

កសិករដាំដំឡូងមី ជាច្រើនគ្រួសារ នៅស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ព្រួយបារម្ភពីទីផ្សារដំឡូងមីចុះថ្លៃ ដូចទៅនឹងតម្លៃស្រូវនៅឆ្នាំនេះ ខណៈដែលជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែបន្តតានតឹង មិនអាចនាំចេញទៅលក់ នៅប្រទេសថៃ បានដូចមុន។ អ្នកឃ្លាំមើលថា ពេលនេះកសិករមានជម្រើសតែមួយគត់ គឺលក់ឱ្យទៅឈ្មួញវៀតណាម ដែលជាហេតុធ្វើឱ្យពួកព្រួយបារម្ភព្រោះ ឈ្មួញទាំងនោះ តែងទម្លាក់តម្លៃ តាមតែអំពើចិត្ត ដូចនឹងតម្លៃស្រូវដែរ។
ជាច្រើនឆ្នាំហើយ ដែលកសិករខ្មែរ នៅតាមខេត្តជាប់ព្រំដែនថា បានប្រមូលកសិផលដូចជា ស្រូវ ពោត គ្រប់ស្វាយចន្ទី និង ដំឡូងមីជាដើម លក់ទៅឱ្យក្រុមឈ្មួញជនជាតិថៃ ព្រោះពួកគាត់គិតថាបាន តម្លៃសមរម្យ ហើយងាយស្រួលក្នុងការនាំចេញ។ ប៉ុន្តែជាង៤ខែមកនេះ ជម្លោះព្រំដែនរវាងប្រទេសពី នៅបន្តតានតឹង ទើបធ្វើឱ្យកសិផលទាំងនោះ មិនអាចលក់ទៅប្រទេសថៃបានដូចមុននោះទេ។ ករណីនេះ កសិករជាច្រើន ព្រួយបារម្ភថា តម្លៃទីផ្សារដំឡូងមីឆ្នាំនេះ នឹងចុះថ្លៃខ្លាំង ដូចគ្នានឹងតម្លៃស្រូវដែរ។
កសិកររស់នៅឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លោក នួន ណារិន្ទ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២០ ខែវិច្ឆិកាថា ឆ្នាំនេះលោកដាំដំឡូងមីចំនួន ១៩ហិកតារ ហើយចំណាយលុយអស់ជាង ៤ពាន (៤.០០០) ដុល្លារ។ លុយទាំងនេះ លោកបានខ្ចីបុល ពីមីក្រូហិរញ្ញវត្ថុខ្លះ និងលុយខ្លួនឯងខ្លះ។
កសិកររូបនេះថា ដំឡូងមីឆ្នាំនេះ មិនបានទៅឱ្យឈ្មួញជនជាតិថៃទៀតនោះទេ ព្រោះជម្លោះព្រំដែន នៅមិនទាន់បាន បិទបញ្ចប់នៅឡើយ។ លោកអះអាងថា តម្លៃដំឡូងមី សព្វថ្ងៃ កសិករលក់បាន ១គីឡូ ត្រឹមតែ ១០០រៀល ៦កាក់ ទៅ ១០០រៀល ៧កាក់ប៉ុណ្ណោះ សម្រាប់រដូវប្រមូលតិច ក្នុងខែវស្សា។ លោកបន្តថា រីឯ ការប្រមូលផលច្រើន ក្នុងខែប្រាំងដើមឆ្នាំ២០២៥វិញនោះប្រាកដណាស់ លោកថា តម្លៃដំឡូងមី នឹងចុះថ្លៃជាងនេះ ព្រោះឈ្មួញដែលបញ្ជាទិញ គឺមានតែពីប្រទេសវៀតណាម មួយគត់។
លោក នួន ណារិន្ទ៖ «ប៉ះពាល់ជីវភាពដូចថា យើងប្រមូលផលទៅវាអត់បានប្រាក់ចំណេញ អ៊ីចឹងយើងខាតទាំងពេលវេលា ។ យើងធ្វើក្នុងមួយឆ្នាំ ទល់មួយឆ្នាំ តែយើងអត់បានផលចំណេញមកវិញ ព្រោះយើងនៅយកប្រាក់គេមក ធ្វើដើមទៀត យើងត្រូវបង់ការប្រាក់ ឱ្យគេជាប្រចាំខែ អ៊ីចឹងទៀត»។
រីឯ ពលរដ្ឋម្នាក់ទៀត លោក រ៉ាន់ រ៉ប ដែលជាកសិករដាំដំឡូងមី នៅខេត្តឧត្តរមានជ័យដែរនោះ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ឆ្នាំនេះ លោកដាំដំឡូងមីចំនួន ៣០ហិកតារ ហើយចំណាយលុយអស់ជាង ៤០លានរៀល។ លោកហាក់មិនរំពឹងថា តម្លៃដំឡូងមីឆ្នាំនេះ នឹងទទួលបានតម្លៃថេរដូចឆ្នាំមុនៗ គឺ១គីឡូជាង២០០រៀលនោះទេ ព្រោះឥឡូវនេះ មិនអាចលក់ទៅឱ្យ ឈ្មួញជនជាតិថៃបានទៀតឡើយ ព្រោះព្រំដែនថៃ កំពុងមានបញ្ហា។
លោកបារម្ភថា ប្រសិនបើតម្លៃដំឡូងមី ចុះថ្លៃដូចគ្នានឹងតម្លៃស្រូវដែរនោះ ប្រជាកសិករនឹងត្រូវខាតបង់ថវិកាច្រើន ហើយនឹងប៉ះពាល់ដល់ជីវភាពពលរដ្ឋធ្ងន់ធ្ងរ។
លោក រ៉ាន់ រ៉ប៖ «ចង់បានដួចជាស្រូវ បាន១គីឡូ១ពាន់ ២០០រៀល យើងអាចប្រមូលមកបាននៅសល់លុយកាក់ខ្លះ។ បើដំឡូងជាទូទៅបានត្រឹម៣០០រៀល បានយើងអាចនៅសល់ បានចំណេញខ្លះ។ បើ១៧០ ឬ១៨០ (រៀល) បែបនេះ មិនបានរួចថ្លៃដើម ។ អ្នកខ្លះមានតែចំណាយ ចេញពីផ្ទាល់ខ្លួនទៀត។ ចំណាយថ្លៃ អាត្រាក់ភ្ជួរដី ជី ព្រោះធ្វើដំឡូងចំណាយច្រើនជាង ធ្វើស្រូវ។ ខ្ញុំចំណាយអស់ជាង ៤០លានរៀល»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ ដើម្បីឆ្លើយតប បានទេនៅថ្ងៃទី២០ ខែវិច្ឆិកា ដោយហៅទូរស័ព្ទ ចូលតែគ្មាន អ្នកទទួល។
ទាក់ទងរឿងនេះ ប្រធានសហព័ន្ធដំឡូងមីកម្ពុជា លោកឧកញ៉ា ច្រាយ សុន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា បច្ចុប្បន្ន កសិករដាំដំឡូងមី មិនចាំបាច់ព្រួយបារម្ភ បញ្ហាកង្វះទីផ្សារលក់ដំឡូងមីនោះទេ ព្រោះលោកថា ឥឡូវនេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងលក់ដំឡូងមីឱ្យទៅប្រទេសវៀតណាម និងប្រទេសចិន ដែលបានតម្លៃថ្លៃ ជាងលក់ឱ្យឈ្មួញជនជាតិថៃ។
លោកបញ្ជាក់ថា កន្លងទៅថ្មីៗនេះ កម្ពុជាបានចុះកុងត្រា លក់ដំឡូងមីឱ្យទៅវៀតណាម ចំនួន ៩លានតោន ក្នុង១ឆ្នាំ សម្រាប់ដំឡូងមីស្រស់។ លោកបន្តថា ឥឡូវនេះឈ្មួញវៀតណាមកំពុងតែប្រមូលទិញដំឡូងមី ពីកសិករខ្មែរ ស្ទើរតែរាល់ថ្ងៃ។ រីឯ ការលក់ឱ្យទៅប្រទេសចិន លោកថា មានចំនួន ៥០ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់ ដំឡូងមីស្ងួត ហើយនឹងចាប់ផ្ដើម ប្រមូលទិញនៅដើមឆ្នាំ២០២៦។ ដូចនេះ លោកថា កសិករដែលធ្លាប់តែលក់ដំឡូងមីឱ្យឈ្មួញថៃ ១គីឡូ ១០០រៀល ឬ២០០រៀលនោះ ឥឡូវ ឈ្មួញវៀតណាម និងចិន ហ៊ានទិញចន្លោះពី ១គីឡូ ជាង២០០រៀល ទៅ ជាង៣០០រៀល។
លោក ច្រាយ សុន៖ «ចំពោះទីផ្សារដំឡូងមី ចង់ផ្ដាំទៅកសិករថា កុំឱ្យមានការព្រួយបារម្ភ នៅក្នុងឆ្នាំ២០២៦ខាងមុខនេះ គឺយើងមានទីផ្សារនៅក្នុងដៃ ហើយដំឡូងយើងដែលបានផលិត ប្រហែលមិនគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ឱ្យគេផង។ ទី២ចំពោះតម្លៃក៏ថ្លៃជាង កាលពីមុន យ៉ាងហោចណាស់ ក៏ថ្លៃជាង ១០ភាគរយ លើឆ្នាំមុនដែរ»។
បើទោះជាមានការអះអាងបែបនេះក្ដី កសិករហាក់ពុំទាន់មានជំនឿនៅឡើយទេ ព្រោះការប្រមូលទិញដំឡូងមី ពីកសិករនៅតាមព្រំដែនកម្ពុជា-ថៃនេះ ឈ្មួញវៀតណាម និងចិន ត្រូវចំណាយថ្លៃដឹកជញ្ជូនច្រើនជាងមុន ព្រោះនៅឆ្ងាយព្រំដែន ដូច្នេះតម្លៃដំឡូងមី នឹងចុះថ្លៃ ជាងឈ្មួញថៃទិញ ឬអាចស្មើឈ្មួញថៃទិញប៉ុណ្ណោះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការព្រួយបារម្ភ របស់កសិករពី បញ្ហាកង្វះទីផ្សារលក់ដំឡូងមីនៅពេលនេះគឺជារឿងត្រឹមត្រូវ។ លោកថា ដើម្បីធានាបានទីផ្សារដំឡូងបានតម្លៃសមរម្យ និងឋិតថេរ ក្រសួងពាក់ព័ន្ធត្រូវតែរកទីផ្សារជូនកសិករឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព មិនត្រូវបណ្ដែតបណ្ដោយ ឱ្យឈ្មួញវៀតណាម ដើរទម្លាក់តម្លៃតាមតែ អំពើចិត្តនោះទេ។
លោក យង់ គិមអេង៖ «ហេតុអ្វីបានជាថៃ វៀតណាម គេយកទៅលក់នៅទីផ្សារ ទី៣បាន ចុះយើងហេតុអី បានអត់អាចមានលទ្ធភាព កែច្នៃយកទៅលក់បាន ហេតុអីចាំបាច់តែច្រកថៃ និងវៀតណាម ? ខ្ញុំគិតថា រឿងនេះសំខាន់ ហើយគួរពិចារណា ដើម្បីឱ្យតម្លៃដំឡូងឱ្យបានល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋ នេះជារឿងមួយ សំខាន់ដើម្បីធានាសម្រាប់ទីផ្សាររបស់ពួកគាត់ដែរ»។
កន្លងទៅ កសិករតែងតែត្អូញត្អែរពីបញ្ហាតម្លៃទីផ្សារលក់កសិផល ជាពិសេសតម្លៃស្រូវ និងដំឡូងមី ជាដើម។ ពួកគាត់មើលឃើញថា ករណីនេះ គឺបណ្ដាលមកពីរដ្ឋាភិបាលកម្ពុជានៅខ្វះការរៀបចំគោលនយោបាយឱ្យបានត្រឹមត្រូវ ក្នុងការធានាទីផ្សារកសិផល ជូនកសិករឱ្យបាន ឋិតថេរយូរអង្វែង ខណៈពេលដល់រដូវប្រមូលផលដំណាំកសិផល ម្ដងៗ គេសង្កេតឃើញថា កសិករតែងតែ ត្អូញត្អែរពីបញ្ហាទីផ្សារ ស្ទើរតែរាល់ឆ្នាំ។ អ្នកឃ្លាំមើល លើកឡើងថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ គួរតែមានគោលនយោបាយ ជាក់លាក់ ដើម្បីធានាបានថា រាល់ដំណាំកសិផលរបស់ពលរដ្ឋ មិនត្រូវ ខ្វះខាតទីផ្សារ ហើយ តម្លៃលក់ ត្រូវធានាបានថា លក់បានតម្លៃខ្ពស់ និងសមរម្យ ដែលពួកគាត់អាចយកមកចំណាយលើការចិញ្ចឹមជីវិតសមរម្យ និងមានភាពថ្លៃថ្នូរ ក្នុងសង្គម៕









