អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ម៉ឺងម៉ាត់​លើ​មន្ត្រី​អនុញ្ញាត​ឱ្យ​នាំចូល​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​ជិតខាង

0
5
ទិដ្ឋភាពកម្ទេច​ទំនិញល្មើសច្បាប់ និងខូចគុណភាព ១០៧មុខ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ រូប៖ ក្រសួង​ព័ត៌មាន
ទិដ្ឋភាពកម្ទេច​ទំនិញល្មើសច្បាប់ និងខូចគុណភាព ១០៧មុខ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ រូប៖ ក្រសួង​ព័ត៌មាន

​អ្នកឃ្លាំមើល និង​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​ចាត់វិធានការ​លើ​មន្ត្រី​ជំនាញ នៅ​តាម​ច្រកព្រំដែន និង​ម្ចាស់​ក្រុមហ៊ុន​ដែល​នាំ​ទំនិញ​ខុសច្បាប់​ពី​ប្រទេសជិតខាង​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់ ប្រសើរ​ជាង​ឲ្យ​មន្ត្រី​ចុះ​ធ្វើបាប​អាជីវកម្ម​តូចៗ នៅ​តាម​ទីផ្សារ​។ ការ​លើកឡើង​នេះ​ធ្វើឡើង បន្ទាប់ពី​ការ​បែកធ្លាយ​សារ​សំឡេង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ចុះ​ពិនិត្យ​រក​ទំនិញ​ខុសច្បាប់​ដែល​មាន​ប្រភព​មកពី​ប្រទេស​ថៃ និង​ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង។

អ្នកឃ្លាំមើល និង​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ស្រដៀង​គ្នា​ថា ដើម្បី​ទប់ស្កាត់​ការ​នាំ​ទំនិញ​ខុសច្បាប់ និង​គេចពន្ធ ពី​ប្រទេសជិតខាង ចូល​មក​កម្ពុជា រដ្ឋាភិបាល​គួរតែ​ស្រាវជ្រាវ ក្រុមហ៊ុន​ធំៗ និង​មន្ត្រី​ដែល​ទទួលបន្ទុក​លើ​បញ្ហា​នេះ ហើយ​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ឲ្យ​បាន​តឹងរ៉ឹង មិន​គួរ​នាំគ្នា​ចុះ​ត្រួត​ពិនិត្យ​ធ្វើបាប​អាជីវក​តូចៗ​នៅ​តាម​ទីផ្សារ​នោះ​ឡើយ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​និង​ការស្រាវជ្រាវ​លោក​ សេក សុជាតិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២២ ខែមិថុនា​ថា រដ្ឋាភិបាល​គួរតែ​ស្រាវជ្រាវ​ទៅលើ​ក្រុមហ៊ុន​ធំៗ ដែល​មាន​ឃ្លាំង​ផ្ទុកទំនិញ ប្រសិនបើ​រក​ឃើញ​ត្រូវ​ចាត់វិធានការ​តាមច្បាប់ និង​ត្រូវ​ស្វែងរក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ទាំងនោះ​ចូល​មក​កម្ពុជា។ លោក សេក សុជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទប់ស្កាត់​រាល់​ទំនិញ​ខុសច្បាប់ និង​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ចំពោះ​ក្រុម​ឈ្មួញ​ធំៗ និង​មន្ត្រី​ពាក់ព័ន្ធ។

លោក​ សេក សុជាតិ៖ «ពួកក្រុម​ហ៊ុន​ដែល​នាំចូល គាត់​មានការ​លាក់បាំង បើ​គេ​រក​ឃើញ​អញ្ជឹង​គាត់​ត្រូវ​មានទោស​ទ្វេ​ដង​មួយ​តង់​ទៀត ត្រូវ​សួរនាំ​អ្នក​ដែរ​បើកផ្លូវ​ឲ្យ​ពួកគាត់​នាំចូល​បាន នាំចូល​យ៉ាងម៉េច ត្រូវ​រក​អ្នក​នៅ​ពីក្រោយ​ដើម្បី​នរណា​ឲ្យ​មាន​ឥទ្ធិពល​ឬ​នៅ​ពីក្រោយ​ខ្នង​ដែរ​ពាក់ព័ន្ធ​ជាមួយ ត្រូវតែ​អនុវត្តន៍​ទៅតាម​ផ្លូវច្បាប់ ដើម្បី​អ្នក​ផ្សេងទៀត​រាងចាល ហើយក៏​ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ សូម​ចេះតែ​យាម​ការ ឬ​ការពារ​ការ​នាំ​ចូល​ទំនិញ​ខុសច្បាប់​ទាំងអស់​នោះ»។

ចំណែក ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា គ្មាន​ជំនឿ​ថា រដ្ឋាភិបាល លោក ហ៊ុនម៉ាណែត អាច​ទប់ស្កាត់​ការ​នាំ​ទំនិញ​ខុសច្បាប់​ពី​ប្រទេសជិតខាង​មក​កម្ពុជា​បាន​នោះ​ទេ ប្រសិនបើ​មន្ត្រី​ជំនាញ​មួយចំនួន ប្រព្រឹត្ត​អំពើពុករលួយ ហើយ​មាន​សាច់ញាតិ​ជា​អ្នក​រកស៊ី​របរ​ទាំងនោះ​ទេ​។ លោក​ថា ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បញ្ហា​នេះ​បាន រដ្ឋាភិបាល​ត្រូវតែ​ចាត់វិធានការ​ឲ្យ​ធ្ងន់ធ្ងរ ទៅលើ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ទាំងនោះ។

លោក ស៊ឹង សែនករុណា៖ «ត្រូវ​ពិនិត្យមើល​មន្ត្រី​អនុវត្តន៍​ច្បាប់​កន្លងមក បើ​អនុវត្ត​ច្បាប់​អត់​ត្រឹមត្រូវ មាន​សំណូក មានអី ហើយ​ធ្វើ​ឲ្យ​ទំនិញ​ចូល​មកដល់​ក្នុង​ប្រទេស​ខុសច្បាប់​ជាច្រើន អា​នឹង​ក៏​ត្រូវ​ស្រាវជ្រាវ​យក​មក​ដាក់​ពិន័យ និង​ផ្ដន្ទាទោស​តាមច្បាប់​ដែរ ទើប​មានការ​រាងចាល បើ​មិន​អ៊ីចឹង​ទេ ទាំង​ធនធានមនុស្ស ទាំង​ការ​អនុវត្តន៍​គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ ហើយ​ប្រជាពលរដ្ឋ​មិន​មាន​ទំនុកចិត្ត និង​ជំនឿ​ទៅលើ​បទ​បញ្ជា ឬក៏​ជា​ការ​ចង់បាន​របស់​ថ្នាក់ដឹកនាំ​ទៅតាម​បញ្ជា​នឹង​ដែរ»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយ​តប​បានទេ នៅ​ថ្ងៃទី​២២ ខែមិថុនា។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​២០ ខែមិថុនា​កន្លងទៅ តាមរយៈ​សារ​សំឡេង​បែកធ្លាយ​របស់ លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោមឱវាទ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​ចុះ​ត្រួតពិនិត្យ​ឃ្លាំងទំនិញ​ខុសច្បាប់ និង​ត្រួតពិនិត្យ​តាម​ច្រកព្រំដែន ដើម្បី​ទប់ស្កាត់​ការ​នាំ​ទំនិញ​ខុសច្បាប់ និង​ទំនិញ​ដែល​កម្ពុជា​ហាមឃាត់​មិន​ឲ្យ​នាំចូល​ពី​ប្រទេស​ថៃ។

ចំណែក ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន កន្លងទៅ​ថ្មី​នេះ បាន​ព្រមាន​ធ្ងន់ៗ​ថា នឹង​រឹបអូស​ទ្រព្យសម្បត្តិ​បុគ្គល​ណា​ហ៊ាន​នាំ​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​ថៃ និង​ដក​តំណែង​មន្ត្រី​ដែល​បាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​ទាំងអស់​នេះ។ ភ្លាមៗ​នោះ​មន្ត្រី​រដ្ឋាភិបាល​បាន​ចុះ​ពិនិត្យ​នឹង​បាន​រក​ឃើញ​សាច់​បង្កក និង​ទំនិញ​ខុសច្បាប់​នាំមក​ពី​ប្រទេស​ថៃ រាប់​សិប​តោន​។​

បើ​ទោះជា​បែបនេះ​ក្ដី អ្នកឃ្លាំមើល និង​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា ប្រសិន​ករណី​ចុះ​បង្ក្រាប​ទំនិញ​ខុសច្បាប់ នាំ​មកពី​ប្រទេស​ថៃ​នេះ មិន​ចំ​គោលដៅ ការអនុវត្ត​ច្បាប់​មិន​ត្រឹមតែ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ទៅលើ​រដ្ឋាភិបាល​ថែមទៀត​។ លើស​ពី​នេះ ពួកគេ​ថា មន្ត្រី​ត្រូវ​មាន​កាតព្វកិច្ច​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​កំណត់ មិនមែន​ទាល់តែ​មានការ​ស្រែក​បញ្ជា​ពី​ថ្នាក់ដឹកនាំ​កំពូល​ទើប​នាំ​ចុះ​បង្ក្រាប​សស្រាក់សស្រាំ​មួយ​ប្រាវ ហើយក៏​ស្ងប់ស្ងាត់​ទៅវិញ រហូតដល់​មាន​បទបញ្ជា​ថ្មី​ធ្លាក់​ចុះ​មក​ជាថ្មី​ទៀត​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ