លោក រ៉ុង ឈុន ចង់​បាន​សេរីភាព​ធ្វើ​នយោបាយ​ឡើងវិញ ខណៈ​តុលាការ​ពន្យារ​ពេល​ប្រកាស​សាលដីកា

0
2
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន និងអ្នកគាំទ្រអមដំណើរទៅតុលាការកំពូល កាល​ពីថ្ងៃទី១៥ មិថុនា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន និងអ្នកគាំទ្រអមដំណើរទៅតុលាការកំពូល កាល​ពីថ្ងៃទី១៥ មិថុនា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន រំពឹង​ថា តុលាការ​កំពូល នឹង​ផ្ដល់​យុត្តិធម៌ និង​សេរីភាព​ធ្វើ​នយោបាយ​ឲ្យ​លោក​ឡើងវិញ ដើម្បី​បង្ហាញ​ពី​ស្មារតី​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ។ តុលាការ​កំពូល​គ្រោង​ប្រកាស​សាលដីកា​សំណុំរឿង​លោក រ៉ុង ឈុន នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ខាងមុខ​នេះ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ដែល​ចូលរួម​សវនាការ​តុលាការ កំពូល​នៅថ្ងៃ​នេះ ប្រាប់​អ្នកគាំទ្រ និង​អ្នកសារព័ត៌មាន នៅ​ខាងមុខ​តុលាការ​កំពូល ថា លោក​បាន​ស្នើ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ឲ្យ​បដិសេធ​សាលក្រម​សាលាដំបូង និង​សាលដីកា​សាលាឧទ្ធរណ៍ ហើយ​ទទូច​ឲ្យ​ផ្ដល់​សេរីភាព​ដល់​លោក ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ​វិញ។

លោក រ៉ុង ឈុន លើកឡើង​ថា តុលាការ​មាន​តួនាទី​សំខាន់ ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ កាលណា​ស្ថាប័ន​តុលាការ​ខ្សោយ ក្នុង​ការ​គោរព​សិទ្ធិមនុស្ស នោះ​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ប្រទេស ក៏​ធ្លាក់ចុះ ហើយ​ប្រទេសជាតិ ប្រាកដជា​រងគ្រោះ​គ្រប់​វិស័យ​។ លោក​បន្ត​ថា ពេល​តុលាការ​កំពូល មិន​បើក​សិទ្ធិ​សេរីភាព​នយោបាយ​ដល់​លោក នោះ​សហគមន៍​អន្តរជាតិ​នឹង​មើល​ឃើញ ពី​ភាព​ចង្អៀត​នៃ​លំហ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ដែល​ពិបាក​នឹង​កែប្រែ។

លោក រ៉ុង ឈុន ថា មេដឹកនាំ​គណបក្សជំទាស់​សំខាន់ៗ ដូចជា លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​បាន​តុលាការ​បិទ​សិទ្ធិ​នយោបាយ​អស់​ទៅ​ហើយ ដូច្នេះ បើ​បិទ​សិទ្ធិ​លោក និង អ្នក​ផ្សេងទៀត ដែល​កំពុង​មាន​វត្តមាន​ប្រកួតប្រជែង​នៅ​កម្ពុជា នោះ​ការបោះឆ្នោត​ខាងមុខនេះ គឺ​អត់​សេរី មិន​ត្រឹមត្រូវ និង​គ្មាន​យុត្តិធម៌​ឡើយ​។ លោក​បន្ថែម​ថា បញ្ហា​នេះ ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ ដោយ​ការ ផ្សះផ្សា​គ្នា ជា​ចាំបាច់ ក្នុងចំណោម​ក្រុម​អ្នកនយោបាយ​គ្រប់​និន្នាការ ដោយ​លោក ថា បើ​មិន​ដូច្នោះទេ នឹង​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ និង​នាំ​ឲ្យ ដំណើរការ​សេដ្ឋកិច្ចជាតិ ប្រឈម​នឹង​បញ្ហា​ដោះស្រាយ​មិន​ចេញ។ «»

កាលពី​ថ្ងៃទី​៣១ ខែមីនា សាលាឧទ្ធរណ៍​ភ្នំពេញ បានសម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល និង​ដកហូត​សិទ្ធិ​នយោបាយ​អចិន្ត្រៃយ៍។ តុលាការ​ចោទប្រកាន់​លោក ពី​បទ «​មិន​រាងចាល​» ក្នុង​សំណុំរឿង «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​ខែ ឧសភា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក អំពី​បញ្ហា​ព្រំដែន កម្ពុជា​-​វៀតណាម​។ បន្ថែម​ពី​នោះ សាលាឧទ្ធរណ៍​ភ្នំពេញ ក៏បាន​ដកហូត​សិទ្ធិ​នយោបាយ​របស់​លោក ជា​អចិន្ត្រៃយ៍ តាម​បញ្ញត្តិ​មាត្រា​៤៩៨​នៃ​ក្រមព្រហ្មទណ្ឌ។

អំឡុង​ពេល​តុលាការ​កំពូល​បើក​សវនាកា​រ​សំណុំរឿង​លោក រ៉ុង ឈុន នៅ​ថ្ងៃទី​១៥ ខែ​មិថុនា​នេះ ក៏​មាន​អ្នកគាំទ្រ​ប្រហែល​២០០​នាក់ នាំគ្នា​ប្រមូល​ផ្តុំ នៅ​ក្បែរ​របង តុលាការ​កំពូល ដើម្បី​លើកទឹកចិត្ត​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ នៅ​ក្រោម បរិយាកាស​រឹត​ប្តឹង​សន្តិសុខ និង រំខាន​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច នៃ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ។ អ្នកគាំទ្រ​ខ្លះ​កាន់​បដា ដោយ​ស្នើ​ឲ្យ​តុលាការ​ជាន់ខ្ពស់ ទម្លាក់​បទ​ចោទ និង ផ្ដល់​យុត្តិធម៌​ជូន​លោក រ៉ុង ឈុន។

អ្នកគាំទ្រ​លោក រ៉ុង ឈុន ម្នាក់​មកពី​ខេត្តកណ្តាល គឺ​លោកស្រី លឹម សាន លើកឡើង​ថា លោកស្រី​ឡើង​មក​លើកទឹកចិត្ត​លោក រ៉ុង ឈុន ពីព្រោះ​លោកស្រី​ឃើញ​លោក ហ៊ាន​លះបង់ ដើម្បី​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​។ លោកស្រី រំពឹង​ថា តុលាការ​កំពូល ផ្ដល់​សេរីភាព​នយោបាយ​ដល់​លោក រ៉ុង ឈុន វិញ។ «»

រីឯ​អាជីវករ​នៅ​ខេត្តសៀមរាប ដែល​ឡើង​មក​ភ្នំពេញ ដើម្បី​បង្ហាញ​ការ​គាំទ្រ​លោក រ៉ុង ឈុន គឺ​លោកស្រី ទឹម រដ្ឋា យល់​ថា ការ​ចោទប្រកាន់ និង​ដកហូត​សិទ្ធិ​លោក រ៉ុង ឈុន ជា​រឿង​អយុត្តិធម៌ ពីព្រោះ​លោក មិនបាន​ធ្វើ​ខុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ។ លោកស្រី​យល់ថា ខណៈ​ភាគី​ថៃ កំពុង​ឈ្លានពាន កម្ពុជា រដ្ឋាភិបាល និង​តុលាការ​គួរតែ​ផ្ដល់​សេរីភាព​ឲ្យ​លោក រ៉ុង ឈុន ដើម្បី​លោក​អាច​រួម ចំណែក​កាន់តែ​ច្រើន​ក្នុង​ការ​ជួយ​ជាតិ។ «»

លោក រ៉ុង ឈុន ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​បី​ដង​រួច​មក​ហើយ ក្នុង​សកម្មភាព​សង្គម និង​ការ​បញ្ចេញមតិ​ពី​បញ្ហា​ព្រំដែន។

អ្នកឃ្លាំមើល​លើកឡើង​ថា នយោបាយ​របស់​អ្នកដឹកនាំ​ប្រទេស ដែល​បំបិទ​សិទ្ធិ របស់​អ្នក​ប្រកួត​នយោបាយ ជាទូទៅ​គឺ​ធ្វើ​ឲ្យ​ប្រទេស ជួប​តែ​វិបត្តិ ដោះស្រាយ​មិន​ចេញ និង​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​។ ជា​លទ្ធផល វា​នឹង​ធ្វើ​ឱ្យ​សង្គម​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ជួបប្រទះ​ភាព​ក្រីក្រ ហើយ​បរទេស​ជិត​ខាង​ប្រមាថ​មើលងាយ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ