

អ្នកឃ្លាំមើល និងសង្គមស៊ីវិលថា រដ្ឋាភិបាលគួរចាត់វិធានការលើមន្ត្រីជំនាញ នៅតាមច្រកព្រំដែន និងម្ចាស់ក្រុមហ៊ុនដែលនាំទំនិញខុសច្បាប់ពីប្រទេសជិតខាងចូលមកកម្ពុជាដោយខុសច្បាប់ ប្រសើរជាងឲ្យមន្ត្រីចុះធ្វើបាបអាជីវកម្មតូចៗ នៅតាមទីផ្សារ។ ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីការបែកធ្លាយសារសំឡេងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឲ្យមន្ត្រីក្រោមឱវាទ ចុះពិនិត្យរកទំនិញខុសច្បាប់ដែលមានប្រភពមកពីប្រទេសថៃ និងត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹង។
អ្នកឃ្លាំមើល និងអង្គការសង្គមស៊ីវិល លើកឡើងស្រដៀងគ្នាថា ដើម្បីទប់ស្កាត់ការនាំទំនិញខុសច្បាប់ និងគេចពន្ធ ពីប្រទេសជិតខាង ចូលមកកម្ពុជា រដ្ឋាភិបាលគួរតែស្រាវជ្រាវ ក្រុមហ៊ុនធំៗ និងមន្ត្រីដែលទទួលបន្ទុកលើបញ្ហានេះ ហើយត្រូវចាត់វិធានការតាមច្បាប់ឲ្យបានតឹងរ៉ឹង មិនគួរនាំគ្នាចុះត្រួតពិនិត្យធ្វើបាបអាជីវកតូចៗនៅតាមទីផ្សារនោះឡើយ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២២ ខែមិថុនាថា រដ្ឋាភិបាលគួរតែស្រាវជ្រាវទៅលើក្រុមហ៊ុនធំៗ ដែលមានឃ្លាំងផ្ទុកទំនិញ ប្រសិនបើរកឃើញត្រូវចាត់វិធានការតាមច្បាប់ និងត្រូវស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធអនុញ្ញាតឲ្យនាំទំនិញទាំងនោះចូលមកកម្ពុជា។ លោក សេក សុជាតិ ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទប់ស្កាត់រាល់ទំនិញខុសច្បាប់ និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ចំពោះក្រុមឈ្មួញធំៗ និងមន្ត្រីពាក់ព័ន្ធ។
លោក សេក សុជាតិ៖ «ពួកក្រុមហ៊ុនដែលនាំចូល គាត់មានការលាក់បាំង បើគេរកឃើញអញ្ជឹងគាត់ត្រូវមានទោសទ្វេដងមួយតង់ទៀត ត្រូវសួរនាំអ្នកដែរបើកផ្លូវឲ្យពួកគាត់នាំចូលបាន នាំចូលយ៉ាងម៉េច ត្រូវរកអ្នកនៅពីក្រោយដើម្បីនរណាឲ្យមានឥទ្ធិពលឬនៅពីក្រោយខ្នងដែរពាក់ព័ន្ធជាមួយ ត្រូវតែអនុវត្តន៍ទៅតាមផ្លូវច្បាប់ ដើម្បីអ្នកផ្សេងទៀតរាងចាល ហើយក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ សូមចេះតែយាមការ ឬការពារការនាំចូលទំនិញខុសច្បាប់ទាំងអស់នោះ»។
ចំណែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា គ្មានជំនឿថា រដ្ឋាភិបាល លោក ហ៊ុនម៉ាណែត អាចទប់ស្កាត់ការនាំទំនិញខុសច្បាប់ពីប្រទេសជិតខាងមកកម្ពុជាបាននោះទេ ប្រសិនបើមន្ត្រីជំនាញមួយចំនួន ប្រព្រឹត្តអំពើពុករលួយ ហើយមានសាច់ញាតិជាអ្នករកស៊ីរបរទាំងនោះទេ។ លោកថា ដើម្បីទប់ស្កាត់ និងបង្ក្រាបបញ្ហានេះបាន រដ្ឋាភិបាលត្រូវតែចាត់វិធានការឲ្យធ្ងន់ធ្ងរ ទៅលើមន្ត្រីដែលប្រព្រឹត្តអំពើខុសច្បាប់ទាំងនោះ។
លោក ស៊ឹង សែនករុណា៖ «ត្រូវពិនិត្យមើលមន្ត្រីអនុវត្តន៍ច្បាប់កន្លងមក បើអនុវត្តច្បាប់អត់ត្រឹមត្រូវ មានសំណូក មានអី ហើយធ្វើឲ្យទំនិញចូលមកដល់ក្នុងប្រទេសខុសច្បាប់ជាច្រើន អានឹងក៏ត្រូវស្រាវជ្រាវយកមកដាក់ពិន័យ និងផ្ដន្ទាទោសតាមច្បាប់ដែរ ទើបមានការរាងចាល បើមិនអ៊ីចឹងទេ ទាំងធនធានមនុស្ស ទាំងការអនុវត្តន៍គឺមិនមានប្រសិទ្ធភាពទេ ហើយប្រជាពលរដ្ឋមិនមានទំនុកចិត្ត និងជំនឿទៅលើបទបញ្ជា ឬក៏ជាការចង់បានរបស់ថ្នាក់ដឹកនាំទៅតាមបញ្ជានឹងដែរ»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី២២ ខែមិថុនា។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅ តាមរយៈសារសំឡេងបែកធ្លាយរបស់ លោក ហ៊ុន ម៉ាណែត បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវតែចុះត្រួតពិនិត្យឃ្លាំងទំនិញខុសច្បាប់ និងត្រួតពិនិត្យតាមច្រកព្រំដែន ដើម្បីទប់ស្កាត់ការនាំទំនិញខុសច្បាប់ និងទំនិញដែលកម្ពុជាហាមឃាត់មិនឲ្យនាំចូលពីប្រទេសថៃ។
ចំណែក ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កន្លងទៅថ្មីនេះ បានព្រមានធ្ងន់ៗថា នឹងរឹបអូសទ្រព្យសម្បត្តិបុគ្គលណាហ៊ាននាំទំនិញខុសច្បាប់ពីប្រទេសថៃ និងដកតំណែងមន្ត្រីដែលបានជាប់ពាក់ព័ន្ធបញ្ហាទាំងអស់នេះ។ ភ្លាមៗនោះមន្ត្រីរដ្ឋាភិបាលបានចុះពិនិត្យនឹងបានរកឃើញសាច់បង្កក និងទំនិញខុសច្បាប់នាំមកពីប្រទេសថៃ រាប់សិបតោន។
បើទោះជាបែបនេះក្ដី អ្នកឃ្លាំមើល និងអង្គការសង្គមស៊ីវិល លើកឡើងថា ប្រសិនករណីចុះបង្ក្រាបទំនិញខុសច្បាប់ នាំមកពីប្រទេសថៃនេះ មិនចំគោលដៅ ការអនុវត្តច្បាប់មិនត្រឹមតែមិនមានប្រសិទ្ធភាពនោះទេ ថែមទាំងធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿទៅលើរដ្ឋាភិបាលថែមទៀត។ លើសពីនេះ ពួកគេថា មន្ត្រីត្រូវមានកាតព្វកិច្ចបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ មិនមែនទាល់តែមានការស្រែកបញ្ជាពីថ្នាក់ដឹកនាំកំពូលទើបនាំចុះបង្ក្រាបសស្រាក់សស្រាំមួយប្រាវ ហើយក៏ស្ងប់ស្ងាត់ទៅវិញ រហូតដល់មានបទបញ្ជាថ្មីធ្លាក់ចុះមកជាថ្មីទៀតនោះទេ៕








