

ជនជាតិដើមភាគតិចកាចក់ រស់នៅស្រុកអណ្ដូងមាស ខេត្តរតនគិរី សម្រេចប្ដឹងអាជ្ញាធរភូមិឃុំពីបទបរិហារទៅតុលាការខេត្ត ពាក់ព័ន្ធការឃុបឃិតគ្នាកាប់រុករានដីព្រៃសហគមន៍។ មន្ត្រីសង្គមស៊ីវិលថា ការប្ដឹងពីបទបរិហារ ពាក់ព័ន្ធកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋទៅតុលាការ ជាទង្វើស្របទៅតាមច្បាប់។
ជនជាតិដើមភាគតិចកាចក់ រស់នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី បានសម្រេចចិត្តប្ដឹងអាជ្ញាធរភូមិឃុំ ក្នុងនោះមានលោកមេឃុំតាឡាវ ថា ប៊ុនឡត និងមេភូមិកាណាត លោក រម៉ាស់ យ៉ែក ពីបទបរិហារ ដែលបានឃុបឃិតគ្នាលក់ដីព្រៃសហគមន៍ឲ្យទៅក្រុមឈ្មួញ និងបានកាប់រុករាន ទន្ទ្រានដីព្រៃសហគមន៍រាប់សិបហិកតារ។
តំណាងជនជាតិដើមភាគតិចកាចក់នៅភូមិកាណាត លោក សល់ ផែន អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៩ ខែមិថុនា ថា ពលរដ្ឋបានសម្រេចប្ដឹងអាជ្ញាធរភូមិឃុំ ដែលបានចុះហត្ថលេខាលក់ដីព្រៃសហគមន៍ឲ្យទៅក្រុមឈ្មួញអ្នកមានលុយ និងបានកាប់រុករានទន្ទ្រានដីព្រៃសហគមន៍ភូមិកាណាត។ លោកស្នើឲ្យអាជ្ញាធរដែលអនុវត្តច្បាប់ត្រូវចាត់វិធានការឲ្យតឹងរ៉ឹង និងត្រូវប្រគល់ដីដែលឈ្មួញបានឈូសឆាយ ឲ្យទៅសហគមន៍គ្រប់គ្រងវិញ។
លោក សល់ ផែន៖ «ឲ្យគាត់ដោះស្រាយកាត់ឲ្យប្រជាពលរដ្ឋទៅ ដីនឹងជាដីប្រជាពលរដ្ឋ ឲ្យគាត់ជូនដីឲ្យប្រជាពលរដ្ឋវិញ ព្រោះដីនឹងគឺជាដីសហគមន៍ដែលគាត់អាស្រ័យផល និយាយរឿងសែនជំនឿ ជំនឿលើភ្នំ អារក្ស អ្នកតា ក្រុមហ៊ុនចែងឲ្យប្រជាពលរដ្ឋ គាត់បែងចែងក្រៅពីនៅសេសសល់ពីសម្បទាន ឲ្យប្រជាពលរដ្ឋ ឥទ្បូវមានអាជ្ញាធរមានការគប់គិតគ្នាជាប្រព័ន្ធ វាពិបាកត្រង់នឹង សូមឲ្យប្រគល់ដីឲ្យប្រជាពលរដ្ឋវិញ ព្រោះប្រជាពលរដ្ឋ ការលក់ការទិញដូរ ប្រជាពលរដ្ឋអត់មានការដឹងលឺទេ»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង មេឃុំតាឡាវ លោក ថា ប៊ុនឡត និងមេភូមិកាណាត លោក រម៉ាស់ យ៉ែក ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី០៩ ខែមិថុនា។ ទោះជាយ៉ាងណា កាលពីថ្ងៃទី០១ ខែមិថុនា មេភូមិកាណាត លោក រម៉ាស់ យ៉ែក បានប្រាប់អាស៊ីសេរីថា លោកមិនបានលក់ដីព្រៃសហគមន៍ដូចការចោទប្រកាន់នោះឡើយ ហើយលោកក៏បានហាមឃាត់ក្រុមឈ្មួញនោះកុំឲ្យឈូសឆាយដីព្រៃសហគមន៍ដែរ ប៉ុន្តែក្រុមឈ្មួញទាំងនោះមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរឡើយ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី លើកឡើងថា ករណីពលរដ្ឋប្ដឹងបរិហារទៅតុលាការ មានន័យថាពលរដ្ឋកំពុងប្រាប់អំពីបទល្មើសកើតឡើងនៅតំបន់នោះ ដើម្បីឲ្យមន្ត្រីតុលាការចុះស៊ើបអង្កេត ពាក់ព័ន្ធបទល្មើស ដើម្បីចាត់វិធានការតាមច្បាប់ ហើយពលរដ្ឋសម្រេចចិត្តប្ដឹងបែបនេះវាស្របទៅតាមច្បាប់ មិនមិនជាទង្វើខុសច្បាប់នោះឡើយ។
លោក យិន ម៉េងលី៖ «គាត់ក៏ជាម្ចាស់នៃទ្រព្យសម្បត្តិទាំងអស់នឹងដែរ គាត់ដាក់ដើម្បីឲ្យព្រះរាជអាជ្ញាអត់ខុសអីទេ ព្រះរាជអាជ្ញាគប្បីធ្វើការអង្កេតទ្បើងវិញទៅលើព័ត៌មានដែរទទួលបានពីប្រជាពលរដ្ឋ ដើម្បីថែរក្សាទ្រព្យសម្បត្តិសាធារណៈ អត់អាចធ្វើការឈូសឆាយហ៊ុមព័ទ្ធយកដីប្រជាពលរដ្ឋ ដីសហគមន៍ ឬដីរបស់រដ្ឋបានទេ»។
កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅសហគមន៍បាននាំគ្នាតវ៉ាបណ្ដេញគ្រឿងចក្រ និងក្រុមសន្តិសុខ របស់ក្រុមឈ្មួញអ្នកមានអំណាច មិនឲ្យឈូសឆាយ ឬហ៊ុមព័ទ្ធយកដីព្រៃជំនឿរបស់ពលរដ្ឋនោះទេ ពីព្រោះព្រៃមួយនេះជនជាតិដើមភាគតិចកាចក់គោរពបូជាតាំងពីដូនតាមក។ ក្រោយមានករណីតវ៉ា អាជ្ញាធរស្រុកបានប្រជុំជាមួយសហគមន៍រកដំណោះស្រាយ ប៉ុន្តែការរកដំណោះស្រាយនោះ មិនមានលទ្ធផលនោះឡើយ។
ករណីអ្នកមានលុយមានអំណាច ឬក្រុមហ៊ុនឯកជនធ្វើការវិនិយោគរំលោភយកដីស្រែចម្ការ ដីព្រៃសហគមន៍ និងធ្វើឲ្យប៉ះពាល់ជីវភាពរបស់ពលរដ្ឋក្នុងខេត្តរតនគិរី មិនមែនកើតឡើងតែនៅក្នុងស្រុកអណ្តូងមាសប៉ុណ្ណោះទេ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួនពីរស្រុកផ្សេងទៀត ក៏ត្រូវបានក្រុមហ៊ុនឯកជនរំលោភយកដីស្រែចម្ការ ឈូសឆាយបំផ្លាញផលដំណាំរបស់ពួកគាត់ដែរ ក្នុងនោះរួមមាននៅស្រុកអូយ៉ាដាវ និងស្រុកលំផាត់ជាដើម៕









