

ពលរដ្ឋ សកម្មជន និងអ្នកឃ្លាំមើលសម្ដែងការមិនពេញចិត្តចំពោះសាលដីកាតុលាការកំពូលដែលផ្ដន្ទាទោសលោក រ៉ុង ឈុន ថា មានភាពអយុត្តិធម៌ និងមិនបានការពារសិទ្ធដល់ពលរដ្ឋឡើយ។ អ្នកឃ្លាំមើលថា ការដកហូតសិទ្ធិនយោបាយលោក រ៉ុង ឈុន ស្តែងពីភាពកំសាកនៃបក្សកាន់អំណាចក្នុងការប្រកួតប្រជែងនយោបាយដោយស្មើភាព និងយុត្តិធម៌។
ពលរដ្ឋ សកម្មជន និងអ្នកឃ្លាំមើលលើកឡើងថា ពួកគេគ្មានជំនឿចិត្តលើតុលាការរបបក្រុងភ្នំពេញក្នុងការផ្តល់យុត្តិធម៌ជូនលោក រ៉ុង ឈុន និងពលរដ្ឋមានមតិផ្ទុយឡើយដោយសារតុលាការតែងធ្វើតាមបញ្ជារបស់បក្សកាន់អំណាច។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងជាសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World ) លោកស្រី ម៉ម សុវឌ្ឍិន ថ្លែងថា លោកស្រីមិនពេញចិត្តឡើយចំពោះការសម្រេចរបស់តុលាការកំពូលលើលោក រ៉ុង ឈុន។ លោកស្រីយល់ថា ការសម្រេចរបស់តុលាការបែបនេះ គឺហាក់បីដូចស្ថិតនៅក្រោមបញ្ជារបស់អ្នកមានអំណាច ដោយគាបសង្កត់ដល់ពលរដ្ឋស្លូតត្រង់ មិនឲ្យបញ្ចេញមតិប្រឆាំងនឹងរដ្ឋាភិបាល។ លោកស្រីថា លោក រ៉ុង ឈុន គឺជាអ្នកនយោបាយស្លូតត្រង់ និងលះបង់ ដើម្បីប្រទេសជាតិជាច្រើន ហើយលោកគួរត្រូវបានការពារ និងឲ្យតម្លៃមិនមែនផ្ដន្ទាទោសនោះទេ។
លោកស្រី ម៉ម សុវឌ្ឍិន៖ «បងមើលឃើញថា មិនអាចទទួលយកបានទេ។ លោក រ៉ុង ឈុន អត់មានទោសទេ ប៉ុន្តែកាត់ក្តីឲ្យគាត់មានទោស។ កន្លងមកសកម្មជន អត់ដែលរួចខ្លួនទេ សកម្មជនដែលលះបង់ ដើម្បីជាតិពិតប្រាកដហ្នឹង តែងតែត្រូវបានចោទបប្រកាន់ លាបពណ៌ដោយគ្មានមូលដ្ឋានច្បាស់លាស់ សូម្បីតែភស្តុតាងអីក៏មិនមានគ្រប់គ្រាន់ទៅទៀត។ អង្គហេតុវាមិនស៊ីមេទ្រីគ្នាទៀត ប៉ុន្តែនៅតែអាចអឺយកពួកគាត់ដាក់គុក ដើម្បីបំបិទសំឡេងពួកគាត់។ តុលាការរាល់ថ្ងៃហ្នឹងអត់មានយុត្តិធម៌ទេ»។
ពលរដ្ឋមួយរូបទៀត គឺលោក យ៉ាន សុឃឿន ដែលបច្ចុប្បន្នកំពុងភៀសខ្លួននៅទីក្រុងបាងកក ប្រទេសថៃ លើកឡើងថា តុលាការមានភាពលំអៀងទៅលើបក្សកាន់អំណាច និងចូលរួមជាប្រព័ន្ធក្នុងការគំរាមកំហែងលើប្រជាពលរដ្ឋ ដែលហ៊ានប្រើប្រាស់សិទ្ធបញ្ចេញមតិ។ អតីតសកម្មជនបក្សប្រឆាំងរស់នៅក្នុងខេត្តត្បូងឃ្មុំដែលធ្លាប់ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរូបនេះ យល់ថា ការកាត់ទោសលោក រ៉ុង ឈុន នេះ គឺជាការគំរាមដល់ពលរដ្ឋមិនឲ្យក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាលត្រកូលហ៊ុន។ លោកទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ជាការប្រើប្រាស់ប្រព័ន្ធ តុលាការធ្វើទុក្ខបុកម្នេញលើពលរដ្ឋ មន្ត្រីបក្ស ប្រឆាំង ឬអ្នកមានមតិផ្ទុយពីរដ្ឋាភិបាល។
លោក យ៉ាន សុឃឿន៖ «យើងហ្នឹងគិតថា តុលាការហ្នឹងគឺជាតុលាការអាយ៉ងរបស់ រដ្ឋាភិបាលដែលគេបញ្ជា។ អឺកាលដែលចេញសាលក្រម ចំពោះលោកគ្រូ រ៉ុង ឈុន នេះគឺដូចជាការគំរាមកំហែងទៅលើប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមិនឲ្យអឺបញ្ចេញមតិ មិនឲ្យអឺធ្វើសកម្មភាពអ្វីដែលអឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ដល់ពេលអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋមានអឺភាពភ័យខ្លាចដែលគាត់អត់បានចេះដឹងអឺផ្នែកច្បាប់ ឬក៏អត់មានអឺគំនិតទូលំទូលាយ»។
ប្រតិកម្មនេះ គឺក្រោយពេលដែលទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ត្រូវបានតុលាការកំពូល កាលពីថ្ងៃទី១៩ ខែមិថុនា ប្រកាសបន្ធូរបន្ថយទោសខ្លះ និងដកហូតសិទ្ធិធ្វើនយោបាយលើលោក រ៉ុង ឈុន ៥ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល រួមនឹងការដកហូតសិទ្ធិ មិនឱ្យថ្លែងសារនយោបាយ និងការផ្លាស់ទីលំនៅក្រៅរាជធានីភ្នំពេញ។ លោក រ៉ុង ឈុន ចាត់ទុកការសម្រេចនេះថាអយុត្តិធម៌ និងរារាំងលោកមិនឱ្យធ្វើនយោបាយ។
ចំណែកអ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី លើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់លើលោក រ៉ុង ឈុន ដោយសារលោករិះគន់រឿងព្រំដែន និងការតស៊ូមតិ ដើម្បីសិទ្ធិកម្មករ មិនត្រឹមតែជាទង្វើអយុត្តិធម៌ដ៏ធ្ងន់ធ្ងរដល់សកម្មជនសិទ្ធិមនុស្ស និងសហជីពប៉ុណ្ណោះទេវាថែមទាំងបំផ្លាញចោលទាំងស្រុងនូវមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ និងរុញច្រានកម្ពុជាឱ្យកាន់តែធ្លាក់ដុនដាបទៅក្នុងរបបផ្តាច់ការឯកបក្ស។
លោកមើលឃើញថា នេះជាល្បិចកលរបស់រដ្ឋាភិបាល ក្នុងការរារាំងមិនឱ្យលោក រ៉ុង ឈុន ចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ ២០២៨ ខាងមុខនេះ។ លោកថា រដ្ឋាភិបាលបង្ហាញពីភាពទន់ជ្រាយនិងភាពមិនហ៊ានប្រឈមមុខតទល់ដោយស្មើភាពនៅលើសមរភូមិឆ្នោតបែបប្រជាធិបតេយ្យ ដែលវាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតសេរី និងយុត្តិធម៌ប៉ុណ្ណោះទេថែមទាំងស្តែងឱ្យឃើញថា របបភ្នំពេញកំពុងដឹកនាំប្រទេសដោយការបង្ក្រាប និងខ្វះភាពស្របច្បាប់ពីពលរដ្ឋពិតប្រាកដ។
ក្នុងអំឡុងតុលាការកំពូលបើកសវនាការ និងប្រកាសសាលដីកាលើសំណុំរឿងលោក រ៉ុង ឈុន មានអ្នកគាំទ្រលោកជាច្រើនរយនាក់បានទៅជួបជុំនៅខាងមុខតុលាការកំពូល បើទោះជាមានការព្យាយាមរារាំងពីសមត្ថកិច្ចរដ្ឋាភិបាលក៏ដោយ។ អ្នកគាំទ្រទាំងអស់នោះទាមទារឱ្យតុលាការទម្លាក់បទចោទលើទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ និងអនុញ្ញាតឱ្យលោកមានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមប្រកួតប្រជែងនយោបាយ។ ទោះជាយ៉ាងណា ការសម្រេចរបស់តុលាការបានធ្វើឱ្យម្នាក់ៗខកចិត្ត។
ជុំវិញរឿងនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ជរុញឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បើកលំហនយោបាយឡើងវិញ និងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល អាចអនុវត្តការងារបានដោយសេរី នៅមុនការបោះឆ្នោតខាងមុខនេះ។
នាយករងទទួលបន្ទុកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិអ្នកស្រី ប្រីយ៉ូនី ឡៅ (Bryony Lau) ជំរុញឲ្យរាជរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បញ្ឈប់ការប្រើប្រាស់តុលាការ ដើម្បីបំបិទសំឡេងគណបក្យប្រឆាំង។ អ្នកស្រី Bryony Lau បន្ថែមថា ការកាត់ទោស លោក រ៉ុង ឈុន នេះ គឺតុលាការកម្ពុជា បានបង្ហាញពីកង្វះឯករាជភាពរបស់ខ្លួនពីគណបក្សកាន់អំណាច តាមរយៈការតម្កល់សាលដីកាផ្ដន្ទាទោសលោក រ៉ុង ឈុន ពីបទញុះញង់ និងការដកហូតសិទ្ធិធ្វើនយោបាយរបស់លោក។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន គឺជាអ្នកនយោបាយ ជាអ្នកការពារសិទ្ធិកម្មករ-សហជីព និង ជាគ្រូបង្រៀនឯករាជ្យម្នាក់ ដែលបានតស៊ូ ដើម្បីយុត្តិធម៌សង្គម សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ជាងពាក់កណ្ដាលជីវិតមកហើយ។ លោកធ្លាប់ជាប់ពន្ធនាគារចំនួន ៣លើក រួចមកហើយ និងមានរឿងក្ដីក្ដាំ ជាច្រើននៅក្នុងតុលាការ ប៉ុន្តែ លោកនៅតែមានឆន្ទៈរឹងមាំ មិនបោះបង់មនសិការ ដូរយកទ្រព្យសម្បត្តិ និង មុខតំណែងធំៗ ក្នុងជួររដ្ឋាភិបាលនោះទេ បើទោះជាលោកធ្លាប់ត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញពីកូតាបក្សសង្គ្រោះជាតិក៏ដោយ។ កន្លងទៅទាំង អង្គការជាតិ និងអន្តរជាតិ បានចាត់ទុកសំណុំរឿង លោក រ៉ុង ឈុន មិនមែនជាការអនុវត្តច្បាប់នោះទេ ប៉ុន្តែគឺជារឿងនយោបាយ៕







