដោះស្រាយវិវាទដែនសមុទ្រក្នុងតំបន់ត្រួតស៊ីគ្នាជាមួយថៃ។ ភាគីថៃលើកឡើងថា លទ្ធផលនៃការសម្របសម្រួលក្រោមអនុសញ្ញា UNCLOS គ្រាន់តែជាអនុសាសន៍ ដោយមិនមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការតម្រូវឱ្យភាគីនីមួយៗ ត្រូវតែអនុវត្តតាមនោះឡើយ។
នៅទីបំផុតភាគីថៃបានទទួលយកយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាហើយ ក៏ប៉ុន្តែភាគីថៃហាក់មិនទាន់អស់ចិត្តនៅឡើយ និងបានទាញបញ្ហាជម្លោះដែនគោក មកឡាំប៉ាដាក់កម្ពុជាថែមទៀត។
ក្រសួងការបរទេសថៃ បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែមិថុនា ក្រោយកម្ពុជាបានជូនដំណឹងអំពីការប្រើប្រាស់យន្តការសម្របសម្រួលដោយបង្ខំថា ការសម្រេចចិត្តដ៏តក់ក្រហល់របស់ភាគីកម្ពុជា គឺជាការយកប្រៀប ជាជាងការស្វែងរកដំណោះស្រាយ ដែលនឹងធ្វើឱ្យការស្តារទំនាក់ទំនងទ្វេភាគី និងការពិភាក្សាក្នុងក្របខ័ណ្ឌផ្សេងៗ រួមទាំងបញ្ហាព្រំដែនគោក ដែលអាចនឹងបន្តជាប់គាំងដោយមិនកំណត់ពេលនោះឡើយ។
ទោះជាយ៉ាងណា ក្រសួងការបរទេសថៃ បានបញ្ជាក់ថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមដោះស្រាយជម្លោះដែនសមុទ្រជាមួយភាគីកម្ពុជា ក្រោមយន្តការ UNCLOS ដោយថៃនឹងនៅតែរក្សាផលប្រយោជន៍របស់ខ្លួនជាអាទិភាព។
ភាគីថៃអះអាងថា ដំណើរការសម្របសម្រួលដោយបង្ខំ គឺជាវិធីសាស្ត្រមួយដែលលទ្ធផលនៃការសម្របសម្រួលនេះ គ្រាន់តែជាអនុសាសន៍ប៉ុណ្ណោះ ដោយមិនមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការដាក់សម្ពាធឱ្យភាគីម្ខាងទៀត ឱ្យអនុវត្តតាមនោះឡើយ ហើយជាចុងក្រោយ កម្ពុជា និងថៃ នឹងនៅតែប្រើប្រាស់យន្តការចរចាផ្សេងទៀត ដើម្បីស្វែងរកដំណោះស្រាយដែលអាចព្រមព្រៀងគ្នាបានដដែល។
បន្ថែមពីលើសេចក្ដីថ្លែងការណ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានលើកឡើងថា ប្រទេសថៃមិនចាត់ទុកការចរចានេះគឺជាល្បែងដែលមានអ្នកឈ្នះ និងអ្នកចាញ់នោះទេ ប៉ុន្តែវាហាក់ដូចជាមេដឹកនាំកម្ពុជាកំពុងប្រើប្រាស់បញ្ហានេះ ដើម្បីប្រជាប្រិយភាពផ្នែកនយោបាយ។
ទោះជាបែបនេះក្ដី អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា ការលើកឡើងរបស់ភាគីថៃ ដែលយកបញ្ហាចរចាវិវាទព្រំដែនគោក មកធ្វើជាចំណាប់ខ្មាំងដើម្បីគំរាមកម្ពុជាមិនឱ្យប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ គឺជាល្បែងការទូត និងជាយុទ្ធសាស្ត្រពន្យារពេលរបស់ក្រុងបាងកក ដែលកំពុងចាញ់ប្រៀបក្នុងការចរចា។ «»
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសអំពីការជូនដំណឹងទៅកាន់ភាគីថៃ និងអង្គការសហប្រជាជាតិ អំពីការចាប់ផ្តើមយន្តការផ្សះផ្សាដោយបង្ខំ ដើម្បីដោះស្រាយវិវាទដែនសមុទ្រក្នុងតំបន់ត្រួតស៊ីគ្នាជាមួយថៃ កាលពីថ្ងៃទី២ ខែមិថុនា ក្រោយភាគីថៃ លុបចោល អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬ MOU44 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ ជាឯកតោភាគី។
ក៏ប៉ុន្តែ ក្រោយការជូនដំណឹងនេះ ភាគីថៃបានប្រតិកម្ម ដោយមិនចង់ប្រើប្រាស់យន្តការនេះនោះឡើយ ព្រោះក្របខ័ណ្ឌនៃការចរចានេះ បានបើកឱ្យមានភាគីទី៣ ដែលមកពីគណៈកម្មការផ្សះផ្សាចូលរួមធ្វើជាអ្នកសម្របសម្រួល។ សមាសភាពគណៈកម្មការចំនួន ៥រូបនោះ រួមមាន ២រូបមកពីភាគីកម្ពុជា ២រូបមកពីភាគីថៃ និងមួយរូបទៀតនឹងត្រូវជ្រើសរើស តាមរយៈការព្រមព្រៀងរបស់គណៈកម្មការទាំងបួនរូបនោះ។
តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបានប្រាប់សារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា សមាសភាពគណៈកម្មការផ្សះផ្សាដោយបង្ខំរបស់ UNCLOS ទាំង២រូប ដែលកម្ពុជាបានជ្រើសរើសនោះ គឺទី១ លោក Peter Taksoe-Jensen ជាមន្ត្រីជាន់ខ្ពស់ផែ្នកច្បាប់អន្តរជាតិក្រសួងការបរទេស និងជាអ្នកការទូតអាជីព របស់ប្រទេសដាណឺម៉ាក។ លោកធ្លាប់ធ្វើជាអគ្គរាជទូតប្រចាំប្រទេសជប៉ុន អាមេរិក និងឥណ្ឌា ធ្លាប់ជាជំនួយការផ្នែកច្បាប់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីម៉ូន។ នៅចន្លោះឆ្នាំ ២០១៦ ដល់២០១៨ លោក ក៏ធ្លាប់ធ្វើជាប្រធានគណៈកម្មការសម្របសម្រួលជម្លោះដែនសមុទ្ររវាងអូស្ត្រាលី និងទីម័រ របស់អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រផងដែរ។
ទី២ គឺលោកលោកសាស្ត្រាចារ្យ Jean-Marc Thouvenin ជាអគ្គលេខាធិការបណ្ឌិតសភាច្បាប់អន្តរជាតិក្រុងឡាអេ និងជាសមាជិកនៃវិទ្យាស្ថានអន្តរជាតិដឺត្រយ (Institute de Droit International)។ លោកធ្លាប់ជាសមាជិកមជ្ឈមណ្ឌលច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យប៉ារីស ណាត់ទែរ៉េ (Universite Paris-Nanterre) និងធ្លាប់ជាទីបឹក្សាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) របស់អង្គការសហប្រជាជាតិ។ ដោយឡែកភាគីថៃវិញ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ អះអាងថា លោកកំពុងជួបពិភាក្សាជាមួយទីប្រឹក្សាផ្នែកច្បាប់ថៃនៅប្រទេសបារាំង ដើម្បីត្រៀមគោលការណ៍ច្បាប់ សម្រាប់ទប់ទល់នឹងកម្ពុជា ប៉ុន្តែភាគីថៃ មិនទាន់បង្ហាញសមាសភាពជាផ្លូវដូចកម្ពុជានៅឡើយទេ។
នៅក្នុងចំណុចនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណី មានប្រសាសន៍ថា យុទ្ធសាស្ត្រផ្សះផ្សារដោយបង្ខំ របស់កម្ពុជាមិនអាចប្រព្រឹត្តទៅដោយងាយស្រួលនោះទេ ព្រោះដំណើរការចរចាដោយមានការចូលរួមពីភាគីទី៣នេះ នឹងត្រូវភាគីថៃជំទាស់ដែលធ្វើឱ្យការដោះស្រាយនឹងត្រូវជាប់គាំងកាន់តែខ្លាំង។ ក្នុងនោះលោកបន្ថែមថា យន្តការនេះក៏នឹងធ្វើឱ្យប៉ះពាល់ចំពោះកិច្ចព្រមព្រៀងដែនសមុទ្រជាប្រវត្តិសាស្ត្រ រវាងកម្ពុជា និងវៀតណាម ឆ្នាំ១៩៨២ នោះផងដែរ។ «»
ក្រៅពីត្រៀមផ្នែកច្បាប់ កងទ័ពជើងទឹករបស់ថៃ ក៏កំពុងប្រតិបត្តិការល្បាតក្នុងដែនសមុទ្រ នៅតំបន់ត្រួតស៊ីគ្នាផងដែរ។ កងទ័ពជើងទឹកថៃបានប្រកាសថា ទោះបីជាស្ថានភាពមានការប្រែប្រួលបែបណាក៏ដោយ ក៏យោធាថៃនៅតែបន្តឈរជើងក្នុងដែនសមុទ្រ ដែលពួកគេបានកាន់កាប់ជាអចិន្ត្រៃយ៍។
ថ្វីដ្បិតស្ថានភាពជម្លោះព្រំដែន ទាំងដែនគោក និងដែនទឹករវាងកម្ពុជា និងថៃ នៅតែឡើងកម្តៅដោយយោធាថៃ បន្តចូលឈ្លានពានកម្ពុជាជារាល់ថ្ងៃក្តី ក៏រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ារកូ រ៉ូប៊ីយ៉ូ (Marco Rubio ) បែរជាអះអាងនៅថ្ងៃនេះថា ប្រធានាធិបតីអាមេរិក បានដើរតួនាទីយ៉ាងសំខាន់ចំនួនពីរលើកក្នុងការបង្កើតឲ្យមានបទឈប់បាញ់ និងបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃរួចហើយ ទោះបីជាកម្ពុជាជាប្រទេសមួយដែលសហរដ្ឋអាមេរិកមិនសូវមានទំនាក់ទំនងជិតស្និទ្ធជាមួយអស់រយៈពេលយូរមកហើយ៕









